ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃពុធ ទី15 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អ្នកស្រី សុខ បូលីណា បង្ហាញរូបថតអនុស្សាវរីយ៍ ក្នុងគ្រាបំពេញការងារកន្លងមក (រូបថត៖ ថុល ស្រីលក្ខណ៍)
កំពុងផ្អៀងផ្អង ពិនិត្យមើលរូបថត ដែលបានថតជាមួយអ្នកគ្រប់គ្រងសាលា ពេលទទួលប័ណ្ណសរសើរពីការងារល្អ កាលពីឆ្នាំ២០១៣ កែវភ្នែកដិតដាមដោយទឹកភ្នែក អ្នកស្រី សុខ បូលីណា វ័យជិត៤០ឆ្នាំ បាននិយាយទាំងអួលដើមកថា នេះជារូបថតអនុស្សាវរីយ៍ នៃការខិតខំប្រឹងប្រែងធ្វើការងារ ជាអ្នកអនាម័យក្នុងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ក្នុងរយៈពេល៥ឆ្នាំរបស់គាត់ ហើយគាត់មានមោទនភាពខ្លាំងណាស់ពេលទទួលបានប័ណ្ណសរសើរនេះ។
អ្នកស្រីថា គាត់ពេញចិត្តនឹងការងាររបស់គាត់ណាស់ ហើយក្រុមការងារ អ្នកគ្រូលោកគ្រូ និងកូនសិស្សតែងតែសរសើរគាត់ថា គាត់សម្អាតបានស្អាតណាស់។ អ្នកស្រីបញ្ជាក់ថា«ការងារបងស្អាតធម្មតា។ សូម្បីតែអ្នកគ្រូក៏ថា បងអើយបើអត់ពីបងក៏លំបាកដែរ កន្លែងការងារហ្នឹង ព្រោះបងឯងជាអ្នកស្អាត ស្អាតទាំងរូបរាង និងការងារស្អាតតាំងពីបន្ទប់ទឹក។ ក្មេងៗចូលចិត្តបង ទាំងផ្នែកអ្នកគ្រូ កូនសិស្ស ផ្នែកអាហារដ្ឋានចូលចិត្តបង»។
ស្រ្តីមេម៉ាយកូន៣រូបនេះបន្ថែមថា គាត់ចាប់ផ្តើមធ្វើការតាំងពីប្រាក់ខែ៧៥ដុល្លារ រហូតឡើងដល់ ១៥០ដុល្លារក្នុងមួយខែ ប្រាក់ឈ្នួលនេះបានជួយឲ្យគាត់ផ្គត់ផ្គង់ជីវភាព ឲ្យកូនបានរៀនចប់ថ្នាក់ទី១២។ អ្នកស្រីថា តែនៅពេលនេះគាត់មិនមានការងារធ្វើទៀតនោះទេ ព្រោះអ្នកគ្រប់គ្រងសាលាបានបញ្ឈប់គាត់ពីការងារ ដោយមិនបានជូនដំណឹងកាលពីថ្ងៃទី១៧ ខែកញ្ញា។
អត្ថបទបទយកការណ៍ផ្សេងទៀត
អ្នកស្រី បូលីណា រំឭកពីមូលហេតុមុនពេលបញ្ឈប់គាត់ថា កាលពីមុនគាត់ទទួលបានប្រាក់ខែតែ១៤០ដុល្លារនោះទេ តែបន្ទាប់ពីមានការបាញ់ប្រហារកម្មករនៅផ្លូវវ៉េងស្រេង សាលានេះបានដំឡើងប្រាក់ឈ្នួលឲ្យគាត់ដល់១៥០ដុល្លារ។ អ្នកស្រីថា ដោយសារបញ្ហានេះគាត់ចាប់ផ្តើមស្វែងយល់ពីស្ថានភាពសង្គម ក៏ឃើញមានការរំលោភសិទ្ធិមនុស្ស និងការបំបិទសិទ្ធិសេរីភាពច្រើន ទើបគាត់សម្រេចចិត្តចូលរួមនយោបាយ និងការតវ៉ាទាមទារសិទ្ធិសេរីភាពជាមួយកម្មករ រួមទាំងពលរដ្ឋផ្សេងៗទៀតនៅថ្ងៃឈប់សម្រាក។
ស្រ្តីអ្នកអនាម័យរូបនេះបន្ថែមថា ចាប់តាំងពីពេលនោះមក ប្រធានផ្នែករបស់គាត់ និងថ្នាក់លើទាំងអស់ចាប់ផ្តើមតាមដានសកម្មភាពរបស់គាត់ ដោយសារកន្លងមកគណៈគ្រប់គ្រងសាលានេះធ្លាប់ប្រកាសថា បុគ្គលិកទាំងឡាយណាដែលចូលរួមសកម្មភាពនយោបាយ ត្រូវបញ្ឈប់ពីការងារ។ អ្នកស្រីថា សកម្មភាពនេះហាក់រឹតត្បិតសិទ្ធិរបស់គាត់ពេកហើយ ព្រោះគាត់មិនបានយកពេលវេលាធ្វើការរបស់គាត់ ទៅតវ៉ានៅទេ។ អ្នកស្រីបញ្ជាក់ថា «ហើយកន្លងមកគាត់បានព្រមាន បុគ្គលិកក្នុងហ្នឹងថា បើបុគ្គលិកណាចូលក្នុងនយោបាយ បុគ្គលិកហ្នឹង ត្រូវបញ្ឈប់ការងារគាត់! ហ្នឹងមេធំអ្នកនិយាយ! ហើយមេសន្តិសុខតាមដានតាំងពីចូលបន្ទប់ទឹក និយាយរួមមួយចប់ តាមដានពួកខ្ញុំរហូត កាត់ក្តីពួកខ្ញុំមិនដែលស្អាតស្អំទេ»។
អ្នកស្រី បូលីណា បញ្ជាក់ថាក្នុងការបញ្ឈប់រូបគាត់នេះ គណៈគ្រប់គ្រងសាលាមិនដែរហៅគាត់ទៅព្រមាន ឬចេញលិខិតជាលាយលក្ខអក្សរដែរ តែគណៈគ្រប់គ្រងនេះបានហៅគាត់ទៅបញ្ឈប់ភ្លាមៗ បន្ទាប់ពីគាត់ចប់ម៉ោងការងារ ដោយមិនមានសំណងតាមផ្លូវច្បាប់។ អ្នកស្រីថា ការបញ្ឈប់គាត់នេះគឺមិនមែនដោយសារបញ្ហាការងារនោះទេ តែដោយសារការរើសអើងនយោបាយ ព្រោះគាត់តែងតែចូលរួមការតវ៉ាទាមទារសេរីភាពបញ្ចេញមតិកន្លងមក។ អ្នកស្រីបន្ថែមថា «ហើយកន្លងមក គាត់បានព្រមានបុគ្គលិកក្នុងហ្នឹងថា អញ្ចេះ បើបុគ្គលិកចូលក្នុងនយោបាយ បុគ្គលិកនោះត្រូវបញ្ឈប់ការងារគាត់ នេះមេធំអ្នកនិយាយ ហើយមេសន្តិសុខតាមដានតាំងពីចូលបន្ទប់ទឹក និយាយរួមទៅមួយចប់តែម្តង តាមដានពួកខ្ញុំរហូត»។
ស្រ្តីរូបនេះបន្ថែមថា ក្នុងមួយថ្ងៃគាត់បានឈប់សម្រាកតែ១ម៉ោងប៉ុណ្ណោះ ក្រៅពីការសម្អាតបន្ទប់ទឹកនឹងថ្នាក់រៀនគាត់ត្រូវយាមសិស្សខ្លាចលេងទឹក ឬវាយតប់គ្នាជាដើម។
អ្នកស្រី សួន ស្រីគា ដែលជាអតីតបុគ្គលិកធ្លាប់ធ្វើការជាមួយគ្នានោះមានប្រសាសន៍ថា ប្រាក់ឈ្នួលការងារនៅក្នុងសាលានេះច្រើនជាងនៅកន្លែងផ្សេងៗ គឺ១៥០ដុល្លារក្នុងមួយខែ តែលក្ខខណ្ឌការងារពិបាក ដោយសារមានគំនាប។ អ្នកស្រីថា អ្នកស្រី សុខ បូលីណា ធ្វើការល្អណាស់ ហើយថ្នាក់លើតែងតែស៊ើបសួរព័ត៌មានការចូលរួមនយោបាយរបស់អ្នកស្រី លីណា ពីពួកគាត់ តែមិនដឹងមូលហេតុអ្វីបានជាបញ្ឈប់គាត់ដោយមិនបានផ្តល់ដំណឹង។ អ្នកស្រីថា «ច៎ា! ប៉ុន្តែការងារពីមុន គាត់ធ្វើល្អណាស់ ការងារគាត់ធ្វើស្អាតតែម្តងណា គាត់ធ្វើស្អាតណាស់ តាំងពីគាត់អត់ជាប់ទៅខាងគណបក្សណាៗ គាត់ធ្វើការងារគឺគាត់ជំនាញការងារ ត្រូវចូលម៉ោង៦កន្លះ តែម៉ោង៥កន្លះគាត់មកដល់ហើយ»។
ប្រធានផ្នែកសន្តិសុខនៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង លោក សិទ្ធិ វ៉ាន់នឿន មានប្រសាសន៍ថា មូលហេតុដែលបញ្ឈប់ ដោយសារគាត់អនុវត្តខុសបទបញ្ជាផ្ទៃក្នុងរបស់សាលា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ លោកថា បុគ្គលិករូបនេះតែងតែពាក់កាសទូរស័ព្ទ ប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងការងារ និយាយច្រើន ដោយបង្កប់រឿងនយោបាយ ហើយគណៈគ្រប់គ្រងបានហៅគាត់មកប្រាប់ និងចេញលិខិតព្រមាន តែគាត់មិនស្តាប់នោះទេ។
ចំណែកអនុប្រធានជាន់ខ្ពស់ផ្នែកវឌ្ឍនភាពសាលា លោក ជាតិ វណ្ណៈ មានប្រសាសន៍ថា បុគ្គលិករូបនេះ មានកំហុសច្រើន ដែលគណៈគ្រប់គ្រងសាលាមិនអាចទទួលយកបាន គឺមិនមែនទាក់ទងរឿងនយោបាយនោះទេ។ លោកថា ការបញ្ឈប់នេះដោយសារការប្រព្រឹត្តកំហុស ដូច្នេះគាត់មិនអាចទទួលបានសំណងតាមផ្លូវច្បាប់នោះទេ។ លោកបញ្ជាក់ថា «នេះគាត់មានកំហុសទាក់ទងនឹងធ្ងន់ធ្ងរ ដែលសាលាគេមិនអាចទទួលយកបាន។ ធាតុពិតយើងបានផ្តល់ Bonus ជូនគាត់ ហើយខ្ញុំជឿថា បើយើងនិយាយពីច្បាប់ការងារដូចជាមិនចាំបាច់តម្រូវឲ្យ ផ្តល់នូវប្រាក់សំណងផ្សេងៗនៅពេលដែលគាត់មានកំហុសធ្ងន់ធ្ងរ ហើយយើងឈានដល់ការបញ្ឈប់គាត់»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើមូលហេតុនៃការបញ្ឈប់នេះ ដោយសារសកម្មភាពនិយាយពីបញ្ហានយោបាយ ការងារចុងដៃចុងជើង និយាយច្រើន និងស្តាប់កាសទូរស័ព្ទ ដោយមិនប៉ះពាល់ដល់ការងារ នោះការបញ្ឈប់នេះ គឺមិនត្រឹមត្រូវទេ ដូច្នេះសាលាត្រូវផ្តល់សំណងតាមច្បាប់ការងារទាំង៥ចំណុចជូនគាត់។ លោកថា ស្ថាប័នរដ្ឋគួររឹតបន្តឹងចំពោះស្ថាប័នឯកជនទាំងឡាយណា ដែលរំលោភសិទ្ធិបុគ្គលិក។
បើតាមមន្រ្តីសហជីពបញ្ជាក់ថា កំហុសធ្ងន់ៗដែលប្រធានក្រុមហ៊ុនបញ្ឈប់កម្មករ ដោយមិនផ្តល់ប្រាក់សំណងតាមច្បាប់ការងាររួមមាន លួចទ្រព្យសម្បត្តិក្រុមហ៊ុន ជេរប្រមាថ ឬវាយអ្នកគ្រប់គ្រង និងឈប់ពីការងារក្នុងរយៈពេល៧ថ្ងៃដោយមិនបានជូនដំណឹងជាដើម។
លោក ឯក សុភក្តី ជាអ្នកជំនាញផ្នែកច្បាប់ និងជាអគ្គលេខាធិការសម្ព័ន្ធសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ស៊ីខៅឌូ មានប្រសាសន៍ថា បើតាមច្បាប់ការបញ្ឈប់បុគ្គលិកដោយផ្តល់សំណងតិចតួចនេះគឺខុសច្បាប់។ លោកថា ប្រសិនបើបុគ្គលិករូបនោះមិនសុខចិត្ត សហជីពអាចផ្តល់សេវាផ្លូវច្បាប់ដើម្បីតតាំងផ្លូវច្បាប់ជាមួយគណៈគ្រប់គ្រងសាលាបាន។ លោកថា «នីតិវិធីក្នុងការបញ្ឈប់ ក្នុងការផ្តាច់កិច្ចសន្យា គេត្រូវឲ្យមើលទៅលើបទបញ្ជាផ្ទៃក្នុង ដើម្បីអនុវត្ត។ ឧទាហរណ៍ថា ប្រសិនជាបទបញ្ជាផ្ទៃ ក្នុងគាត់សរសេរថា កំហុសលើកទី១ គ្រាន់ព្រមាន តែបើគាត់អត់ស្តាប់ទៀត កំហុសលើកទី២ គាត់មិនស្តាប់ទៀត ច្បាប់ការងារនិយាយថា កំហុសដដែល ប្រសិនកំហុសដដែលៗ ហើយមានការព្រមានជាលាយលក្ខអក្សរ មិនអាចនិយាយដោយផ្ទាល់មាត់បានទេ ព្រោះកាលណាកំហុសដែលចាត់ទុកថាជាកំហុសធ្ងន់ អាចទៅបញ្ឈប់គាត់បាន ហើយមិនផ្តល់អត្ថប្រយោជន៍ឲ្យគាត់ លុះត្រាតែជាកំហុសធ្ងន់។ អ៊ីចឹងបើយើងទៅតាមអង្គហេតុហ្នឹង ដែលគាត់គ្រាន់តែព្រមាន គ្រាន់និយាយ គ្រាន់តែថា ហើយអត់បានព្រមានជាលាយលក្ខអក្សរ ហើយប្រសិនជាក្នុងការព្រមានហ្នឹងទៀត គាត់មិនបានយោងទៅលើផ្លូវច្បាប់ទៀត នេះជាកំហុសនិយោជកហើយ»។
ត្រឡប់មករកអ្នកស្រី សុខ បូលីណា វិញអ្នកស្រីទទូចថា គាត់ចង់ឲ្យសាលានេះផ្តល់ប្រាក់សំណងតាមផ្លូវច្បាប់ឲ្យគាត់។ អ្នកស្រីថា បើទោះជាគាត់បាត់បង់ការងារក្តី តែគាត់មិនបោះបង់ការចូលរួមសកម្មភាពតវ៉ានោះទេ «ធ្វើការដើម្បីជាតិ កុំដើម្បីប្រយោជន៍បុគ្គល ដើម្បីប្រយោជន៍បុគ្គលគឺអត់រីកចម្រើន ប្រទេសជាតិក៏អត់ជឿនលឿន ពលរដ្ឋនឹងវេទនាលើសដើម»៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
Article 42:
Khmer Citizens shall have the right to establish associations and political parties. These rights shall be determined by law.
Base on Cambodian Constitution Article 42 as above, and if the school principle really prohibited up front to all his school workers not to get involve in politic and exercise their rights in the protest when off from work , off the premise at their own personal private time, this school principle severely abuse Khmer Supreme law big time. Such action must not be tolerated!!!!!!!!!!!!!!!!
Where’s the value of Khmer Constitution? The constitution is even higher than the King.
Government, NGO and the court need to find true justice for her regardless who this school principle is
we should stop taking our children to studay that institute, will bring our child to be a bad man like that too.