ដោយ៖ ជន ស្រីណុច
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក សឺន ស៊ូប៊ែរ្តិ៍ (ឆ្វេង) ប្រធានគណបក្សសិទ្ធិមនុស្ស និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងពិធីរំឭកខួបលើកទី៣៥ឆ្នាំ នៃការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រូបថត៖ ជន ស្រីណុច)
អតីតអ្នកតស៊ូខ្មែរនៅជាយដែនខ្មែរថៃ ក្រើនរំឭកដល់អ្នកនយោបាយជំនាន់ក្រោយ ឲ្យដឹកនាំប្រទេសជាតិប្រកបដោយតម្លាភាព និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីកុំឲ្យប្រទេសជិតខាងឈ្លានពានទឹកដីបាន។
ការក្រើនរំឭកនេះធ្វើឡើងក្នុងពិធីបុណ្យខួបលើកទី៣៥ឆ្នាំ នៃការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩នេះ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
អតីតអ្នកតស៊ូនៅជាយដែន និងជាប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ថា បទពិសោធន៍នៃការបែកបាក់កន្លងមក ដោយសារតែអ្នកដឹកនាំប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម ធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររងគ្រោះ ធ្វើឲ្យមានការបែងចែកវណ្ណៈអ្នកមាន និងអ្នកក្រ។ លោកបញ្ជាក់ថា ការបែកបាក់ផ្ទៃក្នុងនេះធ្វើឲ្យបរទេសឈ្លានពាន រំកិលព្រំដែន និងគ្រប់គ្រងសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា «យើងរៀនពីអតីតកាល កុំឲ្យយកឧទាហរណ៍ដូចអតីតកាល អំពើពុករលួយហ្នឹង ដែលនាំឲ្យវិនាស ឲ្យខ្មែរក្រហមចូលមក ខ្មែរក្រហមវាផ្តេសផ្តាសនាំឲ្យយួនមកឈ្លានពាន ដូចធ្វើនយោបាយខុស នេះហើយដែលយើងមិនចង់បាន។ កាលយើងបែកបាក់គ្នាហ្នឹង នាំឲ្យយើងអស់មានសាមគ្គីភាព នោះសត្រូវគេឆ្លៀតមកហើយ កាល[១៩]៧០ ដល់៧៥ហ្នឹង យើងអស់សាមគ្គីគ្នា»។
ជាមួយគ្នានោះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានចូលរួមក្នុងពិធីនោះ មានប្រសាសន៍ថាគណបក្សរបស់លោកតាសឺន សាន និងអ្នកនយោបាយជើងចាស់មួយចំនួន ដែលបានពលីជីវិតទៅ បន្សល់ទុកនូវស្នាដៃជាច្រើន ដើម្បីជាគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយ ដូចជាណែនាំឲ្យមានចំណងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ អ្នកដឹកនាំកុំប្រព្រឹត្តអំពើពុករលួយ ពិសេសត្រូវចាត់ទុកប្រជាពលរដ្ឋជាម្ចាស់អំណាច។
លោក កឹម សុខា បន្តថាចលនានេះជាដើមចមជំរុញឲ្យប្រទេសវៀតណាម បង្ខំចិត្តដកកងទ័ពរាប់ម៉ឺននាក់ចេញពីកម្ពុជា។ លោកមានប្រសាសន៍ថា «បើសិនគ្មានចលនាតស៊ូរបស់ខ្មែរយើងដែលក្រោកឡើង ក្រោយពីការឈ្លានពានរបស់យួន នៅឆ្នាំ១៩៧៩ទេ គឺយើងអត់មានបានដល់ថ្ងៃនេះទេ ហើយអ្វីដែលខ្ញុំគាំទ្រអ្នកតស៊ូនេះ ពិតមែនខ្ញុំមិនបានទៅតស៊ូមែន ដែលខ្ញុំគាំទ្រនេះ ដោយសារខ្ញុំឃើញទស្សនវិជ្ជា ឬក៏ចក្ខុវិស័យរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរល្អផង បីចំនុច ទី១ គឺចង់ឲ្យប្រទេសកម្ពុជាហ្នឹង ចាកផុតអំពីអំពើឈ្លានពានរបស់បរទេស ទី២ ឲ្យចាកផុតពីពួកកុម្មុយនីស្តផ្តាច់ការ ទី៣ ដើម្បីចាកផុតពីពួកពុករលួយ»។
សូមជម្រាបថា រណសិរ្សរំដោះជាតិពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) ដែលដឹកនាំដោយសម្តេចបវសេដ្ឋាលោកតា សឺន សាន គឺជាផ្នែកមួយនៃចលនាត្រីភាគី ជាមួយចលនារបស់សម្តេចឪនរោត្តម សីហនុ និងអតីតចលនានៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់លោក ខៀវ សំផន។ ចលនានេះមានគោលដៅរំដោះប្រទេសចេញពីការត្រួតត្រារបស់ប្រទេសវៀតណាម ដែលបានចូលលុកលុយកម្ពុជានៅឆ្នាំ១៩៧៩ ហើយរណសិរ្សរំដោះជាតិពលរដ្ឋខ្មែរ គឺជាភាគីមួយនៃហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ប្រយត្ន័ក្រុមអួតរួបរួមខែ្មរៗ តែខ្លួនឯងមិនដឹងកាន់សញ្ជាតិអីពិតប្រកដ ដូចករណី សឺន សូបែរ ជាសាសន៍ បារាំង យួន ឬខែ្មរ ??
កឹមសុខា ចេះតែនិយាយចេញរួច ចលនានេះត្រូវរំដោះអំពើពុករលួយមកពីណា បើគ្មានគ្រប់អង្ករច្រកឆ្នាំងផងហ្នឹងនៅឆ្នាំ 1980-87 នោះ! ចេះតែថា យកបង់និងភូតភរបោកប្រាស់កើតមនុស្សនេះ!?
អ្នកតរសូរពេលនេះទទូរសរអស់ហេីយដេាយសារតែអខ្មែរខ្លះស្រឡាញ់ដុល្លាតាមប្រហារសេ្ទឹតែ
គ្មានសល់៊៊៊៊៊៊៊៊៊