សិស្ស​ប្រឡង​ជាប់​ឆ្នាំ​នេះ​មាន​ជាង ២៥% អ្នក​ជាប់​និទ្ទេស A ១១ នាក់

Content image - Phnom Penh Post



and
ភ្នំពេញប៉ុស្តិ៍

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) ដែល​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​នោះ ត្រូវ​បាន​បិទ​ប្រកាស​លទ្ធផល​ហើយ កាល​ពី​ម្សិល​មិញដែល​សិស្ស​ទូទាំង​ប្រទេស​ប្រឡង​ជាប់​ត្រឹម​តែ​ជាង ២៥ ភាគរយ​ប៉ុណ្ណោះ ​ក្នុង​នោះ​សិស្ស​តែ ១១ នាក់​ ​បាន​ជាប់​និទ្ទេស A ក្នុង​ចំណោម​បេក្ខជន​​ជាង​ ៨៩ ០០០ នាក់​ ដែល​​ចូល​រួម​ការ​ប្រឡង​នា​ឆ្នាំនេះ។

ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​ប្រកាស​ម្សិលមិញ​​ថា មាន​សិស្ស ២៥,៧២ ភាគរយ​នៅ​ទូទាំង​ប្រទេស​បាន​ជាប់​នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​នា​ឆ្នាំ​​ដែល​រដ្ឋ​មន្ត្រី​ថ្មី លោក​ ហង់​ ជួន​​ណារ៉ុន បាន​ដាក់​បញ្ញតិ្ត​តឹង​រ៉ឹង មិន​ឲ្យ​មាន​ការ​លួច​ចម្លង និង​សូក​ប៉ាន់​អនុរក្ស​ជាដើម។

លោក​ ហង់ ជួនណារ៉ុន បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ក្រោយ​ការ​ប្រកាស​លទ្ធផល​ដែល​​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​ម្សិលមិញ​ថា ក្រៅពី​និទ្ទេស A ១១នាក់ មាន​និទ្ទេស B ២១៩ នាក់ និទ្ទេស C ៩០៧ នាក់ និទេ្ទស D ១៨២៣ នាក់ និង​និទ្ទេស E ច្រើន​ជាង​គេ​បំផុត​ចំនួន ២០១៥៧ នាក់។

លោកបាន​បញ្ជាក់ថា៖ «លទ្ធផល​នេះ បង្ហាញ​ថា ពួកគេ​បាន​ជាប់​ដោយ​សមត្ថភាព​ពិត​ប្រាកដ ហើយ​ក៏​បង្ហាញ​ឲ្យសិស្ស​ផ្សេង​ទៀត​ខំ​រៀន​ដើម្បី​ឆ្នាំ​ក្រោយៗ​ទៀត»។ សិស្ស​ធ្លាក់​ទាំង​អស់​ នឹង​ត្រូវ​ប្រឡងលើក​ទី​២ ​​នៅ​ថ្ងៃទី​១៣ និង ទី១៤ ខែតុលា​ ខាង​មុខ។

កញ្ញា​ សូ ចាន់សំណាង អាយុ​១៨ ​ឆ្នាំ ដែល​ជាប់​និទ្ទេស E ប្រឡង​មណ្ឌល​អនុវិទ្យា​ល័យ​​ស៊ីសុវត្ថិ​ បាន​និយាយ​ថា​៖ «ខ្ញុំ​ជា​មនុស្ស​មាន​សំណាង​ដែល​ជាប់​ឆ្នាំ​នេះ​តែ​ក៏​ដោយសារ​សមត្ថភាព​ខ្ញុំ​ដែរ»។

មាន​សិស្ស​ប្រឡង​ធ្លាក់​ខ្លះ​ មាន​ការ​ខឹង​សម្បា នឹង​ការ​ប្រឡង​ដែលមាន​ការ​រឹតត្បិត​យ៉ាង​តឹង​តែង​នេះ​ដោយ​រិះ​គន់​ថា​ធ្វើ​កំណែ​ទម្រង់​លឿន​ជ្រុល​ហួស​ហេតុ​ពេក។

សិស្ស​ម្នាក់​ឈ្មោះទ្រី វេងស៊ាង អាយុ​១៨ ឆ្នាំ​បាន​និយាយ​ថា៖ «កំណែ​ទម្រង់​នេះ លឿន​ពេក ឲ្យ​យើង​បត់​ម៉េច​ទាន់ តែ​ខ្ញុំ​ចាំ​ប្រឡង​លើក​ទី២។ តែ​ខ្ញុំ​គាំទ្រ​ដើម្បី​អនាគត​គុណភាព​អប់រំ​ស្រុក​ខ្មែរ»។

លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក​នៅ​កម្ពុជា ថ្លែង​ថា លទ្ធផល​ឆ្នាំនេះ ធ្វើ​ឲ្យ​លោក​យល់​ថា ការ​ប្រឡង​ឆ្នាំមុនៗ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​​សមត្ថភាព​​ពិតនៃ​សិស្ស​ឡើយ។

ប៉ុន្តែ​លោក​និយាយ​​ថា ការ​ប្រឡង​លើក​ទី២​ ដែល​ជា​ឱកាស​សម្រាប់​អ្នក​ប្រឡង​​ធ្លាក់​នេះ គួរ​តែ​មិន​មែន​ជា​គោល​ការណ៍​និរន្តរ៍ទេ ហើយ​គួរដាក់​​ត្រឹម​តែ​ ២ ឆ្នាំ​​បាន​​ហើយ​។ ​«ការ​ផ្តល់​លទ្ធភាព​ប្រឡង​ឡើង​វិញ នៅ២ឆ្នាំ​ក្រោយ ជា​ការ​ផ្តល់​ឱកាស​​ដល់​សិស្សក្នុង​ការ​ប្រឹង​ប្រែង​រៀន​សូត្រ។​ លទ្ធផល​នៃ​កំណែ​ទម្រង់​ពង្រឹ​ង​គុណ​ភាព​អប់រំ​នេះ​អាច​ទទួល​បាន​លទ្ធផ​ល​ចាប់​ពី​ឆ្នាំ២០១៧ តទៅ»៕


What Next?

Recent Articles

3 Responses to "សិស្ស​ប្រឡង​ជាប់​ឆ្នាំ​នេះ​មាន​ជាង ២៥% អ្នក​ជាប់​និទ្ទេស A ១១ នាក់"

  1. Anonymous says:

    បើទោះជាគ្មានសញ្ញាប័ត្រមធ្យមសិក្សាក៏អាចកាន់តំណែងជានាយករដ្ផមន្ត្រីនិងជាប្រធានសភាបាន
    តើ???ចាំបាច់យំតូចចិត្តធ្វើអ្វី??????មានសញ្ញាប័ត្របានធ្វើជាស្មៀនគេតែដដែលហ្នឹង????

  2. ស្ម័ក ចិត្ត says:

    បើក្រសួងចង់អោយសិស្សជាប់ច្រើននៅពេលប្រឡងលើកទីពីរដែលតម្រូវតាមការចង់បានរបស់បណ្ដារសាកលវិទ្យាល័យមែននោះសូមក្រសួងរៀបចំវិញ្ញាសារអោយស្រេចហើយបំប៉នសិស្សដែលធ្លាក់ក្នុងរយៈពេល១ខែខាងមុខនោះក្រសួងនឹងទទួលបានសិស្សជាប់តាមតម្រូវការហើយឬក៏អាចចេញវិញ្ញាសារ ដដែលក៏បាន ។ នេះឬការកែទម្រង់ នេះឬការប្ដេជ្ញារចិត្តរបស់លោក ជួន ណារុន ចង់កែរយ៉ងម៉េចបើ សម្ដេចមិនចង់កែផងនោះ កាលណានិស្សិតមានចំណេះដឹងនាំជ្រៅជ្រះនាំអោយនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយយស៊ីស៊ីភី វិនាសដោយឯកឯងនៅអណត្តិណាមួយពុំខានឡើយ ។

  3. Hun Nal says:

    បើចង់ពង្រឹងគុណភាពសិស្ស គួរតែពង្រឹងគ្រូដែរ ហើយវិន័យសាលា ទាំងគ្រូ ទាំងសិស្ស ត្រូវអោយតឹងរឹង កុំអោយមានបងធំ បងតូច ចូលវាយគ្នសក្នុងសាលា និង ចុងក្រោយ ហើយសំខាន់បំផុតនោះ គឺប្រាក់ខែ គ្រូត្រូវអោយសមរម្យ ហូបគ្រប់ និងសល់ខ្លះផង…នោះទើបគ្រូមានកំលាំងបង្រៀនសិស្ស…!!!