Wed, 15 October 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈប្រជាប្រិយភាពនៅលើឆាកសិល្បៈនាពេលនេះមិនសូវលេចធ្លោនោះ អ្នកចម្រៀង និងសម្តែងនាង ពេជ្រ អាវីហ្សា បែរជាជួបគ្រោះស៊យមួយប៉ប្រិចភ្នែកមិននឹកស្មានមួយទៀត ដោយរថយន្តឡិចស៊ីស RX300 របស់នាងត្រូវបានចោរលួចយកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៣ តុលា ២០១៤ ខណៈប្អូនប្រុសរបស់នាងបើកដឹកក្រុមគ្រួសារទៅញាំស៊ុប (យីហោ ស៊ុបគោ៤០) ផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
តារាសម្តែងដែលនិយមយកសម្រស់ដើមទ្រូងធ្វើដើមទុនសិល្បៈ នាង ពេជ្រ អាវីហ្សា បានឲ្យដឹងថា ក្នុងដំណើរទៅទទួលទានស៊ុបជាលក្ខណៈគ្រួសារនោះ មិនមានវត្តមាននាងទៅជាមួយទេ ពោលគឺប្អូនប្រុសនាងជាអ្នកបើករថយន្តរបស់នាងដឹកក្រុមគ្រួសារទៅ ប៉ុន្តែក្រោយពេលកើតរឿងបាត់រថយន្តនោះ ទើបនាងមកដល់ដើម្បីប្តឹងសមត្ថកិច្ច។
តារាសម្តែងដែលមុននេះ តែងអះអាងថា សម្ផស្សនាងពីធម្មជាតិ តែបែរជាទៅលួចកែសម្ផស្សនៅប្រទេសថៃ នាង ពេជ្រ អាវីហ្សា បញ្ជាក់ថា ៖«ក្រោយពីប្អូនប្រុសខល ទៅប្រាប់ថា រថយន្តត្រូវចោរលួចបាត់នោះ ខ្ញុំក៏បានទៅដល់ទីនេះភ្លាមដែរ ប៉ុន្តែគ្មានអ្វីក្រៅពីនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសនោះទេ »។
ថ្លែងក្នុងអារម្មណ៍អស់សង្ឃឹម កញ្ញា ពេជ្រ អាវីហ្សា បានបញ្ជាក់ថា រថយន្តរបស់នាងគឺម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-2892។ នាងបានបន្តថា ប្អូនប្រុសនាងបានប្រាប់ថា ខណៈធ្វើដំណើរមកដល់មុខហាងស៊ុបខាងលើ ប្អូនរបស់នាងបានចតរថយន្តចាក់សោចោលនៅចិញ្ចើមផ្លូវទល់មុខហាងស៊ុបខាងលើ រួចក៏នាំគ្នាដើរចូលហាងស៊ុបនោះ។ ពេលដែលក្រុមគ្រួសាររបស់នាងចេញមកពីហូបស៊ុបវិញនោះ ក៏មិនឃើញរថយន្តនៅកន្លែងចតក៏មានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង។
ក្នុងអារម្មណ៍មិនសូវជាសប្បាយចិត្ត គ្រាដែលមានការបង់ទ្រព្យនេះ តារាសម្តែងដែលដណ្តើមភាពលេចធ្លោក្នុងឆាកសិល្បៈបានមួយឆាវ ក្រោយពីហ៊ានថតលែងខ្លួនជាមួយ លោក អែនឌី នាង ពេជ្រ អាវីហ្សា បានប្រាប់ថា រឿងនេះនាងមិនសូវជាចង់និយាយច្រើនទេ ទុកឲ្យខាងប៉ូលិសជាអ្នកចាត់ការណ៍យ៉ាងណាក៏មិនបានដឹងដែរ ចាំមើលសិនចុះ។ ស្រីស្រស់សាច់សដូចពងមាន់បករូបនេះ បានលើកឡើងថា៖ «បើរកឃើញវិញនោះ វាជាសំណាងរបស់ខ្ញុំហើយ ព្រោះថា កន្លងមកឮតែមានគេបាត់ដែរ តែដូចជាពុំធ្លាប់មាននរណាម្នាក់រកឃើញនោះទេ»។
ជុំវិញហេតុការណ៍ចោរលួចរថយន្តតារាសម្តែងនាង ពេជ្រ អាវីហ្សា នេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ។ ប៉ុន្តែក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមិនទាន់បានបង្ហាញការសន្និដ្ឋានថា នោះជាករណីអ្វីនៅឡើយទេ ពីព្រោះអាចជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេងៗទៀត តែទោះជាយ៉ាងណាសមត្ថកិច្ចនឹងស្រាវជ្រាវ ស្វែងរករថយន្តខាងលើនេះ៕
You know what happen? The true story is her ex_boyfriend who took the car.
Ashamed for some Khmer stars.
បានអីអ៊ួតទៀត?