Wed, 22 October 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ត្បូងឃ្មុំៈ ជាមួយសំឡេងហ៊ោកញ្ជ្រៀវដ៏រីករាយ គោយន្តជាច្រើនគ្រឿងបានបន្ថែមល្បឿនពុះជ្រែកវាលភក់ដ៏ធំនៅក្នុងកម្មវិធីប្រណាំងគោយន្តដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុនគូបូតាកាលពីចុងសប្តាហ៍មុន ដែលឆ្នាំនេះបានរៀបចំឡើងនៅខេត្តត្បូងឃ្មុំ ស្ថិតក្រោមការគ្រប់គ្រងរបស់អភិបាលលោក ប្រាជ្ញ ច័ន្ទ។
លោក អូផាត ថាន់វ៉ារះឆន ដែលជាអគ្គនាយករងក្រុមហ៊ុនស្យាម គូបូតា ខបភើររេសិន បានមានសាសន៍ថា ការប្រណាំងគោយន្តដើរតាមលើទីលានដីភក់ជាប្រភេទកីឡាកម្សាន្តដ៏រីករាយមួយដែលមានប្រភពមកពីប្រទេសថៃ និងទទួលបានការពេញនិយមពីប្រជាកសិករថៃ ជាពិសេសបណ្តាកសិករ ដែលរស់នៅតាមតំបន់ភាគខាងជើង។ លោកបន្តថា រៀងរាល់ឆ្នាំមានការប្រណាំងគោយន្តដើរតាមប្រមាណ១០-១៥ ទីលាន និងមានអ្នកចូលរួមលើកទឹកចិត្តប្រមាណ ២ ០០០-៥ ០០០ នាក់។
ដើម្បីផ្តល់ភាពសប្បាយរីករាយបន្ទាប់ពីហត់នឿយក្នុងរបរកសិកម្មនេះ លោក អូផាត បន្តទៀតថា ក្រុមហ៊ុនស្យាម គូបូតា ខបភើររេសិនចំកាត់ បានសហការជាមួយក្រុមហ៊ុន គូបូតា (ខេមបូឌា) មានផែនការក្នុងការពង្រីកកម្មវិធីប្រណាំងគោយន្តដើរតាមលើទីលានភក់នេះ ទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនិយមប្រើប្រាស់គោយន្តដើរតាមសម្រាប់ធ្វើស្រែចម្ការដោយចាប់ផ្តើមរៀបចំការប្រណាំងនៅក្នុងប្រទេសកម្ពុជាជាប្រទេសដំបូងគេ។
សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំការប្រណាំងនេះចំនួន៨លើកមកហើយដោយគិតចាប់តាំងពីឆ្នាំ២០១២ ក្នុងនោះមានដូចជាខេត្តតាកែវ បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ព្រៃវែង និងខេត្តកំពង់ស្ពឺ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាកសិករ ហើយនៅក្នុងបរិវេណនៃកម្មវិធីប្រណាំងយកជើងឯកលើកនេះ បានជ្រើសរើសយកកីឡាករ ដែលបានឈ្នះពីការប្រណាំងគោយន្តដើរតាមលើទីលានដីភក់ពីខេត្តទាំង៨ ខាងលើ មកចូលរួមប្រណាំងយកជើងឯកដំបូងគេ ប្រចាំប្រទេសកម្ពុជាផងដែរ។
ការប្រណាំងនោះត្រូវបែងចែកជា២ស៊េរី គឺម៉ាស៊ីនដែលមានកម្លាំង១២សេះ និង ម៉ាស៊ីនដែលមានកម្លាំង១៤សេះ។ ជុំចុងក្រោយបន្ទាប់ពីឆ្លងកាត់ការប្រណាំងយ៉ាងស្វិតស្វាញមក ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះ ដោយរង្វាន់ជើងឯកលេខ១ ទទួលបានពានមួយនិងទឹកប្រាក់១០០០ដុល្លារ។ លេខ២ ទទួលបានពានមួយនិងទឹកប្រាក់៧០០ដុល្លារ លេខ៣ ទទួលបានពានមួយ និងទឹកប្រាក់៥០០ដុល្លារ ហើយ លេខ៤ទទួលបានពានមួយ និងទឹកប្រាក់៣០០ដុល្លារ។
លើសពីនេះ ក្រុមដែលទទួលបានរង្វាន់ជើងឯកទាំងពីរប្រភេទនៅក្នុងឆ្នាំនេះនឹងទទួលបានការអញ្ជើញចូលរួមកម្មវិធីជើងឯកប្រណាំងគោយន្តប្រចាំប្រទេសថៃលើកទី៤ ប្រចាំឆ្នាំ ២០១៥ផងដែរ៕

ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា មិនដែរលឺ ពាក្យថា ខេត្ត ត្បូងឃ្មុំទេពីមុនមក តែពេល
នេះទើបតែដឹង៕៕៕
ដោយសារតែអ្នកដឹកនាំខ្មែរ បានពង្រីកខេត្តនៅផ្ទៃក្នុងប្រទេស ប៉ុន្តែមិនដែលពង្រីកខេត្ត
នៅតាមជាយព្រំដែនសោះឡើយ!!!!