Tue, 21 October 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ដោយចំណាយពេលជិត២សប្តាហ៍នៅប្រទេសបារាំង នៅពេលនេះ មាស សុខសោភា បាននាំម្តាយទៅកាន់ប្រទេសអាល្លឺម៉ង់ ជាបន្តទៀត ដើម្បីសម្រេចបំណងដ៏ធំរបស់នាង ខណៈពេលនេះម្តាយរបស់នាងកាន់តែមានវ័យច្រើនណាស់ទៅហើយ។
នៅឆ្នាំនេះ មាស សុខសោភា ពិតជាមមាញឹកនឹងការជិះយន្តហោះដើរច្រៀងនៅក្រៅប្រទេសស្ទើរគ្មានពេលគ្រប់គ្រាន់ក្នុងការផលិតបទចម្រៀងប្រជែងទីផ្សារនៅក្នុងស្រុកនោះទេ ហើយកាលពីជាងមួយខែមុននេះ មាស សុខសោភា ទើបតែត្រឡប់មកពីការសម្តែងជាប់គ្នាៗពីរប្រទេសគឺនៅប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី ដោយនាងថែមទាំងអាចសណ្តោងវត្តមានម្តាយរបស់នាងទៅដើរកម្សាន្តជាមួយទៀតផង។
ក្រោយនាំម្តាយទៅសម្តែងនៅពីរប្រទេសទើបមកដល់ស្រុកខ្មែរមិនទាន់បានស្រួលបួលផង ស្រាប់តែ មាស សុខសោភា ក៏ត្រូវលៃពេលចេញទៅច្រៀងនៅប្រទេសបារាំងទៀត ដោយបានដាក់លក្ខខណ្ឌចំពោះអ្នកធានាថា ត្រូវយកម្តាយទៅជាមួយ ហើយលើសពីអ្វីដែលនាងបានប្រាប់មហាជននោះ នៅពេលនេះ មាស សុខសោភា បានទៅដល់ប្រទេសអាល្លឺម៉ង់ ដើម្បីសម្តែងរយៈពេល១សប្តាហ៍។
តាមរយៈគេហទំព័រផ្ទាល់ខ្លួន មាស សុខសោភា បានឲ្យដឹងថា កម្មវិធីចេញទៅទ្វីបអឺរ៉ុបរបស់នាងលើកនេះ គឺត្រូវសម្តែងនៅទីក្រុងមួយចំនួននៅប្រទេសបារាំងនៅពេលទៅដល់ភ្លាម រួចនាងនឹងត្រូវបន្តទៅប្រទេសអាល្លឺម៉ង់រយៈពេលមួយសប្តាហ៍ ហើយត្រឡប់មកសម្តែងច្រៀងនៅប្រទេសបារាំងវិញ មុននឹងត្រឡប់មកខ្មែរវិញ។
ពាក់ព័ន្ធនឹងចម្ងល់របស់មហាជនលើកឡើងថា មូលហេតុអ្វីបានជា មាស សុខសោភា ចាំបាច់ត្រូវធានាម្តាយទៅជាមួយគ្រប់ការសម្តែងក្រៅប្រទេសនោះ លោក មាស សុខរតនៈ បងប្រុសបង្កើតរបស់ មាស សុខសោភា បានលើកឡើងថា ភាគច្រើននាពេលនេះ មាស សុខសោភា តែងស្នើសុំដល់អ្នកធានានៅបរទេសដើម្បីសុំយកម្តាយទៅជាមួយ ព្រោះគិតថា ម្តាយចាស់ហើយ ហើយគាត់ក៏ហត់នឿយច្រើនស្ទើរពេញមួយជីវិតទៅហើយ មិនដែលបានស្គាល់ប្រទេសក្រៅនោះទេ ដូច្នេះពេលនេះ បើអាចសុំគេបានគឺត្រូវតែយកម្តាយទៅជាមួយ។
លោកនិយាយថា៖«នៅពេលនេះម្តាយខ្ញុំមានអាយុជាង៦០ឆ្នាំហើយ អ៊ីចឹងចង់ឲ្យគាត់បានដើរលេងកម្សាន្តលម្ហែកាយក្រៅប្រទេសខ្លះ តាំងពីដើមមកគាត់ស្គាល់តែហត់នឿយ គួរតែដល់ពេលគាត់ដើរលេងខ្លះហើយ»។
ក្រៅពីចង់នាំម្តាយដើរលេងលម្ហែ ការស្នើសុំធានាម្តាយទៅជាមួយរបស់ មាស សុខសោភា ក៏ព្រោះតែចង់ចំណាយពេលវេលានៅជាមួយម្តាយឲ្យបានច្រើន ដោយសារតែពេលនៅស្រុកខ្មែរ នាងមិនសូវមានពេលរស់នៅជុំគ្នា ឬក៏ដើរលេងជាមួយគ្នាបានស្រួលនោះទេ ដោយសារតែការងាររវល់ស្ទើរតែដកឃ្លាមិនរួច។
លោក រតនៈ និយាយថា៖ «ការចេញទៅក្រៅប្រទេសនេះ អាភា ក៏ចង់មានពេលនាំម៉ែដើរលេងជាមួយគ្នា នៅជាមួយគ្នាឲ្យបានច្រើនដែរ ព្រោះពេលនៅស្រុកខ្មែរគ្មានពេលទេ ព្រលឹមព្រលប់ៗ នៅផ្ទះជាមួយគ្នាមែន តែថ្ងៃខ្លះអត់បានជួបមុខគ្នាក៏មាន»៕
this good for you girl you can take your mum to see another world that mean you pay back to your god ‘some people never have a chance to pay back their parent because the situation not allowed. i never have achance to pay back to my parent.GOD bless you and your family and all cambodian people’