ដោយ៖ អុិត សូធឿត
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក (រូបថត៖ ជន ស្រីណុច)
អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា លោកអាចនឹងស្នើឲ្យសភាពិចារណាសួរដេញដោលរាជរដ្ឋាភិបាលពីកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយតំណាងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា មានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមានកាតព្វកិច្ចចាំបាច់ណាមួយក្នុងការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនោះទេ។ លោកមានប្រសាសន៍ថា «បើសិនណាជារដ្ឋាភិបាលនៅតែធ្វើអ៊ីចឹងមែន គឺយើងអាចស្នើឲ្យសភាយើងពិចារណាដែរ»។
លោក កឹម សុខា ថា បើទោះបីកម្ពុជាជាប្រទេសហត្ថលេខីក្នុងអនុសញ្ញាអន្តរជាតិជនភៀសខ្លួន តាំងពីឆ្នាំ១៩៥១មកក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនមានកាតព្វកិច្ចក្នុងការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនោះទេ ព្រោះបញ្ហាជនភៀសខ្លួនអូស្ត្រាលីនេះ មានការរិះគន់ពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ លោក កឹម សុខា មានប្រសាសន៍ថា «យើងអត់យក គេបន្ទោសយើង អាហ្នឹងចាំយើងយក។ បើថាយើងយកហើយគេបន្ទោសយើង…អាហ្នឹងយើងខុសហើយ។ ដូចជាអត់មានអត់ត្រូវកាតព្វកិច្ចទេ»។
អនុប្រធានទី១នៃរដ្ឋសភា បន្ថែមទៀតថា កម្ពុជាក៏គ្មានកាត្វកិច្ចមនុស្សធម៌ ក្នុងការទទួលយកជនភៀសខ្លួនទាំងនោះឲ្យមកនៅកម្ពុជាដែរ ព្រោះពួកគេមិនបានសុំមកជ្រកកោននៅប្រទេសកម្ពុជានោះទេ គឺសុំទៅជ្រកកោននៅប្រទេសអូស្ត្រាលី ហើយកម្ពុជាខ្លួនឯងមិនទាន់អាចដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរបស់ខ្លួនបាននៅឡើយ។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គីមហួន បានថ្លែងថា នាយករដ្ឋមន្ត្រីកម្ពុជា និងអូស្ដ្រាលី លោកហ៊ុន សែន និងលោក តូនី អាប់ប៊ុត បញ្ជាក់ជាថ្មីថា ការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ដ្រាលី គឺផ្អែកលើលក្ខខណ្ឌច្បាប់អន្ដរជាតិ ព្រោះថា កម្ពុជាគឺរដ្ឋភាគីនៃអនុសញ្ញាអន្ដរជាតិស្ដីពីជនភៀសខ្លួន។ លោកកៅ គឹមហ៊ួន បញ្ជាក់ថា កម្ពុជានឹងទទួលយកតែជនភៀសខ្លួនទាំងឡាយណា ដែលស្ម័គ្រចិត្តមកកម្ពុជាតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា បានអនុញ្ញាតឲ្យតំណាងព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន និងសហគមន៍ដីធ្លី ដែលបានដឹកនាំធ្វើបាតុកម្ម ប្រឆាំងនឹងកិច្ចព្រមព្រៀងស្ដីពីការផ្ទេរជនភៀសខ្លួនពីអូស្ដ្រាលីមកកម្ពុជា ចូលជួបដើម្បីបង្ហាញពីកង្វល់របស់ខ្លួន។ លោក កឹម សុខា បានសន្យាថានឹងនាំយកសេចក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៅប្រាប់រដ្ឋាភិបាលទាំងពីរ។
កន្លងទៅ ប្រជាពលរដ្ឋជាពិសេសក្រុមយុវជន បានដឹកនាំការតវ៉ាមួយដោយដាក់ញត្តិតាមនៅស្ថានទូតនានា ដើម្បីដាក់សម្ពាធដល់ប្រទេសទាំងពីរពិចារណាលុបចោលកិច្ចព្រមព្រៀងក្នុងការបញ្ជូន និងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ដ្រាលីមកកម្ពុជា។
ក្រោមកិច្ចព្រមព្រៀងដែលត្រូវធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ការទទួលជនភៀសខ្លួនត្រូវធ្វើឡើងតាមអនុសញ្ញា ស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧ ស្តីពីឋានៈជនភៀសខ្លួន និងអនុក្រឹត្យស្តីពីនីតិវិធីក្នុងការពិនិត្យ និងទទួលស្គាល់ឋានៈជនភៀសខ្លួន ឬសិទ្ធជ្រកកោនរបស់ជនបរទេសនៅកម្ពុជា។
ការទទួលជនភៀសខ្លួននេះ ប្រទេសអូស្ត្រាលីបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន៣៥លានដុល្លារដល់កម្ពុជា។
រហូតមកដល់ពេលនេះបញ្ហាអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ដ្រាលីស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ស្របពេលដែលប្រជាពលរដ្ឋ បក្សប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជា និងអូស្ដ្រាលីកំពុងធ្វើការតស៊ូមតិ ប្រឆាំងនឹងកិច្ចព្រមព្រាងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរនោះ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sotheouth@vodhotnews.com
ជារឿងធម្មតាទេ ក្នុងនាមជាតំណាងរាស្ត្រ ដែលត្រូវបំពេញការងារ។
នេះហើយ ដែលគេហៅថា ប្រជាធិបតេយ្យស្របច្បាប់។
សូមលោកធ្វើការងារនេះ តាមតែពេញចិត្ត។
តែការងារដែលយើងធ្វើ ត្រូវធ្វើក្នុងន័យ ដើម្បីប្រយោជន៍ជាតិ ពុំមែនធ្វើ បង្កើតជាការញុះញង់ដណ្តើមមុខមាត់ ដែលនាំប្រទេសបែកបាក់៕