ដោយ៖ ជន ស្រីណុច
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់រួចរួមមានសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ ឆ្នាំ២០០៨ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នៅថ្ងៃសុក្រស្អែកនេះ។
សេចក្តីជូនដំណឹងរបស់(គ.ជ.ប) ចុះថ្ងៃទី២០ខែតុលានេះឲ្យដឹងថា ការបំផ្លាញសន្លឹកឆ្នោតនេះ នឹងត្រូវធ្វើឡើងនៅផ្ទះលេខ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃសុក្រទី២៤ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៨:០០ព្រឹក។
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការធ្វើវិសោធនកម្មនៃច្បាប់នេះ មាត្រា១៦ ចំណុចទី២៧ ចែងថា គ.ជ.ប មានសិទ្ធិពេញលេញក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន រៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត តាមអាណត្តិនិមួយៗ បន្ទាប់ពីការរក្សាទុកដោយសុវត្ថិភាពក្រោយពេលបោះឆ្នោត៤ឆ្នាំ។
គ.ជ.ប ធ្លាប់បំផ្លាញសន្លឹកឆ្នោត២លើករួចមកហើយ គឺលើកទី១ បំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតនៅឆ្នាំ១៩៩៨ និង២០០២ ដុចកម្ទេចនៅឆ្នាំ២០០៥ និងលើកទី២ សន្លឹកឆ្នោតដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតឆ្នាំ២០០៣ និងឆ្នាំ២០០៧ ដុតកម្ទេចនៅឆ្នាំ២០០៩៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

Ballot papers used is a strong evidence to revealing that voting was rigged, fraud and cheating! Should not be destroyed!