Tue, 21 October 2014
Alice Cuddy, ឆាយ ច័ន្ទនីដា and មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អស់រយៈពេល ៩ខែ បន្ទាប់ពីការធ្វើកូដកម្មទាមទារប្រាក់ខែគោល ១៦០ ដុល្លារនិងការជាប់ពន្ធនាគារក្នុងចំណោមជន ២៣ នាក់ដែលធ្លាប់ជាប់ពន្ធនាគារភាគច្រើនពួកគេកំពុងជួបបញ្ហាហិរញ្ញវត្ថុ។
ខណៈការចរចាប្រាក់ឈ្នួលថ្មីកំពុងស្ថិតក្នុងដំណើរការអតីតអ្នកដែលត្រូវបានចាប់ខ្លួនបានអះអាងថា ការតវ៉ារបស់ពួកគេដើម្បីឲ្យមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន បានធ្វើឲ្យពួកគេទាំងអស់គ្នាត្រូវបានដកចេញពីវិស័យកាត់ដេរនេះ។
លោក លន់ សាន អាយុ ២២ឆ្នាំ បានរងការវាយនិងចាប់ខ្លួននៅថ្ងៃ ទី២ មករា ខណៈគាត់និងប្រពន្ធដែលជាកម្មករនៅរោងចក្រ Sky 9 កំពុងឈរមើលគេធ្វើកូដកម្ម។
អស់ពេលជាច្រើនខែដែលគាត់ជាប់នៅក្នុងពន្ធនាគារ លោក លន់ សាន បានអះអាងថា គ្មានអ្នករួមការងារឬថៅកែទាក់ទងគាត់ទេ ព្រោះគាត់ត្រូវបានបណ្តេញចេញពីរោងចក្រដោយស្ងាត់ៗ។ បន្ទាប់ពីបានដាក់ពាក្យស្វែងរកការងារជិត ២០ កន្លែងចាប់ពីគាត់ចេញពីពន្ធនាគារ លោក លន់ សាន និយាយថា ការដាក់ពាក្យរបស់គាត់ត្រូវគេច្រានចោលពីគ្រប់ក្រុមហ៊ុនទាំងអស់នោះ។
គាត់និយាយថា៖ «នៅពេលណាដែលខ្ញុំឃើញលេខទូរស័ព្ទបិទនៅខាងក្រៅរោងចក្រថា គេត្រូវការកម្មករខ្ញុំបានទូរស័ព្ទសុំការងារ ប៉ុន្តែនៅពេលខ្ញុំប្រាប់ឈ្មោះរបស់ខ្ញុំទៅពួកគេវាហាក់ដូចជាគេដឹងថា ខ្ញុំធ្លាប់ជាប់ពន្ធនាគារហើយឆ្លើយតបមកខ្ញុំថា ពួកគេមិនត្រូវការកម្មករទេ»។
រោងចក្រទាំងនោះ រួមទាំងរោងចក្រលោកធ្លាប់បម្រើការផង បានច្រានចោលពាក្យសុំការងាររបស់គាត់ពួកគេដឹងថា គាត់ជាជនម្នាក់ក្នុងចំណោមអ្នកទាំង ២៣ នាក់ដែលត្រូវបានចាប់ខ្លួននិងដាក់ពន្ធនាគារ។
«ខ្ញុំគិតថា វាគ្មានមូលហេតុអ្វីក្រៅពីខ្ញុំមានប្រវត្តិជាប់ពន្ធនាគារទេ នេះជាមូលហេតុដែលពួកគេមិនរើសយកខ្ញុំឲ្យធ្វើការ។ ខ្ញុំគិតថា តាមរោងចក្រប្រហែលជាដាក់ខ្ញុំចូលក្នុងបញ្ជីខ្មៅ»។
ចាប់តាំងពីជាប់ពន្ធនាគារមក លោក លន់ សាន មានបញ្ហាហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។
គាត់បន្តថា៖ «ខ្ញុំបានក្លាយជាអ្នកធ្វើការងារផ្ទះជំនួសប្រពន្ធខ្ញុំនៅផ្ទះដាំស្ល និងមើលថែកូន ប៉ុន្តែ ប្រពន្ធរបស់ខ្ញុំទៅធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ។ វាគួរឲ្យខ្មាស់ណាស់សម្រាប់ខ្ញុំ»។
នៅពេលដែលប្រាក់ចំណូលបានមកពីការងាររោងចក្ររបស់ប្រពន្ធចំនួន ១៣០ ដុល្លារក្នុងមួយខែ ប្រើដើម្បីផ្គត់ផ្គង់គ្រួសារនិងជីដូនអាយុ ៨០ឆ្នាំ ជីវិតប្រចាំថ្ងៃ គាត់គឺមានការលំបាកខ្លាំងណាស់។ គាត់ថា៖ «ថ្លៃឈ្នួលផ្ទះរបស់ខ្ញុំគឺ ៣៥ ដុល្លារបូកថ្លៃទឹកភ្លើង ១៥ ដុល្លារដូច្នេះ យើងមិនសល់ទេ។ យើងមិនមានលុយគ្រប់គ្រាន់សម្រាប់ថ្លៃអាហារ ថ្នាំពេទ្យ និងការធ្វើដំណើរ នៅពេលប្រពន្ធរបស់ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលមានការងារធ្វើ។ ខ្ញុំមិនដឹងថា តើត្រូវរកការងារអ្វីទេឥឡូវនេះ»។
លោក ជា សំណាង អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រ Sky 9 បានអះអាងកាលម្សិលមិញថា ការបណ្តេញលោក លន់ សាន ចេញពីការងារគ្មានអ្វីពាក់ព័ន្ធនឹងការចាប់ខ្លួននិងជាប់ពន្ធនាគាររបស់គាត់ទេ តែគឺដោយសារគាត់អវត្តមានលើស ៦ ថ្ងៃគ្មានមូលហេតុ។
លោកបន្តថា៖ «គាត់មិនទាក់ទងជាមួយយើងជាយូរមកហើយ… ដូច្នេះយើងបានលុបឈ្មោះគាត់ចេញពីរោងចក្រ។ ទោះយ៉ាងណាក្តី គាត់ជាកម្មករបណ្តែតម្នាក់ប៉ុណ្ណោះនាពេលនោះ គាត់មិនមែនជាកម្មករជាប់កិច្ចសន្យាទេ»។ លោកបន្តថា «រោងចក្រ Sky 9 នឹងពិចារណាជ្រើសយក លោក លន់ សាន នាពេលខាងមុខ»។
ប៉ុន្តែសាច់រឿងរបស់លោក លន់ សាន ក៏ស្រដៀងគ្នានឹងកម្មករមួយចំនួនទៀតដែរ។
លោក រស់ សុភ័ណ អាយុ ២៥ឆ្នាំ ថ្លែងកាលម្សិលមិញថា គាត់បានដាក់ពាក្យសុំការងារទៅរោងចក្រជាង ២០ ចាប់តាំងពី ខែមិថុនា ប៉ុន្តែមិនទាន់ទទួលបានការងារទេ។
គាត់បន្តថា៖ «ខ្ញុំបានដាក់ពាក្យធ្វើការងារទៅរោងចក្រកាត់ដេរ ប៉ុន្តែពួកគេបានប្រាប់ថា ឈ្មោះខ្ញុំត្រូវបានច្រានចោលដោយសារតែខ្ញុំជាប់ពន្ធនាគារហើយរោងចក្រដទៃៗទៀតក៏បានតបថា ពួកគេមិនយកខ្ញុំដោយសារគេខ្លាចខ្ញុំនឹងទៅដឹកនាំធ្វើកូដកម្ម។ ខ្ញុំគិតថា ឈ្មោះរបស់ខ្ញុំ ត្រូវគេដាក់នៅក្នុងបញ្ជីខ្មៅ នោះហើយជាមូលហេតុដែលគ្មានរោងចក្រណាទទួលយកខ្ញុំធ្វើការ»។
លោក Joel Preston អ្នកប្រឹក្សាយោបល់នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា៖ «វាប្រាកដណាស់» ដែលថា អ្នកដែលជាប់ពន្ធនាគារទាំងនោះ ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនៅរោងចក្រដោយសារការជាប់ពាក់ព័ន្ធក្នុងកូដកម្ម។ លោកបន្តថា ដោយសារតែបញ្ហាតវ៉ានេះបានធ្វើឲ្យកម្មករទាំងនោះជាមុខសញ្ញាដាក់ក្នុងបញ្ជីខ្មៅរបស់រោងចក្រ។
លោកថ្លែងដែរថា៖ «នេះគឺជាភ័ស្តុតាងបង្ហាញថា ពួកគេត្រូវបានចាត់ទុកថា អ្នកមានទោស…វាពិតជាសំណាងអាក្រក់ណាស់។ វាអាចនឹងកើតឡើងចំពោះកម្មករផ្សេងៗទៀត»។
លោក Wu Meng Hour អ្នកគ្រប់គ្រងផ្នែករដ្ឋបាលនៅរោងចក្រ Tai Yang បានថ្លែងថា រោងចក្ររបស់លោកមិនមានគោលនយោបាយមិនទទួលយកអ្នកដែលត្រូវបានចាប់ខ្លួនកាល ខែមករា ទាំងនោះទេ។
ទោះយ៉ាងណាលោកបានអះអាងថា៖ «រោងចក្ររបស់យើងមិនយកចិត្តទុកដាក់ខ្លាំងចំពោះប្រវត្តិជាប់ពន្ធនាគារទេ ប៉ុន្តែនិយាយត្រង់ទៅ រោងចក្ររបស់ខ្ញុំកម្រជួលកម្មករប្រុស ដោយសារពួកគេចិត្តខ្លាំងចូលចិត្តដឹកនាំការតវ៉ា ដូច្នេះយើងមិនចង់បានកម្មករប្រុសធ្វើការទេ»។
កម្មករផ្សេងទៀតដែលត្រូវបានចាប់ខ្លួនកាលពី ខែមករា ឲ្យដឹងថា ការខ្វះខាតប្រាក់បានធ្វើឲ្យពួកគេបង្ខំចិត្តត្រឡប់ទៅស្រុកកំណើតវិញ ខណៈនៅទីនោះឱកាសស្វែងរកការងារធ្វើតិចជាងនៅទីក្រុង។ ប៉ុន្តែ សូម្បីតែអ្នកដែលមិនស្ថិតនៅក្នុងវិស័យកាត់ដេរ ក៏ជីវិតជួបការលំបាកខ្លាំងដូចគ្នាដែរ។
លោក សុគន្ធ សម្បត្តិពិសិដ្ឋ អាយុ ៣២ឆ្នាំ កំពុងធ្វើការងារនៅអង្គការមួយនៅពេលគាត់ត្រូវបានចាប់ខ្លួន។ បន្ទាប់ពីការដោះលែងចេញពីពន្ធនាគារ លោកទទួលបានការងាររយៈពេលខ្លីមួយ ប៉ុន្តែ ចាប់តាំងពីពេលនោះមកគាត់មិនអាចស្វែងរកការងារបានឡើយ។ ពិសិដ្ឋ ប្រាប់ថា៖ «ខ្ញុំគិតថា អាចដោយសារខ្ញុំធ្លាប់ជាប់ពន្ធនាគារ ហើយខ្ញុំនៅត្រូវបានចោទប្រកាន់ដោយតុលាការនៅឡើយ។ គ្មាននរណាម្នាក់ទទួលយកខ្ញុំធ្វើការទេ»។
លោក ពិសិដ្ឋ ក្លាយជាជនម្នាក់ដែលបានចែករំលែកប្រាក់ជំនួយដែលគាត់ទទួលបានទៅអ្នកទាំង ២៣ នាក់ដែលធ្លាប់ជាប់ពន្ធនាគារជាមួយគ្នា។ គាត់ថា៖ «ពេលខ្លះ ខ្ញុំទទួលបាន ៥០ ដុល្លារឬ ៦០ ដុល្លារនិងពេលខ្លះ ១២០ ដុល្លារក្នុងមួយខែ ពីមិត្តភក្តិជនជាតិអូស្ត្រាលីម្នាក់។ ដូច្នេះ ខ្ញុំចែករំលែកប្រាក់នេះ ទៅអ្នកដែលជាប់ពន្ធនាគារជាមួយគ្នាដោយឲ្យពួកគេ ៥ ដុល្លារឬ ១០ ដុល្លារអាស្រ័យលើពួកគេត្រូវការតិចឬច្រើន។
«ពួកគេនៅរក្សាទំនាក់ទំនងជាមួយខ្ញុំនៅឡើយពីព្រោះខ្ញុំជួយគាំទ្រពួកគេ»។
ប៉ុន្តែការខ្វះខាតការងារនេះក៏បានបង្កើតឲ្យមានការបែកបាក់មួយនៅក្នុងក្រុមមួយដែលធ្លាប់មានសាមគ្គីភាពនេះផងដែរ។
អ្នកធ្លាប់ជាប់ពន្ធនាគារមួយចំនួនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការមិនគោរពសន្យារបស់មេដឹកនាំសហជីពលោក វន់ ពៅ បានធ្វើឲ្យមានការបែកបាក់គ្នា។
លោក លន់ សាន និយាយថា៖ «ខ្ញុំតែងតែដើរតាមគាត់គ្រប់ទីកន្លែងដោយសង្ឃឹមថា នឹងបានការងារដូចការសន្យា ប៉ុន្តែក្រោយមកស្ងាត់ឈឹងឥឡូវនេះខ្ញុំឈប់ដើរតាមគាត់ហើយ ពីព្រោះខ្ញុំគ្មានប្រាក់ចាក់សាំងឬចំណាយលើម្ហូបអាហារទេ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលស្គាល់ថា ភាគច្រើនបំផុតក្នុងចំណោមអ្នក ២៣ នាក់នោះ មិនទាន់មានការងារធ្វើនៅឡើយ ប៉ុន្តែ លោកបានបដិសេធមិនទទួលខុសត្រូវ។
លោកថ្លែងថា៖ «ខ្ញុំធ្លាប់ប្រាប់ពួកគេថា ខ្ញុំនឹងស្វែងរកការងារឲ្យពួកគេបន្ទាប់ពីចេញពីពន្ធនាគារ។ ខ្ញុំមិនបានធ្វើការសន្យាទេ ខ្ញុំគ្រាន់តែបានប្រាប់ពួកគេ … ខ្ញុំនៅកំពុងស្វែងរកការងារឲ្យពួកគេនៅឡើយ»។
លោកបន្ថែមថា៖ «ខ្ញុំមិនអាចបោះបង់ពួកគេបានទេ យើងធ្លាប់ឈឺចាប់ជាមួយគ្នាហើយខ្ញុំនៅតែអំពាវនាវទៅសប្បុរសជនឲ្យជួយពួកគេ ប៉ុន្តែវាពិបាក ព្រោះអីគេមិនចង់ជួយយើងគ្រប់ពេលវេលាទេ»។
ខណៈលោក វន់ ពៅ ដែលជាអ្នកគេស្គាល់ច្រើនក្នុងចំណោមអ្នកជាប់ពន្ធនាគារទាំងនោះនិងមានមុខជាទៀងទាត់នៅក្នុងការតវ៉ាអ្នកធ្លាប់ជាប់ពន្ធនាគារដទៃទៀតនិយាយថា ប្រសិនបើមានការតវ៉ាទាមទារប្រាក់ឈ្នួលអប្បបរមាប្រចាំ ខែ១៧៧ ដុល្លារ ដូចមុនទៀត ពួកគេមានការស្ទើរស្ទាក់ក្នុងការចូលរួម។ លោក លន់ សាន និយាយដែរថា៖ «ខ្ញុំភ័យខ្លាចថា សហជីពទាមទារប្រាក់ឈ្នួលទាំងនោះនឹងបោះបង់ខ្ញុំចោលនៅពេលខ្ញុំមានបញ្ហា ដូច្នេះខ្ញុំនឹងមិនចូលរួមការតវ៉ាទៀតទេ»។
ចំណែកលោក ពិសិដ្ឋ បានថ្លែងថា ទោះគាត់មិនចូលរួមការតវ៉ាណាក៏ដោយ ក៏គាត់មានក្តីសុបិនចង់បង្កើតអង្គការផ្ទាល់ខ្លួនដើម្បីជួយមិត្តភក្តិដែលធ្លាប់ជាប់ពន្ធនាគារជាមួយគ្នា និងជួយអ្នកដែលតស៊ូរស់លើប្រាក់ខែតិចតួចក្នុងវិស័យកាត់ដេរដែរ។
គាត់និយាយថា៖ «ខ្ញុំមិនអាចបើកភ្នែកមើលកម្មករទាំងនោះ និងប្រជាជនក្រីក្រដែលត្រូវគេរំលោភសិទ្ធិទេ»៕
no body care with them, esp the governments also, until now without any solving for victims, no justic, no freedom, what did the governments do for their own people…..? answer is nothing…what the fuck….