ដោយ៖ បូ សាវី
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កុដិរបស់អតីតព្រះសង្ឃ ពេជ្រ ដាវីត និង ចាន់ សំបូរ ត្រូវបានរុះរើ (រូបថត៖ បូ សាវី)
ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ២០០អង្គ/នាក់ នៅខេត្ដសៀមរាប ទាមទារឲ្យអាជ្ញាធរដោះលែងអតីតព្រះសង្ឃពីរអង្គ ដែលសមត្ថកិច្ចចាប់ផ្សឹករួចវាយដំដោយចោទថា សេពគ្រឿងស្រវឹង និងគ្រឿងញៀន កាលពីយប់ថ្ងៃទី១៨ខែកញ្ញានេះ។
អតីតព្រះសង្ឃទាំងពីរអង្គនោះ គឺលោក ពេជ្រ ដាវីត និងលោក ចាន់ សំបូរ ដែលគង់នៅវត្ដពោធិ៍លង្កា ក្រុងសៀមរាប។
តំណាងព្រះសង្ឃគង់នៅវត្ដគង់នៅវត្ដពោធិ៍លង្កា សង្កាត់ស្លក្រាម មានថេរដីកាថា នៅល្ងាចថ្ងៃទី២៤ខែកញ្ញានេះ អាជ្ញាធរបានចុះមកបកស្រាយថា អតីតព្រះសង្ឃទាំងពីរអង្គនោះ មិនបានធ្វើខុសឆ្គង និងប្រាស់ចាកពីវិន័យធម៌នោះទេ។ ប៉ុន្តែអនុគណក្រុងសៀមរាប ព្រះអង្គ លាច លាង និងសមត្ថកិច្ចជាច្រើននាក់ បានចាប់ពួកគាត់ផ្សឹកភ្លាមៗ និងបានវាយជាន់ក និងយកដំបងឆក់ព្រះសង្ឃទាំងនោះ។
ក្រុមតំណាងពុទ្ធបរិស័ទ បានទាមទារឲ្យអាជ្ញាធរផ្ដល់យុត្ដិធម៌ និងដោះលែងអតីតព្រះសង្ឃទាំងពីរអង្គនោះមានសេរីភាពវិញនៅថ្ងៃនេះ ព្រោះព្រះសង្ឃទាំងពីរអង្គនោះមិនមានកំហុសដូចសមត្ថកិច្ចចោទប្រកាន់ឡើយ។
អនុគណក្រុងសៀមរាប ព្រះតេជគុណ ឡាច លាង មានថេរដីកាថា ការចាប់ផ្សឹកព្រះសង្ឃទាំងពីរនេះ ដោយសារមានការយល់ព្រមពីសាម៉ីខ្លួន។ តែបដិសេធថា ព្រះអង្គ មិនពាក់ព័ន្ធនឹងការធ្វើទារុណកម្មនេះឡើយ។
ស្នងការរងនគរបាលខេត្ដសៀមរាប លោក អ៊ុំ អមរ៉ា មានប្រសាសន៍ថា ការប្រឹហិង្សាទៅព្រះសង្ឃនោះ ដោយសារអតីតព្រះសង្ឃ ពេជ្រ ដេវីត តដៃជាមួយសមត្ថកិច្ច ហើយលោកអនុវត្ដតាមការបង្គាប់របស់ព្រះរាជអាជ្ញានៃតុលាការខេត្ដសៀមរាប។
VOD មិនអាចទាក់ទងព្រះរាជអាជ្ញារូបនោះបាននៅឡើយ។
ពលរដ្ឋឲ្យដឹងថា ការចាប់ផ្សឹកអតីតព្រះសង្ឃពីរអង្គនោះ ដោយសារព្រះគ្រូចៅអធិការវត្ដ ព្រះនាម កែវ ខូយ មិនពេញចិត្ដនឹងអតីតសង្ឃពីរអង្គនោះ ហើយរៀបចំគម្រោងបណ្ដេញអតីតសង្ឃនោះចេញពីវត្ដ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
ការខុសឆ្គងរបស់បុគ្គលជារឿងរបស់បុគ្គល តែកុដិជាសម្បត្តិរបស់វត្ត ទោះបីជាកសាងដោយសារ ធនធានបុគ្កលឫថវិការួមពីបរិស័ទជើងវត្តក៏ដោយ ដូចនេះការរុះរើកុដិដែលពាក់ព័ន្ធជាមួយ កំហុសរបស់បុគ្គលនេះ បង្ហាញពីរូបភាពផ្សេង ឫ ហេតុផលផ្សេងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៏នេះ ។