ពែកមី នៅ​តែ​បញ្ជាក់​ថា ខ្លួន​មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទេ

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មហាជន​បាន​ដាក់​ការ​ជឿជាក់​យ៉ាង​មុតមាំ​ទៅ​នឹង​ដំណឹង​ដែល​ផ្សព្វផ្សាយ​ថា នាយ ពែកមី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ក៏​មាន​វីដេអូឃ្លីប​អម​ជាមួយ​រថយន្ត​បង្ហាញ​ពី​ស្លាកស្នាម​គ្រោះថ្នាក់​ខ្ទេចខ្ទី​មួយ​កំណាត់​ខាង​ក្រោយ ដែល​អ្នក​បង្ហោះ​បញ្ជាក់​ថា តារាកំប្លែង ពែកមី បាន​ជួប​គ្រោះថ្នាក់​ពិតមែន ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​នាយ ពែកមី ដែល​កំពុង​តែ​សម្តែង​សិល្បៈ​បាន​អះអាង​ថា លោក​មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គេ​ថា​នោះ​ទេ។

វីដេអូឃ្លីប​ដែល​បង្ហាញ​ថា នាយ ពែកមី ជួប​គ្រោះថ្នាក់​ចរាចរណ៍ បាន​បញ្ជាក់​ថា កើតឡើង​នៅ​ម៉ោង​១៩ និង​៥០​នាទី នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ហើយ​ក្នុង​នោះ​ក៏​បាន​បញ្ជាក់​ទៀត​ថា នាយ ពែកមី បាន​ស្លាប់​ពេល​បញ្ជួន​ទៅ​ដល់​មន្ទីរពេទ្យ​។

លាង​នូវ​ដំណឹង​ដ៏រន្ធត់ និង​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ទាំង​នាយ ពែកមី និង​បុគ្គលិក​ស្ថានីយ​ទូរទស្សន៍ CTN លោក សុខ គា និង​លោក ឈន ច័ន្ទតារា សុទ្ធតែ​បាន​ចេញ​សារ​បកស្រាយ​ថា នាយ ពែកមី មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ព័ត៌មាន ដែល​កំពុង​ចែកចាយ​នោះ​ទេ​។

នាយ ពែកមី ផ្ទាល់​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថា រូបលោក​ពិតជា​មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត ដូច​ព័ត៌មាន​ល្បី​នោះ​មែន ។ ជាមួយ​ពាក្យសម្ដី​ដែល​មិន​សប្បាយចិត្ត​នឹង​ដំណឹង​ដែល​ថា ខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នាយ ពែកមី ដែល​ស្តីបន្ទោស​ព័ត៌មាន​ស្រុក​ខ្មែរ​ថា មិន​ដឹង​ជា​ស្អី ចេះ​តែ​ចុះផ្សាយ​ទាំង​រឿង​មិន​ពិត​នោះ បាន​បញ្ជាក់​ថា៖​«នៅ​វេលា​ម៉ោង​ជិត​៦​ល្ងាច​ម្សិល​នោះ ពិតជា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មែន នៅ​ម្តុំ​ស្រុក​ដងទង់ ខេត្ត​កំពត ស្រប​គ្នា​នោះ ខ្ញុំ និង​ក្រុម​កីឡាករ​បាល់ទះ ខ្ញុំ​ត្រឡប់​មកពី​លេង​នៅ​កំពត ឃើញ​បែប​នេះ​ខ្ញុំ​ក៏​ចុះ​មើល​»។

នាយ ពែកមី បញ្ជាក់​ថា៖​«ក្រោយ​ហេតុការណ៍​នោះ គេ​ឃើញ​ខ្ញុំ​ស្ថិត​ក្នុង​នោះ​ដែរ ហើយ​គេ​ស្គាល់​ខ្ញុំ គេ​ក៏​ថា ខ្ញុំ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង​ទៅ​»។

យ៉ាងណា​ការ​សរសេរ​សារ​បកស្រាយ និង​ការ​បញ្ជាក់​របស់ នាយ ពែកមី ថា​ខ្លួន​មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដូច​ដែល​ដំណឹង​ចែកចាយ​យ៉ាង​ក្តៅគគុក​នោះ មិន​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ឡើយ ដោយ​ពួកគេ​ចោទ​ថា បើ​សូម្បីតែ​នាយ ពែកមី ខ្លួនឯង​ចេញ​មុខ​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្តី នោះ​គឺជា​ការ​បិទបាំង​ការពិត​តែ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ពួកគាត់​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា មាន​នាយ​ពែកមី ស្ថិត​ក្នុង​ហេតុការណ៍ អ្នក​បើក​ឡាន និង តារាសម្ដែង​ស្រី​ពីរ​នាក់​ផ្សេង​ទៀត​ដែរ។

មាន​ការ​បង្ហើប​ប្រាប់​ទៀត​ថា នាយ ពែកមី និង​ក្រុម​ការងារ រួម​ទាំង​ក្រុម​កីឡាករ​បាល់ទះ បាន​ធ្វើ​ដំណើរ​ពី​កំពត ត្រឡប់​មក​ភ្នំពេញ​វិញ។ ក្នុង​ដំណើរ​នោះ នាយ​ពែកមី បាន​ជិះឡាន Luxus 470 ដែល​ឡាន​មួយ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឡាន​របស់​លោក សុវណ្ណ រិទ្ធី ហៅ​តាវិទ័រ ដោយ​ក្នុង​នោះ​មាន​គ្នា ៤ នាក់ ប្រុស​២​ស្រី​២។ ប្រភព​ដដែល​បន្ត​ថា ជា​អកុសល​នៅ​ម៉ោង​ប្រមាណ ៦ ល្ងាច ពេល​ធ្វើ​ដំណើរ មក​ដល់​ភូមិ ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត ក៏​ជួប​នឹង​គោ​មួយ​ហ្វូង​ឆ្លង​ផ្លូវ ហើយ​អ្នក​បើកបរ បាន​បួង​ចង្កូត គេច​សត្វគោ ហើយ​ក្រឡាប់​ផ្ងារពោះ និង​ខូច​ដំបូល​ទាំង​ស្រុង។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​នឹង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​នោះ បាន​នាំ​គ្នា រុញ​ឡាន​នោះ​ឲ្យ​មក​សភាព​ដើម​វិញ និង​ជួយ​មនុស្ស​នៅក្នុង​ឡាន​ចេញ។

មាន​ការ​បញ្ជាក់​ថា មិនមាន​នរណា​ម្នាក់​គ្រោះថ្នាក់ ឬ​របួស​នោះ​ឡើយ ក្រៅពី​មនុស្សស្រី​ម្នាក់​សន្លប់ ខណៈ​ភ័យ​ខ្លាំង​ពេក ហើយ​នាយ ពែកមី និង តារាស្រី​២​នាក់​នោះ បាន​ជួល​ឡាន​មួយ​ផ្សេង​ទៀត ដើម្បី​បន្ត​ដំណើរ​មក​ភ្នំពេញ​ភ្លាមៗ ដោយ​ទុក​តៃកុង ជា​អ្នក​ចាំ​មើល​ឡាន ហើយ​ក្រោយមក​តៃកុង​នោះ បាន​ជួល​រថយន្ត​មួយ​ទៀត​ដឹក​ឡាន​នោះ​មក​ជួសជុល​នៅឯ​ភ្នំពេញ។

បើ​ទោះ​ជា​មាន​ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​នាយ ពែកមី នៅ​តែ​បដិសេធ​ដដែល ខណៈ​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ព្យាយាម​សុំ​ការ​បកស្រាយ​ម្តង​ទៀត​។ ដោយ​នាយ​អះអាង​ថា ខ្លួន​ពិតជា​មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មែន​។ នាយ ពែកមី​បាន​បញ្ជាក់​ប្រាប់​ជាថ្មី​ទៀត​ថា ក្នុង​ដំណើរ​ទៅ​ខេត្ត​កំពត​នោះ លោក​មាន​គ្នា​ទាំងអស់​ជិត​២០​នាក់ តែ​ក៏​មិន​បាន​ជិះ​ឡាន​ម៉ាក​ឡិចស៊ីស​នោះ​ដែរ គឺ​លោក​និង​ក្រុម​ការងារ​ជិះ​ឡាន​ទួរីស​ទេ ៕

What Next?

Recent Articles

One Response to "ពែកមី នៅ​តែ​បញ្ជាក់​ថា ខ្លួន​មិន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទេ"

  1. ជួបក៏ជួបទៅខ្លាចអីប្រាប់មហាជននោះ? ខំលាក់យ៉ាងណាក៏មិនជិតដែរវៀរលែងមិនមែន
    ជួបគ្រោះថ្នាក់មែន ។ សេចក្ដីពិតនៅតែពិត ។