រួច​ពី​កណ្ដាប់ដៃ​ស្វាមី​ចិន​វិល​មក​អាជីព​ជា​នារី​កំដរ​ភ្ញៀវ​នៅក្នុង​បន្ទប់​ខារ៉ាអូខេ

នារី​កំដរ​ភ្ញៀវ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ដោយ​លាក់បាំង​មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​អាជីព​របស់​នាង។

នារី​កំដរ​ភ្ញៀវ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ដោយ​លាក់បាំង​មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​អាជីព​របស់​នាង។ ហុង រស្មី



ភ្នំពេញប៉ុស្តិ៍

ព្រៃវែង: ស្ថិត​ក្រោម​ពន្លឺ​ភ្លើងពណ៌​ដ៏ស្រទន់ អម​ដោយ​បទចម្រៀង​លាន់ខ្ទរ​ពេញ​បន្ទប់ មាន​ទាំង​ម្ហូបចំណី និង​គ្រឿងស្រវឹង​ត្រៀបត្រា​ពេញ​លើ​តុ អ្នក​ខ្លះ​កំពុង​តែ​បង្ហើរ​សំនៀង​តាម​អក្សរ​រត់​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​ខ្លះ​ទៀត​កំពុង​តែ​លូកស្ទាប បបោសអង្អែល​នារី​ស្រស់ស្អាត​អង្គុយ​កៀកកើយ​។

ទិដ្ឋភាព​ដ៏ក្អាកក្អាយ​ហាក់​ស្ដែងពី​អារម្មណ៍​រំភើប​រីករាយ​ចេញ​ពី​ដួងចិត្ដ​ពិតៗ ប៉ុន្ដែ​វា​មិន​សុទ្ធតែ​ដូច្នោះ​ទេ​។ ប្រសិន​បើ​យើង​ក្រឡេក​មើល​ទៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ជីវិត​របស់​នារី​កំដរ​ក្នុង​ហាង​ខារាអូខេ​ទាំងនោះ ពួកគេ​មាន​ទុក្ខសោក​លាក់​ក្នុង​ដើមទ្រូង​ច្រើន​រយ​ជំពូក​ដែល​ដោះស្រាយ​មិន​ចេញ​។

អាណែត វ័យ​១៩​ឆ្នាំ ជា​នារី​កំដរ​ក្នុង​ហាង​ខារាអូខេ​មួយ​កន្លែង បាន​ចំណាយ​ពេលវេលា​យុវវ័យ​របស់​ខ្លួន​ក្នុង​ពិភពកម្សាន្ដ​ដ៏ស្រើបស្រាល​កំដរ​អារម្មណ៍​បុរសៗ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ធីប​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត​។

ក្នុង​សំនៀង​បែប​អៀនខ្មាស​នាង​បាន​រៀបរាប់​ថា​៖ «​ពេល​ខ្ញុំ​អង្គុយ​កំដរ​ភ្ញៀវ​ម្នាក់ ជួនកាល​គាត់​ឲ្យ​ខ្ញុំ​៥​ដុល្លារ ឬ​១០​ដុល្លារ​ទៅ​តាម​ទឹកចិត្ដ​របស់​គាត់​។ សរុបមក ក្នុង​មួយ​ខែ ខ្ញុំ​អាច​រក​ចំណូល​បាន​ពី​៣០០​ទៅ​៤០០​ដុល្លារ និង​សល់​ប្រមាណ​ពី​១០០​ទៅ​២០០​ដុល្លារ​ក្រោយពី​ទូទាត់​ចាយវាយ​ផ្សេងៗ ដូចជា ចំណី​អាហារ និង​សម្លៀកបំពាក់​ជាដើម​»។

យុវតី​រូប​នេះ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ នាង​អាច​លៃលក​ប្រាក់​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល​ដើម្បី​ផ្ញើ​ទៅ​ជូន​ឪពុកម្ដាយ​ដែល​មិន​បាន​ដឹង​ពី​មុខរបរ​ក្រោម​ភ្លើងពណ៌​របស់​កូន​ដែរ​។

អាណែត បាន​ខ្សឹប​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគាត់​ដឹង​ពី​មុខរបរ​របស់​ខ្ញុំ​ទេ​។ នៅពេល​ចេញ​ពី​ផ្ទះ​ក្រោយ​ប្រឡប់​មកពី​ប្រទេស​ចិន​វិញ ខ្ញុំ​ប្រាប់​ពួកគាត់​ថា ខ្ញុំ​មក​ធ្វើការ​ជា​អ្នក​រត់តុ​គុយទាវ​ឲ្យ​គេ​នៅ​ទីក្រុង​ភ្នំពេញ​»។

អាណែត បាន​រៀបរាប់​ពី​បទពិសោធ​ចូល​បម្រើ​ការងារ​ក្នុង​បន្ទប់​ខារាអូខេ​នេះ​ថា៖ «​វា​ពិបាក​គឺ​ពិបាក​ហើយ តែ​ដើម្បី​លុយ ខ្ញុំ​ត្រូវ​តែ​ខំ​ទ្រាំៗ​ទៅ​។ ចូល​បន្ទប់​ខារាអូខេ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ភ័យ ពិបាក​ក្នុង​ខ្លួន​ណាស់ គិត​ពី​នេះ​ពី​នោះ​ចង់​ស្លាប់​ហើយ ដោយសារ​តែ​ភ្ញៀវ​ចេះ​តែ​លូកលាន់​ពេក​។ ប៉ុន្ដែ​ខ្ញុំ​គ្មាន​ជម្រើស​ទេ ចេះ​តែ​ទ្រាំ​សប្បាយ​ជាមួយ​ភ្ញៀវ​ទៅ​ដើម្បី​តែ​លុយ​»។

ទន្ទឹម​នឹង​ភាព​សប្បាយ​រីករាយ​នេះ យុវតី​រូប​នេះ បាន​ប្រាប់​ពី​ការ​លំបាក​ថា ជួនកាល ភ្ញៀវ​ខឹងសម្បា ឡូឡា និង​បោកកែវ បោក​ចាន​ពេញ​បន្ទប់ ដោយសារ​តែ​នាង​ទ្រាំ​នឹង​ការ​លូកលាន់​រាងកាយ​ខ្លាំងពេក​មិន​បាន​។

មុន​ពេល​ឈាន​ជើង​ចូល​បម្រើការ​ជា​នារី​កំដរ​ក្នុង​ហាង​ខារាអូខេ​នេះ អាណែត បាន​ត្រូវ​ចាស់ទុំ​ផ្គូផ្គង​ជាមួយ​បុរស​ចិន​ដីគោក​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។ ពេល​នោះ ឆាក​ជីវិត​ដ៏សែន​ជូរចត់​បាន​កើត​ចំពោះ​នាង និង​ស្ដ្រី​ខ្មែរ​ជាច្រើន​នាក់ ដោយ​ត្រូវ​បាន​ប្ដី​ចិន​តែងតែ​វាយ​ធ្វើបាប បង្អត់​អាហារ និង​ធ្វើការ​បម្រើ​គេ​គ្មាន​ស្រាកស្រាន្ត។

នាង អាណែត រំឭក​រឿង​អតីត​របស់​ខ្លួន​ថា​៖ «​ដោយសារ​តែ​ជីវភាព​ក្រខ្សត់​ពេក ក្នុង​ឆ្នាំ​២០១២ ឪពុក​ម្ដាយ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​រៀបការ និង​វេចបង្វេច​ធ្វើ​ដំណើរ​ទៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្ដី​នៅ​ស្រុក​ចិន»​។ ជា​អកុសល យុវតី​ខ្មែរ​ដែល​មិន​ប្រាថ្នា​រស់​ឆ្ងាយ​មាតុភូមិ​កំណើត​ត្រូវ​បាន​ប្ដី​អប្រិយ​វាយដំ​ច្រំធាក់ និង​បង្ខំ​ធ្វើ​ការ​បម្រើ​ខ្លួន​ដូរ​បាយ​មិន​ឆ្អែត​ក្រពះ​។

ស្ដ្រី​ជា​ភរិយា​ជនជាតិ​ចិន​ដ៏ក្មេងខ្ចី​រូប​នេះ បាន​ឲ្យ​ដឹង​ថា ស្ដ្រី​ខ្មែរ​ជាច្រើន​ទៀត​ដែល​មាន​វាសនា​ដូច​រូបនាង​ដោយ​ត្រូវ​ប្ដី​ចិន​ឃុំឃាំង​ក្នុង​បន្ទប់​បង្អត់​អាហារ និង​វាយ​ធ្វើបាប​រហូត​រលូត​កូន​ក៏​មាន​ដែរ​។ នាង​បាន​អះអាង​ថា​៖ «​ពួកយើង​បាន​ទៅ​ប្រាប់​បុគ្គលិក​មន្ដ្រី​ស្ថានទូត​ខ្មែរ​នៅ​ចិន​នោះ​ដែរ តែ​គេ​មិន​ជឿ​ថា ជនជាតិ​ចិន​វាយ​ធ្វើ​បាប​យើង​ទេ ទាល់តែ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក​បាន​ជឿ​»៕


What Next?

Recent Articles

3 Responses to "រួច​ពី​កណ្ដាប់ដៃ​ស្វាមី​ចិន​វិល​មក​អាជីព​ជា​នារី​កំដរ​ភ្ញៀវ​នៅក្នុង​បន្ទប់​ខារ៉ាអូខេ"

  1. people says:

    GOD bless you girl ‘you are free now do what ever you want to do ,not like china they are communist and their citizen grove up in communist never know humane right so they are so arrogant and violent .GOD bless all cambodian people’

  2. i,khmer says:

    My dear….go home, wash yourself off those scumbag odor….count your tip and smile. save enough money then quit that fucking job. open your small business, forget about the past and live happily ever after in peace!!! next life you will reborn as hun sen daughter……….

  3. កោះពេជ្រ says:

    មាតា បិតា ខ្មែរទាំងអស់ មិនគួរណាជំរុញកូនឱ្យទៅយកប្ដីជនជាតិចិននៅក្រៅប្រទេសកម្ពុជាឆ្ងាយពីខ្លួនអញ្ចឹងទេ
    ព្រោះទំនាមទម្លាប់គ្រប់សាសន៍ចិន តម្រូវឱ្យកូនប្រសារស្រីបំរើឪពុកម្ដាយក្មេក បងថ្លៃ ប្អូនថ្លៃយ៉ាងវេទនា
    ហើយប្រុសៗចិនទុកលុយក្នុងដៃធ្វើជាមេគ្រួសារមិនរបេះទេ !
    គួរឱ្យអាណិតប្អូនស្រីណាស់ សុំស្រីៗខ្មែរទាំងអស់កុំយកប្ដីទៅរស់នៅស្រុកចិនឬកូរ៉េ មិនល្អទេ
    បើចង់យកប្ដីចិន ឬ កូរ៉េ ត្រូវរស់នៅក្នុងស្រុកខ្មែរជិតឪពុកម្ដាយទើបល្អ ។