តើ​ចង់​នាំ​ខ្ញុំ​ទៅ​ណា? ខ្ញុំ​សុំ​ដឹង​សិន!

បេក្ខជន​ចូល​ប្រឡង​ទុតិយភូមិ​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។

បេក្ខជន​ចូល​ប្រឡង​ទុតិយភូមិ​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។ ផា លីណា


ភ្នំពេញប៉ុស្តិ៍

សិស្ស​ដែល​ប្រឡង បាក់ឌុប ធ្លាក់​ឆ្នាំ​នេះ​មាន​ឱកាស​ប្រឡង​លើក ទី២ ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ពាក់​កណ្ដាល ខែ​តុលា ខាង​មុខ​នេះ។ លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា នឹង​រក្សា​ស្ដង់ដារ​តែ​មួយ​ដូច​គ្នា​ទៅ​នឹង​ការ​ប្រឡង​លើក ទី១។ ការ​ប្រឡង​ឆ្នាំ​នេះ​ចំណាយ​ប្រាក់​អស់​ប្រមាណ​បួន​លាន​ដុល្លារ គឺ​ច្រើន​ជាង​ទ្វេ​ដង បើ​ធៀប​ទៅ​នឹង​ការ​ប្រឡង បាក់ឌុប ឆ្នាំ​មុន ហើយ​ការ​រៀបចំ​ប្រឡង​លើក ទី២ នេះ ក្រសួង​គ្រោង​នឹង​ចំណាយ​ជិត​ពាក់​កណ្ដាល​នៃ​ការ​ចំណាយ​ប្រឡង​លើក ទី១។

តើ​ក្រសួង​អប់រំ​បាន​ខ្ទង់​ចំណាយ​នេះ​មក​ពី​ណា សម្រាប់​ការ​ប្រឡង​ទាំង​ពីរ​លើក​នេះ ដោយ​រាប់​ទាំង​ការ​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​បំប៉ន​ដោយ​ឥត​គិត​ថ្លៃ ចំពោះ​សិស្ស​ទូទាំង​ប្រទេស​លើ​មុខវិជ្ជា​សំខាន់ៗ​មួយ​ចំនួន​ទៀត​នោះ?

បើ​ក្រសួង​មាន​ខ្ទង់​ចំណាយ​នេះ​តាំង​ពី​ដើម​ឆ្នាំ ផ្អែក​តាម​សំណើ​ក្រសួង​ដែល​សភា​អនុម័ត​កាល​ពី​ចុង ឆ្នាំ​២០១៣ មាន​ន័យ​ថា ក្រសួង «មាន​ផែនការ» ធ្វើ​ឲ្យ​មាន «ស្ដង់ដារ​នៃ​ការ​ប្រឡង» ដូច​បាន​អនុវត្ដ​កាល​ពី​ដើម ខែ​សីហា នេះ​រួច​មក​ហើយ។ បើ​ដូច្នោះ​មែន ហេតុ​ម្ដេច​បាន​ជា​មិន​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ចំណុច​នេះ​ដើម្បី​គ្រូ និង​សិស្ស​បាន​ត្រៀម​ខ្លួន​ប្រឈម​នឹង «កំណែ​ទម្រង់» នេះ​តាំង​ពី​ដើម​ឆ្នាំ​ផង? បើ​មិន​ទាន់​អាច​រៀបចំ​ធ្វើ​កំណែ​ទម្រង់​តាំង​ពី​មត្តេយ្យ​សិក្សា​ចំពោះ​សិស្ស​ដែល​ត្រូវ​ប្រឡង​ឆ្នាំ​នេះ​បាន​យ៉ាង​ហោច​ក៏​គួរ​តែ​ចាប់​ផ្ដើម​ពី​ដើម​ឆ្នាំ​សិក្សា​មក​ដែរ ហើយ​គួរ​យក​គំរូ​នៃ​ការ​ប្រឡង​ស្ដង់ដារ​នេះ មក​ឲ្យ​សិស្ស​ត្រៀម​ខ្លួន​ពិត​ប្រាកដ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ហើយ​ទុក​ខ្ទង់​ចំណាយ​ប្រឡង​លើក ទី២ សម្រាប់​ពង្រឹង​ផ្នែក​នានា ក្នុង​វិស័យ​នេះ​ប្រសើរ​ជាង។

បើ​ក្រសួង​បាន​ត្រៀម​ខ្ទង់​ចំណាយ​ទាំង​នេះ​រួច​ហើយ គឺ​បាន​ន័យ​ថា ក្រសួង​បាន​ដឹង​តាំង​ពី​ដើម​ឆ្នាំ ថា​តើ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​រៀបចំ​ខ្លួន​បែប​ណា​ក្នុង​ការ​ធ្វើ​ដំណើរ​រួម​គ្នា មុន​ឈាន​មក​ដល់​ការ​ប្រឡង​ដែល​ប្រកប​ដោយ​ស្ដង់ដារ។ តែ​នេះ​ក្រសួង​ដើរ​ទៅ​តែ​ម្នាក់​ឯង ទុក​ឲ្យ​សិស្ស​ដែល​មិន​បាន​ទទួល​ការ​អប់រំ​ដិត​ដល់​និង​មិន​ដែល​ខិត​ខំ​ប្រឹង​រៀន​សូត្រ​វេច​បង្វេច​រត់​តាម​ទៅ​វិញ។ ចុង​ក្រោយ​ទើប​ក្រសួង​រត់​មក​ត្រង​សិស្ស ដែល​ធ្លាក់​ក្នុង​ចំនួន​ដ៏​ច្រើន​ទាំង​នោះ។ ក្រសួង​អាច​ប្រើ​វិធីសាស្រ្ត​ក្ដៅ​នេះ​ជា​សារ​ដល់​សិស្ស​ឆ្នាំ​សិក្សា​ថ្មី ឲ្យ​ត្រង់​ជើង​តាំង​ពី​ដើម​ឆ្នាំ។ បើ​វា​ជា​បញ្ហា នោះ​វា​នឹង​ជា​បញ្ហា​ឆ្នាំ​នេះ តែ​បន្ដ​ទៅ​ឆ្នាំ​ក្រោយៗ គឺ​សិស្ស​រត់​ត្រង់​ជើង​ភ្លឹង។ ធៀប​គ្នា​រវាង​ផល​អវិជ្ជមាន​និង​វិជ្ជមាន​ឃើញ​ថា ផល​វិជ្ជមាន​មាន​ច្រើន​ជាង។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រសួង​អប់រំ​ធ្វើ​ការ «អត់​ផែនការ»។

ការ​រៀបចំ​ការ​ប្រឡង​លើក ទី២ នេះ​វា​អាច​ទៅ​រួច​ដែរ​ដើម្បី​បំពេញ​ចំនួន​សិស្ស​ចូល​រួម​ថ្នាក់​ឧត្តមសិក្សា។ ឆ្នាំ​មុនៗ​សិស្ស​ប្រឡង​ជាប់​ជាង ៨០ ភាគ​រយ​ខណៈ​ឆ្នាំ​នេះ​អាច​ជាប់​ត្រឹម​តែ ៣០ ភាគរយ។ កង្វះ​សិស្ស​ចូល​ថ្នាក់​ឧត្តម​សិក្សា​អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន​ខ្លះ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ផង​ដែរ។ តែ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ។ រឿង​មួយ​ទៀត សិស្ស​ដែល​នឹង​ប្រឡង​ធ្លាក់​ពី​ការ​ប្រឡង​លើក ទី២ នេះ​អាច​រៀន​ត្រួត​ថ្នាក់​បាន។ តើ​ក្រសួង​អប់រំ​មាន​ត្រៀម​ខ្ទង់​ថវិកា​រ៉ាប់​រង​លើ​រឿង​នេះ​ដែរ​ទេ?

តំណាង​រាស្ដ្រ​ដែល​បាន​អនុម័ត​កញ្ចប់​ថវិកា​ជាតិ​ក្នុង​វិស័យ​អប់រំ​កាល​ពី​ចុង ឆ្នាំ​២០១៣ មិន​អាច​មាន​លេស​ណា​មួយ​ថា ខ្លួន​មិន​បាន​ដឹង មិន​បាន​គិត​ពី​បញ្ហា​នេះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ គឺ​ដូច​ឆ្លើយ​ទទួល​ថា អស់​លោក «ធ្មេច​ភ្នែក» អនុម័ត​ថវិកា​ជាតិ។ មួយ​វិញ​ទៀត បើ​ខ្ទង់​ចំណាយ​លើ​ការ​រៀបចំ​ប្រឡង​ទាំង​ពីរ​លើក​នេះ «មិន​មាន» នៅ​ក្នុង​ខ្ទង់​ចំណាយ ដែល​ប្រថាប់​ត្រា​ក្នុង​ខ្ទង់​ចំណាយ​ថវិកា​ជាតិ លើ​វិស័យ​អប់រំ​ទេ សួរ​ថា តើ​ខ្ទង់​ចំណាយ​នេះ​បាន​មក​ពី​ណា? បើ​រដ្ឋ​មាន​លទ្ធភាព​លើ​ខ្ទង់​ពិសេស​ដោយ​ឡែក​ណា​មួយ​ទុក​ចំណាយ​តាម​ការ​ចេញ​សេចក្ដី​សម្រេច​ផ្លេក​បន្ទោរ​របស់​នាយក​រដ្ឋ​មន្រ្ដី ឬ​លោក​រដ្ឋ​មន្រ្ដី​បាន​នោះ​មាន​ន័យ​ថា ប្រទេស​យើង «ទំនង​ជា​ធូរធារ​មិន​ធម្មតា» មិន​មែន​រយីក​រយាក​ក្រ​រហេម​រហាម ដើរ​តែ​សុំ​ឬ​ខ្ចី​បុល​ពី​បរទេស​នោះ​ឡើយ។

លោក​រដ្ឋ​មន្ដ្រី​អប់រំ​មាន​ប្រសាសន៍​ថា៖ សិស្ស​មិន​ចេះ មិន​មែន​ជា​កំហុស​របស់​គេ​ទេ! ជា​កំហុស​សង្គម​ដែល​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់! ការ​សិក្សា​ជា​ការ​សិក្សា​របស់​សិស្ស​ម្នាក់ៗ​ផ្ទាល់ ជិត​ពេញ​មួយ​ឆ្នាំ​មក​ហើយ​និយាយ​ចំពោះ​ឆ្នាំ​សិក្សា​នេះ ដោយ​មិន​រាប់​ទាំង​ការ​សិក្សា​តាំង​ពី​មត្តេយ្យ​សិក្សា​ផង​ទេ។ ការ​ប្រឡង ក៏​ជា​ការ​ប្រឡង​របស់​សិស្ស​ម្នាក់ៗ​ផ្ទាល់ គឺ​ស្ពាយ​ចំណេះ​ចូល​មក​ប្រឡង។ ពេល​នេះ​សិស្ស មិន​ចេះ (មិន​មែន​រៀន​មិន​ចេះ​ទេ តែ​មិន​ចេះ​ធ្វើ​វិញ្ញាសា) តើ​គ្មាន​អ្វី​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​សោះ​អ៊ីចឹង? តាម​ការ​វាយ​តម្លៃ​របស់​គ្រូ​ខ្លះៗ​ថា វិញ្ញាសា​ប្រឡង​ឆ្នាំ​នេះ​មិន​លំបាក​ហួស​ហេតុ​ទេ គឺ​ប្រហាក់​ប្រហែល​នឹង​រាល់​ឆ្នាំ តែ​សិស្ស​មិន​ចេះ​ធ្វើ​តែ​ម្ដង។ មិន​ចេះ​ធ្វើ​វិញ្ញាសា​ដែល​មាន​កម្រិត​ប្រហែល​មុន និយាយ​ចំពោះ​សិស្ស គឺជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ត្រង់​នេះ​វា​ខុស​ពី​រៀន​ដែរ តែ​រៀន​មិន​ចេះ។ បើ​ថា នេះ​ជា​កំហុស​សង្គម​ដែល​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់ យើង​ឃើញ​ថា គឺ​មនុស្ស​ទេ​ដែល​ជា​អ្នក​ប្រហែស។

ការ​ធ្វេស​ប្រហែស​ការ​មិន​អើពើ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ការ​ប្រមាថ​របស់​ពលរដ្ឋ​ម្នាក់ៗ ក្នុង​សង្គម​នេះ រួម​គ្នា​នឹង​បង្កើត​ជា​រូបភាព​មួយ​នេះ​ឡើង ដែល​យើង​អាច​ដាក់​ឈ្មោះ​ថា សង្គម​ធ្វេស​ប្រហែស។ តែ​សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា យើង​ជា​បំណែក​សង្គម ជា​កោសិកា​សង្គម គឺ​រូប​សង្គម​ឆ្លុះ​ចេញ​ពី​អត្ដ​ចរិត​ជា​រួម​របស់​ពួក​យើង​ដែល​ជា​សត្វ​សង្គម​នេះ។ ពួក​យើង​ភាគ​ច្រើន​ធ្វេស​ប្រហែស​ខ្លួន​ឯង​មិន​អើពើ​ខ្លួន​ឯង មិន​យក​ចិត្ត​ទុក​ដាក់​ខ្លួន​ឯង​ប្រមាថ​ខ្លួន​ឯង ហើយ​មក​ចោទ​ថា សង្គម​ធ្វេស​ប្រហែស។ យើង​ក៏​ទទួល​ស្គាល់​ដែរ​ថា ទាំង​សិស្ស​គ្រួសារ គ្រូ ក្រសួង សហគមន៍ និង​សង្គម ត្រូវ​ចូល​រួម​ទទួល​ខុស​ត្រូវ​រួម​គ្នា​លើ​បញ្ហា​នេះ ប៉ុន្ដែ តួអង្គ​សិស្ស​ដាច់​ខាត​ត្រូវ​តែ​ជា​ចំណែក​នៃ​ការ​មក «ចូល​រួម​ទទួល​ខុស​ត្រូវ​រឿង​នេះ» (មិន​មែន​ទទួល​កំហុស​ទេ តែ​គឺ​ចូល​រួម​ទទួល​ខុស​ត្រូវ) ចំពោះ​លទ្ធផល​នេះ (លទ្ធផល​នេះ​ខុស​ពី​បញ្ហា​នេះ។ ត្រង់​នេះ គឺ​ចង់​សំដៅ​ដល់​ការ​មិន​ចេះ​ធ្វើ​វិញ្ញាសា ដែល​ប្រហែល​ឆ្នាំ​មុនៗ)។

ការ​រុញ​ឲ្យ «លោក​សង្គម» ទទួល​ខុស​ត្រូវ គឺជា​ការ​បង្ហាញ​ថា ចង់​យក​រួច​ខ្លួន​ពី​ការ​ប្រឈម​នឹង​បញ្ហា។ រស់​នៅ​មិន​ស្គាល់​បញ្ហា បញ្ហា​នោះ​គឺ​នៅ​តែ​ជា​បញ្ហា។ ស្គាល់​បញ្ហា​ហើយ តែ​មិន​ចេញ​ដោះ​ស្រាយ​បញ្ហា​នោះ​គឺ​នៅ​តែ​ជា​បញ្ហា។ ចេញ​ទៅ​ដោះ​ស្រាយ​ហើយ តែ​មិន​ស្គាល់​ប្រភព​នៃ​បញ្ហា បញ្ហា​នោះ​គឺ​នៅ​តែ​ជា​បញ្ហា។ ស្គាល់​ប្រភព​បញ្ហា​ហើយ តែ​ពុំ​មាន​ទស្សន​វិស័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​គឺ​នៅ​តែ​ជា​បញ្ហា។ បើ​យើង​កំណត់​មិន​ចំ​បញ្ហា​ធ្វើ​ដូច​ម្ដេច​នឹង​ឈាន​ទៅ​កំណត់​ប្រភព​នៃ​បញ្ហា​ចំ? បើ​យើង​មិន​ស្គាល់​បញ្ហា មិន​ដឹង​ប្រភព​នៃ​បញ្ហា​តើ​យើង​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ដូច​ម្ដេច​កើត? បើ​ប្រញាប់​ទាំង​ល្ងិត​ទៅ​ដោះ​ស្រាយ​បញ្ហា​វា​នាំ​ឲ្យ​កាន់​តែ​យឺត​យូរ​ការ​ទៅ​វិញ។ បើ​ចង់​និយាយ​ពី​សង្គម ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​សម្លឹង​មក​ខ្លួន​ឯង​ថា ខ្លួន​ក៏ជា​សត្វ​សង្គម​នេះ​ដែរ ខ្លួន​ក៏​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​សង្គម​នេះ​ដែរ។ គឺ​បណ្ដុំ​អំពើ​នៃ​អត្ដ​ចរិត​របស់​ពួក​យើង​គ្រប់ៗ​គ្នា​នេះ​ហើយ ដែល​កំណត់​ពី​មុខ​មាត់​នៃ​សង្គម​របស់​យើង​ឡើង​មក។

ចំណុច​មួយ​ទៀត​គឺ​ការ​រក្សា​ស្ដង់ដារ​នៃ​ការ​ប្រឡង​លើក ទី២ នេះ​វា​បង្ហាញ​ថា ស្ដង់ដារ​ឬ​មិន​ស្ដង់ដារ​ស្ថិត​នៅ​លើ «ចង់​រក្សា​ឬ​មិន​ចង់​រក្សា» តែ​ប៉ុណ្ណោះ គឺ​ស្មើ​នឹង​ប្រាប់​ថា «បើ​ចង់​ធ្វើ​នោះ​អាច​ធ្វើ​បាន»។ នេះ​ហើយ​ជា​រូបភាព​នៃ​សង្គម ដែល​ដឹក​នាំ​ពឹង​ត្រឹម «ឆន្ទៈ»។ ការ​ដឹក​នាំ​មួយ​ដែល​ពឹង​តែ​លើ​មាត់​មនុស្ស​បទ​បញ្ជា​របស់​គេ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជារឿយៗ។ មិន​មែន​គេ​ផ្លាស់​ប្ដូរ​ដើម្បី​ស្វែង​រក​សុក្រឹតភាព​នៃ​គំនិត​ទេ តែ​ដោយ​សារ​តែ​គេ​ចេញ​បទ​បញ្ជា​ទាំង​មិន​គិត ទើប​ត្រូវ​ធ្វើ​ទៅ​មកៗ​ដោយ​ឥត​ប្រសិទ្ធភាព​និយាយ​នឹង​មាត់ ហើយ​លុប​នឹង​ជើង​ជា​រឿយៗ។ ការ​ដឹក​នាំ​បែប​នេះ បើ​និយាយ​ចំពោះ​អ្នក​ដឹក​នាំ គឺ​ពឹង​លើ​សំណាង​បើ​ហេង​ក៏​បញ្ជា​ត្រូវ​ទៅ បើ​ស៊យ​ក៏​បញ្ជា​សា​ថ្មី​ទៅ។

ការ​ដឹក​នាំ​បែប​នេះ ជា​ទម្រង់​នៃ​ការ​ដឹក​នាំ​ដែល​ឈាន​ទៅ​រក​ការ​ដឹក​នាំ​ផ្ដាច់​ការ បើ​និយាយ​ចំពោះ​អ្នក​ដឹក​នាំ​ថ្មីៗ​ដែល​មក​ដោយ​ឥត​វិធានការ បើ​និយាយ​ចំពោះ​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​ស្រាប់ លំនាំ​នេះ​អាច​ឲ្យ​យើង​មើល​ឃើញ​ជារឿយៗ ថា​មាន​សេចក្ដី​សម្រេច​សេចក្ដី​ជូន​ដំណឹង (ស.ជ.ណ) ដែល​មាន​លក្ខណៈ​ផ្លេក​បន្ទោរ​និង​ផ្ដាច់​ព្រលឹង កើត​ឡើង​ជា​ញឹក​ញាប់​ក្នុង​សង្គម​ដ៏​កម្សត់​របស់​យើង។ តើ​យើង​ត្រូវ​យក​វាសនា​របស់​ពួក​យើង មក​ពឹង​លើ​ការ​ដឹក​នាំ​តាម​តែ​មាត់​ដោយ​ពឹង​ផ្អែក​តែ​លើ​ឆន្ទៈ​ដូច្នេះ​ទៅ​ឬ? ឆន្ទៈ​របស់​មនុស្ស​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ មាន​តែ​ប្រព័ន្ធ​ជាក់​លាក់​ទេ ទើប​ជា​តម្រង​ពិត​ប្រាកដ ត្រង​មើល​នូវ​ឆន្ទៈ​របស់​គេ ពិសេស​ក្នុង​ករណី​ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​សោះ​ពី​មុន​មក ដូច​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ។ បើ​កាល​ណា​មាន​ប្រព័ន្ធ មិន​ថា​អ្នក​ដឹក​នាំ​ទាំង​ឡាយ​នោះ​មាន​ឬ​គ្មាន​ឆន្ទៈ​ធ្វើ​តាម​ការ​សន្យា​នោះ​ឡើយ តែ​ប្រព័ន្ធ​នោះ​នឹង​ជា​ព្រំដែន​កំណត់ ឃ្លាំ​មើល និង​តម្រង់​ទិស​សកម្មភាព​របស់​គេ​មិន​ខាន។ តើ​ចង់​នាំ​ប្រជា​ពលរដ្ឋ​ទៅ​ណា? ហេតុ​អ្វី​ត្រូវ​ទៅ​ទី​នោះ? ទៅ​ដោយ​របៀប​ណា? សូម​ប្រាប់​ពួក​យើង​សិន​មក ចាំ​កាល​ណា​យើង​ពិចារណា ឃើញ​ថា ត្រឹម​ត្រូវ​ហើយ មិន​បាច់​ដឹក​មុខ​ពួក​យើង​ទេ គឺ​យើង​ឈាន​ដើរ​ទន្ទឹម​គ្នា​ឆ្ពោះ​ទៅ​គោល​ដៅ​នោះ ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់ ពួក​យើង​ទាំង​អស់​គ្នា។ មិន​មែន «លោក​សង្គម» ទេ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ តែ​គឺ «ពួក​យើង»៕

សុខ សាន្ត, រាជធានី​ភ្នំពេញ, អ៊ីមែលៈ camldp3@gmail.com


What Next?

Recent Articles

5 Responses to "តើ​ចង់​នាំ​ខ្ញុំ​ទៅ​ណា? ខ្ញុំ​សុំ​ដឹង​សិន!"

  1. ខ្មែរអង្គរ says:

    រឿងប្រឡងបាក់ឌុបនេះ​ សូមកុំបន្ទោសតែសិស្សពេក មានតែសិស្សទេដែលទទួលវាសនានេះ

    ចំណែកគ្រូក៏មានកំហុសដែរ ព្រោះពេលបង្រៀនគ្រូមិនដែលបានពន្យល់សិស្សទេ គឺមានតែ

    ក្រដាសថតចម្លងលក់ឲ្យសិស្ស គ្រូៗចង់ឲ្យដល់ម៉ោងដើម្បីចេញ ឬបង្រៀនគួរ ឬមួយវិញទៀត

    យកពេវេលានោះទៅរកស៊ីដើម្បីឲ្យឆ្អែតក្រពះ បើសង្ឃឹមប្រាក់ខែចាយតែមួយអាទិត្យអស់សឹង

    មិនគ្រប់ផង ដូច្នេះបើគួរបន្ទោសខ្លាំងជាងគេគឺរដ្ឋាភិបាល ពីព្រោះមិនអាចបន្ថែមប្រាក់ខែឲ្យ

    មន្ត្រីរាជការរស់បានស្រួល និងមានជីវភាពសមរម្យ សរុបមកគឺរដ្ឋាភិបាលជាអ្នកទទួលខុស

    ត្រូវទាំងស្រុង ។

  2. Anonymous says:

    អាឆ្កួតចាំតែរិះគន់អើយ គេបន្តឹងមិនអោយសូកលុយ ពុករលួយតើអាភ្លើ មុខវិទ្យាប្រលងសិស្សចេះថាស្រួលតើ

  3. តិច says:

    អាឆ្កែឆ្កួតចាំតែរិះគន់ គេបន្តឹង ការសូកលុយ ពួករលួយតើ អាភ្លើ មាជាតិ

  4. bin banetr says:

    អ្នករៀនចាំបាច់គេប្រាប់មុន ទើបបានប្រឹងរៀន ត្រៀមខ្លួនបានល្អសំរាប់ការប្រឡង????

    រឿងកែលំអរគុណភាពអប់រំត្រូវបាននិយាយស្ទើរសឹកមាត់ទៅហើ់យ។

  5. Anonymous says:

    អ្នកដែលមិនពេញចេត្តនៃការធ្វើកំណែទំរង់ គឺអ្នកដែលបាត់បង់ផលប្រយោជន៍