រដ្ឋសភា​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រដ្ឋមន្ត្រីក្រសួង​ធម្មការ លោក មិន ឃិន នៅក្នុង​ការបំភ្លឺ​នារសៀល​ថ្ងៃព្រហស្បតិ៍​នេះ (រូបភាព៖ ឡាយ សាមាន)

​​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា អះអាងថា​លោក​នឹង​ស្នើ​ទៅ​កាន់​ប្រធានរដ្ឋសភា​ដើម្បី​ចុះទៅពិនិត្យ​ផ្ទាល់ មើល​ការសាងសង់​ដែល​កំពុងតែ​កើតមាន​នៅ​ក្បែរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។​

​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​លើកឡើង​បែប​នេះ នៅក្នុង​ការសាកសួ​ររដ្ឋមន្ត្រី​ក្រសួងធ​ម្ម​ការ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាក់ទិន​នឹង​ព័ត៌មាន​នៃ​ការលក់​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទៅឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើល។​

​លោក យ៉ែម បុញ្ញ​ឫទ្ធិ ព្រមាន​ថា ប្រសិន​បើ​លោក​រកឃើញថា​មាន​សំណង់​របស់​ក្រុមហ៊ុន​ណាហ្គា នៅលើ​ដី​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នោះ​លោក​នឹង​បញ្ជា​ឲ្យ​ផ្អាក និង​ធ្វើការ​រុះរើ​ចេញ​ភ្លាម។

​លោក យ៉ែម បុញ្ញ​ឫទ្ធិ ក៏​បាន​ស្នើ​ឲ្យ​កសាង​ក្លោងទ្វារ និង​របង​តាម​រចនាបថ ដើម​វិញ​ជាបន្ទាន់ ហើយ​លោក នឹង​ស្នើ​សុំ​ថវិកា​បន្ថែម​ទៀត ដើម្បី​ជួយ​ក្រសួង​ធម្មការ​ក្នុងការ រៀបចំ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ឲ្យមាន​ការរីកចម្រើន ហើយ​ថែរក្សា​គុណ​តម្លៃ​ជា​ប្រវិត្តិសាស្ត្រ ដែល​ជា​ប្រភព​ដើម​របស់​អ្នកតស៊ូ​។

​ក្នុង​ការ​ចូល​ឆ្លើយបំភ្លឺ នា​រសៀល​នេះ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​បញ្ជាក់​ជា​ថ្មី​ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ សព្វថ្ងៃ​មិន​មាន​ការរុះរើ ឬ​ដោះដូរ​ដូច​ពាក្យ​ចចាមអារ៉ាម​ចោទ​នោះទេ​។

លោក បញ្ជាក់ថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ស្មើនឹង​នាយកដ្ឋាន​របស់​រដ្ឋ និង​ជា​កន្លែង​ផ្ទុក​សៀវភៅ​ដ៏​សំខាន់​មួយ ដូចនេះ​ក្រសួង​មិន​អាច​លក់​បាន​ទេ​។

​លោក មិន ឃិន ឲ្យដឹងទៀតថា ចំពោះ​រឿងរ៉ាវ​ទាក់ទង​នឹង​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ថា មិន​មាន​ការលក់​ដី​នៅ​ជុំវិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទេ​។ លោក មិន ឃិន បន្ថែមថា រោង​ដែក​ដែល​គេ​សង់​លើដី​ពុទ្ធសាសនបណ្ឌិត្យ គឺ​ឲ្យ Naga World ធ្វើ​ដោយ​គ្មាន​បង់ថ្លៃ។​

នៅ​រសៀល​ម៉ោង​២ ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​ដឹកនាំ​សហការី​មក​បំភ្លឺ​ចំពោះ​គណៈកម្មការ​ទី​៧ និង​តំណាង​គណៈកម្មការ​នានា​នៃ​រដ្ឋសភា ជុំវិញ​រឿង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​ការរៀបចំ​វិស័យ​ធម្មការ និង​សាសនា​។​

​ការសាកសួរ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការតវ៉ា​ពី​សំណាក់​ព្រះសង្ឃ​មួយក្រុម ដែល​បាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​សុំ​អន្តរាគមន៍​ទប់ស្កាត់​ការលក់ ឬ​ដោះដូរ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែលជា​ព្រះ​រាជទ្រព្យ អតីតព្រះមហាក្សត្រ​។​

កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កាល​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​ណាហ្គា​វើល​កំពុងតែ​សម្លឹង​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ សម្រាប់​អភិវឌ្ឍ​សណ្ឋាគារ​ថ្មី​មួយ​។​

​ព័ត៌មាន​នៃ​ការលក់​ទិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នេះ​កើតឡើង ខណៈ​ក្រុមហ៊ុន​ណាហ្គា​កំពុង​សាងសង់​ផ្លូវ Naga Walk តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ មុខ​វិទ្យាស្ថាន​នេះ និង​កំពុង​សាងសង់​Naga2 ដែល​ធ្វើឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិត​នៅ​ចំ​កណ្ដាល​Naga និង Naga2៕​

សូមសរសេរមកកាន់​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "រដ្ឋសភា​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​"

  1. Bol says:

    និយាយឲ្យត្រង់ទៅ រឿងនេះ យើងមានការព្រួយបារម្ភណាស់ គឺព្រួយបារម្ភដូចអ្នកទាំងអស់ដែលប្រឆាំង ផងដែរ។
    យើងគិតថា ហេតុម្តេចក៏គេមិនអាចរៀបប្លងសាងសង់អាគារ ឬសំណង់របស់ NAGA ឲ្យចៀសពីការប៉ះពាល់ លើដែនដី ជា ប្លង់សំណង់របស់ពុទ្ធសាសនៈបណ្ឌិត បាន? យើងថា បើធ្វើដូចនេះ បាន នុះ តទៅមុខ វានងអាចមានក្រុមហ៊ុនណាមួយ ទៀត ដែលសុំអនុញ្ញាតវាយរបងព្រះបរមរាជវាំង ឬ សុំវាយប្រាសាទទេវាវិនិច្ឆ័យរបស់ព្រះមហាក្សត្រ ជាបណ្តោះអាសន្ន ដើម្បីធ្វើអ្វីមួយរបស់គេ រួចទើបសង់ជាសំណងវិញ។
    យើងគិតថា របងពុទ្ធសាសនបញឌិតនេះ គេអាចធ្វើសងរដ្ឋវិញបានក្នុងរូបភាព និងសោភ័ណភាព គុណភាពល្អជាងទៅទៀត។ តែនេះការដោះស្រាយរបៀបនេះ គឺជាការប្រមាថលើជាតិ លើប្រវត្តសាស្ត្រជាតិ។ វាអាច គឺអាចថា នៅថ្ងៃណាមួយ គេនឹងសុំវាយកំទេចអគារសារៈមន្ទីរជាតិ ឬក៏សុំដេញឲ្យរើសារមន្ទិរជាតិ ទៅដាក់កណ្តាលវាលស្រែណាមួយ ក៏មិនដឹង៕
    យើងគិតថា អ្នកដែលបានសម្រេចលើការជួយជ្រោមជ្រែងឲ្យវាយរបងពុទ្ធសាសនៈបណ្ឌិត ពិតជាទទួលបានកម្រៃមិនតិចឡើយ។ រឿងនេះ សូមលោករដ្ឋមន្រ្តីក្រសួងធម្មការ និងអង្គភាពពុករលួយមើលផង៕