ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ពិធីប្រារព្ធខួបលើកទី៦១ នៃបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ (រូបភាព៖ កាន់ វិច្ឆិកា)
អតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបាទនរោត្ត សីហនុ ក្រោយពេលព្រះអង្គឡើងសោយរាជ្យនៅឆ្នាំ១៩៤១ ទ្រង់បានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំង រហូតកម្ពុជាបានឯករាជ្យបរិបូរនៅថ្ងៃទី៩ ខែវិច្ឆិកា។ ទោះយ៉ាងណា កោះត្រល់ដែលបារាំងបានដាក់ឲ្យនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់វៀតណាមនោះ ព្រះអង្គមិនបានទាមទារឲ្យបារាំងដាក់បញ្ចូលមកកម្ពុជាវិញទេ ។ ដើម្បីជ្រាបច្បាស់ពីប្រវត្តិនៃទិវានេះ និងពីមូលហេតុដែលព្រះអង្គមិនទាមទារឲ្យបារាំងបញ្ចូលកោះត្រល់មកឲ្យកម្ពុជាវិញនៅពេលផ្ដល់ឯករាជ្យនោះ ខ្ញុំបាទណុល ដារ៉ា បានធ្វើបទសម្ភាសន៍មួយជាមួយសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក សំបូរ មាណ្ណារ៉ា។
VOD៖ បាទ លោកសាស្ត្រាចារ្យ ថ្ងៃនេះជាទិវា៩ វិច្ឆិកា ទាក់ទងនឹងព្រឹត្តិការណ៍ហ្នឹង តើលោកសាស្ត្រាចារ្យអាចជម្រាបជូនដល់អ្នកស្ដាប់បានទេ ពីប្រវត្តិដែលនាំឲ្យមានព្រឹត្តិការណ៍៩ វិច្ឆិកា បាទ?
លោក សំបូរ មាណ្ណារ៉ា៖ បាទ សូមអរគុណប្អូន។ បើសិនជាយើងនិយាយអំពីប្រវត្តិ៩វិច្ឆិកា យើងមិនអាចបំភ្លេចបានពីគុណូបការៈដែលព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋនេះដែលលោកបានធ្វើនោះទេ។ សូមជម្រាបថា លោកឡើងគ្រងរាជ្យឆ្នាំ១៩៤១ គឺជាឆ្នាំដែលព្រះអង្គជាប់ប្រឈមជាមួយនឹងវិបត្តិពីរ គឺវិបត្តិ ប្រជាធិបតេយ្យ ដែលយើងអាចនិយាយថា ជាវិបត្តិដែលយើងកកើតឡើងនូវប្រជាធិបតេយ្យ មានការប្រឆាំងជាមួយរាជានិយមផង និងវិបត្តិដែលកើតឡើងនូវក្រុមពួកឆ្វេងនិយម និយាយរួមគឺថាព្រះករុណា ព្រះអង្គត្រូវប្រឈមវិបត្តិជាច្រើន។
វិបត្តិមួយទៀត ដែលយើងត្រូវនិយាយថា ជាវិបត្តិដែលទាក់ទងជាមួយសង្គមខ្មែរ និងប្រជាជាតិខ្មែរ គឺវិបត្តិនៃការគ្រប់គ្រងដោយអំណាចរបស់បារាំង ដែលយើងឲ្យឈ្មោះថា អាណានិគមនិយមបារាំងនោះឯង។ បាទ វិបត្តិនៃអាណានិគមនិយមបារាំងនេះហើយ ដែលធ្វើឲ្យមានការកើតឡើងនូវថ្ងៃទី៩ ខែវិច្ឆិកា។ អ៊ីចឹងដោយសារតែបញ្ហានេះកើតឡើង ព្រះករុណា ព្រះអង្គលោកបានខំប្រឹងធ្វើកិច្ចការជាច្រើនចាប់តាំងពីឆ្នាំ១៩៤១ បន្ទាប់មកទៀត ឆ្នាំ១៩៤៥ ហើយបន្តរហូតមកឆ្នាំ១៩៤៩ ទើបទទួលបានឯករាជ្យមួយ ដែលគេឲ្យឈ្មោះថាឯករាជ្យមិនពេញលក្ខណៈ ឯករាជ្យមិនពេញលេញទេ។
ប៉ុន្តែ បន្ទាប់ពីបានឯករាជ្យឆ្នាំ១៩៤៩ហើយ ព្រះអង្គនៅមិនទាន់សព្វព្រះរាជហឫទ័យ ព្រះអង្គនៅខំប្រឹងតទៅទៀត ដោយខំប្រឹងឲ្យមានការ បង្កើតបាននូវសកម្មភាព ដើម្បីទាមទារនូវឯករាជ្យបន្ត គឺរហូតទៅឆ្នាំ១៩៥៣ គឺថ្ងៃ៩វិច្ឆិកានេះ។
សូមជម្រាបថា បើសិនជាយើងនិយាយពីលក្ខណៈ និងគុណសម្បត្តិទាំងអស់នេះ យើងអាចនិយាយបានថា គឺជាលក្ខណៈ និងគុណសម្បត្តិនៃប្រជាជាតិខ្មែរយើងទាំងមូល។ ប៉ុន្តែបើសិនជាយើងនិយាយអំពីតួនាទីរបស់ព្រះករុណា គឺព្រះអង្គត្រូវប្រឈមនឹងការងារជាច្រើន។ អ៊ីចឹងព្រឹត្តិការណ៍ថ្ងៃ៩វិច្ឆិកានេះ គឺជាព្រឹត្តិការណ៍មួយដែលយើងមិនអាចបំភ្លេចអំពីគុណូបការៈរបស់ព្រះអង្គ និងមិនអាចបំភ្លេចបានអំពីប្រជាជាតិខ្មែរយើង ប្រជាជនខ្មែរយើង អ្នកតស៊ូខ្មែរយើង ដែលជាបុព្វការីជននៃឯករាជ្យជាតិខ្មែរនោះទេបាទ។ ពីព្រោះនៅក្នុងកំឡុងនៃឆ្នាំ១៩៤៥ និង៤៦ ក្រោយពេលដែលសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ អ្វីទាំងអស់ហ្នឹងគឺនៅបន្សល់ទុកឲ្យខ្មែរហ្នឹង គឺវិបត្តិដែលទាក់ទងជាមួយនឹងអាណានិគមនេះឯង។ អ៊ីចឹងយើងនៅបន្តដើម្បីបំបាត់ និងដើម្បីរំដោះខ្លួនចេញពីនឹមអាណានិគមរបស់បារាំង ហើយយើងបានធ្វើឲ្យប្រទេសយើងបានឯករាជ្យ។
សូមជម្រាបថា នៅថ្ងៃទី៨ ថ្ងៃទី៩ ខែវិច្ឆិកាហ្នឹង គឺព្រះករុណាព្រះអង្គបានរៀបចំនូវកម្លាំងកងយុវជននារីក្លាហាន ហើយបានព្រះអង្គយាងចេញពីសៀមរាប កាត់តាមកំពង់ធំ រហូតមកដល់ភ្នំពេញហ្នឹង គឺថាប្រជាជនខ្មែរលោកបានអបអរសាទរនៅតាមដងផ្លូវហ្នឹងខ្លាំងណាស់។ ជាព្រឹត្តិការណ៍មួយនៅសម័យនោះ បើយើងស្រមៃទៅគឺថា គឺជាសម័យដែលប្រជាជាតិខ្មែរយើងស្រឡាញ់ឯករាជ្យ ហើយអបអរសាទរយ៉ាងខ្លាំង។
អ៊ីចឹងខ្ញុំសូមឲ្យតម្លៃបែបនេះថា ៩វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរមួយនេះ ហើយជាស្នាព្រះហត្ថរបស់ព្រះបាទនរោត្តម សីហនុ និងបុព្វការីជនរបស់ខ្មែរទាំងអស់ ដែលលោកបានតស៊ូជាមួយព្រះអង្គនៅពេលនោះបាទ។
VOD៖ ខ្ញុំមានមួយសំណួរទៀតទាក់ទងទៅនឹងរឿងហ្នឹងដែរ មូលហេតុអ្វីបានជាពេលនោះព្រះករុណាលោកមិនទាមទារឲ្យបារាំងប្រគល់កោះត្រល់មកឲ្យកម្ពុជានៅពេលនោះតែម្ដងបាទ?
លោក សំបូរ មាណ្ណារ៉ា៖ បាទ ខ្ញុំអាចជម្រាបជូនថា រឿងនេះជារឿងកើតឡើងហើយ អូនដារ៉ាបានដឹងរឿងហ្នឹងដែរ តាមខ្ញុំគិតមើលទៅ។ នៅក្នុងពេលដែលយើងត្រូវការចាំបាច់បំផុត គឺអ្វីដែលយើងត្រូវការគឺឯករាជ្យ ទាល់តែយើងបានឯករាជ្យបានយើងចាប់ផ្ដើមធ្វើអ្វីមួយបាន។ ប៉ុន្តែបើយើងឆ្នាំ១៩៤៩នោះ យើងគិតឡើងវិញ គឺជាឆ្នាំមួយដែលបារាំងបានគូសវាសផែនទីតាមខ្សែប្រេវីយេហ្នឹង កាត់បាត់ទៅហើយនៅក្នុងខ្សែបន្ទាត់ទាំងអស់នោះ។ សូមពិនិត្យមើលឡើងវិញបែបនេះទៅ យើងនឹងអាចដឹងបានថា វិបត្តិរបស់យើងនៅពីខាងកើតហ្នឹងគឺវាមានស្រេច មុនពេលដែលយើងបានឯករាជ្យឆ្នាំ១៩៥៣។
ហើយឆ្នាំ១៩៥៤ យើងត្រូវប្រកាសឲ្យមានលក្ខណៈមួយទៀត គឺលក្ខណៈជាអន្តរជាតិ មិនមែនយើងបាននៅមុខវាំងថ្ងៃទី៩វិច្ឆិកាហ្នឹង យើងគ្រប់គ្រាន់តែប៉ុណ្ណឹងទេ គឺយើងត្រូវពឹងផ្អែកលើការទទួលស្គាល់ជាអន្តរជាតិ។ អ៊ីចឹងនៅថ្ងៃទីម្ភៃជាងនៅខែកក្កដា ឆ្នាំ១៩៥៤ នៅឯទីក្រុងហ្ស៊ឺណែវហ្នឹង គេធ្វើការប្រជុំជាអន្តរជាតិមួយទាក់ទងឯករាជ្យរបស់តំបន់ឥណ្ឌូចិនរបស់យើងហ្នឹង។
អ៊ីចឹងការរង់ចាំពេលវេលាហ្នឹងហើយ គឺជាពេលវេលាមួយដែលយើងត្រូវអាក់ខាននូវការគិត នូវព្រំប្រទល់សីមារបស់យើងឲ្យបានទៀងទាត់ល្អ។ សូមជម្រាបដូចគ្នានៅឆ្នាំ១៩៥៤ដដែលហ្នឹង គឺពួកខាងថៃឯនោះគឺគេមិនបានដកចេញពីប្រាសាទព្រះវិហារយើងដែរ។ សូមជ្រាបកន្លែងហ្នឹងផង។
អ៊ីចឹងយើងមានបញ្ហាទាំងអស់ ទាំងខាងកើត ទាំងខាងលិច ហើយដែលបន្សល់ទុកដោយសារបារាំងផង បន្សល់ទុកដោយការដែលគេបានដាក់ទីតាំងជាមួយកន្លែងយើងតាំងពីឆ្នាំ១៩៤១ ដូចខាងអយុធ្យា ខាងបាងកកអ៊ីចឹង គេតាំងទីលើទឹកដីរបស់យើងតាំងពីទន្លេរពៅ តាំងពីម្លូព្រៃ ស្ទឹងត្រែង ក្រចេះ យើងទើបនឹងបាននៅក្នុងដើមសតវត្សរ៍ទី២០វិញតើ! ព្រោះអីគេអត់ព្រមដកចេញទេ។ យើងបានធ្វើការចុះហត្ថលេខាមួយនៅឆ្នាំ១៩៤៦នៅវ៉ាស៊ីនតោន ទើបយើងបានមកវិញនូវអ្វីដែលគេកាន់កាប់នោះ ក៏ប៉ុន្តែគេមិនព្រមចេញ គេគ្រាន់តែស៊ីញ៉េ គេអត់ចេញ។
អ៊ីចឹងឆ្នាំ១៩៥៨, ៥៩ ទើបយើងបានប្ដឹងទៅតុលាការអន្តរជាតិ យើងបានទទួលមកវិញនូវចំណែកដីភាគខាងលិច ជាមួយនឹងកោះត្រល់ដែលយើងនិយាយមិញហ្នឹងដូចគ្នា គឺកំពុងនាំគ្នាពង្រឹងធនធានដើម្បីឯករាជ្យ និងកម្លាំងធនធានដើម្បីការអភិវឌ្ឍជាតិ នៅក្នុងពេលដែលយើងបានឯករាជ្យ។
អ៊ីចឹងខ្ញុំនិយាយថា សម័យសង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ ក៏ជាសម័យមួយដែលយើងកំពុងតែតស៊ូ កំពុងតែប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េចឲ្យជាតិយើងកើតឡើងដោយការបោះឆ្នោត។ អ៊ីចឹងយើងរវល់ជាប់តែម្ដង។ ដូច្នេះវិបត្តិរបស់យើងមិនមែនត្រឹមតែវិបត្តិព្រំដែនទេ គឺវិបត្តិប្រជាជាតិ គឺវិបត្តិនៃការបាក់បែកគ្នាតាមទស្សនវិជ្ជា សង្គមនយោបាយ និងសេដ្ឋកិច្ចទៀតផង ហើយយើងទើបតែបានឯករាជ្យកាន់កិច្ចការប្រទេសដោយខ្លួនឯង។
សូមមេត្តាពិចារណាឡើងវិញមើល ថាតើប្រជាជាតិយើងមានប៉ុន្មាននាក់ ដែលមានសមត្ថភាពដើម្បីធ្វើកិច្ចការប្រទេសជាតិហ្នឹងបានទាន់ពេលវេលានៅឆ្នាំ១៩៥៤។ ហើយនៅឆ្នាំណាទើបយើងបានយកចិត្តទុកដាក់គិតអំពីការងើបឡើងវិញ អំពីវិបត្តិទាំងអស់នោះ ទាំងសេដ្ឋកិច្ច នយោបាយ និងសង្គមហ្នឹង គឺក្រោយពីការបោះឆ្នោតឆ្នាំ១៩៥៥ យើងចាប់ផ្ដើមមានការរៀបចំ ប៉ុន្តែដល់ឆ្នាំ១៩៦០ ឯនេះ យើងមានវិបត្តិមួយទៀតទាក់ទងវិបត្តិមនោគមន៍វិជ្ជា។
ដូចបានជ្រាបហើយថា ក្នុងកំឡុងដើមនៃឆ្នាំ១៩៦០ គឺហុកសិបប្លាយ ហុកសិបពីរ ហុកសិបបីហ្នឹង គឺយើងបានបែរមុខទៅទិសខាងកើត ដោយយើងឲ្យតម្លៃទៅខាងចិនកុម្មុយនីស្តហ្នឹងច្រើនជាង ហើយយើងបានបញ្ឈប់មានទំនាក់ទំនងជាមួយស្ថានទូតអាមេរិកាំង អាហ្នឹងវាបញ្ហាមួយទៀតហើយ។ ដូច្នេះតើយើងត្រូវគិតយ៉ាងម៉េចអំពីបញ្ហាប្រទេសជាតិមួយនេះ ដែលកំពុងតែរវល់បែបនេះ។ អ៊ីចឹងបញ្ហាកោះត្រល់ សូមជម្រាបឡើងវិញថា អ្វីទាំងអស់នោះគឺជាបញ្ហារបស់ជាតិសាសន៍យើង ដែលត្រូវសិក្សា ហើយត្រូវតែពឹងផ្អែកទៅលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ហើយផ្សារភ្ជាប់ជាមួយច្បាប់ជាតិក៏យើងត្រូវពិចារណាឡើងវិញ តើយើងបានបង្កើតនូវនិន្នាការក្នុងការគ្រប់គ្រងនូវកោះត្រល់ហ្នឹងតាំងពីពេលណាមក ហើយយើងបានមានអាជ្ញាធររបស់យើងហ្នឹងយ៉ាងម៉េចដែរ ក្រោយពីសម័យអាណានិគមនិយមបារាំងចប់ទៅ។ ហើយនៅក្នុងសម័យបារាំងទៀតសោត តើបារាំងបានកាន់កាប់កោះត្រល់សម្រាប់ខ្មែរយ៉ាងម៉េច។ អានេះយើងត្រូវសិក្សាមួយទៀត។
ហើយខ្ញុំសូមអធ្យាស្រ័យ ខ្ញុំជាខ្មែរខ្ញុំស្ដាយកោះត្រល់ណាស់។ ប៉ុន្តែឲ្យយើងធ្វើយ៉ាងម៉េច បើយើងគ្រាន់តែឃើញឯកសាររបស់យើងប៉ុណ្ណឹង យើងកំពុងតែគិតស្រេចហើយថា យើងមានការប្រឈមខ្លាំងមែនទែន យើងឈោងផុតៗ។ ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយ សូមឲ្យស្មារតីប្រជាជាតិខ្មែរមួយនេះ យកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាជាតិដោយសន្តិវិធី សូមកុំនាំគ្នាប្រកួតប្រជែងដើម្បីយកសង្គ្រាមមកប្រើប្រាស់ និងដំណោះស្រាយឲ្យសោះ សូមយកច្បាប់ជាតិ និងច្បាប់អន្តរជាតិដើម្បីប្រើប្រាស់ ក្នុងលក្ខណៈដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិបាទ។
VOD៖ បាទសូមអរគុណលោកសាស្ត្រាចារ្យ។ បាទ សូមជម្រាបលាបាទ។
លោក សំបូរ មាណ្ណារ៉ា៖ បាទអរគុណដារ៉ា! អរគុណអូនណា៎ ជម្រាបលាបាទ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
the king (sihanouk) made too much mistake ‘if he din’t abducted and let the nationalist lead the country far better then him.Dr tell me who killed mr iev kours ? and prince yuthivong?why he kick U-N out 1993?sometime people give too much credited one person can lead to disaster like titanic.a chey tleak tork hay er hay er.admired only good he have done what a bad he have done?.GOD bless all cambodian people’
ហុឺ!យួនពេញស្រុក ចេះអែករាជ្យទៅកើត,មិនចេះខ្មាស់ខ្មោច។