ដោយ ខែ សុណង
2014-09-24
RFA

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នារាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Van Vichar
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ គោលបំណងនៃការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍នេះ ត្រូវមន្ត្រីកម្ពុជាបញ្ជាក់ថា គឺពាក់ព័ន្ធនឹងកិច្ចការផ្ដល់សិទ្ធិដល់ជនភៀសខ្លួនមកកម្ពុជា។
រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាក់ទងទៅនិងការតាំងទីលំនៅនៃជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីក្នុងសប្ដាហ៍នេះ។
ក្រសួងការបរទេសបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា។ អំឡុងពេលទស្សនកិច្ចនោះលោកនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាក់ទងទៅនិងការតាំងទីលំនៅនៃជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង មិនបានមានប្រសាសន៍ច្រើនទេ ចំពោះកិច្ចជំនួបនេះ៖ «សំឡេង៖តាមពិតទៅគឺមកដើម្បីចុះហត្ថលេខាណា ចុះហត្ថលេខាអនុសារណៈនៃការយោគយល់រឿងបញ្ហាការតាំងទីលំនៅជនភៀសខ្លួននៅកម្ពុជា ជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ហើយការចុះហត្ថលេខាហ្នឹង ធ្វើឡើងនៅក្រសួងមហាផ្ទៃនិងឯង ថ្ងៃទី២៦ ខែកញ្ញា ម៉ោង៣រសៀលចាំដល់ពេលហ្នឹងដឹងថាយ៉ាងម៉េចណា»។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏មិនបញ្ជាក់ប្រាប់បន្ថែមទេ ក្រៅអំពីគម្រោងជួបចុះហត្ថលេខាលើអនុសារណៈនេះ៖ «ការចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅក្នុងចុងសប្ដាហ៍ហ្នឹងតាមខ្ញុំដឹងបើសិនគ្មានអីប្រែប្រួល»។
យ៉ាងណាក៏ដោយ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា នៅតែមានទស្សនៈថា ប្រទេសកម្ពុជាមិនទាន់មានសមត្ថភាពនិងលទ្ធភាពក្នុងការទទួលយកជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីទេ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការរងការទិតៀនពីប្រទេសជាច្រើននៅក្នុងពិភពលោក ចំពោះការរំលោភសិទ្ធិមនុស្ស និងកង្វះការលើកស្ទួយសិទ្ធិមនុស្ស៖ «តាមខ្ញុំយល់ថាប្រទេសកម្ពុជាមិនទាន់មានសមត្ថភាព និងលទ្ធភាពស្មើនិងប្រទេសអូស្ត្រាលីទេក្នុងការទទួលជនភៀសខ្លួននេះ។ ជនភៀសខ្លួនដែលចង់ទៅរស់នៅប្រទេសអូស្ត្រាលីគឺគ្នាបានទទួលរងការរំលោភសិទ្ធិមនុស្សពីប្រទេសរបស់ខ្លួនរួចទៅហើយដែលទៅរកប្រទេសអូស្ត្រាលីនេះ ហើយនៅពេលដែលអូស្ត្រាលីបញ្ជូនមកឲ្យប្រទេសកម្ពុជាដែលជាប្រទេសមួយរំលោភសិទ្ធិមនុស្សដែរនេះ គឺថាអ្នកទាំងអស់នេះក្លាយទៅជាជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សពីរដង គឺទីមួយរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន ទី២គឺអាចនឹងមកទទួលរងនូវការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាទៀត»។
ទោះជាយ៉ាងនេះក្ដី កន្លងមករដ្ឋាភិបាលតែងតែអះអាងថា គម្រោងការផ្ដល់សិទ្ធិជ្រកកោនឲ្យជនភៀសខ្លួន ជាច្រើនរយនាក់ ពីប្រទេសអូស្ត្រាលី គឺស្ថិតក្រោមគោលការណ៍មនុស្សធម៌និងស្ម័គ្រចិត្ត។ ប៉ុន្តែដំណើរការនៃការទទួលយកជនភៀសខ្លួននេះ ត្រូវបានមជ្ឈដ្ឋានជាច្រើន រិះគន់ថា ការចរចាមានភាពអាថ៌កំបាំង ស្របពេលដែលប្រទេសអូស្ត្រាលីកំពុងគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះជនភៀសខ្លួនទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- UNHCR បញ្ជាក់ជំហរមិនជាប់ទាក់ទងនឹងគម្រោងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា
- គម្រោងទទួលជនភៀសខ្លួនពីអូស្ត្រាលីឋិតក្នុងដំណើរការចរចានៅឡើយ
- ពលករខ្មែរ៧នាក់ដែលជាប់គុកនៅម៉ាឡេស៊ីបញ្ជូនមកកម្ពុជានៅល្ងាចនេះ
- សង្គមស៊ីវិលជំរុញឲ្យមានការគ្រប់គ្រងជនអន្តោប្រវេសន៍និងជនបរទេសឲ្យបានល្អ
- កម្ពុជាសម្រេចទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- សង្គមស៊ីវិលទទូចឲ្យកម្ពុជានិងអូស្ត្រាលីបើកចំហព័ត៌មានជុំវិញរឿងជនភៀសខ្លួន
- ក្ដីបារម្ភចំពោះការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា
- កម្ពុជាមិនទាន់សម្រេចទទួលជនភៀសខ្លួនពីអូស្ត្រាលីទេ
- ចិនកាត់ទោសអ៊ុយហ្គរ៍បញ្ជូនពីកម្ពុជា ២នាក់ឲ្យជាប់គុកមួយជីវិត
ដូចការព្យាករណ៏គ្រាន់តែធ្វើប្រកាច់ស្គន់ជាន់អោយល្្អមើលតែប៉ុណ្ណោះ។ប្រជាជនខ្លួនត្រូវទៅធ្វើខ្ញុំគេ
ពាសពេញពិភពលោក។កម្មករក្នុងស្រុកធ្វើបាតុកម្មគ្មានលោះថ្ងៃទាមទារប្រាក់ខែដើម្បីរស់។អែរដ្ផា
ភិបាលឡប់សតិទៅទទួលជនភៀសខ្លួនបន្ថែមពេលដែលប្រជាជនខ្លួនរស់នៅយ៉ាងសែនវេទនា។
សូមជួយគាត់នៅអណត្តិក្រោយដកថែម២០កៅអីទៀត?????????
really funny ‘and unbelievable ‘cambodia able to take refugee that really funny.the poorest country in asea compare to thailand malasia,mr morrison you should tour all around the country(cambodia)before you pour the refugee to the hell,com’n mr scott’you only serve the dictator and his vampire groups who suck alot of blood from cambodian people’.you pour the money to the vampire not help cambodia ,remember cambodian people 80% in poverty.GOD bless all cambodian people’