ដោយ៖ អុិត សូធឿត
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកស្រី ចក់ សុភាព ងើបឈរនៅពេលលោក អូបាម៉ា ណែនាំលោកស្រី ដល់ទស្សនិកជនក្នុងពិធីគំនិតផ្តួចផ្តើមជាសាកលរបស់ គ្លីនតុន (រូបពីហ្វេសប៊ុកស្ថានទូតអាមេរិកនៅកម្ពុជា)
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) កាលពីថ្ងៃទី២៣ ខែកញ្ញា បានថ្លែងសរសើរសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជាពីររូបគឺ អតីតប្រធានអង្គការអភិរក្សធនធានធម្មជាតិលោក ឈុត វុទ្ធី និងនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព។
ថ្លែងនៅក្នុងពិធីគំនិតផ្តួចផ្តើមជាសាកលរបស់ គ្លីនតុន (Clinton Global Initiative ឬ CGI) នៅទីក្រុងញូយ៉ក លោក អូបាម៉ា មានប្រសាសន៍ថា នៅជុំវិញពិភពលោក បុរស និងស្ត្រីក្លាហានដែលហ៊ានឡើងនិយាយត្រូវរងការយារយី និងការវាយប្រហារ ដែលមានរហូតដល់ការសម្លាប់ថែមទៀត។
លោក អូបាម៉ា មានប្រសាសន៍ថា «ថ្ងៃនេះ យើងសូមគោរពដល់អ្នកដែលបានពលីជីវិត។ នៅក្នុងចំណោមពួកគេនោះមានឈ្មោះ Eric Lembembe ក្នុងប្រទេសកាមេរូន ឈ្មោះ Salwa Bugaighis ក្នុងប្រទេសលីប៊ី ឈ្មោះ ឈុត វុទ្ធី ក្នុងប្រទេសកម្ពុជា ឈ្មោះ Natalia Estemirova ក្នុងប្រទេសរុស្ស៊ី»។
លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅពេលលោកនាំអ្នកសារព័ត៌មានពីររូបចុះទៅស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។
លោក អូបាម៉ា ក៏បានធ្វើការគាំទ្រដល់អ្នកធ្វើការមនុស្សធម៌ សកម្មជន អ្នកតស៊ូមតិ និងអ្នកធ្វើការងារជាគ្រូបង្រៀន នៅបណ្ដាប្រទេសនានានៅក្នុងពិភពលោកដែលបានធ្វើខិតខំធ្វើការដើម្បីជួយសង្គមរបស់ពួកគេ បើទោះបីមានការរឹតត្បិត ការគាបសង្កត់ និងការយាយី។ ក្នុងនោះលោកក៏បានលើកឡើងពីនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព របស់កម្ពុជាផងដែរ។
លោក អូបាម៉ា មានប្រសាសន៍ថា «យើងគាំទ្រសកម្មជន ដូចជាលោកស្រី ចក់ សុភាព(Chak Spheap) នៅប្រទេសកម្ពុជា… លោកស្រី សុភាព បានឃើញអ្នកធ្វើការគាំទ្រសិទ្ធិមនុស្សដូចគ្នាត្រូវបាននគរបាលចាប់យកទៅ ។ ពេលនោះ លោកស្រីអាចគេចខ្លួនបាន តែលោកស្រីបាននិយាយថា លោកស្រីនឹងមិនចាកចេញពីប្រទេសកម្ពុជាមួយនាទីណាឡើយ។ ដូច្នេះ លោកស្រីបានគៀងគរ នាំដើរតវ៉ា និងបំផុសយុវជនឲ្យទាមទារយុត្តិធម៌។ លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានការស្រម៉ៃចង់បានថា ពលរដ្ឋខ្មែរមានសេរីភាពដែលគេត្រូវមាន”។ យើងមានមោទនភាពចំពោះលោកស្រី ហើយយើងគាំទ្រលោកស្រី»។
លោក អូបាម៉ា មានប្រសាសន៍ទៀតថា ដោយសារពលរដ្ឋ និងសង្គមស៊ីវិលអាចមានអំណាចខ្លាំង រដ្ឋាភិបាលកាន់តែច្រើនកំពុងតែខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបំបាត់សំឡេងរបស់គេ។ លោកបន្តថា កំណើននៃការបង្ក្រាបនេះទៅលើសង្គមស៊ីវិលគឺជាយុទ្ធនាការមួយដើម្បីបំផ្លាញគំនិតប្រជាធិបតេយ្យ ហើយអ្វីដែលត្រូវមានគឺយុទ្ធនាការមួយខ្លាំងជាងនេះ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។
សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
សូមចូលរួមអបអរសាទរដល់លោកស្រី ចក់ សុភាព សូមលោកស្រីបន្តបេសកកម្មរបស់លោកស្រីបន្តទៀតប្រកបដោយជោកជ័យ។
I wish you all the best! Please keep up with your great work!
សូមអ្នកស្រីប្រយត្ន័ពួកអាព្រាយជញ្ជក់ឈាមតាមយារយី,សំណាងល្អចំពោះអ្នកស្រី។