​អ្នកច្បាប់​៖ អភិបាលខេត្ត​គ្មាន​សិទ្ធិកោះហៅ​មន្ត្រី​តុលាការ​មក​សួរនាំ​ លើ​ការសម្រេចសេចក្តី​ទេ​​

ដោយ៖​ ឡាយ ស​មាន​​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នកជំនាញ​ផ្នែក​ច្បាប់​ក្នុងស្រុក លើកឡើងថា ការ​ដែល​អភិបាលខេត្ត​កោះអញ្ជើញ​ប្រធាន​តុលាការ ឬ​ព្រះរាជអាជ្ញាឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការសម្រេចសេចក្តី​លើក្តី​បទល្មើស​អ្វី​មួយ​នោះ គឺជា​ការរំលោភ​លើ​អំណាចតុលាការ និង​ក្រសួង​យុត្តិធម៌​។​

​ការបកស្រាយ​របស់​អ្នក​ច្បាប់​នេះ ដោយសារ​តែ​ថ្មីៗ​នេះ អភិបាលខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​កោះអញ្ជើញ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​បំភ្លឺ​របាយការណ៍​ស្តី​ពី​ការសម្រេច​ មិន​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់ពី​បទ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​។​

ប្រធាន​សម្របសម្រួល​គណៈ​កម្មា​ធិ​ការប្រព្រឹត្តកម្ម លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើ​អភិបាលខេត្ត​ចង់ដឹង​ពី​ស្ថានភាព​បទល្មើស​ថយ ឬ​មាន​ការកើនឡើង គាត់​អាច​កោះហៅ​ប្រធាន ឬ​ព្រះរាជអាជ្ញា​សាកសួរ​បន្ថែម​បាន ក្នុងនាម​ជា​មន្ត្រី​គ្រប់គ្រង​ខេត្ត​។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​អភិបាលខេត្ត​កោះហៅ​ប្រធាន​សាលាដំបូង​ខេត្ត​ឲ្យចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការសម្រេច​រឿងក្តី​អ្វីមួយ​នោះ ជា​ការបំពាន​អំណាចតុលាការ​។ លោកបញ្ជាក់ថា «ឧទាហរណ៍ថា អភិបាលខេត្តគេចង់ដឹងស្ថានភាពដាក់ទៅហ្នឹងម៉េច ស្ថានភាពបទល្មើសទូទាំងខេត្តរបស់គេយ៉ាងម៉េច គេមានសិទ្ធិដឹង ដល់ពេលពាក់ព័ន្ធរឿងក្តីថាអ្នកឯង ចាប់គេម៉េច កាត់ក្តីគេម៉េចអាហ្នឹងអត់ត្រឹមត្រូវ»។

អនុរដ្ឋលេខាធិការក្រសួង​យុត្តិធម៌ លោក ជន ម៉ា​លីន មានប្រសាសន៍ថា អំណាចនីតិប្រតិបត្តិ​មិន​អាច​បញ្ជា​ទៅលើ​អំណាច​តុលាការ​បាន​ទេ​។ ប៉ុន្តែ​លោក​ថា ក្នុង​ស្មារតី​កិច្ចសហការ​គ្នា ដើម្បី​ទប់ស្កាត់​បទល្មើស និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ខេត្ត អភិបាល​ខេត្ត​នេះ​អាច​កោះហៅ​ប្រធាន​សាលាដំបូង​សាកសួរ​បន្ថែម​បាន។ លោកបន្ថែមថា «បាទ គឺមិនអាចលូកលាន់ទៅក្នុងកិច្ចការផ្ទៃក្នុងបានទេ ប៉ុន្តែខ្ញុំនិយាយនេះជាដំណើរការនីតិវិធី ហើយវាជាដំណើរការឯករាជ្យរបស់តុលាការ មិនអាចមានភាគីណាមួយលូកលាន់ ឬក៏ឲ្យបំភ្លឺ ឬក៏អន្តរាគមន៍បានទេ (ប៉ុន្តែជាក់ស្តែងប្រសិនបើកោះហៅក្នុងកិច្ចសហការអាចបាន) បាទ អាចកិច្ចសហការបានព្រោះអី យើងជាសមត្ថកិច្ចដែលមានការទទួលខុសត្រូវថែរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តទាំងអស់»។

ទាក់ទង​ករណីនេះ​អភិបាលខេត្ត​តាកែវ​ លោក ឡាយ វណ្ណៈ ប្រាប់ VOD នៅ​ថ្ងៃ​ទី២១ ខែតុលា​នេះ​ថា លោក​គ្រាន់តែ​អញ្ជើញ​ប្រធាន​សាលាដំបូង​ខេត្ត​ចូល​បំភ្លឺ​របាយការណ៍​ទាក់ទង​នឹង​ការ​មិន​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពី​បទ​រក្សាទុក​គ្រឿងញៀន​ខុស​ច្បាប់​ប៉ុណ្ណោះ មិនមែន​បំភ្លឺ​រឿងក្តី​នោះ​ទេ​។ លោកបន្តថា ដោយសារ​មាន​ចម្ងល់​ពី​សាធារណៈជន​ថា ហេតុអ្វី​បានជា​ព្រះរាជអាជ្ញា​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​ទាំងនោះ ទើប​លោក​ចង់​ដឹង​ពី​មូលហេតុ និង​អាច​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​។ លោក​បញ្ជាក់ថា លោក​ដឹង​ពី​តួនាទី​របស់​ខ្លួន​ថា​មាន​អំណាច​ដាច់ដោយឡែក​ពីគ្នា​។ លោកមានប្រសាសន៍ថា «ប៉ុន្តែលើកទីបី ឲ្យលែងទៅទាំងអស់ លើកទីបីនេះ អភិបាលស្រុកសំរោង និងអធិការស្រុកសំរោងបានធ្វើរបាយការណ៍ឲ្យបងមួយ ហើយបងបានរាយការណ៍ជូនឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះរឿងខេត្តតាកែវ គឺឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សុខ អាន អំពីបញ្ហាថា របាយការណ៍របស់អភិបាលស្រុក និងអធិការស្រុកសំរោង ថាចាប់បានគ្រឿងញៀនបីដង ហើយតុលាការដោះលែងទៅទាំងបីដង អ៊ីចឹងឧបនាយករដ្ឋមន្រ្តី សុខ អាន លោកមានប្រសាសន៍ថា ឲ្យបងអញ្ជើញតុលាការមកសួរ បំភ្លឺថាហេតុអ្វីប៉ូលិសចាប់បានចេះតែលែងអ៊ីចឹង»។

​តាម​លិខិត​សរសេរ​ដោយ​ដៃ​លោក ឡាយ វណ្ណៈ ចុះ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ​២០១៤ គឺ​បាន​កោះអញ្ជើញ​ប្រធាន​សាលាដំបូង​ខេត្ត​លោក ប្លង់ ឆ្លាម និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក ច្រឹង ខ្មៅ ឲ្យចូល​បំភ្លឺ​ករណី​របាយការ​ណ៍​ចុះ​ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៤ របស់​អធិការដ្ឋាន​ស្រុក​សំរោង ស្តី​ពី​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពី​បទ​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នកច្បាប់​៖ អភិបាលខេត្ត​គ្មាន​សិទ្ធិកោះហៅ​មន្ត្រី​តុលាការ​មក​សួរនាំ​ លើ​ការសម្រេចសេចក្តី​ទេ​​"

  1. people says:

    still used communist style. this case should openly to media or press that why people understand how it going on in the law and the meantime people understand the law too.GOD bless all cambodian people’