Tue, 21 October 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: តារាចម្រៀងស្រីខ្មែរឯនាយសមុទ្រ នាង ស៊ុន ស៊ីដាវីន និងលោក ឆាដ ឃែរប៊ី តារាចម្រៀងអាមេរិកច្រៀងចម្រៀងខ្មែរនោះ គឺជាតារាចម្រៀងកិត្តិយសដ៏សំខាន់នៅក្នុងកម្មវិធីមូលនិធិ រៃអង្គាសប្រាក់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលរៀបចំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ ខែតុលាសប្តាហ៍មុន និងប្រមូលបានថវិកាប្រមាណ១៥០០០ដុល្លារ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើនៅឯស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកដែលមានលោក ហែម ហេង ជាមន្ត្រីទូតខ្មែរ និងប្រជាជនខ្មែរនៅលើទឹកដីអាមេរិកចូលរួមផងដែរ។
ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផានៅឯប្រទេសកម្ពុជា បានប្រកាសពីភាពអស់កញ្ចប់ថវិកាផ្គត់ផ្គង់ធំរបស់ខ្លួនមក យើងឃើញថាមានការបង្កើតនូវមូលនិធិសប្បុរសធម៌នានាជាហូរហែទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដើម្បីធ្វើការប្រមែប្រមូលរៃអង្គាសប្រាក់ យកទៅជួយឧបត្ថម្ភគាំទ្រសម្រាប់មន្ទីរពេទ្យនេះ។
យ៉ាងណាមិញតារាចម្រៀង ដែលជាដៃគូសម្តែង និងច្រៀងបទចម្រៀងខ្មែរលំនាំពីដើមដែលមានចំណងជើងថា «ឆ្នាំមុន» នោះក៏បានហោះហើរពីចម្ងាយចេញពីលំនៅឋានពួកគេដែលស្ថិតនៅឯទីក្រុងវីឈីតា រដ្ឋខេនសាស នៃសហរដ្ឋអាមេរិកទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកម្មវិធីមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
«ពួកគេទាំងពីរគឺជាអ្នកសម្តែងដ៏សំខាន់សម្រាប់កម្មវិធី មូលនិធិរៃអង្គាសប្រាក់សប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ»។ នេះបើតាមសម្តីរបស់លោក អ៊ឹម សុធារិទ្ធ ដែលជាអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក និងក្រុមអ្នករៀបចំកម្មវិធីនោះផងដែរបានបញ្ជាក់ឲ្យដឹង។
នាង ស៊ុន សុដាវីន បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន សម្រាប់ការចូលរួមកម្មវិធីនេះថា៖ «នាងខ្ញុំមានអារម្មណ៍រីករាយ និងមានមោទនភាពណាស់ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ។ ជាពិសេសនាងខ្ញុំមានឱកាសជួយដល់ជនរងគ្រោះជាកុមារ ខណៈវាជាក្តីប្រាថ្នាមួយក្នុងចំណោមគោលដៅជួយសង្គមធំៗពីររបស់នាងខ្ញុំគឺក្រុមកុមារ និងស្រ្តី»។
តារាចម្រៀងស្រីខ្មែរ ដែលមានការងារជាមន្រ្តីសង្គមកិច្ចនៅក្រុងវីឈីតា រដ្ឋខេនសាស សហរដ្ឋអាមេរិករូបនេះបានបន្តថា៖ «ទោះបីវាជាកិច្ចការតូចតាចក្តី តែវាជាការចាប់ផ្តើមការសន្សំនូវអំពើល្អរបស់នាងខ្ញុំដើម្បីឈានទៅដល់ការជួយសង្គមជាតិដ៏ធំធេងនាពេលខាងមុខ»។
ចំណែកលោក ឆាដ ឃើរប៊ី តារាកូនចៅអាមេរិកមួយរយភាគរយដែលមិនមានឈាមជ័រខ្មែរមួយតំណក់សោះហើយថែមទាំងអាចច្រៀងបទខ្មែរបានពីរោះនោះ បានបង្ហាញចំណាប់អារម្មណ៍ខ្លួនដែរថា៖ «ខ្ញុំមានអារម្មណ៍ថានេះជារឿងល្អសម្រាប់រូបខ្ញុំក្នុងការសាងអំពើល្អ ទោះបីជារូបខ្ញុំត្រូវចំណាយពេលហោះហើរតាមយន្តហោះរយៈពេល៦ម៉ោងមកកាន់ទីក្រុងវ៉ាស៊ីនតោនក្តី ក៏ខ្ញុំរីករាយដែរ»៕

Congratulation! You have good heart! Your mind is better than most government officials in Cambodia.
Thank you both of you so much!!