ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ខៀវ សុខារ៉ាវី ពេលផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ (រូបភាព៖ វង្ស សុម៉ាលីន)
ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលអតីតតារាសម្ដែងនាង ខៀវ សុខារ៉ាវី បានចេញមុខសារភាពដោយផ្ទាល់មាត់ថា ខ្លួនមានស្វាមី ប៉ុន្តែមិនធ្លាប់រៀបការនោះឡើយ។ ជាមួយគ្នានេះ នាងក៏ប្រកាសត្រឡប់មកពិភពសិល្បៈដូចដើម ដោយអះអាងថា មកពីស្វាមីឈប់ប្រច័ណ្ឌ។
នៅក្នុងសន្និសីទសារព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី២១ ខែកញ្ញា នាង ខៀវ សុខារ៉ាវី បានបើកវាំងននខ្មៅដោយគ្មានការបង្ខំបញ្ជាក់ថា នាងពិតជាបានរួមរស់ដោយលាក់កំបាំងជាមួយបុរសម្នាក់រហូតដល់មានកូនប្រុសម្នាក់អាយុប្រមាណ៤ឆ្នាំមកទល់ពេលនេះ។ នាងបានបន្ទោសខ្លួនថា រស់នៅបិទមុខ និងគ្មានភាពក្លាហាន ទើបធ្វើឲ្យមហាជនរាប់ម៉ឺននាក់ងឿងឆ្ងល់ ក្នុងរយៈពេល៤ឆ្នាំ ដែលនាងបាត់មុខពីសិល្បៈ។
អ៊ីចឹងហើយ ទើបនាងសម្រេចចិត្តធ្វើសន្និសីទកាសែតមួយ ដើម្បីបញ្ជាក់ថា ខ្លួនត្រឡប់មកកាន់សិល្បៈ និងឈប់រស់នៅបិទបាំងទៀតហើយ។ នៅក្នុងវេទិកាសួរឆ្លើយ ដែលប្រជុំដោយអ្នកសារព័ត៌មានផ្នែកសិល្បៈមកពីគ្រប់ស្ថាប័ននោះ នាងទទួលស្គាល់ទាំងស្រុង ថាខ្លួនមិនធ្លាប់រៀបការ និងមិនធ្លាប់ចេញទៅរស់នៅអាមេរិក ដូចអ្វីដែលម្ដាយរបស់នាងគឺអ្នកស្រីសារ៉េត ធ្លាប់ប្រកាសប្រាប់អ្នកសារព័ត៌មាននោះឡើយ។
យ៉ាងណាក៏ដោយ តារាស្រីដែលល្បីឡើងកក្រើកមហាជន ក្រោមដំណឹងរំសាយមង្គលការជាមួយអតីតតារាសម្ដែងលោក ស៊ុក សុភា រូបនេះ មិនបានបញ្ជាក់ពីអត្តសញ្ញាញរបស់ស្វាមីលាក់មុខ ក្នុងពេលចោទសួរនោះឡើយ បើទោះជាមានការលើកឡើងថា បុរសម្នាក់នោះជាទាហានពាក់ផ្កាយ២ ដ៏មានឥទ្ធិពលនោះក្ដី។ ខៀវ សុខារ៉ាវី និយាយថា «ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនឹងទទួលយកការសម្ដែង ការអញ្ជើញឲ្យឡើងឆាកទូរទស្សន៍ ឡើងសម្ភាសន៍ដូចដើម ប៉ុន្តែខ្ញុំសុំមិនទាន់បង្ហាញពីអត្តសញ្ញាណស្វាមីនោះទេ! ខ្ញុំគ្រាន់តែអាចប្រាប់ថា គាត់ធ្លាប់រៀបការហើយ និងមានឯកសារលែងលះជាមួយភរិយាមុនត្រឹមត្រូវមុននឹងរួមរស់ជាមួយខ្ញុំ! ហើយបើទោះជាពួកយើងមិនទាន់រៀបការ ក៏ខ្ញុំនិងគាត់បានចុះអេតាស៊ីវិលជាប្ដីប្រពន្ធនឹងគ្នានោះដែរ!»។

នាងបញ្ជាក់ថា ហេតុផលនៃការត្រឡប់មកកាន់ការសម្ដែងនាពេលនេះ គឺដោយសារតែស្វាមីឈប់ប្រច័ណ្ឌ លែងឃាត់ឃាំងដូចមុន និងមកពីចិត្តនាងនៅស្រឡាញ់សិល្បៈផ្ទាល់តែម្ដង។ នាងមានបំណងទទួលយកការសម្ដែងលើគ្រប់ទម្រង់ទាំងអស់ មិនថាជាតួឯក ជាតួម្ដាយ ឬជាតួឆ្នាស់ឆ្នើមនោះទេ។ ក្នុងនោះ សូម្បីតែឈុតប៉ះដៃប៉ះជើង ឬឱបថើបជាមួយតួប្រុស ក៏នាងប្រកាសទទួលផងដែរ កុំឲ្យតែជាឈុតស្នេហារោលរាល ឬស៊ិចស៊ីខ្លាំងពេក។ តារារូបនេះនិយាយថា « បាត់មុខជិត៤ឆ្នាំ ខ្ញុំនឹករឮកសិល្បៈតាំងពីសម្រាលកូនប្រុសបានមួយឆ្នាំ ឬ ២ឆ្នាំដំបូងម្ល៉េះ ប៉ុន្តែមកពីកាលនោះ ប្ដីខ្ញុំគាត់ប្រច័ណ្ឌពេក ទើបខ្ញុំប្រើពេលតែជាមួយគ្រួសារ ជាមួយហាងស្ប៉ា និងភោជនីយដ្ឋាន ផ្កាឈូក ដែលខ្ញុំបានបើកនៅជួរមាត់ទន្លេ! ប៉ុន្តែពេលនេះ គាត់ប្រាប់ថា គាត់ឈប់ប្រច័ណ្ឌខ្ញុំទៀតហើយ ទើបខ្ញុំសុំមកថតដូចដើម ទោះជាឈុតប៉ះដៃប៉ះជើង ក៏អត់បញ្ហា!»។
អត្ថបទកំសាន្តផ្សេងទៀត
នេះជាការបើកចំហដ៏កម្រ ចាប់តាំងពី ខៀវ សុខារ៉ាវី ទទួលការគំរាមឲ្យលុបចោលមង្គលការជាមួយលោក ស៊ុក សុភា ក្នុងថ្ងៃចូលរោង រហូតធ្វើឲ្យនាងរស់នៅលាក់មុខ។ ទោះជានាងប្រាប់ថា ការសម្រេចចិត្តចូលសម្ដែង មិនមែនជាហេតុផលបែកបាក់ស្នេហ៍ ឬអស់បង្អែកពីស្វាមី ក៏មហាជនភាគច្រើន នៅតែងឿងឆ្ងល់ពីការត្រឡប់ក្រោយនេះ។ នាងនិយាយថា រឿងប្រេះឆាអត់មាននោះទេ ប៉ុន្តែមកពីនាងមើលឃើញថាវិស័យភាពយន្តខ្មែរកាន់តែរីកចម្រើន ហើយគាប់ជួនជាស្វាមីលែងប្រើអារម្មណ៍ប្រច័ណ្ឌដូចពេលរួមរស់ជាមួយគ្នាពីដំបូងផង ទើបនាងជម្រើសយកការបង្ហាញមុខ ដើម្បី កសាងកេរ្តិ៍ឈ្មោះជាថ្មី។ អ្នកតាមដានកំពុងចាំមើលពីជីវិតឯកជនរបស់នាង ថាតើការសម្រេចចិត្តនោះ មានជាប់ពាក់ព័ន្ធនឹងការប្រេះស្រាំស្នេហា ដូចគ្នានឹងតារាសិល្បៈមួយចំនួន ដែលអស់បង្អែកពីស្នេហាឬយ៉ាងណា ពិសេសក្នុងពេលដែលនាងម្នាក់ឯង បានក្លាយជាម្ចាស់ហាងស្ប៉ាផង ភោជនីយដ្ឋានផង ដល់ទៅ២-៣កន្លែងបែបនេះ។ ខៀវ សុខារ៉ាវី ប្រាប់ថា នៅលើលោកនេះ គ្មានអាថ៌កំបាំងនោះទេ ហើយនាងក៏មិនអាចលាក់បាំងបានដែរ បើអ្វីដែលនាងលើកឡើងពិតជារឿងបន្លំភ្នែក៕
សូមសរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
If you break up with your ex , I’ll take care you baby.
Doesn’t mind no virgin .I love you baby.