បក្ស​ទាំង​ពីរ​ខ្វែង​គ្នា​លើ​ការរើស​អគ្គលេខា​ធិការរង គ.ជ.ប

លោក ទេព នីថា (កណ្តាល) អគ្គលេខាធិ​ការ គ.ជ.ប បច្ចុប្បន្ន។ រូបថត ផា លីណា

លោក ទេព នីថា (កណ្តាល) អគ្គលេខាធិ​ការ គ.ជ.ប បច្ចុប្បន្ន។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​ការងារ​របស់​​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​បរាជ័យ​ក្នុង​ការ​​ជជែក​អំពី​ការ​ជ្រើស​អគ្គលេខាធិការ​និង​អគ្គ​លេខាធិការ​រង​នៃ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គឺ​ខុស​ពី​ការ​រំពឹង​ដែល​ថានឹង​​ឈាន​ដល់​ការ​បញ្ចប់​​ត្រឹម​ថ្ងៃ​ចន្ទ។ ប៉ុន្តែ ​យ៉ាង​ណា​ការ​ពិភាក្សា​​បនុ្ត​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។

បន្ទាប់​ពី​កា​រពិ​ភាក្សា​អស់​​២​ម៉ោង ពាក់​ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​កាល​ពីម្សិល​មិញ​នៅ​​វិមាន​រដ្ឋសភា​ មេដឹក​នាំ​ក្រុម​ការ​ងារ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក ប៊ិន ឈិន និង​មេដឹកនាំ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុន​រឿន ប្រាប់​អ្នក​កាសែត​ថា ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​​នៅ​មិន​ទាន់​ឯក​ភាព​គ្នា​​​អំពី​​ការ​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​នៃ​គ.ជ.ប នៅ​​ឡើយ។ ក្រៅ​ពី​នេះគឺ​​បាន​​ឯកភាព​គ្នា ៩០​ ភាគ​រយ​ហើយ ហើយ​​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​​ក្រោយ​​នឹង​ពិ​ភាក្សា​គ្នាបន្ត​ទៀត។

លោក ​ប៊ិន ឈិន ថ្លែង​ថា៖ «អំពី​​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង យើង​​មិន​ទាន់​​ឯក​ភាព​គ្នា​អំពី​លក្ខណៈ​គុណ​សម្បត្តិ​​នៃ​បេក្ខជន​។ ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ទាម​ទារ​ឲ្យ​មាន​អាយុ​ ៣០​ឆ្នាំ​ ​ប៉ុន្តែ​ គណបក្ស​សង្គ្រោះ​ជាតិ​​តម្រូវ​ឲ្យមាន​អាយុ​​ចាប់​ពី ​២៥​ឆ្នាំ​ឡើង​​»។

លោក​បន្ត​ថា​​៖ «​​អំពី​សញ្ញា​បត្រ​ គណបក្ស​​ប្រជា​ជន​កម្ពុជា​​តម្រូវ​​ឲ្យ​បេក្ខជន​ត្រូវ​មាន​សញ្ញា​បត្រ​​​នៅ​​សាកល​វិទ្យាល័យ​ រួម​ទាំង​សញ្ញា​បត្រ​ច្បាប់ សេដ្ឋ​កិច្ច និង​អក្សរ​សាស្រ្ត​ ឯ​គណបក្ស​សង្គ្រោះ​ជាតិ​​គ្រាន់​តែ​និយាយ​ថា​ គ្រាន់​តែ​មាន​សញ្ញា​បត្រ​ពី​សាកល​វិទ្យាល័យ​​»។

លោក ប៊ិន ឈិន ​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ស្នើ​ថា ​បេក្ខ​ភាព​នៃ​អគ្គ​លេខាធិការ​និង​អគ្គលេខាធិការ​រង​​មិន​ចាំ​បាច់​មាន​បទ​ពិសោធ​ពាក់​ព័ន្ធ​នឹង​​ការ​បោះ​ឆ្នោត​​និង​សញ្ជាតិ​ ​ឯ​គណបក្ស​ប្រជា​ជន​កម្ពុជា​តម្រូវ​​ថា បេក្ខជន​ត្រូវ​តែ​មាន​​សញ្ជាតិ​ខ្មែរ​ ​ហើយ​គណបក្ស​​សង្គ្រោះ​ជាតិ​​និយាយ​ថា​ មិន​ចំា​បាច់​ឲ្យ​មាន​ការ​តម្រូវ​បែប​នេះ​ទេ​។

លោកអះ​​អាង​​​ថា ច្បាប់​ស្តីពី​​ គ.ជ.បមាន​៧​ជំពូក​និង​៦៦​មាត្រា​ ហើយ​​គ.ជ.ប ​ថ្មី​​មាន​អាណត្តិ​៥​ឆ្នាំ​ដូច គ.ជ.ប ចាស់។

លោក គួយ ប៊ុន​រឿន ថ្លែង​​ថា៖ «​​ខ្ញុំ​ចង់​​ឲ្យ​មាន​ស្ថិរ​ភាព​​នៅ​ពេល​​ការ​បោះ​ឆ្នោត​ចប់​ ​មិន​ចង់​ឲ្យ​មាន​វិបត្តិ​ដូច​ការ​បោះ​ឆ្នោត​​លើក​មុន​​ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​​ត្រូវ​ការ​និយាយ​ឲ្យ​លម្អិត​ជាង​នេះ។ ​គ្មាន​បញ្ហា​ទេ ពី​ព្រោះ​ ​យើង​​មាន​បញ្ហា​ជា​ច្រើន​ដើម្បី​ជ្រើស​រើសអគ្គលេខាធិការ​និង​អគ្គលេខា​ធិការ​រង​​ទៅ​តាម​​លទ្ធិប្រជា​ធិបតេយ្យ​ ​​និង​ធានា​គុណ​ភាព​​និង​ប្រសិទ្ធ​ភាព​នៃ​​បុគ្គល​ដែល​ត្រូវ​បាន​​តែង​តាំង​»​។

លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​​នៅ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល ​បាន​ថ្លែង​ថា​ ​ការ​មិនឯក​ភាព​​គ្នា​​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​​ ពាក់​ព័ន្ធ​នឹង​អាយុ​និង​បទ​ពិសោធអំពី​បេក្ខភាព​នៃ​​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​និង​​អាណត្តិ​​របស់​គ.ជ.ប ​គឺ​ត្រូវ​តែ​កំណត់​ឲ្យ​ច្បាស់​លាស់។

លោក​ថ្លែង​បន្ត​ថា​៖ «​យើង​​ត្រូវ​តែ​កំណត់​អាយុ។ ប្រសិន​បើ​គាត់​លើស​៦០​ឆ្នាំ​ ​មិន​យក​។ ​គ.ជ.ប​ ចាស់ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​យក​មនុស្ស​​ដដែល​​ដើម្បី​ចូល​ក្នុង​គ.ជ.ប​ថ្មី។ យើង​ត្រូវ​តែ​កំណត់​​ឲ្យ​ច្បាស់​ពី​ចំណុច​​នេះ ហើយ​ការ​បើក​ចំហ​ក្នុង​ការ​ជ្រើស​រើស​នេះ​គឺ​​​ល្អ​»។

ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​​​ការ​បោះឆ្នោត ​រដ្ឋា​ភិបាល​ជប៉ុន​ក៏​បាន​​បញ្ជូន​ក្រុម​​តាម​ដាន​​មក​កម្ពុជា​ផង​ដែ​រ​ពី​ថ្ងៃ​ទី​២១​ ដល់​២២​ ​តុលា ​​​ពាក់​ព័ន្ធ​នឹង​តម្រូវ​ការ​ឲ្យ​មាន​​ការ​សិក្សា​វាស់​ស្ទង់​​កា​រ​អនុវត្ត​​​កាល​ពីខែ​ឧសភា ឆ្នាំ​២០១៤ សម្រាប់​កំណែ​ទម្រង់​បោ​ះឆ្នោត​​ក្នុង​ប្រទេស​កម្ពុជា​​។ ​នេះ​​បើតាម​​សេចក្តី​ប្រកាស​ព័ត៌-​មាន​​​កាល​ម្សិល​មិញ​​របស់​ស្ថាន​ទូត​​ជប៉ុន​ប្រចាំ​កម្ពុជា​។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​នេះ​ក៏​បាន​បង្ហាញ​ឈ្មោះ Tadayuki MIY ASHITA នាយក​ផ្នែក​ធ្វើ​ផែន​ការ​ជំនួយ​នៃ​ការិយាល័យ​​សហប្រតិបត្តិការ​អន្តរជាតិ​ ​និង​ក្រសួង​ការ​បរទេស​ជប៉ុន​និង​​សមាជិក​៤រូប​ មក​ពី​អង្គការ JICA។

ស្ថាន​ទូត​ជប៉ុន​ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថា ក្នុង​អំឡុង​ការ​ស្នាក់​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ​ក្រុម​នេះ​នឹង​ធ្វើ​បទ​បង្ហាញ​​ស្តីពី​​លទ្ធ​ផល​នៃ​ការ​សិក្សា​​វាស់​ស្ទង់​​កាល​ខែ​ឧសភា​ទៅ​​ក្រុម​ការ​ងារ​ចម្រុះ​នៃ​គណបក្ស​ប្រជាជន​​និង​គណបក្ស​​ប្រឆាំង​ ​បាន​​ពិភាក្សា​​អំពី​លទ្ធ​ភាព​នៃ​កិច្ច​សហប្រតិ​បត្តិការ​នា​ពេល​អនា​គត​​ អំពី​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​​ក្នុង​​ប្រទេស​កម្ពុជា​ជាមួយ​ភាគី​ពាក់​ព័ន្ធ រួម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ ដៃ​គូ​អភិវឌ្ឍ​ន៍បរទេស​​និង​សង្គម​​​ស៊ីវិល។

អគ្គលេ​ខា​ធិការ​គ.ជ.ប​ លោក ទេព នីថា ​បាន​ឲ្យ​ដឹងថា គ.ជ.ប​បាន​បិទ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ឆ្នាំ​២០១៤​ កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​​​ចុះ​ឈ្មោះអ្នក​បោះ​​ឆ្នោត​​ថ្មី​ឆ្នាំ​នេះបាន​​​១៤៨ ៥៩២​នាក់​​។​ជាមួយនោះ ​គ.ជ.ប ក៏​បាន​លុប​ឈ្មោះអ្នក​​បោះ​ឆ្នោត​៥៩ ៦៥៦​នាក់​ពី​បញ្ជី​ផង​ដែរ​ ហើយ​​​នាពេល​ខាង​មុខ​នេះ​ ក៏​​គ្រោង​លុប​ឈ្មោះ​​ជាង​១០ម៉ឺន​នាក់​ទៀត​ចេញ​ពី​បញ្ជី ដោយ​សារ​​ការ​ស្លាប់ ផ្លាស់​លំនៅ និង​ជាប់​ពន្ធនាគារ​ដែរ៕​ PS


What Next?

Recent Articles

2 Responses to "បក្ស​ទាំង​ពីរ​ខ្វែង​គ្នា​លើ​ការរើស​អគ្គលេខា​ធិការរង គ.ជ.ប"

  1. Anonymous says:

    មន្ត្រីថ្នាក់ដឹកនាំជាតិ ទុកមាត់ដូចចោរ

  2. sankongborom says:

    How much Nec will cost to the Country???