ដោយ ទីន ហ្សាការីយ៉ា
2014-10-21
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយជំនួបចរចានាវិមានព្រឹទ្ធសភានៅថ្ងៃទី២២ កក្កដា ២០១៤។ RFA/Tin Zakariya
តំណាងគណបក្សទាំងពីរ បានបញ្ចប់ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែនៅកំពុងពិភាក្សាលើចំណុចមិនត្រូវគ្នាមួយចំនួន។ តំណាងគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សទាំងពីរចង់ឲ្យធ្វើសេចក្ដីព្រាងច្បាប់បឋមនេះឲ្យចប់មុនដាច់ឆ្នាំ២០១៤។
ការបន្តជួបគ្នារវាងតំណាងគណបក្សទាំងពីរនេះ នៅស្របពេលរដ្ឋាភិបាលជប៉ុន នឹងបញ្ជូនតំណាងរបស់ខ្លួនមកជួបតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ ដើម្បីពិនិត្យលទ្ធផល និងការស្ទាបស្ទង់ដល់គណបក្សទាំងពីរអំពីការកែទម្រង់ការបោះឆ្នោត។
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន ៧ជំពូក និង ៦៦មាត្រានោះ គណបក្សទាំងពីរកំពុងជជែកគ្នាអំពីចំណុចខ្វែងគំនិតគ្នាមួយចំនួននៅថ្ងៃទី២០ តុលា។
តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ក្រោយពេលប្រជុំគ្នាជាមួយតំណាងគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពម្ខាង ១៨រូបនៅវិមានរដ្ឋសភា នៅល្ងាចថ្ងៃទី២០ តុលា ថា សេចក្ដីព្រាងច្បាប់បឋមនេះ គណបក្សទាំងពីរបានធ្វើរួចរាល់ស្ទើរតែចប់ទាំងស្រុងហើយ។ លោកបញ្ជាក់ថា តំណាងគណបក្សទាំងពីរកំពុងជជែកអំពីការជ្រើសតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃស្ថាប័នរៀបចំការបោះឆ្នោត។
លោក គួយ ប៊ុនរឿន លើកឡើងថា សេចក្ដីព្រាងច្បាប់បឋមនេះនៅមានចំណុចខ្វែងគំនិតគ្នាមួយចំនួននៅត្រង់ជំពូកទី៣ ជាដើម ដែលគណបក្សទាំងពីរនឹងស្រង់យកចំណុចមិនទាន់ឯកភាពគ្នាដាក់ជូនថ្នាក់ដឹកនាំ ហើយនឹងសម្រេចជាក្រោយ៖ «ចំណុចខ្លះដែលមិនទាន់បានស្រុះស្រួលគ្នា ចំណុចទាំងហ្នឹងដូចជាការជ្រើសរើសអគ្គលេខាធិការហ្នឹង មានការពិគ្រោះគ្នាថា តើត្រូវយករូបមន្តណា ដើម្បីធានាឲ្យអគ្គលេខាធិការហ្នឹងឲ្យបានពេញលេញរបស់ខ្លួន ក្នុងនាមជាជំនួយការរបស់គណៈកម្មាធិការ? ទី២ ធ្វើម៉េចឲ្យអគ្គលេខាធិការ និងមន្ត្រីនៅក្រោមឱវាទ មានការទទួលខុសត្រូវ ហើយនិងក្រោមត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែម្ដង»។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា កត្តាចម្បងនៃសេចក្ដីព្រាងច្បាប់នេះ ត្រូវកំណត់ឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះឯករាជ្យដាច់ចេញពីគណបក្សនយោបាយឲ្យបានពិតប្រាកដ ហើយត្រូវដាក់ទោសទណ្ឌចំពោះមន្ត្រីស្ថាប័ននេះដែលប្រព្រឹត្តខុស៖ «គណបក្សទាំងពីរត្រូវតែជំរុញ ដើម្បីឲ្យច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា នេះ ឲ្យបានឆាប់រហ័ស»។
គណបក្សទាំងពីរបន្តជជែកគ្នាលើសេចក្ដីព្រាងច្បាប់បឋម ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ នៅស្របពេលរដ្ឋាភិបាលជប៉ុន នឹងបញ្ជូនក្រុមតាមដានអំពីការកែទម្រង់ការបោះឆ្នោតមកកម្ពុជា រយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ តុលា និងថ្ងៃទី២២ តុលា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន នៅថ្ងៃទី២០ តុលា បញ្ជាក់ថា ក្រុមតាមដានជប៉ុន ដែលដឹកនាំប្រធាននាយកដ្ឋានផែនការជំនួយតាមប្រទេសទី១ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន លោក តាដាយូគិ មីយ៉ាស៊ីតា (Tadayuki Miyashita) នោះ នឹងធ្វើបទបង្ហាញអំពីលទ្ធផលនៃការស្ទាបស្ទង់ដែលបានធ្វើកាលពីខែឧសភា កន្លងទៅ ជូនសមាជិកនៃការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ បន្ទាប់មក លោកនឹងពិភាក្សាគ្នាអំពីលទ្ធផលប្រតិបត្តិការក្នុងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ជាមួយភាគីពាក់ព័ន្ធនានា រួមមានអាជ្ញាធរពាក់ព័ន្ធនឹងការងារបោះឆ្នោត ដៃគូអភិវឌ្ឍន៍បរទេស និងសង្គមស៊ីវិល។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា ក្រុមតាមដានជប៉ុន នេះ នឹងជួបតំណាងក្រុមការងារគណបក្សទាំងពីរ ហើយនឹងជួបដាច់ដោយឡែករវាងមេដឹកនាំគណបក្សទាំងពីរ នៅថ្ងៃទី២២ តុលា នៅវិមានរដ្ឋសភា ចាប់ពីម៉ោង ៨ព្រឹក។
លោកបណ្ឌិត ហង្ស ពុទ្ធា បន្ថែមថា នៅក្នុងសេចក្ដីព្រាងច្បាប់ដែលគណបក្សទាំងពីរកំពុងធ្វើនេះ ត្រូវតែជ្រើសរើសប្រធានដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតជាមនុស្សទី៩ ដែលចេញពីអង្គការសង្គមស៊ីវិល។
នៅក្នុងកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សជាប់ឆ្នោតទាំងពីរ មុននឹងបញ្ចប់ការជាប់គាំងនយោបាយ កាលពីថ្ងៃទី២២ កក្កដា នោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឯកភាពរៀបចំក្បាលម៉ាស៊ីន គ.ជ.ប មានសមាជិកចំនួន ៩រូប ក្នុងនោះបេក្ខភាពមកពីគណបក្សទាំងពីម្ខាង ៤រូប និងមកពីសង្គមស៊ីវិល ១រូបទៀត។ មកទល់ពេលនេះ គណបក្សទាំងពីរមិនទាន់ជជែកអំពីការរៀបចំសមាសភាព គ.ជ.ប.ថ្មីនេះនៅឡើយទេ គឺរង់ចាំសភាអនុម័តច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការអនុម័តសេចក្ដីព្រាងច្បាប់ការវិសោធនកម្មច្បាប់បោះឆ្នោតជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះសង្ឃឯករាជ្យមួយអង្គនៅបាត់ដំបងត្រូវដកតំណែងដោយសារចូលរួមការងារនយោបាយ
- អូស្ត្រាលីចំណាយលុយជាង១ពាន់លានដុល្លារក្នុង១ឆ្នាំៗលើជនភៀសខ្លួន
- កម្ពុជានិងថៃប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់
- សហព័ន្ធនិស្សិតរិះគន់តំណាងរាស្ត្រទាំង១២៣រូបថាមិនយកចិត្តទុកដាក់បម្រើពលរដ្ឋ
- បាតុកម្មការពារប្រជាធិបតេយ្យនៅហុងកុងមិនជះឥទ្ធិពលអាក្រក់ដល់កម្ពុជា
- សហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឲ្យអាមេរិកដាក់គំនាបលើវៀតណាមឲ្យគោរពសិទ្ធិមនុស្ស
- ពលរដ្ឋដាក់ញត្តិតាមស្ថាប័នមួយចំនួនប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី
- ក្រុមឃ្លាំមើលព្រំដែនបារម្ភបាត់បង់ទឹកដីដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យវៀតណាម
- អង្គការចំនួន៥ជំរុញឲ្យកម្ពុជាចូលរួមជាសមាជិកភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ
How about PEC? list 2003 amended?