​រដ្ឋាភិបាល​អះអាង​បំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​កាត់ដេរ​ ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

កម្មករ-កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ប្ដេជ្ញា​ចាត់វិធានការ បោសសម្អាត​អំពើពុករលួយ ក្នុង​វិស័យ​កាត់ដេរ ដើម្បី​បើកផ្លូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ មានលទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ បាន​រស់នៅ​សមរម្យ​។​

ការព្រមាន​នេះ​ធ្វើឡើង​ក្នុង​ជំនួប​មួយ​នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ពុធ ទី​៨​ខែតុលា ឆ្នាំ​២០១៤ រវាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ លោក វ៉ាន់ ស៊ូ​អៀង​។​

ក្រោយ​ជំនួប​នោះ លោក វ៉ាន់ ស៊ូ​អៀង ប្រាប់​អ្នកសារព័ត៌មាន​ថា ការទាមទារ​ប្រាក់​ឈ្នួល​ណា​មួយ​ខ្ពស់​ពេក អាច​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​ហិង្សា​ពី​សំណាក់​អ្នកដឹកនាំ​ធ្វើ​បាតុកម្ម នៅពេល​ដែល​ភាគី​រោងចក្រ​មិន​មាន​លទ្ធភាព​ដំឡើង​ឲ្យ​តាម​ការទាមទារ​។​

លោក វ៉ាន់ ស៊ូ​អៀង បន្តថា​ពេលនោះ​ហានិភ័យ​នៃ​អត់​ការងារ​ធ្វើ​របស់​កម្មករ​នឹង​កើតឡើង ដោយសារ អ្នកវិនិយោគ​ដកខ្លួនទៅ​រកស៊ី​នៅ​ប្រទេស​ផ្សេង​។ លោក​ថា «​បាន​ថា​អ៊ីចឹង ខ្ញុំ​សូម​ឲ្យ​សហជីព ឲ្យគេ​ពន្យល់​កម្មករ​ថា យើង​ទារ​ត្រូវតែ​ទារ​សមរម្យ យើង​មិនមែន​ថា​អត់​ឡើង​ទេ មាន​ឡើង ប៉ុន្តែ​កុំ​ហួសហេតុ​ពេក​។ នៅ​ស្រុក​ណា មាន​ឡើង​ប្រាក់ខែ​មួយ​ឆ្នាំៗ ៣០-៤០% អត់​មាន​ទេ ឥឡូវ​ចង់​ទារ​ឡើង​៧០% ពិបាក​យល់​ថា អ្នកទិញ​ក៏​អត់​យល់​ដែរ​»​។​

មន្ត្រី​តំណាង​រោងចក្រ​រូប​នោះ​ឲ្យដឹង​ទៀត​ថា ​បច្ចុប្បន្ន​នេះ រោងចក្រ​កាត់ដេរ​មួយចំនួន បាន​ផ្អាក​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ទាំងស្រុង ដែល​នាំឲ្យ​កម្មករ​មួយ​ចំនួន​អត់​ការងារ​ធ្វើ​។ លោក​ថា មូលហេតុ​នេះ​បណ្តាលមកពី​ការតវ៉ា​ប្រាក់​ឈ្នួល​របស់​កម្មករ ដែល​យល់​ថា​ធ្វើឲ្យ​ក្រុមហ៊ុនអ្នក​បញ្ជា​ទិញ កាត់បន្ថយ​តម្រូវការ​របស់​ខ្លួនរ​ហូ​តដល់​៣៦​ភាគរយ​។​

តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​ឲ្យដឹងថា ក្នុង​ជំ​នួប​នោះ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អះអាងថា លោក​នឹង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​លុបបំបាត់​អំពើពុករលួយ​ក្នុង​វ័យ​នេះ រួម​ទាំង​សហការ​ជា​បក្សប្រឆាំង ក្នុង​បំណង​ធ្វើយ៉ាងណា​ឲ្យ​ការដំ​ឡើងប្រាក់​ឈ្នួល​ដល់​កម្មករ​នេះ អាច​ទទួលយកបាន​ទាំង​គ្រប់​ភាគី​។​

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក មឿន តុលា ពន្យល់ថា ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ដែល​មានចែង​នៅក្នុង​ច្បាប់​ដើម្បី​ធានា​ពី​ជីវភាព​រស់នៅ​ក្នុង​ស្ថានភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា មកដល់ពេលនេះ រដ្ឋាភិបាល​មិន​បាន​បំពេញ​កិច្ចការ​នេះ​ឲ្យមាន​ប្រសិទ្ធភាព ទើប​ធ្វើឲ្យ​មាន​ចលនា​ទាមទារ​ដើម្បីរ​ស់​នៅ​បាន​សមរម្យ​។ លោក​បញ្ជាក់ថា «​រដ្ឋ​ចាប់​គេ​បង់ពន្ធ ប៉ុន្តែ​ខ្លួន​ឯង​អត់​បាន​បំពេញ​កាតព្វកិច្ច​ខ្លួនឯង​ក្នុង​ការកំណត់​ឲ្យ​ពលរដ្ឋ​ហ្នឹង​រស់​ឲ្យ​ផុត​ពី​បន្ទាត់​ភាពក្រីក្រ​ទេ នេះ​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ណាស់​»​។​

លោក មឿន តុលា ឲ្យដឹងទៀតថា អ្នក​បញ្ជា​ទិញ​នឹង​មិន​ដក​ខ្លួន​ចេញពី​កម្ពុជា ដូច​ការលើក​ឡើង​របស់តំណាង​ភាគី​រោងចក្រ​ទេ បើ​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​មិន​រំលោភ​សិទ្ធិមនុស្ស ហើយ​អាច​ធ្វើ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ មាន​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យតាម​ស្ថានភាព​ជាក់ស្តែង​។​

​កាលពីដើមឆ្នាំ​២០១៤ ចលនា​កម្មករ​បាន​ផ្ទុះ​ការតវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ ដើម្បី​បាន​រស់នៅ​សមរម្យ​។ ប៉ុន្តែ​ការតវ៉ា​ពេល​នោះ​កម្មករ​៥​នាក់ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់ប្រមាណ​៤០​នាក់ បាញ់​ឲ្យ​រងរបួស និង​មួយចំនួន​ត្រូវ​ចាប់​ឃុំខ្លួន​។ ក្រោយមក​ចលនា​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​នេះ បាន​ផ្ទុះ​ឡើង​វិញ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​ជំរុញ​ឲ្យ​អ្នក​បញ្ជា​ទិញ ដាក់​សម្ពាធមក​រដ្ឋាភិបាល និង​ភាគី​រោងចក្រ ដោយ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួលគោល​​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​វិញ​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "​រដ្ឋាភិបាល​អះអាង​បំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​កាត់ដេរ​ ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​​"

  1. Anonymous says:

    ការទាមទាមានលក្ខណនយោបាយគឺមិនអាចដោះស្រាយបានទេ

  2. យុត្តិធម៌ធម្្មជាតិ says:

    វ៉ាន់ ស៊ូអៀង ភូតកុហក ខ្លាខអត់ការងារធ្វើ។​ ពួកនេះស៊ីលុយពួករោងចក្រ បំរើផលប្រយោជន៍ពួកថៅកែរោងចក្រ។ តើវ៉ាន់ ស៊ូអៀង មានប្រាក់ខែ និងប្រាក់ចំណូលប៉ុន្មាន អាចប្រាប់កម្មករបានទេ??

  3. វ៉ាន់ សំអុយ says:

    វ៉ាន់ ស៊ូអៀង ធ្លាប់ជាប់គុកតេ​៣ កាលឆ្នាំ១៩៩៥ ព្រោះចេញសែកស្អុយ។ កុំតែបាន បែនសុន សម័យ ធានាចេញពីគុកដោយបង់ប្រាក់ធានា។

  4. Lay Sokha says:

    Sar Keng will fight corruption in the garment sector, this means that there is real corruption in this sector, which an obstacle to increase pay for workers!

  5. Sok sereyboth says:

    អ្វីៗទាំងអស់ដែលជាបញ្ហាររបស់ប្រជាជន ដែលរស់នៅមានរដ្ឋាភិបាលគ្រប់គ្រង គឺរដ្ឋាភិបាលហ្នឹងហើយជាអ្នកទទួលខុសត្រូវ មិនមែនចេញតែដើរទំលាក់កំហុសទៅលើអ្នកដទៃនោះទេ ត្រូវខំឪ្យអស់លត្ថភាពដើម្បីដោះស្រាយបញ្ហារចំពោះមុខ ។