សំណុំ​រឿង​កម្មករ ២៣ នាក់​ត្រូវ​ឧទ្ធរណ៍​កំណត់​ថ្ងៃ​បើក​សវនាការ

លោក វន់ ពៅ ត្រូវ​កងទ័ព​ឆត្រ​យោង ៩១១ សង្គ្រប់​វាយ​កាល​ពី ខែ​មករា។

លោក វន់ ពៅ ត្រូវ​កងទ័ព​ឆត្រ​យោង ៩១១ សង្គ្រប់​វាយ​កាល​ពី ខែ​មករា។ ភ្នំពេញ ប៉ុស្តិ៍



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ដែល​នៅ​ក្រៅ​ឃុំ​ចំនួន ២៣ នាក់ នៅ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស នៃ​ការ​ប៉ះ​ទង្គិច​គ្នា រវាង​កម្មករ និង​សមត្ថកិច្ច នៅ​មុខ​រោងចក្រ​យ៉ាកជីន និង​នៅ​ផ្លូវ វេង​ស្រេង ឲ្យ​ចូល​ខ្លួន​មក​ក្នុង​សវនាការ​បណ្តឹង​សាទុក្ខ​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ ទី១៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ២០០០ ដុល្លារ ប៉ុន្តែ​ត្រូវ​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ ៥ ខែ​និង​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ​នោះ បាន​ថ្លែង​ថា សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ឲ្យ​រូប​លោក និង​អ្នក​ទាំង ២២ នាក់​ទៀត​ឲ្យ​ចូល​ខ្លួន​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ ទី១៧ វិច្ឆិកា។ លោក​ថ្លែង​ថា៖ «ពួក​យើង​មិន​អាច​ទទួល​យក​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​បាន​ទេ ពីព្រោះ​អី​ពួក​យើង​ជា​ជន​រង​គ្រោះ ហេតុ​អី​បាន​ជា​ត្រូវ​មាន​ទោស ឯ​អ្នក​ដែល​ប្រើ​ហិង្សា​លើ​ពួក​យើង បែរ​ជា​ពុំ​បាន​ទទួល​ទោស​ទៅ​វិញ»។ លោក សាវឿន យល់​ថា ការ​កាត់​ទោស​កន្លង​មក របស់​សាលា​ដំបូង​រាជធានី គឺ​មិន​ពេញ​លក្ខណៈ​ទេ ពី​ព្រោះ​ទាំង​សាក្សី និង​ភ័ស្តុតាង មិន​មាន​អ្វី​ដាក់​បន្ទុក​មក​លើ​ពួក​លោក​នោះ​ទេ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា តុលាការ​មិន​បាន​ប្រកាន់​នូវ​ឯករាជ្យ​ភាព​របស់​ខ្លួន​ឡើយ។ លោក​ថ្លែង​ថា៖ «ដោយ​តុលាការ​មាន​លក្ខណៈ​នយោបាយ ធ្វើ​ឲ្យ​យើង​ជា​ជន​រង​គ្រោះ ទទួល​បាន​នូវ​ភាព​អយុត្តិធម៌​បំផុត»។ លោក សាវឿន បាន​ចាត់​ទុក​សាលក្រម​ផ្តន្ទាទោស​ពួក​លោក​ថា ជា​សាល​ក្រម​នយោបាយ ដោយ​ពួក​អ្នក​នយោបាយ​បាន​យក​ពួក​លោក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា។ លោក​បាន​ថ្លែង​ថា៖ «អ្នក​នយោបាយ​បាន​យក​ពួក​យើង​សម្រាប់​ចំណេញ​នយោបាយ​របស់​គេ ដោយ​ទាំង​ពួក​យើង ពុំ​មាន​ពាក់​ព័ន្ធ​អ្វី​សូម្បី​តែ​បន្តិច​ជាមួយ​នយោបាយ។

យើង​ធ្វើ​ការ​ដើម្បី​តែ​សិទ្ធិ​សេរីភាព​របស់​កម្មករ​តែ​ប៉ុណ្ណោះ»។

ចំណែក​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី ថា​ជា​រឿង​អយុត្តិធម៌​ធ្ងន់​ធ្ងរ ខណៈ​ដែល​ពួក​លោក គឺជា​ជន​រង​គ្រោះ ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ធ្ងន់​ធ្ងរ និង​ថា ពួក​លោក​ពុំ​មាន​លទ្ធភាព​រក​លុយ ២ ពាន់​ដុល្លារ​បង់​ឲ្យ​តុលាការ​នោះ​ទេ។ លោក​ថ្លែង​ថា៖ «អ្វី​ដែល​សំខាន់​គឺ​យើង​សូម​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​មក​លើ​ពួក​យើង គេ​វាយ​យើង​ស្ទើរ​ងាប់​ស្ទើរ​រស់ ពួក​យើង​មិន​គួរ​ទទួល​បាន​ការ​ចោទ​ប្រកាន់​បែប​នេះ​នោះ​ទេ»។

លោក​ស្រី សាម សុគន្ធា មេធាវី​ការពារ​ក្តី ឲ្យ​ពិរុទ្ធ​ជន ដែល​នៅ​ក្រៅ​ឃុំ មក​ពី​អង្គការ​លីកាដូ បាន​ថ្លែង​ថា ឆ្លង​តាម​ការ​សួរ​ដេញ​ដោល​កូន​ក្តី​របស់​លោក​ស្រី នៅ​សាលា​ដំបូង​រាជធានី​កន្លង​មក​គឺ​បង្ហាញ​ថា កូន​ក្តី​របស់​លោក​ស្រី​ទាំង​អស់ គឺជា​ជន​រង​គ្រោះ នៃ​ការ​ប្រើ​អំពើ​ហិង្សា ហើយ​ពួក​គេ​ខ្លះ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​ពី​របួស​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។ លោក​ស្រី​បន្ត​ថា៖ «កូន​ក្តី​របស់​ខ្ញុំ​មិន​ខុស​ច្បាប់​ទេ ដូច្នេះ​សាល​ក្រម​កន្លង​មក​ពុំ​បាន​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ទេ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា សវនាការ​នៅ​ថ្ងៃ ទី១៧ វិច្ឆិកា ខាង​មុខ​នេះ​សាលា​ឧទ្ធរណ៍​នឹង​ទម្លាក់​បទ​ចោទ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល គឺជា​បំណង​អាក្រក់​មួយ​ដែល​មិន​គួរ​កើត​មាន​ទេ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ពីព្រោះ​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ និង​ប្រឆាំង​និទ្ទណ្ឌភាព។ លោក​បាន​បន្ត​ថា៖ «ការ​លាប​ពណ៌​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ គឺ​តុលាការ​លោក​សម្រេច​ដោយ​វិនិច្ឆ័យ​ទៅ​លើ​អង្គ​ច្បាប់»។

សូម​រំឭក​ថា ជន​ជាប់​ចោទ​ដែល​នៅ​ក្រៅ​ឃុំ​ចំនួន ២៣ នាក់​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​នោះ​ក្រោយ​ពី​អាជ្ញាធរ​ចាប់​ខ្លួន​ពួក​គេ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​រវាង​កម្មករ​និង​សមត្ថកិច្ច​កាល​ពី​ថ្ងៃ ទី០២ និង ទី០៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​មុខ​រោងចក្រ​យ៉ាកជីន និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេងស្រេង នៅ​ពេល​ដែល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ។ ក្នុង​ហេតុ​ការណ៍​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​គ្រាប់​ពិត និង​ដំបង​បាញ់ វាយ​ទៅ​លើ​កម្មករ​ដែល​គប់​ដុំ​ថ្ម​លើ​ពួក​គេ​បណ្តាល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់ ៥ នាក់​ស្លាប់ និង​រង​របួស​ធ្ងន់​រាប់​សិប​នាក់​ទៀត។ ក្នុង​ហេតុ​ការណ៍​នេះ កម្មករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៣ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ក៏​ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​ដែល​បាញ់​និង​វាយ​ដំ ទៅ​លើ​កម្មករ​ដែល​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​នោះ​ទេ៕


What Next?

Recent Articles

2 Responses to "សំណុំ​រឿង​កម្មករ ២៣ នាក់​ត្រូវ​ឧទ្ធរណ៍​កំណត់​ថ្ងៃ​បើក​សវនាការ"

  1. Amouk says:

    CPP ruled government is opening a political campaign to crackdown the youth, activists, supporters of CNRP as well as those land activists! there is no rule of law now, but a law of CPP, not law of the land, but law of man! this is a new wave of political harrassment, threat and intimidation which is violating the 1993 Constitution!CP”s popularioty rating is going down in the whole country right now. Most people including the youth now are well aware of the politics!

  2. Anonymous says:

    ពួក អាទាហាន ឆ្កួតជ្រូក អស់នេះ ពូកែ បានតែ ជាមួយ ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ តែប៉ុណ្ណោះ !

    បើ ជាមួយ បរទេស យួន សៀម ខ្លាចគេ អោយ ញ៉រ លឹបក្បាល បាត់ !