ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមការងារគណបក្សទាំងពីរជួបពិភាក្សាគ្នានៅរសៀលថ្ងៃចន្ទនេះ (រូបភាព៖ ឡាយ សាមាន)
មន្ត្រីក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការពិភាក្សាលើសេចក្តីព្រាងច្បាប់ គជប នៅរសៀលថ្ងៃនេះ ឯកភាពគ្នាបានច្រើន ហើយនៅចំណុចសេសសល់នឹងត្រូវបញ្ចប់នៅដើមសប្តាហ៍ក្រោយ។
ក្រោយពីកិច្ចប្រជុំពិភាក្សាបិទទ្វារយៈពេលបីម៉ោង នៅវិមានរដ្ឋសភា នាថ្ងៃទី១០ ខែវិឆ្ឆិកានេះ ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរបានរកចំណុចឯកភាពគ្នាច្រើន។ លោកបន្តថា ចំណុចឯកភាពទាំងនោះរួមមាន បទពិសោធន៍ និងអាយុរបស់សមាសភាព គជប ជាដើម។ ទោះជាយ៉ាងណាលោកបន្តថា ចំណុចនៅសេសសល់ទាំងប៉ុន្មាន នឹងបន្តទៅសប្តាហ៍ក្រោយគឺនៅថ្ងៃទី ១៧ ខែ វិច្ឆិកា។
សម្រាប់ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ស្រដៀងនឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា តែលោកថានៅមានការខ្វែងគំនិតបន្តិចបន្តួចលើលក្ខណៈសម្បតិរបស់អគ្គលេខាធិកា និងអគ្គលេខាធិការងនៃ គជប ។ លោកបន្តថា ចំណុចមិនឯកភាពគ្នាមួយទៀតគឺ សញ្ជាតិ ដោយគណបក្សសង្គ្រោះជាតិទាមទារឲ្យអគ្គលេខាធិកា និងអគ្គលេខាធិការងនៃ គជប អាចមានសញ្ជាតិពីរ តែបក្សប្រជាជនទាមទារឲ្យមានសញ្ជាតិតែមួយ។ ទោះជាយ៉ាងលោក គួយ ប៊ុនរឿន ថា ប្រសិនបើកិច្ចប្រជុំនៅសប្តាហ៍ក្រោយនៅតែមិនទាន់រកចំណុចឯកភាពទាំងស្រុង ក្រុមការងារបក្សទាំងពីរ នឹងបញ្ចូនទៅថ្នាក់លើជាអ្នកសម្រេច។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតឲ្យឯករាជ្យ ដោយសារបក្សប្រឆាំងចោទថា ការបោះឆ្នោតកន្លងមកមិនត្រឹមត្រូវ និងមានភាពមិនយុត្តិធម៌ ហើយធ្វើឲ្យជាប់គាំងនយោបាយ៕
សរសេរមកកាន់លោកឡាយ សាមាន តាមរយៈ samean@vodhotnews.com
All in all, both parties stick to target, NEC reform, regardless some differences to sort out and aimed to finalise next week. Whether to have dual citizenship or only single citizenship for executive positions,as long as they are relevant and capable doing the work without CONFLICT OF INTEREST. It means without being a corrupt to steer the independent organisation NEC.