លោក កឹម សុខា បង្ហាញចំណុច៣នៃរដ្ឋធម្មនុញ្ញដែលមិនត្រូវបានគោរព​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី24 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា

​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ពុធ​នេះ​បញ្ជាក់​ថា​ចំណុច​យ៉ាងតិច​ចំនួន​៣​នៃ​រដ្ឋធម្មនុញ្ញ​មិន​ទាន់​ត្រូវបាន​គោរព​ដូច​អ្វី​ដែល​មានចែង​។​

​លោក កឹម សុខា លើកឡើង​បែប​នេះ​សម្រាប់​ទិវា​រំលឹក​ខួប​លើក​ទី​២១​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤​ខែកញ្ញា​នេះ​។​លោក​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​លោក​កត់សម្គាល់​ឃើញ​អំពី​ការ​មិន​បាន​គោរព​រដ្ឋធម្មនុញ្ញ​យ៉ាងតិច​៣​ចំណុច​ធំៗ​នៅ​កម្ពុជា រួមមាន​ទី​១)​មិនទាន់​ធានាបាន​ពេញលេញ​នូវ​បូរណភាព​ទឹកដី​(​ព្រំដែន​) ដូច​មានចែង​ក្នង​មាត្រា​២ ទី​២) មិនទាន់​ធានាបាន​នូវ​ឯករាជ្យភាព​នៃ​អំណាចតុលាការ ដូច​មានចែង​ក្នុង​មាត្រា​១២៨​ថ្មី  និង​ទី​៣)​មិន​បាន​ប្រារព្ធ​សមាជជាតិ​ដែល​ត្រូវ​ប្រព្រឹត្តទៅ​១​ឆ្នាំ​ម្តង ដូច​មានចែង​ក្នុង​មាត្រា​១៤៨​ថ្មី​។​

​លោក កឹម សុខា បន្តថា​«​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា សូម​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​រដ្ឋធម្មនុញ្ញ​ដែល​ខ្លួន​បាន​ប្តេជ្ញា​គោរព​»​។​

​មាត្រា២​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​​របស់​​ខ្លួន​ដែល​មានកំណត់ ក្នុង​ផែនទី​ខ្នាត ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​។​មាត្រា​១២៨​ថ្មី​ចែង​ថា​អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ​។​អំណាចតុលាការ ធានា​រក្សា​អ​នា​គតិ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​ចំណែក​មាត្រា​១៤៨ ថ្មី​ចែង​ថា​សមាជជាតិ ប្រជុំ​មួយដង​ក្នុង​មួយ​ឆ្នាំ នៅ​ដើម​ខែ​ធ្នូ តាម​ការកោះអញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​។​សមាជជាតិ ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ​។​

​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ស​ប្រជាជន​កម្ពុជា​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​គណបក្ស​ប្រឆាំង​ថា ជា​អាយ៉ង​របស់​វៀតណាម ដែល​បណ្តាល​ឲ្យ​បាត់បង់​ទឹកដី​។ ចំណែក​តុលាការ​កម្ពុជា​ត្រូវបាន​រកឃើញ​ថា​ស្ថិតនៅក្រោម​អំណាច​របស់​រាជរដ្ឋាភិបាល និង​អ្នកមានអំណាច​។​

​កាលពី​ថ្ងៃ​ទី​៨​ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​នូវ​គោលនយោបាយ​លាប​ពណ៌​មកកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​អាយ៉ងយួន​ដូច​ពេល​កន្លង​ទៅ​នោះ​។​

​ទាក់ទង​នឹង​អង្គ​តុលាការ​នោះ​វិញ ថ្មីៗ​នេះ​ព្រះមហាក្សត្រ​ទើប​តែ​សម្រេច​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រម ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​ចំនួន​បី​ទាក់ទង​នឹង​តុលាការ​បាន​ចូល​ជា​ធរមាន​។​ច្បាប់​ទាំងនោះ​រួមមាន​ច្បាប់​ពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​។​ប៉ុន្តែ​ច្បាប់​ទាំង​៣​រង​ការរិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថា​មិន​ទាន់​អាច​ធានា​ឯករាជ្យ​របស់​តុលាការ​បាន​នៅឡើយ​ទេ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក កឹម សុខា បង្ហាញចំណុច៣នៃរដ្ឋធម្មនុញ្ញដែលមិនត្រូវបានគោរព​"

  1. mission impossible says:

    As long as Hun Sen still be the leader, the constitution of Cambodia is a joke.

  2. 007 says:

    Hun sen nerver care about law, only kill