CPP និង​ CNRP​ ថាការងារ​កំណែទម្រង់​បោះឆ្នោត​ដែល​មិន​ព្រមព្រៀងគ្នា ​សល់​ប្រមាណ​១០​ភាគរយ​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

កិច្ចប្រជុំ​រវាង​ក្រុម​ការងារ​កំណែទម្រង់​ការបោះឆ្នោត​បក្ស​ទាំងពីរ កាលពី​ព្រឹកមិញ នៅវិមាន​រដ្ឋសភា (រូបថត៖ ណាត​ សុភាព)

​ក្រុម​ការងារ​កំណែទម្រង់​ការបោះឆ្នោត​បក្ស​ទាំងពីរ​ថា ចំណុច​នៅ​មិន​ព្រមព្រៀងគ្នា​មាន​ប្រមាណ​១០​ភាគរយ​ទៀត​ប៉ុណ្ណោះ សម្រាប់​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង រួម​ជាមួយ​ចំណុច​លម្អិត​មួយចំនួន​របស់ គ​.​ជ​.​ប​។  

បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ​ដែល​ធ្វើ​នៅ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្ត្រី​ផ្លូវ​ការឲ្យដឹងថា ច្បាប់​បោះឆ្នោត​ថ្មី​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ព្រាង និង​លើក​យកមក​ពិភាក្សា​នោះ​មាន​៧​ជំពូក និង​៦៦​មាត្រា​។​

ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា គណបក្ស​នេះ​កំណត់​លក្ខណៈសម្បត្តិ​របស់​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​របស់ គ​.​ជ​.​ប គឺ​ត្រូវមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ និង​ត្រូវ​មាន​សញ្ញាបត្រ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ត្រឹម​អាយុ​២៥​ឆ្នាំ​។​

យ៉ាងនេះក្តី លោក ប៊ិន ឈិន បញ្ជាក់ថា ចំណុច​ខ្វែងគំនិត​គ្នា​នៅ​សល់​តែ​ប្រមាណ​១០​ភាគរយ ដើម្បី​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នកសម្រេច​។ លោកបន្ថែម​ថា «ថ្ងៃ​ចន្ទ​ជួប​គ្នា​ទៀត​ហើយ ហ្នឹ​ងហើយ​ថ្នាក់​លើ​សម្រេច ថាមិន​ត្រូវ​ទេ​ណា ព្រោះ​ប្រហែល​ជា​ច្បាប់​ហ្នឹង តាម​ក្នុង​កិច្ច​ព្រម​ព្រៀង​ទាល់​តែ​ច្បាប់​ទាំងពីរ​ហ្នឹង​ធ្វើ​ ប៉ុន្តែ​អាហ្នឹង​ស៊ី​សង​លើ​ថ្នាក់​ដឹក​នាំ ខាង​ខ្ញុំ​នេះគណៈកម្មការ​បច្ចេក​ទេស​ មិន​ទៅ​និយាយ​កិច្ច​ការ​ហួស​ពី​កិច្ច​ព្រម​ព្រៀង​នោះបាន​ទេ​»។

លោក ប៊ិន ឈិន ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា

 

ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន ក៏​យល់ស្រប​នឹង​ការលើកឡើង​របស់​លោក ប៊ិន ឈិន ដែរ​។ លោក​ថា រាល់​ការជជែក​គ្នា ត្រូវ​ធ្វើឲ្យ​ស្រប​តាម​កិច្ច​ព្រមព្រៀង​របស់​គណ​បក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​។ លោក​បន្តថា កិច្ចពិភាក្សា​នេះ និង​បន្ត​នៅ​រដ្ឋសភា ថ្ងៃ​២៧ ខែតុលា សប្តាហ៍​ក្រោយ​។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា រិះគន់​ការប្រជុំ​រវាង​បក្ស​ទាំងពីរ​នេះ​ថា ស្ថិតនៅ​ក្នុង​ស្ថានភាព​អាថ៌កំបាំង​នៅឡើយ​។ លោក​យល់ថា បក្ស​ទាំងពីរ គួរ​ចេញ​សេចក្តីព្រាង​នៃ​កិច្ចប្រជុំ​នោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​មន្ត្រី​របស់​គណបក្ស​ផ្សេងទៀត និង​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹង​ពី​ការវិវត្តន៍​នៃ​កិច្ចប្រជុំ ចៀសវាង​ការរិះគន់​នៅ​ថ្ងៃក្រោយ​ទៀត។ លោក​មាន​ប្រសាសន៍​ថា «សេចក្តី​ស្នើ​ច្បាប់​របស់​គាត់ហ្នឹង ដែល​គាត់​បាន​ស្រុះ​ស្រួល​គ្នា​៩០ភាគរយ​ហ្នឹង បញ្ចេញ​អាហ្នឹង​មក ឲ្យ​អ្នក​ពាក់​ព័ន្ធ​ហ្នឹង​គេ​បាន​ដឹង​ផង ជាពិសេស​គណបក្ស​ដែល​គេ​មានសកម្មភាព ដែល​គេ​ចង់​ចូល​រួម ការ​បោះឆ្នោតទៅ​មុខ​ទៀត ឲ្យ​គេ​ជួយ​មើល​ផងទៅ ហើយ​អង្គ​ការ​សង្គម​ស៊ីវិល សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត​នេះ គេ​បាន​ជួយ​មើល​ផ​ង​ទៅ។ អ៊ីចឹង​គួរ​តែ​មាន​ការ​ជជែក​ពី​ឥឡូវ​ទៅ ដើម្បី​ឲ្យ​ចាប់​ផ្តើម​មាន​មនុស្ស​ចូល​រួម​គិត​គូរ​ពី​រឿង​ហ្នឹង ឲ្យ​យោបល់​ យើង​កែ​ខ្លះ​អី​ខ្លះទៅ យើង​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​ វា​រឹង​មាំ ហើយ​ការ​បង្កើត​ គជប​ ថ្មី​ហ្នឹង វា​មាន​ការ​ទុក​ចិត្ត​ពី​អ្នក​ពាក់​ព័ន្ធ​សំខាន់​ៗជា​ច្រើន​។ វា​មិន​បាន​១០០​ភាគ​រយ តែវា​បាន​ច្រើន​​»។

កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ធ្វើកំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​ឲ្យ​ឯករាជ្យ ដោយសារ​បក្សប្រឆាំង​ចោទថា ការបោះឆ្នោត​កន្លងមក​មិន​ត្រឹមត្រូវ និង​មានភាពមិនយុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​៕

សូមសរសេរមកលោក​ ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "CPP និង​ CNRP​ ថាការងារ​កំណែទម្រង់​បោះឆ្នោត​ដែល​មិន​ព្រមព្រៀងគ្នា ​សល់​ប្រមាណ​១០​ភាគរយ​​"

  1. sankongborom says:

    free election means FREEDOM for Cambodian people.