ផ្សារទំនើប​នៅក្នុង​អគារ​វឌ្ឍនៈ​ចាប់​បើក​ដំណើរការ

អគារ​វឌ្ឍនៈ គឺជា​អគារ​ដែល​ប្រើប្រាស់​ជា​ការិយាល័យ​ជួល សណ្ឋាគារ ធនាគារ និង​ផ្សារទំនើប។

អគារ​វឌ្ឍនៈ គឺជា​អគារ​ដែល​ប្រើប្រាស់​ជា​ការិយាល័យ​ជួល សណ្ឋាគារ ធនាគារ និង​ផ្សារទំនើប។ ហ៊ឹន ពិសី



ភ្នំពេញប៉ុស្តិ៍

ផ្សារទំនើប​ដែល​ស្ថិត​ក្នុង​អគារ​វឌ្ឍនៈ​ដែល​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី ធីតា អាន អនុប្រធានប្រតិបត្តិ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ថា ផ្សារទំនើប​នេះ​មាន​ស្តង់​លក់​ផលិតផល​ចំនួន​ ៣០ ដោយ​រហូត​មក​ទល់​ពេល​នេះ​មាន​អតិថិជន​ជាង​ ៩០​ ភាគរយ​ហើយ​ដែល​បាន​មក​ជួល​ស្តង់​។ ផ្សារទំនើប​នេះ​មាន​លក់​សម្លៀកបំពាក់ ចំណី​អាហារ និង​របស់របរ​ប្រើប្រាស់ ជាច្រើន​ដែល​សុទ្ធតែ​ផលិតផល​ម៉ាក​ល្បីៗ​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស។

អ្នកស្រី​ថ្លែង​ថា​៖ «​ផ្សារទំនើប​នេះ​ផ្តោត​គោលដៅ​ទៅលើ​អតិថិជន​ដែល​មាន​ប្រាក់​ច្រើន ហេតុនេះ​ស្តង់​លក់​ផលិតផល​ក្នុង​ផ្សារទំនើប​នេះ​មិន​មាន​ច្រើន​ទេ។

អ្នកស្រី​បន្ថែម​ថា​៖​«​ផ្សារទំនើប​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អតិថិជន ហើយ​ខ្ញុំ​ជឿ​ថា វា​នឹង​ទទួល​ជោគជ័យ ព្រោះ​នៅ​ភ្នំពេញ​មិន​មាន​ផ្សារទំនើប​មាន​កម្រិត​ស្តង់ដារ​អន្តរជាតិ​ច្រើន​ទេ។

ផ្សារទំនើប​នេះ​គ្របដណ្តប់​នៅ​ជាន់​ក្រោមដី ផ្ទាល់ដី និង​ជាន់​ទី​១​។ ផ្សារ​ខាង​លើ​ក៏​មាន​រោងភាពយន្ត​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​បើក​ដំណើរការ​ទេ ដោយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​។

ទាក់ទង​នឹង​ការិយាល័យ​ជួល​ក្នុង​អគារ​នេះ​អ្នកស្រី ធីតា បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​ប្រមាណ ​៣០ ​ភាគរយ​នៃ​ផ្ទៃក្រឡា​ការិយាល័យ​ទាំង​មូល​ដែល​ត្រូវ​បាន​ប្រើប្រាស់​។ ការិយាល័យ​ជួល​ក្នុង​អគារ​នេះ​មាន​ចាប់ពី​ជាន់​ទី​៣-២៣ ចំណែក​ចាប់ពី​ជាន់​ទី​២៤-៣៨ ជា​ទីតាំង​របស់​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ​ឈ្មោះ Rosewood ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ។ ការិយាល័យ​ក្នុង​អគារ​នេះ​ជួល​ក្នុង​តម្លៃ​ចាប់ពី​ ២៨-៣៨​ ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ អាស្រ័យ​លើ​កម្ពស់​ជាន់​នីមួយៗ។

អ្នកស្រី​អះអាង​ថា​៖ «​វឌ្ឍនៈ​ជា​អគារ​បៃតង​ដែល​បាន​គិតគូរ​ជា​ចម្បង​ទៅលើ​គុណភាព​របស់​អគារ​ប្រព័ន្ធសុវត្ថិភាព និង​គិតគូរ​ដល់​បរិស្ថាន​ជា​ចម្បង»។

លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ បាន​ប្រាប់​ថា អ្នកវិនិយោគ​សាងសង់​អគារ​នេះ​ហាក់​មិន​សូវ​មាន​គោលការណ៍​ច្បាស់លាស់ និង​មិន​ដឹង​ចង់​ធ្វើអ្វី​ពិតប្រាកដ​ទេ​។ បើ​សង់​សម្រាប់​អគារ​ការិយាល័យ​គួរ​សម្រាប់​តែ​ការិយាល័យ​ជា​ការ​ប្រសើរ តែ​បើ​ចម្រុះ​គ្នា​មាន​ទាំង​ធនាគារ ការិយាល័យ​ជួល សណ្ឋាគារ និង​ផ្សារទំនើប​បែប​នេះ​វា​ទៅ​ជា​រឿង​ចាប់​ឆាយ​ដែល​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ពួកគេ​មិន​សូវ​ចាប់​អារម្មណ៍​បែប​នេះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ពេល​បើក​ផ្សារទំនើប​១០​តែ​មាន​អ្នក​ទិញ​ត្រឹម​២០​នាក់​វា​ជា​បញ្ហា ព្រោះ​យើង​ឃើញ​ផ្សារទំនើប Aeon និង​ផ្សារ​សូរិយា ដែល​មាន​លក់​ទំនិញ​ត្រឹម​តម្លៃ​១០​ដុល្លារ ក៏​នៅ​តែ​មិន​ឃើញ​មាន​អ្នក​ទិញ​ច្រើន​ទេ ព្រោះ​កម្លាំង​ទិញ​របស់​យើង​មិន​ទាន់​ខ្លាំង​ទេ ដោយ​ត្រូវ​រង់ចាំ​ប្រហែល​ពី ​៥​ ទៅ ​១០ ​ឆ្នាំ​ទៀត​»។

លោក​បន្ត​ថា​៖​«​ការ​ផ្តោត​លើ​អតិថិជន​ជា​ពួក​អភិជន​ទុក​ឲ្យ​អតិថិជន​ជា​អភិជន​ជា​អ្នក​ទៅ​ផ្សារ​នេះ​ចុះ ប៉ុន្តែ​ជួនកាល​ពួកគេ​ទៅ​ទិញ​ទំនិញ​នៅ​ក្រៅ​ប្រទេស​ដូចជា សិង្ហបុរី ផង​ដែរ​»។

អគ្គនាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លោក ស៊ឹង ប៊ុណ្ណា​បាន​សម្តែង​សុទិដ្ឋិនិយម​ជាង​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា ដោយសារ​វា​ជា​ផ្សារ​ទំនើប​ដែល​លក់​ផលិតផល​ម៉ាក​ល្បីៗ​និង​ផ្តោត​ទៅលើ​អតិថិជន​ជា​ក្រុម​អភិជន​នោះ វា​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ពីព្រោះ​អ្នក​ប្រើប្រាស់​អគារ​នេះ​នៅ​ជាន់​ខាង​លើ​ភាគច្រើន​សុទ្ធតែ​មាន​តម្រូវការ​ផលិតផល​អស់​ទាំងនោះ​។

លោក​បន្ថែម​ថា ការ​បើក​ផ្សារ​ទំនើប​ក្នុង​អគារ​វឌ្ឍនៈ និង​ផ្សារ Aeon មិន​មាន​ផលប៉ះពាល់​គ្នា​ទៅវិញ​ទៅមក​ទេ៕


What Next?

Recent Articles

One Response to "ផ្សារទំនើប​នៅក្នុង​អគារ​វឌ្ឍនៈ​ចាប់​បើក​ដំណើរការ"

  1. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    សំបើមទូងៗដូចស្គរប្រហោងក្នុង!!!!