ដោយ៖ ថុល ស្រីលក្ខណ៍ និង នួន បូរិន
ថ្ងៃចន្ទ ទី22 កញ្ញា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
មុខរបរយាមស្បែកជើងរបស់កុមារ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ (រូបថត៖ ថុល ស្រីលក្ខណ៍)
ខណៈនេះម៉ោងប្រមាណជា១០ព្រឹកទៅហើយ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
នៅពេលទៅដល់កន្លែងចតម៉ូតូភ្លាម អ្នកនឹងលឺសូរសំឡេងក្មេងៗ និងមនុស្សវ័យចំណាស់ពិការផងនោះ ហៅអ្នកឲ្យផ្ញើរស្បែកជើងជាមួយពួកគេ។ ទីនេះហើយជាកន្លែងដែលអតីតអ្នកសំបុកចាប កំពុងរស់នៅក្នុងភូមិអណ្ដូងក្នុងខណ្ឌនេះ ប្រកបរបរយាមស្បែកជើងនៅរដូវបុណ្យកាន់បិណ្ឌដើម្បីរកថវិការ ជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។
ភូមិអណ្ដូងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ គឺជាភូមិថ្មីរបស់ពលរដ្ឋដែលគេបណ្ដេញចេញពីទីក្រុងភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០០៦ ពីអតីតភូមិសំបុកចាប នៅសង្កាត់ចតុមុខរាជធានីភ្នំពេញ។ ភូមិថ្មីនេះសង់លើផ្ទៃដីដែលជាអតីតប្រឡាយទឹកហើយជាជំនួយរបស់សាលាក្រុងភ្នំពេញ ផ្ដល់ឲ្យគឺមានទំហំប្រហែល៣ហិកតា និងមានពលរដ្ឋជាង១០៣០គ្រួសារ។
ភូមិអណ្ដូងជាតំបន់ទំនាបលិចទឹក ខ្វះប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ ធ្វើឲ្យជីវភាពពលរដ្ឋជួបប្រទះការលំបាកយ៉ាងខ្លាំងហើយ ស្ថិតនៅចំងាយប្រហែលជា៣គីឡូម៉ែត្រពីវត្តក្រាំងធ្នង់។
កំពុងមមាញឹកហៅភ្ញៀវផ្ញើស្បែកជើងក្បែរជណ្តើរសាលាឆាន់ កុមារា ព្រំ ផល្លា អាយុ១៣ឆ្នាំ បានរៀបរាប់ថា គេជាអតីតអ្នកសំបុក្រចាបរស់នៅក្នុងភូមិអណ្តូង។ ផល្លាបញ្ជាក់ថា ការយាមស្បែកជើងជារបរមួយសម្រាប់គេ ជាជាងការលើកដៃសំពះសុំទាន ហើយថាការដែលគេសម្រេចចិត្តប្រកបរបរនេះ ដោយសារជីវភាពក្រីក្រ មិនមានជម្រករស់នៅសមរម្យហើយអាចជួយរកប្រាក់ចូលគ្រួសារគេទៀតផង។ កុមារារូបនេះបន្តថា «កាលពីមុនផ្ទះខ្ញុំនៅ[សំបុកចាប] ដើរលេងសប្បាយ នៅទីនេះគ្មានបានដើរលេងទេ ដើរលុយក្នុងទឹកផង ហើយខ្មាស់គេទៀត ទៅរៀនទៅអីគេដៀលថា យើងសំបុកចាប…។»
មិនមែនមានតែកុមារាម្នាក់នេះនោះទេ គឺមានក្មេងផ្សេងៗទៀតជាង២០នាក់ រួមទាំងមនុស្សចាស់ៗផងនោះ។ កំពុងអង្គុយលើកម្រាលការ៉ុងផ្ទាល់ដីក្បែរជណ្តើរ និងអ្នកខ្លះរត់ដើរហៅឲ្យផ្ញើស្បែកជើងនៅកន្លែងពួកគេ។ នៅពេលអ្នកមកវត្តដោះស្បែកជើងដាក់ជិតនោះ ពួកគេព្យាយាមលូកដៃទាំងពីរលើកស្បែកជើងថ្នមៗដាក់ក្បែរខ្លួន រួចបន្លឺសំឡេងថា «បង មីង ពូ ទុកទីនេះចុះ ចាំខ្ញុំយាមឲ្យ»។ ពួកគេមិនបានកំណត់ថ្លៃឈ្នួលយាមនោះទេ គឺអាស្រ័យទឹកចិត្តម្ចាស់ស្បែកជើង។ អ្នកខ្លះឲ្យ២០០រៀល អ្នកខ្លះឲ្យ ៥០០រៀល និងអ្នកខ្លះឲ្យ១០០០រៀល។
កុមារីម្នាក់ទៀតឈ្មោះ ចាន់ ស្រីភ័ស្រ អាយុ១៥ឆ្នាំនិយាយថា គេយាមស្បែកជើងនៅវត្តនេះ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំជារៀងរាល់ឆ្នាំ ហើយក្នុងមួយថ្ងៃគេអាចរកប្រាក់បានពី៥០០០រៀលទៅ១ម៉ឺនរៀល។ កុមារីរូបនេះបន្ថែមថា នៅពេលថ្ងៃត្រង់គេសុំអាហារសល់ពីវត្ត ដើម្បីយកទៅបរិភោគជាមួយម្តាយ និងបងប្អូននៅផ្ទះជារៀងរាល់ថ្ងៃ។ កុមារីបន្តថា «ខ្ញុំសម្រេចចិត្តមកយាមស្បែកជើង ដោយសារខ្វះថវិការយកទៅរៀន ផ្ទះខ្ញុំរហែក។ ម្ង៉ៃរកបាន១ម៉ឺន ពេលខ្លះ៥០០០រៀល ពេលណាខ្លះខ្ញុំខ្វះអង្ករ ពេលភ្លៀងមកសាចទទឹកខោអាវអស់»។
កុមារអ្នកភូមិអណ្តូងភាគច្រើនមិនបានចូលរៀនសាលារបស់រដ្ឋទេ ពួកគេត្រូវបានអង្គការសាសនា គ្រឹស្តមួយនៅទីនេះជួយបង្ហាត់បង្រៀនអក្សរពួកគេ ហើយឲ្យបាយពួកគេទទួលទានទៀតផង ហើយមុខរបររបស់ម្ដាយឪពុកពួកគេ មានដូចជាដើរបោកខោអាវតាមផ្ទះ រាវខ្យងរាវខ្ចៅ បេះព្រលិត បេះត្រកួត គឺសម្រាប់មនុស្សស្រី ហើយបុរសវិញធ្វើសំណង់ និងកម្មករលីសែង។

ប៉ុន្តែមុខរបរយាមស្បែកជើងរដូវបុណ្យមានអំណោយផល មិនត្រឹមកុមារនោះទេ គឺមនុស្សចាស់ ឬជនពិការក៏ជ្រើសរើសមុខរបរវណ្ណៈទាបនេះដែរ។ នៅកម្ពុជាជនពិកាមានច្រើនប្រភេទ គឺខ្លះពិការដោយសង្គ្រាម ឬជនពិការដោយសារជាកងទ័ព និងអ្នកខ្លះទៀតជាជនពិការដោយជាន់មីន និងគ្រោះថ្នាក់ផ្សេងៗ។
ស្ត្រីពិការជើងម្នាក់វ័យជាង៣០ឆ្នាំមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃគាត់បេះត្រកួនលក់ ដើម្បីបានចំណូលខ្លះផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីថារបរបេះត្រកួនមិនបានធ្វើឲ្យជីវភាពគាត់ហូបបានគ្រប់គ្រាន់នោះទេ ទើបគាត់រកចំណូលពីការយាមស្បែកជើងនេះបន្ថែមទៀត។
អ្នកស្រីថា ក្មេងៗទាំងនេះភាគច្រើនម្តាយរបស់គេឲ្យមករកលុយ ដើម្បីបានចំណូលខ្លះផ្គត់ផ្គង់ជីវភាព។ អ្នកស្រីបញ្ជាក់ថា «ខ្ញុំពិបាកហើយមានអ្នកខ្លះពិបាកលើសខ្ញុំទៀត ដល់ឥឡូវនេះគេមានមជ្ឈមណ្ឌលសម្រាប់ក្មេងកំព្រា គេបណ្តុះបណ្តាលឲ្យវារៀនសូត្រ ភាគច្រើនវាអត់ចង់ទៅទេ ដូចថាវាមើលមកគ្រួសារវាឈ្លោះគ្នាពេក ហើយវាដើរកលុយចឹងគ្រាន់ឲ្យម៉ែឪ បានពីរទៅបីពាន់[រៀល] អ៊ីចឹងទៅ»។
នៅពេលរដូវបុណ្យសាសនាធំៗចូលមកដល់ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំជាដើម គេសង្កេតឃើញនៅតាមវត្តអារ៉ាម ជាពិសេសវត្តនៅតាមទីប្រជុំជនឬទីផ្សារ មានចង្ហាន់ហូរហៀរ ត្រៀបត្រានៅលើតុចង្ហាន់។ កុមារនិងមនុស្សចាស់ក្រីក្រ រង់ចាំនិងដាក់ភ្នែកជាប់ជានិច្ចដើម្បីប្រមូលកាកសំណល់សេសសល់យកទៅផ្ទះពួកគេ ព្រោះពេលវេលានេះគឺជាការចំណាយរបស់អ្នកមាន មកប្រគេនចង្ហាន់ដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ព្រលឹងដូនតា ញាតិសណ្ដានរបស់ពួកគាត់ដែលស្លាប់ទៅ ឲ្យឆាប់ចាប់ជាតិជាថ្មី និងអ្នកខ្លះប្រាថ្នាបានបុណ្យកុសលល្អទៅជាតិក្រោយទៀត។ កុមារ និងមនុស្សចាស់ក្ដីដែលក្រីក្រ ពួកគេមើលទៅចាត់ទុកជា វេលាពួកគេមានលាបដែលបានទទួលម្ហូបអាហារឆ្ងាញ់ៗ ដែលយូរៗមានម្ដង។
នៅវត្តមង្គលវន្ត ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញវិញ នៅម៉ោងជិត១២ថ្ងៃត្រង់ ទៅហើយនោះ ក្មេងៗឈរកកកុញតោងទ្វាដែក ដែលបិទព័ទ្ធជុំវិញសាលាឆាន់ក្នុងវត្តនេះ ខណៈព្រះសង្ឃប្រមាណ១០០អង្គកំពុងឆាន់ចង្ហាន់ ដាក់តុត្រៀបត្រាដែលពុទ្ធបរិស័ទយកទៅប្រគេន។

កុមាររង់ចាំប្រមូលអាហារដែលសល់ពីព្រះសង្ឃឆាន់
ខណៈកំពុងបើកទ្វាឲ្យព្រះសង្ឃនិមន្តចេញមិនទាន់ផុតពីតុចង្ហាន់ផង ស្រាប់តែក្មេងៗនិងមនុស្សវ័យចំណាស់បន្តិច ទាំងនោះរត់សំដៅមកដណ្តើមអារហារនៅលើតុដែលជាអាហារសល់ពីព្រះសង្ឃយ៉ាងវីវក់។
ក្មេងៗទាំងនោះនិយាយថា ពួកគេត្រូវដណ្តើមអាហារទាំងនេះ ព្រោះមានម្តាយនិងប្អូនៗ នៅផ្ទះរង់ចាំញ៉ាំបាយនៅឯផ្ទះ។ កុមារាម្នាក់អាយុ៩ឆ្នាំ និយាយថាគេមកដណ្តើមអាហារជារៀងរាល់ថ្ងៃ។
សកម្មភាពនៃការដណ្ដើមអាហាររបស់កុមារ និងមនុស្សចាស់ដែលក្រីក្រគឺជាការកត់សំគាល់មួយ នៃភាពអត់ឃ្លានរបស់ពលរដ្ឋខ្មែរ ហើយសកម្មភាពនេះ មើលទៅមិនសមរម្យទេ។
ក្នុងសំលៀកបំពាក់ អាវដៃខ្លីពណ៌ស ទុយនុយស្អាតបាត កំពុងសម្លឹងមើលទិដ្ឋភាពក្មេងដណ្តើមអាហារដោយទឹកមុខក្រៀមក្រំ លោក ហង្ស ចន្ថា ជាប្រជាពលរដ្ឋធូរធារម្នាក់នៅរាជធានីភ្នំពេញនិយាយថា លោកតក់ស្លុតនៅពេលដែលឃើញទិដ្ឋភាពនេះ។ លោកថាគណៈកម្មការវត្តគួររៀបចំឲ្យមានសណ្តាប់ធ្នាប់ជាងនេះ ព្រោះធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម។ លោកថាថ្នាក់ដឹកនាំគួរពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋ ដែលមានជីវៈភាពទាល់ក្រនៅក្នុងប្រទេស។ លោកបញ្ជាក់ថា «គ្នាខ្វះខាត ទីមួយដោយសារជីវភាពគ្នាអត់សូវមានការរស់នៅហ្នឹង គួរតែអ្នកដឹកនាំជួយមើលចន្លោះប្រហោងហ្នឹង ជួយរៀបចំឲ្យបានសព្វជ្រុងជ្រោយដែរ កន្លែងណាដែលខ្វះខាត។ អ្នកដឹកនាំផ្នែកមូលដ្ឋានហ្នឹងគួរពិនិត្យមើលដែរដើម្បីឲ្យបានល្អ»។
ផ្ទុយស្រឡះពីទិដ្ឋភាពនេះ ក្រឡេកមកមើលពលរដ្ឋមួយចំនួនទៀត ពួកគេកកកុញកាន់ចានស្រាក់យួរទៅវត្ត ក្នុងសម្លៀកបំពាក់ស្អាតបាត ខ្លះជិះឡាន ជិះម៉ូតូទំនើបៗទៅវត្តអារ៉ាមជាមួយក្រុមគ្រួសារ។
យុវជន មឿន គឹមលី វ័យ១៨ឆ្នាំ នៅខណ្ឌសែនសុខ មានរៀបរាប់ថាគេមកវត្តជាមួយម្តាយនិងប្អូនៗ ហើយគ្រោងទៅវត្តផ្សេងៗទៀតនៅថ្ងៃបន្ទាប់។ គេសប្បាយចិត្តណាស់ពេលបុណ្យទានម្ដងៗ។
កុមារី លី នារីម៉ាតា វ័យ១៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ កំពុងអង្គុយលេងជាមួយជីដូន និងក្រុមគ្រួសារបានឲ្យដឹងថា នាងមានទឹកចិត្តសប្បាយរីករាយដែលបានមកធ្វើបុណ្យដាក់បិណ្ឌនៅទីនេះ។ នាងប្រាថ្នាជួបសេចក្តីសុខសេចក្តីចម្រើន។
អ្នកស្រី ណោ ស្រីទូច វ័យជាង៥០ឆ្នាំ មាននិយាយថាអ្នកស្រីនាំកូននិងចៅទៅវត្តជារៀងរាល់ឆ្នាំ មិនដែលខានមកប្រគេនសង្ហាន់ព្រះសង្ឃ។ អ្នកស្រីថា ពិធីនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការរំឭកដល់វិញ្ញាណក្ខន្ធជីដូនជីតាដែលចែកឋានទៅ។
តាមការអង្កេត ចង្ហាន់ព្រះសង្ឃនៅវត្តខ្លះ ជាបិសេសនៅរាជធានីភ្នំពេញគឺមានភាពហូរហៀរ ជាខ្លាំង និងខ្លះទៀតខ្ជះខ្ជាយទៀតផង។ បញ្ហានេះធ្វើមានការរិះគន់ថា គេមិនត្រូវទុកឲ្យម្ហូបអាហារ ដែលសល់ពីប្រគេនលោក ទុកចាក់ចោលនោះទេ គឺគួរយកជូនអ្នកក្រីជាការប្រសើរ។
ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្សនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោក បូ ពៅ ដែលបានសុំអាហារពីវត្តផ្តល់ឲ្យប្រជាពលរដ្ឋនៅកន្លែងដាក់សម្រាមស្ទឹងមានជ័យ រៀបរាប់ថា ដោយសារតែលោកឃើញប្រជាពលរដ្ឋ និងជនពិការនៅតំបន់មួយចំនួន កំពុងដេកអត់អាហារ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ទើបលោកសម្រេចចិត្តសុំបាយពីវត្តទៅឲ្យពួកគេ។ លោកថា ការសុំអាហារពីវត្តនេះមិនងាយស្រួលនោះទេ ព្រោះនៅតាមវត្តរកមិនឃើញពីអ្នកចាត់ចែងចំណីអាហារទាំងនេះនោះទេ។ លោកថា គម្លាតរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជាឆ្ងាយដូចមេឃនិងដី។ លោកបញ្ជាក់ថា «ខ្ញុំមិនដឹងថា មកពីសង្គម ឬអ្នកមានរបត់ថ្មីក្នុងសង្គមថ្មីគាត់មិនខ្វល់អ៊ីចឹង! បានធ្វើឲ្យអ្នកក្រកាន់តែក្រទៅ អ្នកមានកាន់តែមានទៅ។ អ្នកមានសល់រហូតដល់យកលុយយកទៅចោលនៅក្នុងធនាគាររាប់លានដុល្លារ តែអ្នកក្ររកបាយតែ៣ពេលក្នុងមួយថ្ងៃសឹងតែមិនបាន។ អ៊ីចឹងអាគម្លាតនេះខុសគ្នាឆ្ងាយដូចមេឃនិងដី សូម្បីតែរដូវភ្ជុំបិណ្ឌ ហើយ ព្រះសង្ឃសល់ចង្ហាន់ច្រើនដែលពុទ្ធបរិស័ទយកទៅប្រគេន ប៉ុន្តែអ្នកក្រនៅតែដាច់បាយ។
»។
កម្ពុជាត្រូវបានចុះបញ្ជីថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាង៧%នៅក្នុងមួយឆ្នាំៗ ដែលមានល្បឿនលឿនជាងកំណើនសេដ្ឋកិច្ចប្រទេសដទៃទៀតនៅអាស៊ី។
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងអត្រា ៧,២% នៅក្នុងឆ្នាំ២០១៣ដោយសារតែកំណើននៃការនាំចេញ និងសន្ទុះដ៏រឹងមាំរបស់វិស័យសំណង់ និងសេវាកម្ម។ ADB ឲ្យដឹងថានៅក្នុងឆ្នាំ២០១៤ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៧,៥% ដោយសារតែសេដ្ឋកិច្ចនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបន្ដងើបឡើងវិញ។
របាយការណ៍ក្រសួងសេដ្ឋកិច្ចឆ្នាំ២០១៣ បានឲ្យដឹងថា តាមព្យាករណ៍បឋម ដោយយោងតាមទិន្នន័យស្ថិតិផ្លូវការរបស់ស្ថាប័នពាក់ព័ន្ធ តាមការសន្និដ្ឋានរួមគ្នារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិស្ថិតិនៅខែមិថុនា ឆ្នាំ២០១៣ កំណើន ផសស នៅឆ្នាំ២០១៣ មានចំនួន ៧,៦% តាមថ្លៃស្ថេរ ទន្ទឹមនឹងអត្រាបរិត្តផរណា (GDP deflator) មានកម្រិត ០,៨% គឺជាប្រាក់ចំណាយរបស់ប្រជាជន។
ក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា បានឲ្យដឹងថា រដ្ឋាភិបាលលើកកម្ពស់ការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបន្តកាត់បន្ថយភាពក្រីក្រឲ្យបានលើស១%ក្នុងមួយឆ្នាំ ដោយយកចិត្តទុកដាក់កាត់បន្ថយគម្លាតរវាងអ្នកមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប រវាងទីក្រុងនិងជនបទ។

ប្រធានក្រុមអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថាគម្លាតរវាងអ្នកមាន និងអ្នកក្រនៅតែខ្ពស់សម្រាប់កម្ពុជា ក្នុងនោះអ្នកក្រ និងអ្នកងាយរងគ្រោះមានរហូតដល់ ១១,១លាននាក់។ លោកថាពលរដ្ឋម្នាក់រកចំណូលបានតែ២,១៥ដុល្លារក្នុងមួយថ្ងៃ ឬជិត១០០០រៀល។
លោកបន្តថានៅពេលដែលអតិផរណាបន្តឡើងខ្ពស់ និងការអភិវឌ្ឍសង្គមលឿន ធ្វើឲ្យពលរដ្ឋទាំងនោះស្ថិតក្នុងភាពរងគ្រោះ ហើយពួកគេភាគច្រើនស្ថិតក្នុងដៃអង្គការសង្គមស៊ីវិល ដោយសារវិស័យគាំពារសង្គមរបស់រដ្ឋាភិបាលនៅខ្សោយ និងការអភិវឌ្ឍមិនមានសមធម៌។
លោក កែម ឡី ទទូចថាដើម្បីអាចដោះស្រាយបញ្ហានេះបាន រដ្ឋាភិបាលត្រូវរៀបចំផែនការអភិវឌ្ឍន៍ជាតិធំៗ ចំនួន៣ផ្សេងគ្នា ទី១- ផែនការអភិវឌ្ឍន៍ជាតិ ឃុំសង្កាត់ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ។ ទី២- ពង្រឹងកាអនុវត្ត នូវយុទ្ធសាស្ត្រគាំពារសង្គមជាប្រព័ន្ធ មិនគួរដាក់ឲ្យដាច់ដោយឡែកៗដូចបច្ចុប្បន្ននោះទេ ហើយផ្តល់ការគាំពារសុវត្ថិភាពដល់ពួកគេ និងទី៣- ពង្រឹងវិស័យកសិកម្ម និងសេវាកម្ម ។ លោកពន្យល់ដូចនេះថា «ប្រទេសយើងប្រទេសកសិកម្ម អ៊ីចឹងយើងបន្តកិច្ចការឧស្សាហកម្ម និងសេវាកម្មដដែល ប៉ុន្តែយើងត្រូវពន្លឿនខាងផ្នែកកសិកម្ម និងសេវាកម្ម ជាពិសេសវិភាគថវិការខាងផ្នែកកសិកម្មឲ្យធំ អាចជួយបានហើយ។ ពិសេសជួយពង្រឹងប្រព័ន្ធធារាសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង គឺខ្វះទឹកសម្រាប់កសិករ មិនមែនខ្វះរោងចក្រសម្រាប់កសិករនោះទេ»។
ត្រឡប់មករកអារ៉ាម សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ សម្រាប់ក្មេងៗ សុំទាន និងកុមារអង្គុយយាមស្បែកជើងទទូចថា ពួកគេចង់ឲ្យរដ្ឋាភិបាលជួយពួកគេឲ្យមានផ្ទះរស់នៅសមរម្យ មានជីវភាពហូបចុកបានគ្រប់គ្រាន់ និងទទួលបានឱកាសសិក្សាដូចក្មេងៗឯទៀត។ កុមារទាំងនោះនិយាយដូចៗគ្នាថា ប្រសិនបើជីវភាពគ្រួសារពួកគេធូរធា គឺពួកគេនឹងមិនជ្រើសរើសមុខរបរសុំទាន ឬក៏យាមស្បែកជើង តាមមាត់ទ្វារចូលព្រះវិហារវត្តទៀតនោះទេ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com និងលោកនួន បូរិន តាមរយៈ narinnun@vodhotnews.com
តើីពិភពលោកប្រទេសណាខ្លះមានមិខរបរ(សេដ្ឋកិច្ច)បែបនេះ?
ខ្មាស់យួនគេណាស់លោកអើយ។
It is creative idea to earn money, but it is shameful for all of us that this kind should not have been happened.
នេះគឺជាច្បាប់ធម្មជាតិប្រទេសមួយឬសង្គមមួយមិនអាចមានអ្នកមានទាំងអស់នោះទេ សំខាន់គឺយើងត្រូវការមេដឹកនាំល្អ ដើម្បីរៀបចំសង្គមមួយនេះអោយទាំងអស់គ្នាអាចរស់នៅបាន ក្នុងស្ថានភាពសមរម្យ ថ្លៃថ្នូរ ។ តើត្រូវធ្វើដូចម្តេច? គឺត្រូវឈ្លាសវៃក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយអំពើពុករលួយ ជាជាងចាំតែយកអំណោយបន្តិចបន្តួចទៅចែកជូនអ្នកក្រីក្រ ហើយគិតថាខ្លួនជាអ្នកគិតគូពីសុខទុក្ខប្រជាជននោះទេ។
គួរអោយសង្វេគ….