​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ច្រាន​ចោល​ការទទួលខុសត្រូវ​លើ​ការផ្តល់​សំណង​ពង្រីក​ផ្លូវ​ដែក​នៅ​កម្ពុជា​​

ដោយ៖​ ឡាយ សាមាន និង ញឺម សុខន​
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក អ៊ី​រិក (Eric Sidgwick) ចេញមកបកស្រាយដល់អ្នកតវ៉ា (រូបដោយ៖ សុខន)

​ប្រជា​សហគមន៍​ប្រមាណ​២០០​នាក់ នៅ​រាជធានី​ភ្នំពេញ​ប្រមូលផ្តុំ​គ្នា​ម្តងទៀត នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ADB ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការបណ្តេញចេញ​។​

​តំណាង​អ្នក​តវ៉ា​លោក ឡុង ចាន់​ឌី ថ្លែង​នៅ​កន្លែង​តវ៉ា​ជាប់​របង​ធនាគារ​ADB​នា​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៤​នេះ​ថា ធនាគារ​នេះ​បាន​ផ្តល់​ប្រាក់​កម្ចី​ច្រើន​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជាដើម្បី​ពង្រីក​ផ្លូវដែក​។ លោក​ថា ក្នុងនាម​ជា​ម្ចាស់​ប្រាក់​កម្ចី​ និង​ផ្តល់​ជំនួយ ត្រូវ​សួរ​ភាគី​ពាក់ព័ន្ធ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ ដើម្បី​ឲ្យ​ពួកគេ​ដែល​រស់នៅ​តាម​ដងផ្លូវ​ដែក ដឹង​ពី​ការផ្តល់​សំណង និង​ទំហំ​នៃ​ការពង្រីក​ផ្លូវ​នេះ ដើម្បី​ទប់ស្កាត់​ការបណ្តេញចេញ​។ 

​តាម​ក្រុមអ្នកតវ៉ា​ឲ្យដឹងថា គម្រោង​ពង្រីក​ផ្លូវដែក​នេះ មាន​ព័ត៌មាន​មិន​ច្បាស់លាស់ ដោយ​ក្រុមហ៊ុន​ខ្លះ​ប្រកាស​ឲ្យ​អ្នក​រស់នៅ​តាម​ផ្លូវដែ​ក​រើចេញ​ចម្ងាយ​១០​ម៉ែត្រ ខ្លះ​ទៀត​ប្រកាស​ឲ្យចេញ​ចម្ងាយ​២០​ម៉ែត្រ រីឯ​សំណង​នៃ​ផល​ប៉ះពាល់ មិនទាន់​ត្រូវបាន​ទំលាយ​ឲ្យដឹង ទើប​ពួកគេ​បារម្ភ​ពី​ការបណ្តេញចេញ​។​

​ក្រោយ​ពី​ការតវ៉ា ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា លោក អ៊ី​រិក (Eric Sidgwick)​អះអាងថា ADB​បាន​ព្យាយាម​ហៅ ក្រុមហ៊ុន​ថូ​ល និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មក​ពិភាក្សា​គ្នា​ដើម្បី​ទទួលបាន​ចម្លើយ​ពិត​ពី​គម្រោង​ពង្រីក​ផ្លូវដែក​នេះ​ដែរ ប៉ុន្តែ​លោក​ថា ភាគី​ទាំង​នោះ​មិន​បង្ហាញ​សញ្ញា​វិជ្ជមាន​ទេ។ លោក​ថ្លែង​ដោយ​មាន​អ្នកបកប្រែ​ថា ការផ្តល់​ព័ត៌មាន​លំអិត​ពី​គម្រោង​ពង្រីក​ផ្លូវដែក និង​ការផ្តល់​សំណង​ណាមួយ ជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​។

​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី មានប្រសាសន៍ថា ការបញ្ជាក់​ពី​ធនាគារ ADB គ្រាន់តែ​ជា​ការ​ដោះសារ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ធនាគារ​ADB មាន​តួនាទី​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ក្នុងការ​ធ្វើ​ជា​អ្នកសម្របសម្រួល និង​ទម្លាយ​ព័ត៌មាន​ពី​ការអភិវឌ្ឍន៍​នៅ​តំបន់​នោះ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​រស់នៅ​ភ័យ​ដូច​សព្វថ្ងៃ​។ លោក បន្ថែមថា ប្រសិនបើ​គម្រោង​ទី ២ រដ្ឋាភិបាល​យក​ដី​ចម្ងាយ ១០​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​ធ្វើការ​អភិវឌ្ឍន៍​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​។

​តាម​សេចក្តីរាយការណ៍​នានា ឲ្យដឹងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ផ្តល់​កម្ចី លើ​គម្រោង​វិនិយោគ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា​ចំនួន​២​ខ្សែរ គឺ​ពី​ផ្នែក​ខាងត្បូង​ភ្នំពេញ ទៅ​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ប្រវែង​២៥៦​គីឡូម៉ែត្រ​។​ចំណែក​នៅ​ខាងជើង​ភ្នំពេញ ទៅ​ក្រុង​ប៉ោយ​ប៉ែត ព្រំដែន​ថៃ ចម្ងាយ​៣៨៣​គីឡូម៉ែត្រ​។ បើតាម​ADB គិត​ត្រឹម​ឆ្នាំ​២០១២ គឺ​គម្រោង​នេះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ចំនួន​៤០០០​គ្រួសារ​នៅ​ទូ​ទាំង​ប​ប្រទេស ក្នុងនោះ​១០៥០​គ្រួសារ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​៕

សូមសរសេរមកកាន់លោក ឡាយ សា​មាន​​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ច្រាន​ចោល​ការទទួលខុសត្រូវ​លើ​ការផ្តល់​សំណង​ពង្រីក​ផ្លូវ​ដែក​នៅ​កម្ពុជា​​"

  1. Bol says:

    និយាយពីរឿងចំណីផ្លូវនេះ ពិបាកនិយាយណាស់។
    នេះគឺជារឿងតែមួយ របស់សង្គមខ្មែរនាបច្ចុប្បន្ន។
    មិនថាតែអ្នកនៅតាមបណ្តោយផ្លូវដែក ដែលយូរៗ មានរថភ្លើងមួយខ្សែរត់កាត់ ឬក៏គ្មានសោះ, តែយើងបែរទៅមើលលើផ្លូវថំ្មតាវិញ ។ តាមផ្លូវធម្មតា គេឃើញ ៖
    ១) សង់ផ្ទះ ពង្រីកផ្ទះមកលើដីចំណី ឬទ្រូងផ្លូវ
    ២) លក់ដូរ លើទ្រូវផ្លូវ យកទ្រូងផ្លូវធ្វើជាផ្សារលក់ដូរ
    ៣) យកទ្រូងផ្លូវប្រើប្រាស់ជាប្រយោជន៍ឯកជន។
    ទាំអស់នេះ គេហៅថា ជារបៀបរស់នៅ ជាវប្បធម៌ខ្មែរមួយចំនួន នាបច្ចប្បន្ន។

    រឿងទាំងអស់ មិនមែនជាកំហុស ADB និងមិនមែនជាកំហុសរបស់រដ្ឋាភិបាល និងក្រុមហ៊ុនទេ តែជាទម្លាប់របស់មនុស្សខ្មែរមួយភាគនោះ។
    វិធីដោះស្រាយ មានតែមួយ គឺ ផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយឡ្មានលក្ខខណ្ឌមួយ និងមិនមានការលូកដៃពីអ្នកនយោបាយ រួមនឹងអង្គការញុះញង់មួយចំនួន ផង៕