ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កែវ ច័ន្ទសម្ផស្ស និង គង់ សុធារិទ្ធិ កាលពីកន្លងទៅ (រូបភាព៖ វង្ស សុម៉ាលីន)
ទំនាក់ទំនងស្និទ្ធស្នាលជាមួយដៃគូចាស់ កំពុងធ្វើឲ្យតារាចម្រៀងស្រគត់ស្រគំ នាង កែវ ច័ន្ទសម្ផស្ស ធ្វើឲ្យមានការយល់ឃើញមិនល្អពីទំនាក់ទំនងរបស់អ្នកទាំងពីរ ។ យ៉ាងណាក៏ដោយ នាងអះអាងថា មិនខ្វល់នោះទេ ក្នុងពេលដែលស្វាមីរបស់នាងក៏មិនមានការយល់ឃើញអវិជ្ជមាន ។
កែវ ច័ន្ទសម្ផស្ស ទទួលស្គាល់ថា ហេតុផលនៃការបិទបាំងអត្តសញ្ញាណស្វាមី និងការប្រាស្រ័យទាក់ទងជាមួយលោក គង់ សុធារិទ្ធិ អតីតតារាចម្រៀងប្រចាំនៅផលិតកម្មរស្មីនាគមាស នាពេលថ្មីៗ កំពុងធ្វើឲ្យកើតឡើងនូវការលាបពណ៌ដោយក្រុមមាត់ចាបមាត់ព្រាប ។ អ្នកទាំងនោះ បានសង្ស័យថានាងភូតកុហករឿងមានប្ដី ឬពិតជាមានមែន ប៉ុន្តែអាចពាក់ព័ន្ធរបស់គេ ទើបមិនហ៊ានបណ្ដើរឲ្យអ្នកកាសែតបានស្គាល់ជាដើម ។ គាប់ជួនជានាងមិនបានបញ្ចេញរូបថតរៀបការ ឯគម្រោងយកកូនក៏មិនបានកំណត់ផងនោះ ទើបកាន់តែធ្វើឲ្យមានការលើកឡើងថា នាងលេងបិទពួនក្នុងពេលរវាងនាង និងលោកគង់ សុធារិទ្ធិ បានក្លាយជាដៃគូចម្រៀងនឹងគ្នានៅលើឆាកជាថ្មី ។
កែវ ច័ន្ទសម្ផស្ស ថា នាងហួសចិត្តយ៉ាងខ្លាំង ចំពោះការយល់ឃើញថា នាងអាចនឹងមានចម្រូងចម្រាស់ប្ដីប្រពន្ធ ទើបងាកមកពាក់ព័ន្ធជាមួយលោក គង់ សុធារិទ្ធិជាថ្មី ដោយសូម្បីតែក្នុងពេលផ្ទុះរឿងថានាង និងលោកសុធារិទ្ធិ ជាសង្សារនោះ គឺពួកនាងគ្រាន់តែជាគូចម្រៀងសុទ្ធសាធ ។ នាងនៅតែរក្សាចម្លើយថា នាងនិងបុរសស្វាមីវ័យជាង៤០ឆ្នាំ នៅល្អូកល្អិន បើទោះមិនទាន់មានកូនជាមួយគ្នា ក្នុងពេលម្នាក់ៗរស់នៅឆ្ងាយគ្នា ដោយសារស្វាមីត្រូវគ្រប់គ្រងចំការកៅស៊ូនៅខេត្តបន្ទាយមានជ័យ ឯនាងច្រើននៅភ្នំពេញដើម្បីអាជីពចម្រៀង និងគ្រប់គ្រងផ្ទះជួលនៅម្ដុំកំបូលនោះក្ដី ។ នាងលើកឡើងបែបស៊ាំនឹងព័ត៌មានអាស្រូវថា «រឿងមាត់ចាបមាត់ព្រាប អ្វីក៏អាចនិយាយបានដែរ ប៉ុន្តែការពិតគឺខ្ញុំដឹងខ្លួនឯងច្បាស់ហើយ!» ។

កែវ ច័ន្ទសម្ផស្ស ខកខានជិតស្និទ្ធិជាមួយលោក គង់ សុធារិទ្ធិ ច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីនាងសម្រេចចិត្តចូលរោងការជាមួយបុរសពោះម៉ាយកូន២វ័យជាង៤០ឆ្នាំនៅខេត្តបន្ទាយមានជ័យ កាលពីចុងឆ្នាំ២០១១។ យ៉ាងណាមិញ នៅមិនមានភស្ដុតាងណាមួយ បង្ហាញថានាងពិតជាបានរៀបការដូចការអះអាងនោះទេ។ តារារូបនេះប្រាប់ថា លោកសុធារិទ្ធិ គឺជាដៃគូចម្រៀងតែម្នាក់គត់ ដែលនាងគិតថាច្រៀងបានស៊ីសង្វាក់គ្នា ហើយអាងថាលោកក៏មានកំណាន់ចិត្តរួចទៅហើយផង ទើបមិនខ្លាចមាត់ចាបមាត់ព្រាបលាបពណ៌ដូចដែលលេចឮ ។
អត្ថបទកំសាន្តផ្សេងទៀត
នាងអះអាងថា តាំងពីដើមមកនាង និងបុរសម្នាក់នេះ ក៏មិនមែនជាគូស្នេហ៍នោះដែរ ប៉ុន្តែមកពីមានការផ្គូរផ្គងនៅលើ បណ្ដាញសារព័ត៌មាន ទើបនាំឲ្យមានការយល់ច្រឡំរហូតធ្វើឲ្យនាង និងលោកសុធារិទ្ធិ ស្ទើរតែលែងហ៊ានរាប់អានគ្នា ក្រោយពេលមានម្ចាស់បេះដូងរៀងខ្លួន។ យ៉ាងណាមិញ ស្ថានភាពការងារក្នុងសិល្បៈ មិនអាចឲ្យនាងដាច់ឆ្ងាយបែបនេះបានទេ ទើបសម្រេចចិត្តចាប់ដៃគ្នាវិញ ដើម្បីរកប្រាក់ និងក្នុងបំណងឲ្យទទួលបានការចាប់អារម្មណ៍នៅគ្រប់វេទិកាសិល្បៈ។
កែវ ច័ន្ទសម្ផស្ស បញ្ជាក់យ៉ាងសឿងថា ស្វាមីវ័យជ្រេរបស់នាង មិនប្រចណ្ឌជាមួយ គង់ សុធារិទ្ធិ នោះទេ បើទោះជាក្នុងពេលច្រៀង គឺនាង និងលោកបានបង្ហាញកាយវិកាដូចគ្នានឹងគូស្នេហ៍នៅលើឆាកនោះក៏ដោយ។ នាងថាមិនខ្វល់ចំពោះការលាបពណ៌នោះទេ ដ្បិតអ្វីដែលសំខាន់គឺស្វាមីរបស់នាងយល់ស្រប ឯនាង និងលោកគង់ សុធារិទ្ធិ ក៏ស្គាល់ច្បាស់ពីទំនាក់ទំនងរបស់ខ្លួនថាមិនមែនក្នុងន័យស្នេហា។
នាងលើកឡើងបែបហួសចិត្តថា មាត់ចាបមាត់ព្រាបពិតជាពូកែលាបពណ៌ ប៉ុន្តែការលើកឡើងនោះ នាងអះអាងថាអត់ប៉ះទង្គិចដល់អារម្មណ៍រវាងនាង និងស្វាមីនោះឡើយ។ នាងនិយាយថា «គ្រួសារខ្ញុំស្គាល់ខ្ញុំ និងសុធារិទ្ធិច្បាស់ណាស់ ដូច្នេះអ្នកយល់ឃើញយ៉ាងម៉េចគឺជាការគិតរបស់ពួកគេ»។ កែវ ច័ន្ទសម្ផស្ស ប្រាប់ថា ទោះជាស្នេហារបស់តារាសិល្បៈមួយចំនួន ត្រូវបានរង្គោះរង្គើដោយការលាបពណ៌ ក៏ស្នេហារបស់នាងនិងបុរសពោះម៉ាយម្ចាស់ចម្ការកៅស៊ូនៅខេត្តបន្ទាយមានជ័យដែលនាងប្រឹងលាក់មកទល់ពេលនេះ នៅតែរឹងមាំជាដរាប៕
សូមសរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
អារឿង “សាច់មួយដុំ “ហ្នឹង ពិតជាស្មុគ្រស្មាញណាស់