អ្នក​និពន្ធ​វ័យក្មេង​លះបង់​ការងារ​វិទ្យុ​មក​តស៊ូ​តែង​បទចម្រៀង​ថ្មី​មិន​ចម្លង​គេ

កញ្ញា ថុន ស្រីពេជ្រ អាយុ​២៣​ឆ្នាំ​ជា​អ្នក​និពន្ធ​បទភ្លេង និង​ទំនុកច្រៀង​នៅ​ផលិតកម្ម​ហង្សមាស​។

កញ្ញា ថុន ស្រីពេជ្រ អាយុ​២៣​ឆ្នាំ​ជា​អ្នក​និពន្ធ​បទភ្លេង និង​ទំនុកច្រៀង​នៅ​ផលិតកម្ម​ហង្សមាស​។ រូបថត រុន ពុធគន្ធា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្នុង​វ័យ​២៣​ឆ្នាំ កញ្ញា ថុន ស្រីពេជ្រ ជា​អ្នក​និពន្ធ​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្សមាស មាន​ឆន្ទៈ​ក្នុង​ការ​តាក់តែង​និពន្ធ​បទចម្រៀង​ថ្មី​ដោយ​មិន​ចម្លង​ពី​គេ បើ​ទោះបី​ជា​នាង​ត្រូវ​ខំ​រក​ប្រាក់​ចម្អែត​ក្រពះ​យ៉ាង​ណា​ក៏ដោយ​។

«ខ្ញុំ​សប្បាយ​ចិត្ដ​នៅពេល​បាន​ឮ​បទចម្រៀង​ដែល​ខ្ញុំ​និពន្ធ​ផ្ទាល់ដៃ ទាំង​បទភ្លេង និង​ទំនុកច្រៀង ចាក់​នៅ​តាម​ភោជនីយដ្ឋាន​នានា និង​មាន​ក្នុង​ទូរស័ព្ទ​ដៃ​របស់​មិត្ដភក្ដិ ហា ហាហា!»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនិពន្ធ​វ័យក្មេង​ដែល​ខិតខំ​និពន្ធ​បទចម្រៀង​ជា​ស្នាដៃ​ផ្ទាល់​ខ្លួន​។

រហូត​មក​ទល់​នឹង​ពេល​នេះ​កញ្ញា​និពន្ធចម្រៀង​បាន​ជាង​១០០​បទ​ដែល​ក្នុង​នោះ «ទំនុក​ចម្រៀង» មាន​ជាង​៦០​បទ និង «បទភ្លេង និង​ទំនុក​ច្រៀង​» មាន​ជាង​៤០​បទ​។

អ្នកនិពន្ធ​វ័យក្មេង​ចេះ​លេង​ឧបករណ៍​ភ្លេង​ហ្គីតា និង​ព្យ៉ាណូឃីបត​។ រូបថត សហការី

កញ្ញា​បាន​រៀបរាប់​ពី​ស្នាដៃ​ថ្មីៗ​នេះ​ថា​៖ «​ខ្ញុំ​មាន​ចម្រៀង Original ចេញ​លក់​២​អាល់ប៊ុម គឺ​អាល់ប៊ុម «ភ្លេង​ស្នេហ៍​នៅ​សេអ៊ូល​» និង​អាល់ប៊ុម WHITE & BLUE»។

WHITE & BLUE ជា​អាល់ប៊ុម​ដែល​កញ្ញា​និពន្ធ​បទភ្លេង និង​ទំនុកច្រៀង​។ កញ្ញា​ចងក្រង និង​ជ្រើសរើស​តារាចម្រៀង​ដោយ​ខ្លួនឯង​។ រីឯ «ភ្លេង​ស្នេហ៍​នៅ​សេអ៊ូល» ជា​អាល់ប៊ុម​សាច់រឿង​និពន្ធ​រួម​ជាមួយ​អ្នកនិពន្ធ​២​នាក់។ បទ «​គួរ​បន្ទោស​បេះដូង» ក្នុង​អាល់ប៊ុម «​កញ្ញា​គ្រាប់​កាហ្វេ​» ដែល​អ្នកនិពន្ធ​វ័យក្មេង​រូប​នេះ​បាន​ចូលរួម​និពន្ធ​ជាមួយ​អ្នកនិពន្ធ​ដទៃ​ទៀត ពិតជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រិយមិត្ដ ជាពិសេស​យុវវ័យ​។

ក្រៅពី​នោះ​បទ «​បេះដូង​ត្រជាក់» ច្រៀង​ដោយ សុវណ្ណរាជ បទ «​សុំ​ជួប​មុន​បែក» ច្រៀង​ដោយ សុគន្ធកញ្ញា បទ «​មិន​បាច់​ប្រាប់​គេ» ច្រៀង​ដោយ រាជ និង​កញ្ញា បទ «​កុំ​សុំ​បែក​គ្នា» ច្រៀង​ដោយ ហ្សូណូ និង​បទ «​គួរ​បន្ទោស​បេះដូង» ច្រៀង​ដោយ សុគន្ធកញ្ញា ពិតជា​បាន​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​យ៉ាង​ពីរោះ​រណ្ដំ​។

ចំពោះ​ការ​តាក់តែង​បទចម្រៀង​ថ្មីៗ​នេះ ថុន ស្រីពេជ្រ បាន​ទទួល​ស្គាល់​ថា​៖ «​ការ​និពន្ធ​បទចម្រៀង​អូរីជីណល​ពិតជា​ត្រូវ​ប្រើ​ពេលវេលា​យូរ ហើយ​រត់​តាម​ទីផ្សារ​មិន​ទាន់​ទេ ពីព្រោះ​ក្នុង​មួយ​បទ​ខ្ញុំ​ត្រូវ​ប្រើ​ពេល​ប្រហែល​២​សប្ដាហ៍ ឬ​អាច​យូរ​ជាង​នេះ​»។

កញ្ញា​បាន​បន្ថែម​ថា កញ្ញា​ចូលចិត្ដ​តារាចម្រៀង​ទាំងអស់​នៅ​ផលិតកម្ម​ហង្សមាស ពីព្រោះ​ពួកគេ​មាន​ទឹកដម​សំនៀង​ពីរោះ​ម្យ៉ាង​ម្នាក់​។ ប៉ុន្ដែ​ចំពោះ​អត្ថន័យ និង​ចង្វាក់​ភ្លេង​របស់​កញ្ញា ភាគច្រើន​សម​នឹង​ហ្សូណូ សុគន្ធកញ្ញា សុវណ្ណរាជ សុវណ្ណបញ្ញា និង​វីហ្សា​។

មាន​និស្ស័យ​ស្នេហា​សិល្បៈ​តាំងពី​តូច យុវតី​ដែល​មាន​កំណើត​កើត​ជា​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​បងស្រី​ជា​អតីត​តារាចម្រៀង​ម្នាក់ បាន​ឆ្លៀត​ពេល​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​ភាសា​អង់គ្លេស ទៅ​រៀន​អក្សរ​ភ្លេង​ខ្លះៗ​ពី​សាលា​ក្រៅម៉ោង ពី​អ៊ីនធឺណិត និង​មិត្ដភក្ដិ​។ ភាព​មមាញឹក​ទាំង​ការ​សិក្សា និង​ការ​និពន្ធចម្រៀង​នៅ​ផលិតកម្ម​ធ្វើឲ្យ ថុន ស្រីពេជ្រ បង្ខំ​ចិត្ដ​ត្រូវ​ផ្អាក​អាជីព​ជា​ពិធីការិនី​វិទ្យុ​មួយ​រយៈ​សិន​។

កញ្ញា​បាន​និយាយ​ថា​៖ «​ខ្ញុំ​ធ្លាប់​ជា​ឌីជេ​នៅ​វិទ្យុ​អេហ្វអឹម​១០៧​ចាប់ពី​ឆ្នាំ​២០០៨ និង​អេហ្វអឹម​ ១០៤.៥​ ក្នុង​ឆ្នាំ ២០១០​។ ឆ្នាំ​២០១៣ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ពិធីការិនី​ជាថ្មី​ម្ដង​ទៀត​នៅ​១០៤.៥ ពីព្រោះ​មាន​ប្រិយមិត្ដ​នឹក​។ ប៉ុន្ដែ​ខ្ញុំ​អាច​ឆ្លៀត​ពេល​ធ្វើ​បាន​តែ​៣​ខែ ប៉ុណ្ណោះ​»។

ពាក់ព័ន្ធ​នឹង​ការ​សរសេរ​បទចម្រៀង​ថ្មីៗ កញ្ញា ថុន ស្រីពេជ្រ បាន​បន្ដ​ថា ដើម្បី​និពន្ធ​ចម្រៀង​ថ្មី​មួយ​បទ កញ្ញា​ត្រូវ​លេង​ហ្គីតា ឬ​ព្យ៉ាណូ ឃីបត និង​និពន្ធ​ទំនុកច្រៀង​ឲ្យ​រួចរាល់ ហើយ​ត្រូវ​ច្រៀង​ថត​ធ្វើ​ជា​ប៉ាន់ ជា File អឹមភីស្រ៊ី (MP3) ដើម្បី​ប្រគល់​ឲ្យ​អ្នក​ចម្រៀង​ស្ដាប់ និង​ច្រៀង​តាម​។ បន្ទាប់មក ត្រូវ​ប្រគល់ File នោះ​ទៅ​អ្នក​សម្រួល​តន្ដ្រី​ដើម្បី​រៀបចំ​ឲ្យ​ក្លាយ​ជា​តន្ដ្រី​ស្ដង់ដារ​។

កញ្ញា​ទទួល​ស្គាល់​ថា កញ្ញា​មាន​បទពិសោធ​ស្ដួចស្ដើង​ចំពោះ​អក្សរសាស្ដ្រ​ខ្មែរ និង​ផ្នែក​តន្ដ្រី​ដែល​នៅ​មាន​មនុស្ស​ពូកែ​ជាច្រើន​ទៀត​មិន​ទាន់​មាន​ឱកាស​បង្ហាញ​សមត្ថភាព។

យ៉ាងណា​មិញ អ្នកនិពន្ធ​វ័យក្មេង​រូប​នេះ ជឿ​ថា​៖ «​ការ​តស៊ូ​គង់​តែ​បាន​សម្រេច​។ ស្រឡាញ់​អ្វី ចូលចិត្ដ​អ្វី ក្ដី​ស្រមៃ​យើង​ជា​អ្វី យើង​ត្រូវ​តែ​មោះមុត​ក្នុង​កិច្ចការ​នោះ​។ ខ្ញុំ​តែងតែ​មាន​ពាក្យពេចន៍​៣​ម៉ាត់​ដាស់តឿន​ខ្លួនឯង​ដើម្បី​សម្រេច​កិច្ចការ​អ្វី​មួយ​នោះ​គឺ​ឧត្ដមគតិ ឆន្ទៈ និង​ពលិកម្ម​»៕


What Next?

Recent Articles

One Response to "អ្នក​និពន្ធ​វ័យក្មេង​លះបង់​ការងារ​វិទ្យុ​មក​តស៊ូ​តែង​បទចម្រៀង​ថ្មី​មិន​ចម្លង​គេ"

  1. Phatt Bunsong says:

    NICE