ដោយ ខែ សុណង
2014-10-31
RFA

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសាកសួររួច នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។ RFA/Khe Sonorng
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅថ្នាក់ដឹកនាំសហជីពចំនួនពីរនាក់ឲ្យចូលខ្លួនទៅបំភ្លឺ ជុំវិញបណ្ដឹងចោទប្រកាន់ករណីអំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈដោយចេតនា និងគំរាមកំហែងប្រើមធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ឈ្នួលនៅផ្លូវវ៉េងស្រេង។ បន្ទាប់ពីការសាកសួរ តុលាការមិនបានឃុំខ្លួនអ្នកទាំងពីរទេ ប៉ុន្តែដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យពីតុលាការ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដាក់បម្រាមមួយចំនួនមិនឲ្យថ្នាក់ដឹកនាំសហជីពចូលរួមក្នុងសកម្មភាពផ្សេងៗ ដូចជាដឹកនាំការតវ៉ា ការជួបប្រជុំ ឬប្រមូលផ្ដុំឡើយ បន្ទាប់ពីបានសាកសួរនៅថ្ងៃទី៣១ ខែតុលា។
ការកោះហៅនេះ គឺតាមពាក្យបណ្ដឹងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ពាក់ព័ន្ធនឹងការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ រហូតដល់ផ្ទុះនូវអំពើហិង្សានោះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានចាត់ទុកការសម្រេចនិងការហាមប្រាមរបស់តុលាការបែបនេះថា ប្រៀបបានដាក់រូបលោកឲ្យជាប់គុកឥតជញ្ជាំង។
លោកបញ្ជាក់ថា លោកមិនបានប្រព្រឹត្តដូចបទចោទនេះឡើយ ហើយក៏មិនអាចរារាំងលោកពីសកម្មភាពតវ៉ារកយុត្តិធម៌ក្នុងសង្គមបានដែរ៖ «ការដាក់ខ្លួនខ្ញុំឲ្យស្ថិតនៅក្នុងការឃ្លាំមើលនេះ វាជារឿងដកសិទ្ធិសេរីភាពរបស់ខ្ញុំអស់ហើយ។ វាស្មើទៅនឹងដាក់គុកដែរ តែគុកអត់ជញ្ជាំង។ ថាតើការសម្រេចចិត្តរបស់ខ្ញុំបែបម៉េច? យើងមិនរាថយ ដែលដាក់កំហិតឲ្យខ្ញុំមិនមានសិទ្ធិសេរីភាពយើងនៅបន្តបេសកកម្មរបស់យើងតទៅទៀត»។
ចៅក្រមស៊ើបសួរសាលាដំបូង លោក ជា សុខហៀង បានកោះហៅ លោក រ៉ុង ឈុន និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ពីបទហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈដោយចេតនា គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តទៅនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មិនខុសគ្នានឹងលោក រ៉ុង ឈុន នោះទេ ប្រធានសហជីពកម្មករម្នាក់ទៀត គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលត្រូវតុលាការកោះហៅអោយចូលបំភ្លឺដែរនោះ ក៏ត្រូវចៅក្រមបានសម្រេចឲ្យអ្នកស្រីស្ថិតនៅក្រោមការត្រួតពិនិត្យដូចគ្នាដែរ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា គាត់ពុំមានវត្តមាននៅទីកើតហេតុនិងពុំបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌម៖ «ការកោះហៅនេះយើងឃើញថា តុលាការហាក់ដូចជាមិនយកក្រមសីលធម៌វិជ្ជាជីវៈរបស់គាត់ពិតប្រាកដដើម្បីមកធ្វើការទេ ពីព្រោះគាត់កោះហៅទៅតាមអ្វីដែលការប្ដឹងរបស់និយោជក តាមការចង្អុលបង្ហាញរបស់រដ្ឋាភិបាល។ កន្លែងនេះឆ្លុះបញ្ចាំងថា តុលាការស្ថិតនៅក្រោមគំនាបរបស់រដ្ឋាភិបាល គំនាបរបស់អ្នកមានលុយ អ្នកមានអំណាច គាត់ចង់កោះហៅយើងថ្មើរណាស្រេចតែអំពើចិត្តរបស់គាត់ដោយសារតែយើងជាមេដឹកនាំសហជីព មេដឹកនាំសមាគមដែលគាំទ្រកម្មករធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០ដុល្លារកន្លងមក»។
នៅខាងក្រៅតុលាការ មានសកម្មជន មេដឹកនាំសហជីព គ្រូបង្រៀន និងពលរដ្ឋសហគមន៍មានជម្លោះដីធ្លីប្រមាណជា ៦០នាក់ មកលើកទឹកចិត្តនិងគាំទ្រអ្នកទាំងពីរ។
ទោះយ៉ាងណាការកោះហៅមេដឹកនាំសហជីពមកសាកសួរនេះ ត្រូវបានសង្គមស៊ីវិលរិះគន់ថា ជាការបំបាក់ស្មារតី និងបំបិទសេរីភាពរបស់មេដឹកនាំសហជីពស្របពេលដំណើរការចរចាបញ្ហាប្រាក់ឈ្នួលកម្មករ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានមតិថា ការដាក់ពួកគេឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យព្រមជាមួយលក្ខខណ្ឌរឹតត្បិតនោះ វាជាយុទ្ធសាស្ត្រក្នុងការប្រើប្រព័ន្ធតុលាការ ដើម្បីបំបិទសិទ្ធិសេរីភាព និងរឹតត្បិតមេដឹកនាំសហជីពកុំឲ្យតវ៉ាតទៅទៀតលើការកំណត់ប្រាក់ឈ្នួលដោយក្រុមប្រឹក្សាការងារនៅពេលខាងមុខ។
ក្នុងចំណោមមេដឹកនាំសហជីពចំនួន ៦នាក់ មាន ៥នាក់ហើយដែលបានចូលខ្លួនបំភ្លឺ ក្នុងនោះមានលោក រ៉ុង ឈុន លោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក ប៉ាវ ស៊ីណា និងលោក ជា មុនី។ ដោយឡែក ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា អ្នកស្រី ម៉ម ញឹម ដែលជាប់បណ្ដឹងដូចគ្នាដែរនោះ មិនបានចូលខ្លួនតាមដីកាកោះនៅឡើយ ដោយសារគាត់កំពុងនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រធានចលនាអំណាចពលរដ្ឋខ្មែរដាក់ភស្តុតាងបន្ថែមទៅតុលាការអន្តរជាតិប្ដឹងលោក ហ៊ុន សែន
- កម្មកររោងចក្រជូហួយតវ៉ាមុខសាលាដំបូងខេត្តកំពង់ចាមទាមទារដោះលែងមនុស្ស៥នាក់
- បុគ្គលិកសណ្ឋាគារអប្សរាហូលីដេនៅសៀមរាបចោទថៅកែចិនថារំលោភច្បាប់ការងារ
- ក្រុមសហជីពព្រមានធ្វើបាតុកម្មបើប្រាក់ខែគោលកម្មករតិចជាងការទាមទារ
- បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីព្រមានតវ៉ារៀងរាល់ថ្ងៃនិងដាក់ញត្តិជូននាយករដ្ឋមន្ត្រី
- សហជីពមួយក្រុមទារប្រាក់អត្ថប្រយោជន៍ស្របពេលសហជីពផ្សេងទារឡើងប្រាក់ខែគោល
- សហភាពសហជីពស្នើឲ្យស៊ើបអង្កេតករណីជីម៉ាក់ផ្ដល់ប្រាក់សំណូកដល់មន្ត្រីក្រសួង
- ពលករទាមទារឲ្យក្រុមហ៊ុនអេភីធីអែសអ៊ីដែលនាំពលករទៅក្រៅប្រទេសឲ្យសងប្រាក់វិញ
- សាច់ញាតិសមាជិករណសិរ្សរំដោះជាតិខ្មែរប្រតិកម្មនឹងមន្ត្រីគុកព្រៃស
លោកសមរង្ស៊ីបានសន្យាថានឹងស្វែងរកយុត្តិធម៌សម្រាប់មនុស្សនៅក្នុងបញ្ហាវេងស្រេង។