​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​នាគ​វន្ត​រង​សម្ពាធ​ពេល​ចូលប្រឡូក​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះ​តេជគុណ កែវ សុមាលី (ឆ្វេង) (រូបថត៖ ញឹម សុខន)

​ព្រះសង្ឃ​មួយ​អង្គ​ដែល​ចូលរួម​ទាមទារ​យុត្តិធម៌​សង្គម​ញឹកញាប់ គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​អះអាង​មក​ថា ប្រឈម​នឹង​ការចាប់​ព្រះកាយ​ពី​កម្លាំង​អាជ្ញាធរ បើ​នៅ​តែ​បន្ត​ចេញ​ធ្វើ​សកម្មភាព​ដូច​មុន​។​

​ព្រះ​តេជគុណ កែវ សុមាលី គង់នៅ​វត្ត​នាគ​វន្ត ដែល​ព្រះចៅអធិការ​វត្ត ចេញ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ទុក​ពេល​ឲ្យ​៤៨​ម៉ោង ឲ្យ​និមន្ត​ចេញពី​វត្ត មុន​ប្រគល់ឲ្យ​អាជ្ញាធរ ចាត់វិធានការ​នោះ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​នេះ​ថា ព្រះចៅអធិការ បានសម្រេច​លុបចោល​កា​រ​បណ្តេញ​ព្រះអង្គ​ចេញ​ពី​វត្ត បន្ទាប់ពី​ព្រះអង្គ ទៅសុំ​ខមាទោស នៅ​ព្រះវិហារ រាល់​ពាក្យពេចន៍​ទាំងឡាយ ដែល​ព្រះអង្គ​មាន​ដីកា​ជ្រុល​ជ្រួស ទៅ​លើ​ថ្នាក់ដឹកនាំ​សង្ឃ​ប្រចាំ​វត្ត​រូបនោះ​។

​ប៉ុន្តែ​ព្រះ​តេជ​គុណ កែវ សុមាលី បញ្ជាក់ថា ព្រះចៅអធិការ​នៅតែ​សម្រេច ដកតំណែង​ព្រះអង្គ​ពី​ប្រធាន​កុដិ លេខ​៦​ដដែល​។ ម្យ៉ាងវិញទៀត ព្រះចៅអធិការ នឹង​មិន​ធានា​ពី​ការចាប់​ព្រះកាយ​ណាមួយ ពី​កម្លាំង​សមត្ថកិច្ច​ទេ បើ​ព្រះអង្គ​នៅតែ​បន្ត​ចេញ​ធ្វើ​សកម្មភាព​ក្រៅ​វត្ត ដូច​មុនៗ​នោះ​។​

​ព្រះ​តេជគុណ កែវ សុមាលី ត្រូវ​ព្រះចៅអធិការ​វត្ត​នាគ​វ​ន្ត ព្រះនាម ងិន ឃីម ចេញ​លិខិត​ផ្លូវការ ទុកពេល​៤៨​ម៉ោង ឲ្យចេញ​ពី​វត្ត ដោយ​គ្មាន​លក្ខខណ្ឌ បើ​ពុំនោះ​ទេ​នឹង​ប្រគល់ឲ្យ​អាជ្ញា​ធរចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ដោយ​ចោទ​ថា ព្រះ​តេជគុណ កែវ សុមាលី ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា បង្ក​ឲ្យ​ព្រះសង្ឃ​ដូចគ្នា រងរបួស​លើ​ព្រះ​កេស​។​

​ប៉ុន្តែ​ការចោទប្រកាន់​នោះ ត្រូវ​ព្រះ​តេជ​គុណ កែវ សុមាលី ច្រានចោល ដោយ​អះអាង​ថា អ្វីៗ​ដែល​កើតឡើង​ពេលនោះ ជា​ការរៀបចំ​ទុក ទម្លាក់កំហុស​លើ​ព្រះអង្គ ដើម្បី​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត ដោយសារ​ព្រះអង្គ​ចូលរួម​ចលនា​សង្គម ដែល​ព្រះចៅអធិការ​យល់ថា ជា​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​

​យ៉ាងណា​ក៏​ដោយ​ព្រះ​តេជ​គុណ កែវ សុមាលី អះអាងថា ព្រះអង្គ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​នោះ​ដដែល ដោយ​មិន​បារម្ភ​ពី​ការចាប់​ព្រះកាយ​ទេ ដោយ​ព្រះអង្គ​យល់ថា ការតវ៉ា​ដោយ​សន្តិវិធី ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​៕

សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​នាគ​វន្ត​រង​សម្ពាធ​ពេល​ចូលប្រឡូក​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម​​"

  1. Bol says:

    ល្អម្យ៉ាងដែរ, វិធីដោះស្រាយបទបង្ករបួសស្នាមលើអ្នកដទៃ រួចយកការចោទប្រកាន់តាមរបៀបវាយប្រហារលើអាជ្ញាធរ ដើម្បីការពារខ្លួន។

    ស្រួលដែរ ថ្ងៃក្រោយ គេអាចដើរវាយគាវាយឯងទៅ រួចបើប៉ូលីសចាប់ ត្រូវចោទប្រកាស់ ថា សមត្ថកិច្ចចាប់សកម្មជន បក្សនេះ បក្សនោះ ឬ ចលនាអញចេះ អញ្ចុះ ទៅ!
    អាត្រងោល ម្យ៉ាងដែរ!

  2. បរិមី ព្រ:វិហារ says:

    តើអាជ្ញាធរឬជាអ្នកវាយក្បាលសង្ឃម្នាក់ទៀតឱយហូរឈាមកណ្តាលព្រះវិហារឬ ! តើនេះគេហៅថាទង្វើអី្វដែរ ជាអំពើហឹង្សា ឬអហឹង្សា តើយើងបណ្តែតបណ្តោយឱយបទល្មើសជាក់ស្តែងបែបនេះហើយ គ្មានទោសពៃអីសោះ ព្រោះថា បើទុកជាសង្ឃក៏ខុសធម្មវិន័យ បើទុកផ្លូវលោក៏ខុសច្បាប់រដ្ឋ ហេតុអីអស់លោកប៉ុលីសមិនចាត់ការ បញ្ហាដដែលៗនឹងហើយ ដែលពួកប្រឆាំងវាវាយប្រហារបក្សកាន់អំណាច ចាប់ផ្តើមឱយមឺុងម៉ាត់ឡើងវិញមើល រឿងខុសច្បាប់អញ្ចឹងៗ កុំទុកឱយវាឡើងតំបែរពេក???! ំ ក្រុមសិទិ្ធមនុស្សពេលនេះបែបមាត់បិទបង់ស្អិតជិតហើយមើលទៅ!!!