លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជា​មនុស្ស​គំរូ​សម្រាប់​អ្នក​ជក់បារី​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជក់បារីក្នុងពេលធ្វើជាអធិបតីភាពក្នុងពិធីមួយកាលពីកន្លងទៅ(រូបថតដោយ AP)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជក់បារីក្នុងពេលធ្វើជាអធិបតីភាពក្នុងពិធីមួយកាលពីកន្លងទៅ(រូបថតដោយ AP)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​ថា​លោក​អាច​ផ្តាច់ការ​ជក់បារី​បាន​ហើយ ដែល​នេះ​ជា​ការតស៊ូ​ជាមួយ​ខ្លួនឯង​ជិត​១៤​ឆ្នាំ​មកហើយ ក្រោយពី​មាន​ការទទូច​ពី​ក្រុម​គ្រួសារ​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យា​ចំរើន​ពហុ​បច្ចេកវិទ្យា​នៅ​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា លោក​ធ្លាប់​បាន​សន្យា​ជាមួយ​គ្រួសារ​កាលពី​១៤​ឆ្នាំ​មុន​ថា​លោក​នឹង​ឈប់​ជក់បារី នៅពេលដែល​លោក​មាន​ចៅ​ពរ​។​ប៉ុន្តែ​លោក​ថា​ការសន្យា​នោះ​មិន​អាចធ្វើ​បាន​នៅពេល​នោះ​ទេ​។​លោកនាយក​រដ្ឋមន្ត្រី​បន្តថា នៅ​ថ្ងៃនេះ​លោក​ប្រកាស​ជា​ផ្លូវការ​ថា​លោក​អាច​ឈប់​ជក់​បារី​បាន​ជា​ស្ថាពរ​ហើយ​។ 

​លោក​បញ្ជាក់ថា​«…​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​បាន​ខិតខំ​តស៊ូ​ខ្លាំងណាស់ តស៊ូ​ហ្នឹង អត់​មាន​តស៊ូ​ជាមួយ​ធម្មជាតិ តស៊ូ​ជាមួយ​អ្នកណា តស៊ូ​ជាមួយ​ខ្លួន​ឯង។​សម្រេច​ជោគជ័យ​ហើយ ប្រកាស​ថ្ងៃ​ហ្នឹង​ហ្មង បាន​ឈប់​ជក់បារី​ជា​ស្ថាពរ​ហើយ​»​។​

​លោក​បន្តថា រហូតមកដល់​ពេលនេះ​លោក​ធុំក្លិន​បារី​មិន​បាន​ទេ​ពេល​ចេញ​មក​ខាងក្រៅ​ផ្ទះ ហើយ លោក​អាណិត​ភរិយា និង​គ្រួសារ​ដែល​ពីមុន​តែងតែ​នៅ​ជាមួយ​អ្នក​ជក់បារី​។​លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹង​ទៀត​ថា​លោក​មិន​បាន​ប្រើ​សារជាតិ​ជំនួយ​អ្វី​នោះ​ទេ គឺ​សំខាន់​ការតស៊ូ តែម្តង​។​លោក​ថា​ឥឡូវ​លោក​អាច​និយាយ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​បាន​។ 

​ក្រសួង​សុខាភិបាល ធ្លាប់បាន​ប្រកាស​សារាចរ​ស្តីពី​វិធានការ​ហាម​ការជក់ និង​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ និង​តាម​ទីសាធារណៈ ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាជន និង​ទប់ស្កាត់​ការរង​ផ្សែង​ផលិតផល​ថ្នាំជក់ ដែល​បង្ក​ឲ្យមាន​ហានិភ័យ​សុខភាព​អ្នក​នៅ​ជុំវិញ និង​បរិស្ថាន​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់​ថ្លែង​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៣០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ការជក់បារី ក្នុង​មួយ​ថ្ងៃ ហើយ​ជិត​១០០​លាន​ដុល្លារ ត្រូវបាន​ប្រើ​សម្រាប់​ទិញ​បារី​ជក់​ក្នុង​១​ឆ្នាំ ព្រមទាំង​ចំណាយ​លើ​ការព្យាបាល​ជំងឺមហារីក​មួយ​ករណី ត្រូវការ​ថវិកា​ជា​មធ្យម​១​ម៉ឺន​ដុល្លារ​។ លោក​បាន​អំពាវនាវ​ឲ្យមាន​ការផ្សព្វផ្សាយ និង​យល់ដឹង​ឲ្យបាន​ច្រើន​ពី​ផលប៉ះពាល់ ដើម្បី​កាត់បន្ថយ​អត្រា​មរណៈ បណ្តាលមកពី​ការជក់ និង​ស្រូប​ផ្សែង​បារី​នេះ​។​

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ឆ្នាំ​២០១២ បង្ហាញថា អ្នកស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា សរុប​៩៦៦៩​នាក់ ក្នុងនោះ​ស្ត្រី​៣២២៣​នាក់ និង​បុរស ៦៤៤៦​នាក់​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជា​មនុស្ស​គំរូ​សម្រាប់​អ្នក​ជក់បារី​​"

  1. ព្រះរាជាណាចក្រអាខ្វាក់ជិះកអាខ្វិន says:

    ឈប់ជក់ផឹកតែសវិញ!!!!