ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក ឃាន ផល្លា ជាប្រធានគណៈកម្មការការពារព្រៃសហគមន៍ភ្នំទ្រនាប់ឬស្សីកូនឆ្កែ ខេត្តកំពត
កម្ពស់ប្រហែល១,៧០ម៉ែត្រ សំបុរស្រអែម រូបរាងស្គមបន្តិច លោក ឃាន ផល្លា អាយុ៤៥ឆ្នាំ តែងតែស្លៀកពាក់ឯកសណ្ឋានប៉េអឹម នៅពេលចុះពិនិត្យការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារព្រៃសហគមន៍ភ្នំទ្រនាប់ឬស្សីកូនឆ្កែ ដែលស្ថិតក្នុងភូមិដុំផ្តៅ និងភូមិទួលដូនតី ក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ធ្លាប់ធ្វើការងារជាទាហានម្នាក់ក្នុងទសវត្សរ៍៨០ លោក ឃាន ផល្លា មានទឹកមុខ និងសាច់ឈាមស្លេកស្លាំងបន្តិច ដោយសារតែលោកមានជំងឺឈឺទ្រូង ប្រចាំកាយ និងក្អួតឈាមជាប្រចាំ រៀងរាល់១ខែទៅ២ខែម្តង។ លោករៀបរាប់ថាលោកធ្លាប់ជួបប្រទះគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ១៩៩៨ ដោយប៉ះពាល់ទ្រូងរបស់លោកធ្ងន់ធ្ងរ។ ប៉ុន្តែលោកថាលោកមិនបានទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិភាក្សាពីជំងឺនេះទេ ដោយសារជីវភាពក្រីក្រ។
ក្រៅពីអាជីពជាកសិកររស់នៅក្នុងភូមិមួយដាច់ស្រយាលមួយពីទីរួមខេត្តកំពត និងដោយសារការស្រលាញ់ព្រៃឈើ ជាមួយបទពិសោធន៍អតីតកាលក្នុងការដើរល្បាតព្រៃ លោក ឃាន ផល្លា ត្រូវបានប្រជាពលរដ្ឋក្នុងភូមិបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មការការពារព្រៃសហគមន៍ភ្នំទ្រនាប់ឬស្សីកូនឆ្កែ កាលពីខែមិថុនា ឆ្នាំ២០១៤ ដោយលោកមានតួនាទីក្នុងការការពារដីព្រៃប្រមាណ៤២០ហិកតា នៅតំបន់ភ្នំ។
នៅពេលនិយាយពីការពារបរិស្ថាន គេនឹងឃើញដល់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ប៉ុន្តែលោក ឃាន ផល្លា មានប្រសាសន៍ថាលោកមិនដែលស្គាល់ លោក ឈុត វុទ្ធី នោះទេ។
លោក ឃាន ផល្លា និយាយមួយៗ យឺតៗថា ការងារការពារព្រៃឈើដែលលោកកំពុងតែធ្វើជាការងារស្ម័គ្រចិត្ត មិនមានការទទួលប្រាក់កម្រៃណានោះទេ ប៉ុន្តែលោកថាលោកមានបំណងការពារព្រៃឈើ ដើម្បីកុំឲ្យបាត់បង់ទៅថ្ងៃអនាគតបន្ថែមទៀត។ លោកទទួលស្គាល់ថាព្រៃឈើនៅប្រទេសកម្ពុជាកំពុងរងការកាប់បំផ្លាញ និងបាត់បង់ដោយសារក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងការកាប់បំផ្លាញពីប្រជាពលរដ្ឋ និងឈ្មួញល្មើសផ្សេងៗ។ លោកបញ្ជាក់ថា«ជាអ្នកការពារព្រៃឈើ យើងមានឆន្ទៈក្នុងការការពារព្រៃឈើ។ទាល់តែតស៊ូប្រឹងប្រែងឲ្យបានល្អក្នុងការដើរត្រួតពិនិត្យព្រៃឈើ។អត់បានលុយទេ តែចង់ឲ្យក្មេងជំនាន់ក្រោយ យល់ដឹងពីព្រៃឈើ ទុកឲ្យក្មេងស្គាល់ ដើមឈើ ហើយចង់ឃើញឈើលូតលាស់ល្អ កុំឲ្យងាកទៅត្រងិលអស់រលីង»។

លោក ឃាន ផល្លា និងក្រុមការងារ ពេលចុះទៅត្រួតពិនិត្យការកាប់បំផ្លាញព្រៃសហគមន៍
នាពេលបច្ចុប្បន្ន ប្រជាជនដែលរស់នៅតំបន់ព្រៃឈើក្នុងប្រទសកម្ពុជា តែងតែបង្កើតជាបណ្តាញក្នុងការពារព្រៃឈើ ដើម្បីទុកជាអត្ថប្រយោជន៍សម្រាប់សហគមន៍នៅពេលអនាគត និងចៀសវាងការបាត់បង់ដោយសារការកាប់បំផ្លាញពីប្រជាពលរដ្ឋ ឈ្មួញ និងការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន។
តំបន់ការពារព្រៃឈើរបស់សហគមន៍នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ចំណែកសហគមន៍តំបន់ការពារធម្មជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថារហូតមកដល់ពេលនេះរដ្ឋាភិបាលបានផ្តល់ដីទៅឲ្យសហគមន៍ប្រើប្រាស់នៅក្នុងតំបន់ការពារធម្មជាតិ ប្រមាណ១២០តំបន់នៅទូទាំងប្រទេសកម្ពុជា។ លោកថាក្រសួងមានគោលការណ៍សម្រាប់សហគមន៍ក្នុងការស្នើសុំដីក្នុងតំបន់ការពារធម្មជាតិប្រើប្រាស់ជាលក្ខណៈសហគមន៍។ លោកបន្តថាដីសហគមន៍នឹងផ្តល់ប្រយោជន៍សម្រាប់ជីវភពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការដាំដុះ និងការការពារព្រៃឈើ។
លោក ឃាន ផល្លា មានប្រសាសន៍ថាសហគមន៍របស់លោកកំពុងតែបញ្ចុះបញ្ចូលប្រជាពលរដ្ឋផ្សេងទៀតឲ្យចូលរួមជាកម្លាំងក្នុងការការពារព្រៃឈើ។លោកថាព្រៃទាំងនោះនឹងក្លាយជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅពេលពួកគាត់ជួបប្រទះបញ្ហាត្រូវការឈើ ដើម្បីសង់ផ្ទះ និងធ្វើសម្ភារៈផ្សេងៗ។
លោក ឃាន ផល្លា បន្តថាការងារការពារព្រៃឈើនេះ ត្រូវមិនឲ្យពាក់ព័ន្ធជាមួយលុយជាដាច់ខាត ព្រោះអាចនាំឲ្យប្រជាពលរដ្ឋមិនពេញចិត្តនឹងសកម្មភាពទាំងនោះ។លោកថា«យើងបង្កើតសហគមន៍អញ្ចឹង កុំអីវាអស់ព្រៃឈើ។ចិត្តចង់ជួយថែរក្សាព្រៃឈើ បើគិតលុយ មិនមកស្ម័គ្រចិត្ត បើគិតពីលុយ ចាប់ផ្តើមអ្វីមិនខុសពីមេព្រៃ និងប៉េអឹម។អញ្ចឹងប្រជាពលរដ្ឋស្អប់យើង ថាឲ្យស្អីអ្នកការពារស្អី»។
លោក ផល្លា និងសមាជិកសកម្មដទៃទៀត២០នាក់ បានចំណាយពេលរបស់ខ្លួនជាច្រើនដោយដើរជុំវិញភ្នំ ពិនិត្យមើលព្រៃ ក្រែងលោកមានការកាប់បំផ្លាញ។ ថ្មីៗនេះពួកគេសង្កេតឃើញមានការកាប់ព្រៃទន្ទ្រាន ឈូសឆាយដីពីសំណាក់ប្រជាពលរដ្ឋ។លោកផល្លាថាលោកបានណែនាំដល់ប្រជាពលរដ្ឋកុំឲ្យកាប់ទន្រ្ទានព្រៃពីតំបន់ការពារ និងបានសុំអន្តរាគមន៍ពីមេព្រៃដើម្បីចាត់វិធានការលើបញ្ហានេះ។ លោកបន្តថាគណៈកម្មការការពារព្រៃឈើ នឹងចាត់វិធានទប់ស្កាត់ភ្លាមៗ នៅពេលពើបប្រទះឃើញប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើ។
ថ្មីៗនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងបណ្តាញការពារព្រៃឈើផ្សេងទៀត បារម្ភអំពីការកើនឡើងនៃការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិ ដែលបណ្តាលមកពីការផ្តល់ សម្បទានដីសេដ្ឋកិច្ច។សង្គមស៊ីវិល ឲ្យដឹងថា តាំងពីឆ្នាំ២០១២ ដល់អំឡុងខែតុលា ឆ្នាំ២០១៤ ការកាប់ឈើខុសច្បាប់ និងការរត់ពន្ធឈើចំនួន៨១២ករណីដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានផ្សេងៗក្នុងស្រុក។
លោក ភី ជា ដើរតួនាទីជាអនុប្រធានគណៈកម្មការការពារព្រៃសហគមន៍ និងធ្វើការជាមួយលោកឃាន ផល្លា យ៉ាងជិតស្និទ្ធិក្នុងការដើរពិនិត្យមើលព្រៃឈើ និងបទល្មើសផ្សេងៗ។លោកមានប្រសាសន៍ថាព្រៃឈើទាំងនោះនឹងមានប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវការឈើដើម្បីប្រើប្រាស់នៅពេលជួបបញ្ហាដូចជាភ្លើងឆេះផ្ទះជាដើម។លោកបន្តថាការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងការសុំកាប់ឈើដើម្បីសង់ផ្ទះ ឬធ្វើអ្វីមួយ ត្រូវមានការសិក្សាពីគណៈកម្មការការពារព្រៃឈើ។លោកបញ្ជាក់ថា«មុននឹងឲ្យគាត់ គាត់ធ្វើពាក្យមួយហើយទៅពិនិត្យជាក់ស្តែងដល់ផ្ទះគាត់ យើងដឹងថាតើឈើណាគួរយើងផ្តល់ឲ្យ គាត់មួយណាមិនគួរផ្តល់ឲ្យ។កាលណាយើងផ្តល់ឈើតូចវាអត់កើតទេ។ កាលណាយើងផ្តល់អាឈើតូច វានាំឲ្យបំផ្លាញដល់ព្រៃសហគមន៍ដដែល»។

លោក ឃាន ផល្លា និង លោក ភី ជា
ប្រជាសហគមន៍ការពារព្រៃឈើឲ្យដឹងថានៅឆ្នាំក្រោយ សហគមន៍មានបំណងបិទស្លាកដើម្បីកំណត់ព្រំដីសហគមន៍ ដើម្បីបង្កភាពងាយស្រួលក្នុងការការពារ និងអប់រំប្រជាពលរដ្ឋពីបញ្ហាព្រៃសហគមន៍។
លោក ភី ជា បញ្ជាក់ថា«ត្រូវចេះថែរក្សា និងការពារទាំងអស់គ្នា ដោយមានការចូលរួមពីប្រជាពលរដ្ឋ។បើគាត់មិនចូលរួមយើងមិនបានរីកចម្រើន ដោយសារ២១នាក់ដើរអត់គ្រប់ទេ»។
អ្នកស្រី ឃឹម វេន ក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ឈូក មានប្រសាសន៍ថាក្នុងឃុំរបស់អ្នកស្រីដែលជាតំបន់ការពារព្រៃឈើនេះមានប្រជាជន២៦៦១គ្រួសារ ត្រូវជាចំនួនមនុស្សប្រហែល១២៦៨៩នាក់។អ្នកស្រីថាការចូលរួមការព្រៃសហគមន៍នេះពិតជាមានតម្លៃសម្រាប់ការការពារព្រៃឈើ។ អ្នកស្រីបញ្ជាក់ថា«ខ្ញុំថាគាត់មានតម្លៃយ៉ាងខ្ពង់ខ្ពស់ ព្រោះគាត់ចំណាយពេលវេលា ដើម្បីផលប្រយោជន៍សហគមន៍។គាត់អត់មានគិតពីកម្រៃ ខ្ញុំថាមនុស្សទាំងឡាយដែលស្ម័គ្រចិត្តនេះ ជាមនុស្សល្អណាស់ ដោយអត់គិតកម្រៃគិតប្រាក់ខែប្រាក់ថ្ងៃ»។
តំណាងភូមិទួលដូនតីដែលជាភូមិមួយនៃតំបន់ការពារព្រៃឈើ លោក ញែម សារ៉ាន មានប្រសាសន៍ថា លោកបានផ្សព្វផ្សាយការងារនេះទៅប្រជាពលរដ្ឋក្នុងភូមិដើម្បីឲ្យពួកគាត់ចូលរួមជាសមាជិក និងយល់ដឹងពីសារប្រយោជន៍ព្រៃសហគមន៍។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។ក្នុងគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន ដីការពារព្រៃឈើរបស់ប្រជាសហគមន៍និងសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនត្រូវឲ្យប៉ះពាល់នោះទេ ដោយក្វៀលដីនោះចេញ។ប៉ុន្តែរហូតមកដល់ពេលនេះ ជម្លោះដីធ្លីបានកើតឡើង ដោយសារក្រុមហ៊ុនមួយចំនួនបានប៉ះពាល់ដល់ដីការពារសហគមន៍។
រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ចជាង៧ម៉ឺនហិកតាពីក្រុមហ៊ុនចំនួនប្រមាណ២០ ក្រោមហេតុផលថាក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍទៅលើដី និងដីទាំងនោះបច្ចុប្បន្នប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ចំណែកលោក ឃាន ផល្លា លើកឡើងថាលោកនឹងបង្កើនការការពារព្រៃឈើក្នុងតំបន់របស់លោកនិងស្នើឲ្យមានការចូលរួមពីប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។លោកបន្តថាលោកនឹងចូលរួមការពារតំបន់នេះ ដរាបណាលោកនៅមានកម្លាំងធ្វើ។លោកបញ្ជាក់ថា«បើធ្វើដូចរាល់ថ្ងៃបានធ្វើរហូតដល់អស់ជីវិត។ខ្លាចតែចាស់ទៅ ធ្វើលែងកើត»៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
សូមកោតសសេីរ នូវស្មារតី ជាតិ ក្នុងការថែរក្សា ព្រៃឈេី ដែលជាសម្បត្តិរបស់ជាតិ ដែលជាបរិដ្ឋាន ឧបត្ថម្ភ ដល់ជីវិតរស់នៅ ទាំង មនុស្សទាំងសត្វ។ ខ្ញុំ មាន ជំនឿថា ឯកឧត្តម នាយករដ្ឋមន្ត្រី នឹងយកចិត្ត ទុកដាក់ ដល់សកម្មជនបែបនេះ ព្រោះ លោក ធ្លាប់បានធ្វេី ការអះអាងផងដែរ ក្នុងការ ការពារព្រៃឈេី របស់ែខ្មរនោះ។
ពិតជាល្អណាស់លោកពូ សូមបន្តសកម្មភាពដ៏ល្អប្រពៃនេះបន្តទៅទៀត ដើម្បីប្រជាជន និងប្រទេសជាតិ ដ៏ល្អរបស់យើងទំាងអស់ គ្នា