ដោយ ប្រាជ្ញ ចេវ
2014-10-30
RFA
រាជរដ្ឋាភិបាលមិនទាន់បង្ហាញជំហរថា នឹងផ្តល់សំណងបែបណាទៅជនរងគ្រោះ និងសាច់ញាតិជនគ្រោះក្នុងហេតុការណ៍ផ្ទុះកាំជ្រួចខុសបច្ចេកទេសនៅឡើយទ។ ចំណែកសង្គមស៊ីវិល អ្នកវិភាគសង្គម និងក្រុមគ្រួសារជនរងគ្រោះ បានដាក់បន្ទុកឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើរឿងនេះ។
ខណៈដែលរដ្ឋាភិបាលមិនទាន់បង្ហាញការទទួលខុសត្រូវណាមួយលើហេតុការណ៍ផ្ទុះកាំជ្រួចដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ និង ៦នាក់រងរបួសធ្ងន់ មន្រ្តីសង្គមស៊ីវិល អ្នកវិភាគសង្គម និងប្រជាពលរដ្ឋ បានដាក់បន្ទុកលើស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវទទួលខុសទាំងផ្នែកសំណងផ្លូវច្បាប់ និងសំណងថវិកាជូនជនរងគ្រោះ ព្រមទាំងគ្រួសារសព។
លោកបណ្ឌិត សុខ ទូច សកលវិទ្យាធិការនៃសកវិទ្យាល័យខេមរៈ និងជាអ្នកតាមដានស្ថានការណ៍សង្គមយល់ថា អ្នកដែលត្រូវទទួលខុសត្រូវ គឺក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺរដ្ឋាភិបាល។ លោកយល់ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវលើរឿងនេះបីចំណុច៖ គឺទទួលខុសត្រូវលើសំណងផ្លូវច្បាប់ និងទទួលខុសត្រូវលើការត្រួតពិនិត្យនៃហេតុការណ៍កើតឡើងដែលនាំឲ្យមនុស្សស្លាប់និងរបួសនេះ៖ «ជាការធ្វេសប្រហែសរបស់ស្ថាប័នដែលពាក់ព័ន្ធ ដែលគ្មានសមត្ថភាពគ្រប់គ្រងនៅពេលដែលកើតជាយថាហេតុ។ មានតំបន់ខ្លះហាមឃាត់ ប្រជាជនចូលអត់បានម៉េច? បើប្រជាជនចូលបាន មានន័យថា សមត្ថកិច្ចកន្លែងហ្នឹងអត់មានសមត្ថភាព។ ហេតុអីបានចូលកន្លែងហ្នឹងបាន ប៉ុន្តែយើងត្រូវមានដាក់វិន័យ»។
ហេតុការណ៍បាញ់កាំជ្រួចខុសក្បួនកាលពីយប់ថ្ងៃទី២៩ ខែតុលា ដើម្បីអបអរសាទរខួបទី១០ នៃការឡើងគ្រងរាជ្យសម្បត្តិនៃព្រះករុណាសម្តេចព្រះបរមនាថ នរោត្កម សីហមុនី។ ការបាញ់កាំជ្រួចនោះធ្វើឡើងនៅត្រើយម្ខាងដងទន្លេទល់មុខព្រះបរមរាជវាំង ស្ថិតខណ្ឌជ្រោយចង្វារ ក្បែរអគារសណ្ឋាគារសុខា។
សមត្ថកិច្ចបានលើកឡើងថា ករណីនេះបណ្តាលមកពីប្រជាពលរដ្ឋចូលមើលកាំជ្រួចនៅកន្លែងហាមឃាត់។ ប៉ុន្តែទីតាំងដែលសាកសព ណាគ្រី ដារ៉ូ ដេកស្លាប់ក្នុងថ្លុកឈាមនោះ ស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រពីកន្លែងបាញ់កាំជ្រួច ហើយនៅទីនោះមានប្រជាពលរដ្ឋលក់ដូរធម្មតា និងគ្មានដាក់របាំងដែកហាមឃាត់ទេ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានប្រសាសន៍ថា នេះជាការធ្វេសប្រហែសរបស់ក្រសួងស្ថាប័នរដ្ឋាភិបាល។ លោក អំ សំអាត ដែលកំពុងតាមដានករណីនេះ បានទាមទារឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតលើរឿងនេះឲ្យបានច្បាស់លាស់៖ «រដ្ឋាភិបាលត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានដិតដល់ទៅលើបញ្ហាទាំងអស់នេះ ដើម្បីចៀសវាងនូវឧបទ្ទវហេតុដែលកើតឡើងនៅថ្ងៃក្រោយ ដើម្បីបុណ្យផ្សេងៗទៀតយើងត្រូវតែពិនិត្យក្នុងការទិញកាំជ្រួច បាញ់មកអបអរសាទរនេះឲ្យបានត្រឹមត្រូវ»។
កញ្ញា អ៊ុំ ស្រីម៉ុច ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល យល់ថា ករណីនេះគឺរដ្ឋាភិបាលត្រូវតែផ្តល់សំណងយ៉ាងសមរម្យជូនជនរងគ្រោះ និងសាច់ញតិជនរងគ្រោះ ព្រោះហេតុការណ៍នេះជាការរៀបចំ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
កញ្ញា អ៊ុំ ស្រីម៉ុច ស្នើឲ្យសមត្ថកិច្ចពង្រឹងសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលមានពិធីបុណ្យជាតិធំៗ ជាពិសេស គឺនៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ៖ «បើខ្ញុំ! ខ្ញុំផ្ទាល់! ខ្ញុំគិតថា គួរណាស់រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ អ៊ីចឹងយើងគ្រាន់តែថា ជួយប៉ះប៉ូវ បើសិនណាប្រជាពលរដ្ឋធ្វើការរកចំណូលជួនក្រុមគ្រួសារ ឧបមាថា មួយខែបាន ២០០អ៊ីចឹង អ៊ីចឹងរាជរដ្ឋាភិបាលត្រូវជួយធ្វើម៉េច ត្រូវជួយផ្គត់ផ្គង់ក្រុមគ្រួសារគាត់វិញ ដូចជាម្តាយឪពុកគាត់ ឬក៏ប្អូនៗគាត់ដែលឋិតនៅក្រោមអាណាព្យាបាលគាត់អ៊ីចឹងទៀត»។
គិតមកទល់ថ្ងៃទី៣០ ខែតុលា សាកសពជនរងគ្រោះត្រូវបានគេដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន នាភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល និងអ្នករបួសខ្លះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមិនទាន់ចេញលិខិតថ្លែងការណ៍ ឬលិខិតសុំទោសចំពោះករណីនេះនៅឡើយទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងអ្នកនាំពាក្យស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបាននៅឡើយ នៅថ្ងៃទី៣០ ខែតុលា។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង មានប្រសាសន៍ថា ការទទួលខុសត្រូវក្នុងរឿងនេះគឺថ្នាក់ជាតិ ដែលក្នុងនោះរួមមានក្រសួងមហាផ្ទៃ និងទីចាត់ការហ្វឹកហ្វឺននៃអគ្គសេនាធិការដ្ឋានកងយោធពលខេមរភូមិន្ទ។ លោកថា សាលារាជធានីភ្នំពេញ គ្រាន់តែជាផ្នែកមួយនៃការសហការប៉ុណ្ណោះ។ ទោះបែបនេះក្តី លោក ឡុងឌីម៉ង ឲ្យដឹងថា សាលារាជធានីមានថវិកាមួយចំនួនជូនជនរងគ្រោះ និងគ្រួសារសព៖ «យើងពិបាកដឹងដែរ ដោយសារទីតាំងចំណុចហ្នឹង។ បើនិយាយពីការបែងចែកទទួលខុសត្រូវ គឺទុកជូនទៅខាងថ្នាក់ជាតិហើយ ដូច្នេះ ការទទួលខុសត្រូវរបស់អាជ្ញាធររាជធានីមានមួយផ្នែក គឺក្នុងការសហការ ក្នុងការដែលកៀងប្រជាពលរដ្ឋឲ្យចេញពីតំបន់ជុំវិញបាញ់កាំជ្រួចហ្នឹង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនទាន់បញ្ជាក់ឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងទទួលខុសត្រូវលើករណីនេះក្នុងកម្រិតណានោះទេ។
ព័ត៌មានចុងក្រោយ៖
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានយកថវិការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជូនគ្រួសារសព និងជនរងគ្រោះដទៃទៀត។ លោកថា គ្រួសារសពទទួលបានចំនួន ២លានរៀល អ្នករបួសធ្ងន់ទទួលបានថវិកាចំនួន ២លានរៀលដែរ ចំណែកអ្នករងរបួសស្រាលទទួលបានថវិកាម្នាក់ៗចំនួន ១លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាច់ញាតិជនរងគ្រោះដែលស្លាប់ដោយផ្ទុះកាំជ្រួចទាមទារសំណងពីរដ្ឋាភិបាល
- ប្រជាពលរដ្ឋខេត្តព្រៃវែងព្រួយបារម្ភដាច់ស្បៀងដោយសារគ្មានទឹកធ្វើស្រែនៅឆ្នាំនេះ
- ម្ចាស់ជំនួយផ្អាកផ្ដល់ជំនួយដើម្បីទប់ស្កាត់អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
- រដ្ឋាភិបាលនិងសង្គមស៊ីវិលរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ
- កម្ពុជាគ្រោងរៀបចំទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយនៅថ្ងៃ១៣ តុលា
- ស្រូវជាង៥ពាន់ហិកតារនៅឧត្ដរមានជ័យប្រឈមខូចខាតដោយសារគ្រោះរាំងស្ងួត
- មនុស្ស៤៥នាក់ស្លាប់ដោយសារគ្រោះទឹកជំនន់គិតត្រឹមថ្ងៃ១៩សីហា
- មនុស្សស្លាប់កើនឡើងដល់៣៥នាក់ដោយសារទឹកជំនន់គិតត្រឹមថ្ងៃ១៨សីហា
- អ្នកឃ្លាំមើលបារម្ភពីទឹកជំនន់ធ្ងន់ធ្ងរដោយសារការបើកទំនប់វារីអគ្គិសនីវៀតណាម
យើងគិតថា អ្នកចោទប្រកាន់ អ្នកថា គឺចេះតែនិយាយតាមតែអារម្មណ៍របស់ខ្លួន។ យើងចេះតែនិយាយពី ច្បាប់ ពីសមត្ថភាព ពីសមត្ថកិច្ច ពីការទទួលខុសត្រូវ ។
តែក៏យើងត្រូវគិត ឲ្យដល់ស្ថានភាពជាក់ស្តែង។ ស្ថានភាពជាក់ស្តែងនោះ គឺផ្នែកខាងជំនាញ និង ប្រជាជន តែម្តង។
១) យើងគិតអំពីច្បាប់ ។ តើយើងមានច្បាប់ទាក់ទងនឹងប្រតិបត្តិការរបស់ជំនាញ ឬសមត្ថកិច្ច។ រឿងនេះ យើងក៏ឃើញដែរពីកំហុសរបស់ជំនាញ ឬសមត្ថកិច្ច ក្នុងប្រតិបត្តិការ ឬក្នុងការបំពេញភារកិច្ចអ្វីមួយ ដែលបានបង្កគ្រោះថ្នាក់ទៅលើប្រជាជន ឲ្យស្លាប់ ឲ្យរបួស ឬឲ្យខូចខាតទ្រព្យសម្បត្តិ។ ឧទាហរណ៍ ប៉ូលីសឬ ប៉េអឹម ធ្វើប្រតិបត្តការចាប់ចោរ ហើយបានបាញ់ ត្រូវប្រជាពលរដ្ឋ។ ឃើញថា គេមិនងាយនឹងឃើញអង្គភាពនោះ ទទួលខុសត្រូវលើប្រតិបត្តិកាខ្លួនទេ។ ជួនកាល គាត់បើកម៉ូតូ ឬរថយន្តដេញចោរ ហើយបុកប្រជាជន ក៏គាត់មិនទទួលខុសត្រូវដែរ។ នេះគ្រាន់ជាឧទាហរណ៍ ត្រួសៗ ដែលយើងចង់ឲ្យរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវ។ ដូចជារឿងដើមឈើរលំសង្កត់ប្រជាជន ឲ្យស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិ អញ្ចឹង។ រឿងនេះ តាំពីចៅហ្វាយក្រុងមុន រហូតដល់ថ្ងៃនេះ គឺគាត់ធ្វើខ្វាក់ ធើមិនដឹង ធើមិនឮ, ទោះជាទូរទស្សន៍ កាសែតនិយាយយ៉ាងម៉េច ក៏ដោយ។ ដូចនេះ វាគួរណាស់តែ ល្មមដល់ពេលហើយ ដែលរដ្ឋាភិបាលត្រូវគិតដល់រឿងនេះ។ សួរថា តើបើសងប្រជាជន នោះ រដ្ឋាភិបាលចេញលុយហោប៉ៅឯកឈត្តមណាម្នាក់ ឬក៏ជាលុយរដ្ឋ ដែលជាលុយប្រជាជន? សុំគិតឡើងវិញ!
នៅមានទៀត យើងក៏ចង់ដឹងដែរថា តើកាំជ្រួចនេះ ទិញមកពីណា? ទិញមកពីចិន ឥណ្ឌា វៀតណាម ឬក៏ផលិតផលក្នុងស្រុក? នៅពេលដុតនោះ តើយើងមានវិធានការសុវត្ថិភាពយ៉ាងណាខ្លះ? តែទោះមានផែនការ ឬុមិនមាន ក៏គួរតែចាត់ទុកជាបទពិសោធន៍ ទៅ ហើយក៏ត្រូវរៀបចំគម្រោងសំណងឲ្យប្រជាជន សមរម្យទៅ។ តែយើងខ្លាច អារឿងមួយទៀត ។ រឿង សុំបាន ១០លាន យកទៅសង ប៉ុន្តែ សងតែ៦លាន!
ទី២) រឿងប្រជាជនយើងក៏អញ្ចឹងដែរ។ ពិបាកណាស់ក្នុងការឲ្យគាត់យល់ពីរឿងគ្រោះថ្នាក់ ពីរឿងមិនល្អ ដែលបង្កពីប្រតិបត្តិការនេះ។ យើងក៏ទម្លាប់ឃើញចរិតប្រជាជនខ្មែរយើងនេះ ក៏លំបាកណាស់ដែរ។ ដូចជានៅក្នុងចរាចរណ៍ រឿងចោលសម្រាម និងរឿងច្រើនណាស់ ដែលបង្ហាញថា ប្រជាជនខ្មែរ ដែលតែអួតខ្លួនថាជា ពូជអ្នកកសាងអង្គរ កម្ពុជាអច្ឆរយៈនេះ ពុំមានវប្បធម៌ ការចេះដឹង សមជាប្រជាជនដ៏ស៊ីវិល័យទេ។ ជួនកាល គេបានឮសូរស៊ីរ៉ែនឡានពេទ្យសុំផ្លូវ តែប្រជាជនយើងក៏មិនរវល់ជាមួយនឹងការសុំផ្លូវនេះ សោះ។
ទោះយ៉ាងណាក៏ដោយ យើងក៏មានការព្រួយបារម្ភទៅដល់ពិធីបុណ្យអុំទូក ដោយសុំបន់ស្រន់ថា សុំកុំឲ្យមានរឿងអកុសលដូចកាលពីឆ្នាំ ២០១០។
សុំអាជ្ញាធរខិតខំឲ្យមែនទែន។
យើងឃើញថា សម្តេចនាយករដ្ឋមន្ត្រី បានជួយហើយ ចំនួន ១១ លានរៀល។ តែនេះ ពុំមែនជាសំណងផ្លូវច្បាប់ទេ គឺជាអំណោយឯកជន ។ ដូចនេះ សូមគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ មេត្តាពិនិត្យជួយដល់អ្នករងគ្រោះ ទោះជាគ្នា ខុសនឹងការរៀបចំរបស់ផ្នែកជំនាញក៏ដោយ៕