ចំណីអាហារ​គ្មាន​សុវត្ថិ​ភាពជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​សុខភាព!

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 08-10-2014
ដោយ ប៉ែន បូណា
http://thmeythmey.com

thmeythmey_Vegetable100814

សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា បន្លែ​នាំចូល​ពី​ប្រទេស​វៀតណាម​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ហើយ​បាន​ព្រមាន​ដាក់​បម្រាម​ចំពោះ​ការនាំ​ចូល​បន្លែ ផ្លែឈើ​ពី​វៀតណាម។ សមត្ថកិច្ច​អឺរ៉ុប​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ដើម្បី​ការពារ​សុខមាលភាព​នៃ​ប្រជាជន​របស់គេ។ នៅ​កម្ពុជា​បាន​នាំចូល បន្លែ ផ្លែឈើ ត្រី សាច់ ពី​វៀតណាម និង​ថៃ​យ៉ាង​គគ្រឹកគគ្រេង។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​ធំធេង​ចំពោះ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ​ដោយសារ​កង្វះ​សុវត្ថិភាព​ចំណីអាហារ។

នៅ​បណ្តា​ប្រទេសផ្សេងៗ អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​សុខភាព​របស់​ពលរដ្ឋ។ រាល់​ចំណីអាហារ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​ជាពិសេស​ទំនិញ​នាំចូល​ពី​បរទេស​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​ធានាថា ទំនិញ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។ បើ​មាន​បញ្ហា​តែ​បន្តិច ពួកគេ​ក៏​ចាត់វិធានការ​ភ្លាម។

ចុះ​នៅ​កម្ពុជា តើមួយថ្ងៃៗមាន​ទំនិញ​អ្វីខ្លះ​នាំចូល​ពី​វៀតណាម​និង​ថៃ? តើ​ទំនិញ​ទាំងនោះ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​អ្នកប្រើប្រាស់​ដែរឬទេ? យូរៗម្តង​គេ​តែង​សង្កេតឃើញ​សមត្ថកិច្ច​កាំកុងត្រូល​ហៅ​ទូរទស្សន៍​ទៅ​ថត​ការដុត​បំផ្លាញ​ជង្គង់​មាន់​ខូចគុណភាព​នាំចូល​ពី​ប្រទេស​ថៃ។ ប៉ុន្តែ តើ​មាន​ទំនិញ​ប៉ុន្មាន​មុខ​ទៀត​ដែល​ត្រូវបាន​នាំចូល​ដោយ​ស្ងៀមស្ងាត់​ដែល​សមត្ថកិច្ច​មិនដឹង​ឬក៏​ដឹង​ដែរ​តែ​ស្រវាំងភ្នែក​មើលមិនឃើញ​ដោយសារតែ​ចំណាំង​កាំរស្មី​ប្រាក់​ដុល្លារ។ កុំ​ថា តែ​ទំនិញ​នាំចូល សូម្បី​ទំនិញ​ក្នុងស្រុក​ក៏​ពោរពេញ​ដោយសារ​ធាតុគីមី​ដែរ។

ជាការ​ពិត បច្ចុប្បន្ន មនុស្ស​មាន​បញ្ហា​សុខភាព​កាន់តែខ្លាំង​ឡើង។ អ្នកខ្លះ​មាន​ជំងឺ​មួយ​មុខ អ្នកខ្លះ​ពីរ​ឬ​បី​មុខ​ដំណាលគ្នា។ ជំងឺ​ទាំងនេះ​កើតឡើង​មិន​ចំពោះតែ​អ្នកមាន អ្នកក្រ ឬក៏​នាម៉ឺន​មន្ត្រី​អ្វី​នោះឡើយ តែ​វា​កំពុង​វាយលុក​ទៅលើ​មនុស្ស​ដោយ​ឥត​រើសមុខ។ មូលហេតុ​សំខាន់​ជាងគេ​គឺ​ចំណីអាហារ​គ្មាន​សុ​វត្តិភាព និង​បរិស្ថាន​កខ្វក់​ដែល​កំពុងមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​របស់​មនុស្ស។

សារធាតុ​គីមី​ដែលជា​សត្រូវ​របស់​សុខ​ភាព​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ចំណីអាហារ​ស្ទើរតែ​គ្រប់មុខ រាប់​តាំងពី​ត្រី​សាច់ បន្លែ ផ្លែឈើ ដែល​មនុស្ស​បរិភោគ​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​សារធាតុពុល​ទាំងអស់​នោះបាន​វាយលុក​ដោយ​ស្ងៀមស្ងាត់​ពី​ខាងក្នុង​ខ្លួន បរិយាកាស​ខាងក្រៅ​ក៏បាន​ចូលរួមចំណែក​បំផ្លាញ​សុខភាព​មនុស្ស​ដែរ​តាមរយៈ​ខ្យល់​ដកដង្ហើម។ ជាតិពុល​ក៏​កំពុង​ហ៊ុម​ព​ទ្ធ័​បរិយាកាស​ជុំវិញខ្លួន​មនុស្ស​កាន់តែខ្លាំងឡើងៗដោយសារតែ​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។

បន្ថែម​ពីលើ​នេះ អាកប្បកិរិយា​របស់​ម​នុស្ស​សម័យថ្មី​ក៏​ជា​កត្តា​អំណោយផល​មួយ​យ៉ាងខ្លាំង​ដែរ​ដល់​ភាព​ទ្រុម​ទ្រោម​នៃ​សុខភាព។ នៅពេលដែល​មនុស្ស​ស្រូបយក​ជាតិពុល គ្រប់ បែប យ៉ាង​ចូលក្នុង​ខ្លួន មនុស្ស​មួយចំនួន​បែរជា​មិន​បញ្ចេញ​ពលកម្ម​រាងកាយ​ទាល់តែសោះ។ អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​មួយទៀត​របស់​ម​នុស្ស​សម័យ​បច្ចុប្បន្ន​គឺ​ការនិយម​ពិសារ​គ្រឿង​ស្រវឹង​ដ៏​លើសលប់។ គ្រឿង​ស្រវឹង​ក៏​កំពុង​វាយលុក​យ៉ាងខ្លាំង​ផងដែរ​ទៅលើ​ស្រទាប់​យុវវ័យ។

ងាក​ទៅ​មើល​ប្រព​ន្ធ័​សុខាភិបាល​វិញ កម្ពុជា​ក៏​មិនទាន់មាន​សេវា​សុខាភិបាល​គួរ​ឲ្យ​ទុកចិត្ត​នៅឡើយ។ ការចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅឯ​បរទេស​របស់​ពល​រដ្ឋ​ខ្មែរ​ជាច្រើន គឺជា​ភស្តុតាង​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។ ក្រៅពី​ប្រព​ន្ធ័​សុខាភិបាល​ទន់ខ្សោយ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​គ្មាន​ទទួល​បានការ​ធា​បា​រ៉ាប់រង​សុខភាព​អ្វី​ទាំងអស់។

ដូច្នេះ ដើម្បី​ឲ្យ​គ្រួសារ និង​សង្គម​ទាំងមូល​ចៀសវាង​បាន​នូវ​គ្រោះថ្នាក់ ចាំបាច់​ណាស់​ដែល​ពលរ​ដ្ឋ​គ្រប់គ្នា​មាន​សុខភាព​ល្អ។ ដំណោះស្រាយ​ជាបឋម​គឺ ក្រសួង​មាន​សមត្ថកិច្ច​នានា​ត្រូវតែ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​លក់​នៅលើ​ទីផ្សារ។ រាល់​គ្រឿង​ឧបភោគបរិភោគ​ដែល​ដាក់លក់​លើ​ទីផ្សារ​ត្រូវតែមាន​សុវត្ថិភាព​ចំពោះ​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ធុងសំរាម​ផ្ទុក​របស់​ខូចគុណភាព​មកពី​ប្រទេសជិតខាង។

ទន្ទឹមនឹងនោះ ការពង្រឹង​គុណភាព​សុខាភិបាល​ក៏​ជា​កាតព្វកិច្ច​មិនអាច​មើលរំលង​បានដែរ​ពី​សំណាក់​រដ្ឋាភិបាល។ ចំណែកឯ​មនុស្ស​ទូទៅ​ក៏ត្រូវ​ប្តូរ​ទម្លាប់​មិនល្អ​មួយចំនួន​ជា​ចាំបាច់។ ការងារ​ដែល​ប្រើ​កម្លាំងកាយ​ពិតជា​មាន​សារប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព។ ពលកម្ម​បានធ្វើ​ឲ្យ​សត្វ​ស្វា​វិវឌ្ឍន៍​មកជា​មនុស្ស ប៉ុន្តែ ការបោះបង់ចោល​ពលក​ម្ម​នឹងធ្វើ​ឲ្យ​មនុស្ស​វិវឌ្ឍន៍​ទៅជា​សត្វ​ជ្រូក​វិញ។ នេះ​ជា​ទស្សនៈវិស័យ​ដែល​គេ​បាន​ស្រមៃ​ឃើញ​ជាស្រេច​សម្រាប់​អនាគត​មនុស្សជាតិ។

 ដោយឡែក សម្រាប់​សង្គម​ខ្មែរ បញ្ហា​សុខភាព​ត្រូវគេ​ប៉ាន់ប្រមាណ​ថា​នឹង​ក្លាយជា​ចំណោទ​ធំធេង​មួយ។ ក្នុង​រយៈពេល​មិនយូរ​ខាងមុខ មនុស្ស​ខ្មែរ​ជាច្រើន​នឹងត្រូវ​មាន​សុខភាព​ទ្រុឌទ្រោម​មុន​អាយុ ប្រសិនបើ​វិធានការ​នានា​មិនត្រូវ​បាន​ចាត់​ឡើង​ឲ្យ​សមស្រប​និង​ទាន់ពេលវេលា​ទេនោះ៕

What Next?

Recent Articles

One Response to "ចំណីអាហារ​គ្មាន​សុវត្ថិ​ភាពជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​សុខភាព!"

  1. people says:

    youn hanoi killing us indirect and thai kill us direct so all cambodian people have to be carefull, like before angkor impire fall down the big population in angkor gone without reason ,maybe cambodian that time got big poison that why the history said did not know what was happen .so all cambodian need to think twice before you eat product from veitname and thai.GOD bless all cambodian people’