ពលរដ្ឋ​នៅ​កំពង់ចាម​ប្រតិកម្ម​នឹង​ចំណាត់​ការ​របស់​មន្ត្រី​គយ​ផាក​ពិន័យ​ម៉ូតូ​អត់​ពន្ធ

ដោយ សូត សុខប្រាថ្នា
2014-08-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ចាប់​ពន្ធ​ម៉ូតូ កំពង់ចាម ៦២០
អ្នកស្រី សៅ ស្រីម៉ី ម្ចាស់​ម៉ូតូ​ដែល​សមត្ថកិច្ច​ចាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ដាក់​ពាក្យ​ប្ដឹង​នៅ​សមាគម​អាដហុក (adhoc) ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Saut Sokprathna

ពលរដ្ឋ​ជាច្រើន​នាក់​នៅ​ខេត្ត​កំពង់ចាម ត្អូញត្អែរ​ចំពោះ​សកម្មភាព​ចាប់​ម៉ូតូ​ដែល​គ្មាន​ពន្ធ​នាំ​ចូល​ពី​សំណាក់​អាជ្ញាធរ​ខេត្ត។ ពួក​គាត់​លើក​ឡើង​ថា មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គាត់​នោះ​ទេ ដោយសារ​តែ​ម៉ូតូ​អត់​ពន្ធ​មាន​ចំនួន​ច្រើន ហើយ​មាន​តម្លៃ​ថោក ទើប​ពួក​គាត់​ទិញ។

ចំណែក​អ្នក​ទទួល​ខុស​ត្រូវ គឺ​មន្ត្រី​គយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​តែ​ម្តង ដែល​អនុញ្ញាត​ឱ្យ​ម៉ូតូ​ទាំង​នោះ​នាំ​ចូល។ ចំណែក​មន្ត្រី​គយ​បញ្ជាក់​ថា មិន​មែន​មាន​តែ​មន្ត្រី​គយ​ទេ​ដែល​ត្រូវ​ចូលរួម​ដោះស្រាយ​លើ​បញ្ហា​នេះ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក៏​មាន​ចំណែក​ចូលរួម​ដែរ។

ក្រោយ​ពី​មាន​សកម្មភាព​ចុះ​ចាប់​ម៉ូតូ​គ្មាន​ស្លាក​លេខ និង​ម៉ូតូ​គ្មាន​ពន្ធ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពង់ចាម នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដើម្បី​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​បញ្ហា​ពន្ធ​ឱ្យ​បាន​ប្រសើរ​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​វិញ​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​អ្នក​ទទួល​ខុស​ត្រូវ​ធំ​លើ​បញ្ហា​នេះ គឺ​មន្ត្រី​គយ និង​អាជ្ញាធរ​ពាក់ព័ន្ធ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​កំពង់ចាម អ្នកស្រី សៅ ស្រីម៉ី រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា អ្នកស្រី​ទើប​តែ​ទិញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អាហ្វា (Wav) បាន​មួយ​ខែ​ពី​អ្នក​រក​ស៊ី​ម្នាក់​នៅ​ខេត្ត​ក្រចេះ ក្នុង​តម្លៃ​ប្រមាណ​ជាង ២​លាន​រៀល ដោយ​មិន​មាន​ពន្ធ​មិន​មាន​ស្លាក​លេខ ដើម្បី​យក​មក​ឱ្យ​ប្ដី​រត់​ឌុប និង​សម្រាប់​ឌុប​អ្នកស្រី​ទៅ​យាម​ម៉ូតូ​គេ​នៅ​តាម​រោងការ។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​២២ សីហា ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ចាម បាន​ចាប់​ម៉ូតូ​នោះ។ ក្រោយ​មក អាជ្ញាធរ​ហៅ​អ្នកស្រី​ទៅ​ប្រាប់​ពី​ការ​ផាក​ពិន័យ​ក្នុង​តម្លៃ​មួយ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​ម៉ូតូ​ដែរ ហើយ​ប្រសិន​បើ​ចូល​ដោះស្រាយ​នៅ​ខែ​កញ្ញា នឹង​ត្រូវ​ថ្លៃ​ជាង​តម្លៃ​ម៉ូតូ​ទៅ​ទៀត៖ «គេ​សួរ​រឿង​ពន្ធ​រឿង​អី! ហើយ​នៅ​ពេល​ខ្ញុំ​ទៅ​ជួប​គយ គយ​គេ​យក​លុយ​គេ​ឱ្យ​ខ្ញុំ​បង់​ក្នុង​ខែ​ប្រាំបី​ហ្នឹង ៤៧០ ហើយ​ដល់​ខែ​ប្រាំបួន បើ​អត់​បង់​ក្នុង​ខែ​ហ្នឹង​ទេ គេ​ទារ ៧០៥​ដុល្លារ»

អ្នកស្រី​បញ្ជាក់​ថា ការ​ចាប់​ម៉ូតូ​អ្នកស្រី​ប្រៀប​ដូច​ជា​ការ​ចាប់​ឆ្នាំង​បាយ​របស់​គាត់​អ៊ីចឹង ហើយ​ការ​ទាមទារ​ឱ្យ​អ្នកស្រី​បង់​ផាក​ពិន័យ​នោះ ក៏​អ្នកស្រី​មិន​អាច​បង់​ជូន​ដែរ គឺ​មាន​តែ​ទុក​ម៉ូតូ​ឱ្យ​សមត្ថកិច្ច​ទេ ព្រោះ​អ្នកស្រី​គ្មាន​ប្រាក់ និង​ម្យ៉ាង​កំពុង​ជំពាក់​ប្រាក់​គេ​កាល​ពី​ពេល​ទិញ​ម៉ូតូ​នោះ​ផង ប៉ុន្តែ​មន្ត្រី​គយ​ទៅ​វិញ​ទេ​ដែល​អ្នក​គិតគូរ​បង់​ពន្ធ​នេះ។

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​បាន​មក​ទិញ​ម៉ូតូ​នៅ​ក្រុង​កំពង់ចាម ជិះ​មិន​បាន​ប៉ុន្មាន​ម៉ែត្រ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ដែរ។ និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា បើ​គ្មាន​ការ​បើក​ដៃ​ពី​មន្ត្រី​គយ និង​មន្ត្រី​នៅ​តាម​ព្រំដែន​ទេ ក៏​គ្មាន​ម៉ូតូ​ខុស​ច្បាប់​ចូល​មក​ដែរ ហើយ​ការ​ចាប់​ពលរដ្ឋ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។

ក្រៅ​ពី​ពលរដ្ឋ​ទាំង​នេះ ក៏​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ត្អូញត្អែរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ពេល​នេះ ពីព្រោះ​បណ្តោយ​ឱ្យ​ម៉ូតូ​គ្មាន​ពន្ធ​នាំ​ចូល​មក និង​ដាក់​លក់​ព្រោងព្រាត ប៉ុន្តែ​ពេល​ពលរដ្ឋ​នាំ​គ្នា​ប្រើប្រាស់ បែរ​ជា​ត្រូវ​មាន​បញ្ហា​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​នៅ​ខេត្ត​កំពង់ចាម លោក លឹម វណ្ណី មាន​ប្រសាសន៍​ថា បញ្ហា​នេះ គឺ​កើត​មាន​យូរ​ណាស់​មក​ហើយ ហើយ​ការ​ដោះស្រាយ​នោះ​ក៏​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ផ្នែក​គយ​ទាំង​ស្រុង​នោះ​ដែរ គឺ​មាន​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ពីព្រោះ​ម៉ូតូ​គេច​ពន្ធ​ទាំង​នោះ អាច​នាំ​ចូល​តាម​ច្រក​ព្រំដែន​តូចៗ​ដោយ​លួច​លាក់ និង​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​តាម​ព្រំដែន​ទៀត​ផង៖ «វា​លួច​ចូល​តាម​ច្រក​របៀង​អី ឆ្លៀត​ឱកាស​អ៊ីចឹង​ទៅ និង​មាន​ការ​ឃុបឃិត​ពី​ស្ថាប័ន​ផ្សេងៗ ពិសេស​វា​សំខាន់​ហ្នឹង​ប៉ូលិស​នៅ​តាម​ច្រក​របៀង​អី​ហ្នឹង​បាទ»

លោក​បន្ថែម​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ អាជ្ញាធរ​ក៏​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ដែល​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ទោចក្រយាន​ទាំង​នោះ ឱ្យ​ចូល​បង់​ពន្ធ ប៉ុន្តែ​មាន​តិច​ណាស់​ដែល​បាន​ធ្វើ​តាម​ការ​ប្រកាស។ ចំណែក​តម្លៃ​វិញ លោក​បញ្ជាក់​ថា ជា​ការ​កំណត់​ដោយ​ច្បាប់។ ដូច​នេះ ទាំង​មន្ត្រី ទាំង​រាស្ត្រ បំពេញ​ដូច​គ្នា មិន​អាច​កែប្រែ​បាន​ឡើយ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត យល់​ថា វា​មិន​មែន​ជា​កំហុស​ពលរដ្ឋ​នោះ​ឡើយ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​វិញ​ទេ ពិសេស​មន្ត្រី​គយ​តែ​ម្តង​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ ពីព្រោះ​ម៉ូតូ​ដែល​គ្មាន​ពន្ធ​អាច​ដាក់​លក់​យ៉ាង​ច្រើន​នៅ​លើ​ទីផ្សារ និង​ប្រើប្រាស់​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។ ហើយ​ម៉ូតូ​ខុស​ច្បាប់​ទាំង​នោះ ចូល​មក​បាន គឺ​អាច​មាន​អំពើ​ពុក​រលួយ​តែ​ម្តង៖ «ហើយ​រាប់​រយ​គ្រឿង គយ​នៅ​តាម​ព្រំដែន​ប៉ុន្មាន​នាក់ រឿង​អី​ដែល​យើង​មិន​ប្រយ័ត្ន ហើយ​យើង​ការពារ​មិន​បាន ហេតុ​អី​បាន​ជា​មិន​រាយការណ៍​ទៅ​រដ្ឋ ថា​ឥឡូវ​ហ្នឹង​វា​ប្រសេចប្រសាច​ណាស់ ខ្ញុំ​ការពារ​មិន​បាន​ទេ មិន​មែន​តែ​ច្រក​ហ្នឹង​ទេ រដ្ឋាភិបាល​វិនិយោគ​រាប់​ពាន់​គីឡូ​តាម​ព្រំដែន។ អ៊ីចឹង​មិន​ដឹង​ចូល​តាម​ណា​ទេ! ដាក់​ទៅ​រដ្ឋ​ទៅ ឱ្យ​រដ្ឋ​គេ​ចាត់​វិធានការ។ ហើយ​បើ​យើង​អត់​រាយការណ៍​ម៉ូតូ​ដែល​អត់​ពន្ធ​ហ្នឹង​ទេ គឺ​យើង​ជា​អ្នក​ទទួល​ទោស យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​យើង​មាន​សមត្ថកិច្ច»

លោក​បន្ថែម​ថា ម៉ូតូ​ដែល​មិន​មាន​ពន្ធ​នាំ​ចូល បាន​ធ្វើ​ចរាចរ​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ គឺ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ហើយ​ការ​នាំ​ចូល​ម៉ូតូ​គេច​ពន្ធ​ទាំង​នោះ គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​នាំ​ចូល​ដែល​បាន​បង់​ពន្ធ​ត្រឹមត្រូវ​យ៉ាង​ខ្លាំង។ បន្ថែម​ពី​នេះ​ទៀត គឺ​វា​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​ចូល​រដ្ឋ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ចំណែក​ពលរដ្ឋ​ដែល​ប្រើប្រាស់ កាន់​តែ​ជួប​បញ្ហា និង​កាន់​តែ​ក្រីក្រ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ពលរដ្ឋ​នៅ​កំពង់ចាម​ប្រតិកម្ម​នឹង​ចំណាត់​ការ​របស់​មន្ត្រី​គយ​ផាក​ពិន័យ​ម៉ូតូ​អត់​ពន្ធ"

  1. Hun Nal says:

    រដ្ឋាភិបាលត្រូវតែពិន័យលើអ្នកនាំចូលទើបត្រូវ មិនត្រូវពិន័យលើពលរដ្ឋអ្នកប្រើប្រាស់ទេ…ធ្វើនេះដូចជាន់ក ពលរដ្ឋខ្លួនឋងហើយ…!!!

  2. Fesses says:

    មន្រ្តីកយទាំងអស់គួអាណិតប្រទេសវៀតណាមផង ពីព្រោះម៉ូតូប្រទេសនេះគ្មាននណាទិញក្រៅពីខ្មែរទេ។ បើចង់លប់បំបាត់ម៉ូតូអត់ពន្ធ ត្រូវដូរដ្ឋមន្រ្តីគយ ដូច រដ្្ឋមន្រ្តីអប់រំដែរ។ ហើយលប់បំបាត់អំពើពុករលួយពីនាយករដ្ឋមន្ត្រី មកថ្នាក់ក្រោន ហើយត្រូវបង្កើតការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ទើបប្រជាពលរដ្ឋមានលុយទិញម៉ូតូមានពន្ធ។