យ៉ុង ច័ន្ទ​កណ្ណិកា ថា​នឹង​ប្រឹង​ប្រែង​វាតទីកេរ្តិ៍​ឈ្មោះ​កាន់​តែ​ខ្លាំងក្រោយរៀប​ការ​​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពិធី​​មង្គល​ការ ​យ៉ុង ច័ន្ទ​កណ្ណិកា កាល​ពី​ម្សិលមិញ (រូបពី​ហ្វេសប៊ុក)

​​ថ្ងៃ​សុក្រ​ទី​៣១​ ខែតុលា​នេះ ​ជា​ថ្ងៃដែល​​​តារា​ចម្រៀង​ម្ចាស់​បទ​ «​វាចា​ស្រី​ឡង់​សេ»​ ​នាង​យ៉ុង ចាន់​កណ្ណិកា រៀប​ការ​ផ្លូវ​ការ ។ ​អ្នក​នាង​​ប្រាប់​ថា ​មិន​មាន​គម្រោងចាក​​ចោល​សិល្បៈ​នោះ​ទេក្រោយអាពាហ៍​ពិពាហ៍​ គឺ​មាន​តែ​​វាតទី​កេរ្តិ៍​ឈ្មោះ​ខ្លាំងថែម​ទៀត ​ដើម្បី​បន្ត​ឆ្ពោះ​ទៅ​មុខ​។

​គូ​ស្នេហ៍​ទាំង​ពីរ ចូល​រោង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០​ តុលា ​ម្សិល​មិញ នៅ​គេហដ្ឋាន​ខាង​ស្រី​នៅ​ភូមិឫស្សី​មួយ​ ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​រាជធានី​ភ្នំពេញ ដោយ​​មាន​ការ​ចូល​រួម​ពីចាស់​ទុំ​​​​ទាំង​សង​ខាងយ៉ាង​កុះករ ​។ លោក ចាន់ ចំណាន ដែល​កំពុង​សំពះ​ផ្ទះ​ជា​មួយ​នាង​នៅ​ថ្ងៃ​នេះ​មាន​​វ័យ​ជាង​៣០​ឆ្នាំ ​ដោយ​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ ​កើត​ឡើង​យូរ​ក្រែល​មក​ហើយ ដោយ​គ្រាន់តែ​ទើប​បើក​ចំ​ហរ ​កាល​ពី​ចុង​ឆ្នាំ​២០១៣​ដែល​ជា​កាលបរិច្ឆេទ​​ភ្ជាប់​ពាក្យ​ផ្លូវ​ការ​ ។

​យ៉ុង ច័ន្ទ​​កណ្ណិកា បញ្ជាក់ប៉ុន្មាន​ម៉ោង​មុន​រៀប​ការ​ថា ​ក្រោយ​មង្គល​ការ​អត់មាន​ហេតុ​ផល​ណា​មួយ ដែល​រុញ​ឲ្យ​នាង​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​នោះ​ទេ ពោលគឺ​កាន់​តែ​វាត​ទី ​ទាន់​ឱកាស​មហាជន​នៅ​គាំទ្រ​ពេញ​ទំហឹង​។ ​​កណ្ណិកា​ប្រាប់ថា ​​​ស្វាមី​អត់​មាន​បិទ​ផ្លូវ​នោះ​ទេ ដោយ​សារ​សិល្បៈ​គឺ​ជា​ប្រភព​តែ​មួយ​គត់ ដែល​ជួយ​ឲ្យ​នាង​​ស្គាល់​ប្រភព​ចំណូល ​មាន​មហាជន​អាណិត​ស្រឡាញ់​ពាស​ពេញ​ផ្ទៃ​ប្រទេស រហូត​​ដល់​​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ ម្យ៉ាង​អ្នកនាង​បាន​ជជែក​ពី​រឿង​នេះ​​តាំង​ពី​មុន​ភ្ជាប់​ពាក្យ​ត្រូវ​រ៉ូវ​គ្នា​អស់​ហើយ ទើប​នាំ​ឲ្យ​មាន​ពិធីមង្គល​ការ​ជា​មួយ​បុរស​ក្នុង​ស្រុក​រូប​នេះ ​ដោយ​បើក​ចំហរ​។

អ្នក​នាង យ៉ុង ច័ន្ទ​​កណ្ណិកា ​និយាយ​ថា ​លោក​ចំណាន​ដែល​ក្លាយ​ជា​ស្វាមី​របស់​នាងរាប់​ពីថ្ងៃ​នេះ​ត​ទៅ គឺ​ជា​បុរស​ស្គាល់​ច្បាស់​ពី​តម្លៃ​សិល្បៈ និង​មាន​តែ​រុញ​ឲ្យ​នាង​វាត​ទី​​សិល្បៈ ​មិន​ឲ្យ​​ដក​ថយ​នោះ​​ឡើយ ​នៅ​ក្នុង​​វិស័យ​ចម្រៀង​ខ្មែរ​ ។ អញ្ចឹង​ហើយ ទើប​នាង​សម្រេច​ទទួល​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ភ្លាម​ៗ ​​នៅ​អំឡុង​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤​ខាង​មុខ។ កណ្ណិកា​និយាយ​ថា «​យ៉ាង​យូរ​មួយ​ខែ​​ទៀត (រាប់​ពី​ថ្ងៃ​រៀប​ការ​​) ខ្ញុំ​នឹង​ទៅ​សម្ដែង​នៅ​​​អូស្រ្តាលី​​ជាង​មួយ​ខែ ប៉ុន្តែ​ដោយ​សារ​​កិច្ច​ការ​នោះមិន​ទាន់​ធ្លាក់​ឯក​សារ​ពី​ទូត​ ទើប​​នៅ​មិន​ទាន់​ដឹង​កាល​បរិច្ឆេទ ​។ ខ្ញុំ​​បញ្ជាក់​ថា ​បង​ចំណាន(ស្វាមី) អត់​​ឲ្យ​ខ្ញុំ​​​បន្ថយ​សិល្បៈ​ទេ គឺ​កាន់តែ​មាន​ឱកាស ​គឺ​​កាន់​តែ​​ទទួល​ ដើម្បី​រក​លុយ​ជួយ​​គ្នា​​!»

ពិធី​​មង្គល​ការ ​យ៉ុង ច័ន្ទ​កណ្ណិកា កាល​ពី​ម្សិលមិញ (រូបពី​ហ្វេសប៊ុក)

បន្ថែម​ពី​លើ​យុទ្ធសាស្រ្ត​ទទួល​ការងារ​សិល្បៈ​ដោយ​អះ​អាង​ថា​មិន​ឲ្យ​របូត​ពី​ដៃសូម្បី​កាក​ល្អិត​តួច​មួយ​ នាង​ក៏​​​​ដាក់​ចេញ​នូវ​ផែន​​ការ​បើក​ជំនួញ​ ដែល​ជួយ​ឲ្យ​​កេរ្តិ៍​ឈ្មោះ​របស់​នាងកាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​នោះ​ដែរ​ ។ តារា​​រាង​តូច​ច្រឡឹង​រូប​នេះ​និយាយ​ថា «​​ក្រោយ​រៀ​ប​ការ ​ក្រៅ​ពី​​ប្រឹង​ប្រែង​រក​លុយ​ពី​សិល្បៈ ពួក​ខ្ញុំ​ក៏​​​​ជជែក​គ្នា​ពី​រឿង​បើក​ជំនួញ​ផង​ដែរ ​ដើម្បី​​ឲ្យ​មាន​ជោគជ័យ​ព្រម​គ្នា​សម្រាប់​អនាគត​​»។ នាង​នៅ​មិន​​ទាន់​ប្រាប់​ថា អ្វី​ជា​មុខ​ជំនួញ ដែល​នាង និង​ស្វាមី​​​គ្រោង​​រំលេច​​​រួម​គ្នា​នោះ​ទេ ខណៈ​ដែល​មុន​នេះ នាង​ក៏​ធ្លាប់​បើក​ហាង​កែ​សម្ផស្ស និង​លក់​សំលៀក​បំពាក់​ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​បានបិទ​ចោល​វិញ​ ដោយ​សារ​ការ​ប្រកួត​ប្រជែង​​​លើ​ផ្លូវ​ជំនួញ​ ​មាន​ភាព​តឹង​តែង​ធ្វើ​ឲ្យ​នាង​​ពិបាក​ចំណេញ​។ ​​នាង​ថា មុខ​ជំនួញ​​ថ្មី​របស់​នាងគឺ​​ទាល់​តែ​​នាង​វិល​ពី​​អូស្រ្តាលី​វិញ ​ទើប​អាច​កំណត់​បាន​រូប​រាង ​ប៉ុន្តែមិន​យូរ​ពេក​នោះ​ទេ។

​យ៉ុង ចាន់​កណ្ណិកា ​បញ្ជាក់​ថា ​ផែន​ការ​បើក​ជំ​នួញ នឹង​ជួយ​​មួយ​ផ្នែក​ឲ្យ​នាងមាន​មុខ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន ​ដូច​គ្នា​នឹងក្នុងអំឡុង​ពេល​ដែល​នាង ត្រូវ​បាន​​​​​​បណ្ដាញ​​ផ្សព្វ​ផ្សាយ​ចាប់​អារម្មណ៍​ព្រោង​ព្រាត​​​ព្រោះ​រឿង​រៀប​ការ​នេះ​ដែរ​ ។ នាង​ថា ចលករ​នេះ នឹង​រុញ​ឲ្យ​នាង​ទទួល​ឱកាស​រក​ប្រាក់​កាន់​តែ​រីក​ធំ​ធាត់​នៅ​លើ​​វិថី​សិល្បៈ ​ដែល​មិន​ខុស​ពីការ​វាត​ទី​ដណ្ដើម​ភាព​​​​ជោគជ័យ ទាំង​អាជីព​ចម្រៀង និង​​មុខជំនួញ​ដូច្នេះ​ដែរ​។

លាយ​ឡំ​ជា​មួយ​នឹង​​សំណើច យ៉ុង ចាន់​កណ្ណិកា លើក​ឡើង​​ថា ធ្វើ​ជា​តារា​ម្នាក់​មិន​អាច​ពឹង​តែ​អាជីព​ចម្រៀង​តែ​មួយ ហើយ​​​​​រីក​ចម្រើន​​​កេរ្តិ៍​ឈ្មោះ​យូរ​អង្វែង​នោះ​ទេ គឺ​ទាល់​​​​​តែ​ជោគជ័យ លើ​ផ្លូវ​​​​ស្នេហា និង​មុខ​ជំនួញ​ផងដែរ​។​ នាង​ថា ថ្វី​ដ្បិត​តែ​​លោក ចាន់ ចំណាន មិន​មែន​ជា​បុរស​សំបូរទ្រព្យ ប៉ុន្តែ​ ​សមត្ថភាព និង​ការងារ​របស់​លោក​អាច​ចិញ្ចឹម​នាង​បាន ទើប​សុខ​ចិត្ត​​​​​ទទូល​យក​មង្គល​ការ​នៅ​ថ្ងៃ​ទី​៣១ តុលា​នេះ​ ។

​តាម​ការ​ប្រកាស ​មង្គលការ​​របស់​​​នាង​នៅ​ថ្ងៃ​នេះ​នឹង​មាន​ភ្ញៀវ​ចូល​រួម​​យ៉ាង​ហោច​​៧០០​នាក់ ដោយ​ភាគ​ច្រើន​ជា​តារា​សិល្បៈ និង​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ​ដោយ​សារ​តែ​​លោក ចាន់​ចំណាន ជា​ស្វាមី​របស់​នាង ជា​​បុគ្គលិក​​ក្របខណ្ឌរដ្ឋ​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​ ៕

សូម​សរ​សេរ​មក​លោក វង្ស សុម៉ាលីន តាម​រយៈ vongsomalin@yahoo.com 

What Next?

Recent Articles

One Response to "យ៉ុង ច័ន្ទ​កណ្ណិកា ថា​នឹង​ប្រឹង​ប្រែង​វាតទីកេរ្តិ៍​ឈ្មោះ​កាន់​តែ​ខ្លាំងក្រោយរៀប​ការ​​​"

  1. កូនខ្មែរ says:

    មិនដឹជាអស្ចារ្យស្អីគេទេមីសំគីស កេរ្ដិឈ្មោះស្អីហាស្ដីមិនចេះខ្មាស់ខ្លួន ជិនរឹកណាស់