ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) ផ្តល់គំនិតបន្ថែមដល់កសិករខ្មែរ ក្នុងការធ្វើស្រែឲ្យបានផលច្រើន ខណៈកសិករនៅតាមបណ្តាខេត្តមួយចំនួនកំពុងជួបគ្រោះរាំងស្ងួតរហូតមកដល់ពាក់កណ្តាលនៃរដូវវស្សានេះ។
អត្ថបទផ្សព្វផ្សាយ របស់អង្គការសេដាក ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញបានដឹងថា កសិករនៅតាមខេត្តមួយចំនួន ដូចជា ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្តាលជាដើម មិនទាន់បានធ្វើស្រែនៅឡើយទេ ដោយសារពួកគេទាំងនោះជួបគ្រោះរាំងស្ងួតតាំងពីដើមរដូវវស្សា រហូតមកដល់ពាក់កណ្តាលរដូវស្សានៅចុងខែសីហានេះ។ អត្ថបទនេះបន្ថែមថា បើទោះជាពាក់កណ្តាលនៃរដូវវស្សាក្តី តែកសិករនៅតែអាចធ្វើស្រែបានផលច្រើនដដែល សំខាន់កសិករគួរអនុវត្តន៍តាមអនុសាសន៍ចំនួន៤ចំណុចរបស់អង្គការនេះ។
អនុសាសន៍ទាំង៤នោះរួមមាន ទី១ សូមកសិករកុំធ្វើស្រូវព្រួស ពីព្រោះមកដល់ដំណាក់កាលនេះការធ្វើស្រូវព្រួសមិនសូវបានផល ចំណាយពូជច្រើន និងពេលវេលាខ្លី។ ទី២ នៅពេលស្ទូងកសិករគួរជ្រើសរើសយកតែសំណាបថ្លោសៗល្អយកទៅស្ទូង ដោយស្ទូងមួយគុម្ពមួយដើម ហើយត្រូវលៃចន្លោះគុម្ពឲ្យកាន់តែគៀក (អាច១តឹកកន្លះ ឬ១តឹក តែកុំឲ្យកៀកជាង១តឹក)។ ទី៣ ចំពោះដើមស្រូវស្ទូងហើយ មិនសូវមានទឹកដក់ កសិករគួរប្រមែប្រមូលសារធាតុសរីរាង្គ ដូចជា ស្លឹកនិងមែករុក្ខជាតិ (ទន្ទ្រានខេត្ត ស្នោរ សណ្តែក ល្ហុងខ្វង អង្កាញ់ អង្គារដី ស្តៅ) និងអង្កាមជាដើមបាចចូលក្នុងស្រែ ដើម្បីជួយដីឲ្យមានជីវជាតិ និងដីមានសំណើម។ ទី៤ ចំពោះដីស្រែដែលស្ទូងរួច មានទឹកដក់ច្រើនកសិករគួរបង្ហូរទឹកចេញខ្លះ ដើម្បីឲ្យស្រូវ លូតលាស់ និងបែកគុម្ពច្រើន ប៉ុន្តែពេលស្រូវបែកគុម្ព និងចេញផ្កា កសិករគួររក្សាទឹកក្នុងស្រែវិញ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

សព្វថ្ងៃ វាគ្រាន់បើវិញ ដោយសារអង្កការ សេដាក់ ឋណោះ វិញទេ ! ចំណែករដ្ឋាភិបាល ពិសេស ក្រសួង កសិកម្ម តើធ្វើឍងីដែរ ក្រៅតែពីពុករលួយ ហើយគ្មានចេះអីទេ…!