បទពិសោធន៍​ការងារ​នៅ​កម្ពុជា​របស់​អ្នក​ស្ម័គ្រចិត្ត​ភីស.ឃរ កញ្ញា លីណា ភរទ័រ

ដោយ ម៉ៅ សុធានី
2014-11-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កញ្ញា លីណា ភរទ័រ (Lina Porter) ជនជាតិ​អាមេរិកាំង នៃ​ទីភ្នាក់ងារ​ស្ម័គ្រចិត្ត ភីស.ឃរ (Peace Corps) របស់​សហរដ្ឋ​អាមេរិក បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ឆ្នាំ។ ក្នុង​អំឡុង​ពេល​បម្រើ​ការងារ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា នាង​បាន​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​អូររាំងឪ ក្នុង​ខេត្ត​កំពង់ចាម និង​បាន​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ​មួយ​នៅ​ទីនោះ។

កញ្ញា លីណា ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​គួរ​សម​ដែរ​នោះ ឲ្យ​ដឹង​ថា នាង​ចូល​ចិត្ត​បរិភោគ​ម្ហូប​ខ្មែរ និង​ស្រឡាញ់​ពេញ​ចិត្ត​វប្បធម៌​ប្រពៃណី​ខ្មែរ។

អ្នកស្រី ម៉ៅ សុធានី មាន​សេចក្តី​រាយការណ៍​អំពី​បទពិសោធន៍​ការងារ​របស់​ស្ត្រី​ជនជាតិ​អាមេរិកាំង ស្ម័គ្រចិត្ត​រូប​នេះ​ដូច​ត​ទៅ៖

បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​រយៈពេល​ពីរ​ឆ្នាំ​នៅ​កម្ពុជា កញ្ញា លីណា ភរទ័រ និយាយ​ថា នាង​មាន​ក្តី​រំភើប និង​សប្បាយ​ជា​ពន់​ពេក ដែល​មាន​ឱកាស​បាន​ជួប និង​ស្គាល់​ប្រជាពលរដ្ឋ​ខ្មែរ បាន​ដឹង​អំពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ជាពិសេស គឺ​ស្គាល់​រសជាតិ​ម្ហូប​អាហារ​ខ្មែរ ព្រោះ​នាង​បាន​រស់នៅ​ជា​ធម្មតា​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ។ កញ្ញា លីណា បន្ត​ថា នាង​បាន​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​មួយ​ដែល​មាន​ភរិយា​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា ក្នុង​ខេត្ត​កំពង់ចាម។ ម្ចាស់​ផ្ទះ​ឲ្យ​បន្ទប់​គេង​នាង​មួយ ពុំ​មាន​គ្រែ​ពូក​ទេ៖ «រៀង​រាល់​ថ្ងៃ​ក្រោក​ពី​គេង ខ្ញុំ​មុជ​ទឹក រួច​រៀបចំ​អំពី​វិទ្យាល័យ។ ខ្ញុំ​ជិះ​កង់​រាល់​ថ្ងៃ និង​មាន​មួក​សុវត្ថិភាព។ ខ្ញុំ​ទៅ​លេង​ផ្សារ​ជាមួយ​ពួក​ម៉ាក​ខ្ញុំ។ ខ្ញុំ​ទៅ​ផ្ទះ​វិញ ញ៉ាំ​ម្ហូប​ខ្មែរ​ជាមួយ​គ្រួសារ​ខ្ញុំ។ ខ្ញុំ​គេង​នៅ​លើ​ក្ដារ​មាន​មុង ហើយ​មាន​មូស​ច្រើនៗ។ ស្រុក​ខ្មែរ​ខ្ញុំ​អត់​មាន​បញ្ហា ខ្ញុំ​ស្រឡាញ់​ស្រុក​ខ្មែរ​ច្រើនៗ»

ទីភ្នាក់ងារ​ស្ម័គ្រចិត្ត​ភីស.ឃរ របស់​សហរដ្ឋ​អាមេរិក បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៦១ ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចន អេហ្វ ខេនឺឌី (John F. Kennedy)។ គោល​បំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ស្វែង​យល់​ពី​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ដទៃ​ទៀត​ក្នុង​ពិភពលោក។ អង្គការ​នេះ បញ្ជូន​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ទៅ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សាលា​រៀន និង​សហគមន៍​របស់​ពួក​គេ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន នៅ​ក្នុង​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ។ ចាប់​តាំង​ពី​បង្កើត​រហូត​មក​ដល់​សព្វថ្ងៃ អង្គការ​នេះ​មាន​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​ហ្វឹកហាត់​សរុប ២១​ម៉ឺន ៥​ពាន់​នាក់ បម្រើ​ការងារ​ក្នុង​ប្រទេស​ចំនួន ១៣៩ ទូទាំង​ពិភពលោក។ ទីភ្នាក់ងារ​ស្ម័គ្រចិត្ត​ភីស.ឃរ មាន​កម្មវិធី​ជួយ​ដល់​ប្រទេស​កម្ពុជា ដំបូង កាល​ពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន មាន​អ្នក​ស្ម័គ្រចិត្ត​ចំនួន ១០០​នាក់ ជួយ​ផ្នែក​វិស័យ​អប់រំ សុខភាព សេដ្ឋកិច្ច កសិកម្ម និង​បរិស្ថាន។

កញ្ញា លីណា ភរទ័រ បាន​ទៅ​ធ្វើ​ការ​ស្ម័គ្រចិត្ត​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​អូររាំងឪ ក្នុង​ខេត្ត​កំពង់ចាម ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ ដល់​ខែ​មិថុនា ឆ្នាំ​២០១១។ នាង​ថា សិស្ស​ទាំងអស់​មាន​ការ​ខិតខំ​រៀនសូត្រ​ណាស់ ជាពិសេស​ពួក​គេ​សប្បាយ​ចិត្ត​នឹង​មាន​ឱកាស​ហ្វឹកហាត់​និយាយ​ភាសា​អង់គ្លេស​ជាមួយ​គ្រូបង្រៀន​បរទេស៖ «ខ្ញុំ​បង្រៀន​សិស្ស​ក្មេងៗ​ពី​រដូវ​អាមេរិកាំង ភាសា​អង់គ្លេស និង​វប្បធម៌​អាមេរិកាំង។ សំណួរ៖ កូន​សិស្ស​គេ​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ទៅ? លីណា៖ សិស្ស​ខ្ញុំ​ស្រឡាញ់​វប្បធម៌​អាមេរិកាំង និង​អំពី​កីឡា​អាមេរិកាំង។ សំណួរ៖ តើ​ការ​បង្រៀន​របស់ លីណា ហ្នឹង ឃើញ​ថា​សិស្ស​យ៉ាង​ម៉េច​ដែរ? លីណា៖ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ សិស្ស​ខ្ញុំ​ឆ្លាត​មែន​ទែន និយាយ​ភាសា​អង់គ្លេស​បាន​ល្អ ហើយ​សិស្ស​ខ្ញុំ​ខ្មាស​អៀន​ច្រើន»

ក្រៅ​តែ​ពី​បង្រៀន​សិស្ស​នៅ​វិទ្យាល័យ​អូររាំងឪ នៅ​ពេល​ទំនេរ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ កញ្ញា លីណា ភរទ័រ បាន​ទៅ​វត្ត​អារាម និង​ស្តាប់​ព្រះសង្ឃ​សូត្រធម៌។ បន្ថែម​ពី​នេះ កញ្ញា​ក៏​ឆ្លៀត​រៀន​ភាសា​ខ្មែរ​ពី​ព្រះសង្ឃ និង​បង្រៀន​ភាសា​អង់គ្លេស​ដល់​ព្រះសង្ឃ​វិញ។ លីណា មាន​គម្រោង​ចង់​ទៅ​លេង​ស្រុក​ខ្មែរ​នៅ​ខែ​មេសា ឆ្នាំ​២០១៥ ខាង​មុខ៖ «ខ្ញុំ​នឹក​ប្រទេស​កម្ពុជា ច្រើន​ណាស់។ កម្ពុជា រាល់​ថ្ងៃ​ក្នុង​បេះដូង​ខ្ញុំ ខ្ញុំ​នឹក​ក្មេងៗ ខ្ញុំ​នឹក​ម្ហូប ខ្ញុំ​នឹក​ពួក​ម៉ាក​ច្រើន។ ប្រទេស​ខ្មែរ​មាន​មនុស្ស​មិត្តភាព​ច្រើន មាន​ចិត្ត​ល្អ មនុស្ស​សុភាព​ច្រើន ខ្ញុំ​នឹក​ម្ហូប​ខ្មែរ ខ្ញុំ​នឹក​រៀបការ​ខ្មែរ ពីព្រោះ​រៀបការ​ខ្មែរ​ធំ​ជាង​រៀបការ​អាមេរិកាំង មាន​ម្ហូប​ច្រើនៗ​ណាស់ មាន​រាំ​ស្អាត សប្បាយៗ ខ្ញុំ​ចេះ​រាំ​ខ្មែរ»

កញ្ញា លីណា ភរទ័រ បន្ត​ថា រយៈពេល​ពីរ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា នាង​បាន​ស្គាល់ និង​យល់​ដឹង​ច្រើន​ពី​ការ​រស់នៅ​របស់​គ្រួសារ​ខ្មែរ វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ ដែល​នាង​ស្រឡាញ់ និង​គោរព​ជា​ពន់​ពេក។ នាង​កំពុង​ស្វែងរក​ការងារ​ធ្វើ​ជាមួយ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ឬ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អាច​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នាង​តែងតែ​ស្រមៃ​ជាប់​ជានិច្ច​ក្នុង​បេះដូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បទពិសោធន៍​ការងារ​នៅ​កម្ពុជា​របស់​អ្នក​ស្ម័គ្រចិត្ត​ភីស.ឃរ កញ្ញា លីណា ភរទ័រ"

  1. people says:

    GOD bless you lina ‘ i wish you have a job in cambodia ‘and help poor cambodian people’