ដោយ៖ ជន ស្រីណុច
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
រូបថតឯកសារពេលសមត្ថកិច្ចប្រើហិង្សាមកលើក្រុមអ្នកធ្វើការសម្តែងមតិ កាលពីទិវាពលកម្មអន្តរជាតិ ១ ឧសភា នាពេលកន្លងមក
អង្គការសង្គមស៊ីវិលចំនួនបីនៅថ្ងៃសុក្រនេះ ជំរុញជាថ្មីម្តងទៀត ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌ និងការពារជូនជនរងគ្រោះដោយសារការបញ្ចេញមតិ និងអ្នកសារព័ត៌មានជាដើម។
ការជំរុញនេះធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ចំពោះការរំលោភសេរីភាពបញ្ចេញមតិនៅអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៣១ ខែតុលា ដែលមានការចូលរួមពីអ្នកសារព័ត៌មាន និងក្រុមគ្រួសារអ្នករងគ្រោះដោយសារការបញ្ចេញមតិមួយចំនួន។
សេចក្តីថ្លែងការណ៍រួមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM និងអង្គការអន្តរជាតិ SEAPA ដែលផ្សព្វផ្សាយក្នុងកិច្ចពិភាក្សានេះ បានអំពាវនាវឲ្យរដ្ឋាភិបាល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលចាត់វិធានការជាក់លាក់ដើម្បីឆ្ពោះទៅបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ក៏ជំរុញឲ្យស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេតឡើងវិញ ចំពោះករណីស្លាប់របស់ អ្នកសារព័ត៌មាន១៣នាក់តាំងពីឆ្នាំ១៩៩៤ និងអ្នកតវ៉ាទាំង៦នាក់ ដែលបានស្លាប់ក្នុងពេលជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ប៉ា ងួនទៀង មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាត្រូវតែគិតគួរបញ្ហាទាំងអស់នោះឡើងវិញ មិនអាចនៅស្ងៀមស្ងាត់ ទម្លាក់ចោលបែបនេះទេ ព្រោះទោះជាយ៉ាងណាក៏ការបញ្ចេញមិតិ មិនអាចបិទបានដែរ ហើយថាការបង្ក្រាបរបស់សមត្ថកិច្ចរដ្ឋាភិបាល ត្រូវបានអន្តរជាតិថោ្កលទោស។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា បញ្ហាគំរាមកំហែងទៅដល់ក្រុមប្រជាពលរដ្ឋ ដែលហ៊ានតស៊ូបញ្ចេញមតិពីសំណាក់សមត្ថកិច្ច ឬអ្នកមានអំណាច នៅតែកើតមានជាហូរហែនៅក្នុងប្រទេសកម្ពុជា បើទោះបីជាបញ្ហានយោបាយត្រូវបានដោះស្រាយហើយក៏ដោយ។ លោកស្រីថ្លែងថា «គណបក្សទាំងពីរអាចចូលធ្វើការជាមួយគ្នា ប៉ុន្តែការដែលមានដំណោះស្រាយផ្នែកនយោបាយនេះ បានន័យថាស្ថានភាពសិទ្ធិមនុស្សទាំងស្រុង មិនត្រូវបានដោះស្រាយនៅឡើយទេ ហើយនេះគឺជាអ្វីដែលគណបក្សទាំងពីរត្រូវធ្វើការរួមគ្នា ដើម្បីធានាថា សេរីភាពមូលដ្ឋាន ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិនេះ ត្រូវបានធានា»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
អ្នកសារព័ត៌មាននៅកាសែតខេមបូឌាដេលីកញ្ញា ផន បុប្ផា ដែលធ្លាប់រងការគំរាមកំហែង មានប្រសាសន៍ថា បើទោះបីជាខ្លួនធ្លាប់រងគ្រោះថ្នាក់មែនតែកញ្ញាមិនបាក់ស្មារតីទេ ដោយកញ្ញាជំរុញឲ្យអ្នកសារព័ត៌មានក៏ដូចជាអ្នកបញ្ចេញមតិផ្សេងទៀត ក្លានហ៊ាន និងបន្តសកម្មភាពរបស់ខ្លួនដើម្បីប្រឆាំងនឹងភាពអយុត្តធម៌ក្នុងសង្គម។ កញ្ញាថា «យើងត្រូវបន្តទោះបីជាជាមានបញ្ហាអីក៏ដោយ ហើយយើងទាំងអស់គ្នាគួរតែបន្ត ហើយពិភាក្សាពីមួយជំហានទៅមួយជំហាន និយាយជាមួយមន្ត្រីរដ្ឋាភិបាលដើម្បីឲ្យពួកគាត់យល់ពីការងាររបស់ពួកយើងដែលជាអ្នកកាសែត»។
ជាមួយគ្នានេះដែរអ្នកយកព័ត៌មាន VOD លោក ឡាយ សាមាន ដែលត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញវាយឲ្យនាក់ឆ្អឹងថ្ពាល់ និងកូនប្រុសលោក ឈុត វទ្ធី សកម្មជនការពារព្រៃឈើត្រូវបានគេបាញ់សម្លាប់ រួមទាំងក្រុមគ្រួសារអ្នករងគ្រោះ ដោយសារការបញ្ចេញមតិផ្សេងទៀត ក៏បានលើកឡើងថា មកដល់ពេលនេះពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌ទេ ដោយសាររដ្ឋាភិបាលមិនអើពើ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា សំណុំរឿងរបស់ជនរងគ្រោះដែលលើកឡើងទាំងនេះ ក្រសួងមិនទាន់បិទការស៊ើបអង្កេតទេ ហើយកំពុងធ្វើការបន្ត។ លោកបញ្ជាក់ថា «ថ្មីត្បិតតែយើងមិនទាន់រកឃើញក៏ដោយ ប៉ុន្តែមិនមែនយើងបោះបង់ចោលទេ។ ករណីដែលយើងឃាតករមិនទាន់ឃើញ រកជនល្មើសមិនទាន់ឃើញ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះនោះគឺថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកមិនបញ្ជាបិទសំណុំរឿងហ្នឹងទេ»។
ក្នុងសេចក្តីថ្លែងការរួមអង្គការទាំងបីបន្ថែមថា រដ្ឋាភិបាលត្រូវគោរពសិទ្ធិមូលដ្ឋាននៃសេរីភាព បញ្ចេញមតិរបស់ពលរដ្ឋ ទប់ស្កាត់ការប្រើប្រាស់កម្លាំងសមត្ថកិច្ចបង្ក្រាបអ្នកបញ្ចេញមតិ។ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិត្រូវបង្កើនសមត្ថភាពមន្ត្រីនគរបាល និងយោធាកម្ពុជា ការពារអ្នកបញ្ចេញមតិ។ ក្រសួងព័ត៌មានត្រូវដាក់ជាអាទិភាព ធ្វើសេចក្តីព្រាងច្បាប់ស្តីពីការទទួលបានព័ត៌មានជាដើម៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ថា្ស្ថកលសដ