យុវជន​ខ្មែរ បង្កើត​សេវាកម្ម​ថតរូប និង​វីដេអូ ដោយ​ប្រើប្រាស់​កាមេរ៉ា Drone ដំបូង​គេ

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ដោយ​ក្តីស្រមៃ​ចង់​ដើរហើរ​ដោយ​សេរីភាព និង​ស្រឡាញ់​ការ​ថតរូប រួម​ផ្សំ​នឹង​ការ​ធុញថប់​ការងារ​ដែល​នៅ​តែ​មួយ​កន្លែង​រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ​នោះ ចុងក្រោយ​ស្ថាបនិក​លោក ត្រាំ លីរតនៈ បាន​លា​ឈប់​ពី​ការងារ​ជា​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​ម្នាក់ ក្នុង​ក្រសួង​ការបរទេស មក​បើក​ក្រុមហ៊ុន 1g1 ដែល​ផ្តល់​សេវាកម្ម​ថតរូប និង​វីដេអូ ដោយ​ប្រើ​កាមេរ៉ា Drone តាំងពី​ដើម​ឆ្នាំ​២០១៣​មក។

រូបភាព​ថត​ពី​លើ ដោយ​ប្រើ​កាមេរ៉ា Drone​។ រូបថត សហការី

លោក ត្រាំ លីរតនៈ ក្នុង​វ័យ​៣០​ឆ្នាំ លេង​ស្ទីល​ទុក​ពុកមាត់ ពុកចង្កា សក់​រួញ​អង្គាដី បាន​ប្រាប់​ថា មុន​ពេល​លោក​ឈាន​ចូល​ក្នុង​ការ​បង្កើត​មុខរបរ​ខ្លួនឯង មាន​មតិ​រិះគន់​ពី​បងប្អូន ញាតិមិត្ត នៅ​ស្រុក​ខ្មែរ​ថា លោក​បោះបង់​កន្លែង​ការងារ​ល្អ ទៅ​ប្រថុយថាន​នឹង​ការងារ​ថតរូប​ទៅ​វិញ។កាមេរ៉ា Drone ជា​បច្ចេកវិទ្យា​ថ្មី​នៃ​ការ​ថតរូប​ពី​លើ​វេហា​ដោយ​ប្រើ​ឧបករណ៍ Drone ហោះ​ពី​លើ​ដោយ​ភ្ជាប់​នឹង​កាមេរ៉ា(Go-pro) ដែល​បង្ហាញ​រូប​ភ្លឺ​ច្បាស់ (FULL HD)​ដែល​បញ្ជា​ដោយ​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​(Wireless Remote control​)​។​លោក​លីរតនៈ បាន​ឲ្យ​ដឹង​ថា ឧបករណ៍​នេះ អាច​ហោះ​បាន​រយៈពេល ១០ ទៅ​១៥​នាទី ដោយ​ប្រើប្រាស់​ថ្ម​ពិសេស​របស់​វា។ កាមេរ៉ា Drone ខ្លះ អាច​ហោះ​បាន​រយៈ​កម្ពស់​ជាង​៥០០​ម៉ែត្រ ហើយ​មើល​ឃើញ​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ។ ឧបករណ៍​នោះ​មាន​តម្លៃ​ចាប់ពី​ជាង​១០០០ ដុល្លារ ទៅ​ដល់​ជាង​២០០០​ដុល្លារ​។

ភាគច្រើន គេ​ប្រើ​កាមេរ៉ា​ប្រភេទ​នេះ​ដើម្បី​ថត​យក​ទេសភាព​ពី​លើ​អាកាស បង្ហាញពី​ការ​កសាង​សំណង់​អគារ ស្ពាន ថ្នល់ ភ្នំ សមុទ្រ ទន្លេ ទីក​ន្លែង​កម្សាន្ត កន្លែង​ប្រវត្តិសាស្ត្រ ឬ​ថត​ក្នុង​ខ្សែ​ភាពយន្ត ឬ​វីដេអូ​មុន​ពេល​រៀបការ (Pre-wedding)ជាដើម។ គេ​មិន​សូវ​ឃើញ​មាន​អ្នក​ថត​កាមេរ៉ា​ប្រភេទ​នេះ​ច្រើន​ទេ​នៅក្នុង​ប្រទេស​កម្ពុជា។ តាម​ការ​អះអាង​របស់ លោក លីរតនៈ លោក​គឺជា​ម្ចាស់​ក្រុមហ៊ុន​ខ្មែរ​ម្នាក់​ដែល​ប្រើ​កាមេរ៉ា Drone ក្នុង​សេវាកម្ម​ថតរូប និង​វីដេអូ​លើក​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា។

រូបភាព​ថត​ពី​លើ ដោយ​ប្រើ​កាមេរ៉ា Drone​។ រូបថត សហការី

លោក ត្រាំ លីរតនៈ ប្រាប់​ថា៖ «Drone អាច​បង្ហាញ​រូបភាព​ពី​លើ​អាកាស​ដ៏ស្រស់ស្អាត និង​មាន​វិសាល​ភាព​ធំទូលាយ ធ្វើឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ជាប់​ចិត្ត និង​អាច​ទទួល​ព័ត៌មាន​បាន​ជាក់ស្តែង ជា​ជាង​រូបថត​ដែល​យើង​ថត​នៅ​នឹង​កន្លែង ជាប់​នឹង​ដៃ​របស់​យើង​»។ លោក លីរតនៈ បន្ថែម​ថា៖ «ជាក់ស្តែង​ការ​បង្ហាញ​រូបភាព​ពី​លើ​អាកាស ធ្វើឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​រីករាយ និង​ពេញ​ដោយ​សេរីភាព​បំផុត​»។

មក​ទល់​នឹង​ពេល​នេះ សេវាកម្ម​របស់ 1g1 ហាក់​មាន​ភាព​មមាញឹក និង​ទទួល​បាន​ការ​កោតសរសើរ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ។ ជាក់ស្តែង កន្លង​មក ក្រុមហ៊ុន 1g1 របស់​លោក​ត្រាំ លីរតនៈ បាន​ទទួល​ថតរូប និង​វីដេអូ​បង្ហាញ​ពី​ការ​សាងសង់​ស្ពាន ថ្នល់ របស់​រាជរដ្ឋាភិបាល ហើយ​បាន​ចូលរួម​ផលិត​ជា​វីដេអូ​ឯកសារ​នានា​ជាច្រើន។ ក្រៅពី​នេះ ក៏​មាន​ក្រុមហ៊ុន​ឯកជន និង​ភ្ញៀវ​មួយ​ចំនួន​ទៀត​ទទួល​យក​សេវាកម្ម​របស់​1g1 ទៅ​ថត​ក្នុង​ការងារ​បង្ហាញ​ពី​កម្មវិធី​របស់​ខ្លួន ដូចជា​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត និង​ការ​រៀបចំ​វីដេអូ​មុន​ពេល​រៀបការ(Pre-wedding)ជាដើម។

រូបភាព​ថត​ពី​លើ ដោយ​ប្រើ​កាមេរ៉ា Drone​។ រូបថត សហការី

បើ​តាម​លោក​រតនៈ ការ​គិត​ថ្លៃ​ក្នុង​ការ​ថត​ដោយ​ប្រើ​កាមេរ៉ា Drone អាស្រ័យ​លើ​ប្រភេទ​ឯកសារ​ដែល​អតិថិជន​ចង់​បាន។ លោក​ថា៖ «ជា​លក្ខណៈ​រូបភាព ឬ​វីដេអូ​ធម្មតា​ដែល​ជា​ឯកសារ​កម្សាន្ត​ផ្ទាល់ មិន​សម្រាប់​ពាណិជ្ជកម្ម យើង​គិត​ថ្លៃ​ចាប់ពី ១៥០​ដុល្លារ ក្នុង​ការ​ហោះ​ថត​មួយ​ដង ហើយ​បើ​ហោះ​ច្រើន​ដង​ដោយ​ប្រើ​អស់​ថាមពល​ថ្ម​ច្រើន​គ្រាប់ យើង​បញ្ចុះ​តម្លៃ​តាម​ហ្នឹង​»​។ លោក បន្ត​ថា៖ «បើ​ឯកសារ​នោះ​ប្រើ​សម្រាប់​ពាណិជ្ជកម្ម ខ្ញុំ​អាច​គិត​ថ្លៃ​ចាប់ពី ២០០ ទៅ​៣០០​ដុល្លារ ក្នុង​ការ​ហោះ​ថត​ម្តង ឬ​អស់​ថាមពល​ថ្ម​មួយ​គ្រាប់»។

រៀងរាល់​ខែ​លោក រតនៈ ទទួល​បាន​អតិថិជន​ចាប់ពី ៣​នាក់ រហូត​ដល់​៣០​នាក់ ហើយ​តែងតែ​បាន​ដើរ​កម្សាន្ត​ថតរូប តាម​បណ្តា​ប្រទេស​ជាច្រើន​ដូច​អ្វី​ដែល​លោក​ចូលចិត្ត និង​រំពឹង​ទុក​មុន នៅពេល​បើក​មុខរបរ​ថតរូប​នេះ។ ទាក់ទង​នឹង​ចំណូល​ដែល​រក​បាន លោក ត្រាំ លីរតនៈ ប្រាប់​ថា៖ «វា​មិន​ទៀង​ទេ ព្រោះ​អតិថិជន​មាន​ច្រើន មាន​តិច​តាម​ខែ​នីមួយៗ ក៏​ប៉ុន្តែ​ខ្ញុំ​អាច​រក​បាន​ច្រើន​ជាង​កាល​ធ្វើការ​ក្នុង​ការិយាល័យ ហើយ​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ មិន​តែ​ប៉ុណ្ណោះ​គឺ​ពេញ​ដោយ​សេរីភាព»។

លោក​លីរតនៈ បាន​ទទួល​ស្គាល់​ថា សម្រាប់​ការ​បើក​មុខ​ជំនួញ​មួយ​ដោយ​ខ្លួនឯង គឺ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ។ លោក​បន្ត​ពន្យល់​ថា បើ​យើង​ធ្វើការ​ឲ្យ​គេ យើង​មិន​ចាំបាច់​បារម្ភ​អី​ច្រើន​ទេ គ្រាន់តែ​ធ្វើ​ការងារ​តាម​ជំនាញ​របស់​យើង​ឲ្យ​ច្បាស់​ទៅ ប៉ុន្តែ បើក​ជំនួញ​ខ្លួនឯង យើង​ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​ដំណើរការ​ជំនួញ​ឲ្យ​ជោគជ័យ​។ លោក​ថា ជួនកាល ពេលវេលា​នៅ​ជាមួយ​គ្រួសារ​ក៏​មិន​សូវ​មាន​ដែរ​។

លោក លីរតនៈ បាន​ចែក​រំលែក​គន្លឹះ​បី​យ៉ាង​ក្នុង​ការ​គ្រប់គ្រង​មុខ​ជំនួញ​របស់​ខ្លួន ថា​៖ «ទី​១ តិច ឬ​ច្រើន​ត្រូវ​ចេះ​បច្ចេកទេស​ប្រើប្រាស់​កាមេរ៉ា Drone ឲ្យ​បាន​គួរសម​។ ទី​២ ត្រូវ​បែងចែក និង​គ្រប់គ្រង​ពេលវេលា​ឲ្យ​ត្រឹមត្រូវ ហើយ​សម្រេចចិត្ត​លើ​ការងារ​បន្ទាន់ ឬ​សំខាន់​ឲ្យ​បាន​ច្បាស់​។ និង​ទី​៣ ត្រូវ​ចេះ​គ្រប់គ្រង មើល​ការ​ខុសត្រូវ​លើ​ធនធាន ទាំង​សម្ភារ និង​មនុស្ស​ដែល​ជួយ​បំរើ​ការ​ឲ្យ​យើង ឲ្យ​ពួកគាត់​មាន​ភាព​សិ្នទ្ធស្នាល និង​ស្រឡាញ់​ការងារ​របស់​គេ»។

ក្នុង​រយៈពេល ៣ ឬ​៥​ឆ្នាំ​ខាង​មុខ លោក ត្រាំ លីរតនៈ មាន​គោលបំណង​ផលិត​វីដេអូ​បទចម្រៀង និង​ខ្សែ​ភាពយន្ត​ដោយ​ប្រើប្រាស់ កាមេរ៉ា Drone ដែល​មាន​ស្តង់ដារ​អន្តរជាតិ។ លោក បាន​ផ្តាំផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ហ៊ាន​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់។ លោក​បាន​ពោល​ថា៖ «យើង​មិន​ត្រូវ​ខ្លាច​នឹង​ការ​បើក​របរ​ថ្មី​នោះ​ទេ បើ​ទោះ​គ្មាន​ដើមទុន​គ្រប់គ្រាន់​ក៏ដោយ បើ​អ្នក​ស្រឡាញ់ និង​មាន​ទំនុក​ចិត្ត​ហើយ​ត្រូវ​តែ​ចាប់ផ្តើម បើ​ទោះ​ជា​ត្រូវ​ខ្ចី​ដើម​គេ​មុន​ដំបូង​ក៏ដោយ»៕


What Next?

Recent Articles

One Response to "យុវជន​ខ្មែរ បង្កើត​សេវាកម្ម​ថតរូប និង​វីដេអូ ដោយ​ប្រើប្រាស់​កាមេរ៉ា Drone ដំបូង​គេ"

  1. rathanak says:

    wow my teacher MR Green :D