ដោយ ឡេង ម៉ាលី
2014-11-16
RFA

លោក គង់ សំអុន មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ក្នុងសវនាការ ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១១។ ECCC/Mark Peters
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តបើកសវនាការ សំណុំរឿង ០០២ វគ្គ ២ នៅថ្ងៃទី ១៧ វិច្ឆិកា តាមការគ្រោងទុករបស់ខ្លួន។ ប៉ុន្តែ មេធាវីការពារក្ដីជនជាប់ចោទក្នុងសំណុំរឿងនេះ នៅតែរក្សាជំហរមិនចូលរួមសវនាការ។
ក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន បញ្ជាក់ជំហរច្បាស់ថា ក្រុមខ្លួននៅតែធ្វើពហិការសវនាការសាលាដំបូង នៅព្រឹកថ្ងៃទី ១៧ វិច្ឆិកា។
សហមេធាវីការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន គឺលោកមេធាវី គង់ សំអុន ថ្លែងនៅល្ងាចថ្ងៃទី ១៦ វិច្ឆិកាថា ជំហរកូនក្ដីរបស់លោកបានបញ្ជាក់ជាមួយសាលាដំបូងរួចហើយ តាំងពីសប្ដាហ៍មុន៖ «យើងមិនអាចចូលរួមនៅក្នុងនីតិវិធីសវនាការបាន ដោយសារយើងរវល់រៀបចំបណ្ដឹងសាទុក្ខតាមការណែនាំរបស់កូនក្ដី ហើយយើងបានលើកហេតុផលមួយចំនួនតាមផ្លូវច្បាប់ ដែលមានអនុវត្តន៍តុលាការអន្តរជាតិ»។
ការផ្អាកសវនាការរបស់សាលាដំបូង បានអូសបន្លាយអស់រយៈពេលមួយខែហើយ គឺបន្ទាប់ពីក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទ ធ្វើពហិការដោយដើរចេញពីសាលសវនាការ នៅរសៀលថ្ងៃទី ១៧ ខែតុលា។ ពហិការនោះ ធ្វើឱ្យអង្គជំនុំជម្រះសាលាដំបូង បង្ខំចិត្តផ្អាកសវនាការ។
ក្រុមមេធាវីការពារជនជាប់ចោទ ខៀវ សំផន លើកហេតុផលថា ពួកគាត់មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការលើសំណុំរឿង ២ ក្នុងពេលតែមួយបានទេ។ ជាពិសេស សំណុំរឿង ០០២ វគ្គ ១ កំពុងប្ដឹងសាទុក្ខទៅតុលាការកំពូលនៅឡើយ ហើយមកចាប់ផ្ដើមធ្វើសវនាការលើសំណុំរឿង ០០២ វគ្គ ២ ទៀត។
ដោយឡែក ជនជាប់ចោទ នួន ជា បានឱ្យមេធាវីរបស់គាត់ឱ្យចេញពីសាលសវនាការ រហូតដល់តុលាការកំពូលសម្រេចអំពីបណ្ដឹងដិតចិត្តដកចៅក្រមជំនុំជម្រះសាលាដំបូងសិន។ នៅពេលនេះ តុលាការកំពូលសម្រេចបដិសេធបណ្ដឹងដិតចិត្តនោះហើយ។ ទោះជាដូច្នេះក្ដី សហមេធាវីជាតិការពារក្ដីលោក នួន ជា គឺលោក សុន អរុណ ថ្លែងថា ខាងលោកនៅមិនទាន់ប្រាកដថាយ៉ាងណានៅឡើយទេ រហូតទាល់តែលោកជួបកូនក្ដីលោក នៅព្រឹកថ្ងៃទី ១៧ វិច្ឆិកា។
កាលពីសប្ដាហ៍មុននេះ អង្គជំនុំជម្រះសាលាដំបូងចេញសេចក្ដីបង្គាប់ឱ្យគ្រប់ភាគីទាំងអស់ ចូលរួមសវនាការនៅថ្ងៃទី ១៧ វិច្ឆិកានេះ។ អង្គជំនុំជម្រះព្រមានថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន និង នួន ជា ប្រសិនបើក្រុមមេធាវីទាំង ២ ក្រុម មិនចូលរួមសវនាការនេះ។
នៅក្នុងសវនាការកាលពីខែតុលា ជនជាប់ចោទ ខៀវ សំផន ប្រកាសថា លោកមិនចង់ចូលរួមសវនាការសំណុំរឿង ០០២ វគ្គ ២ ទេ ព្រោះគាត់ត្រូវចំណាយពេលលើបណ្ដឹងសាទុក្ខ។ លោក ខៀវ សំផន ថ្លែងថា ប្រសិនបើអង្គជំនុំជម្រះបង្ខំ គឺជាការរំលោភសិទ្ធិរបស់លោក៖ «ខ្ញុំមិនមានបំណងមកចូលរួមសវនាការទេ។ បើតុលាការបង្ខំឱ្យខ្ញុំចូលរួមសវនាការ ជាការពិតហើយខ្ញុំមិនអាចប្រឆាំងបានទេ ប៉ុន្តែខ្ញុំត្រូវការឱ្យមានការកត់ត្រាក្នុងកំណត់ហេតុឱ្យច្បាស់លាស់ថា រាល់ថ្ងៃខ្ញុំត្រូវមានមុខនៅទីនេះ គឺដោយមានការបង្ខិតបង្ខំ ហើយនេះជាការរំលោភលើសិទ្ធិរបស់ខ្ញុំ ដែលខ្ញុំត្រូវមាន ដើម្បីចូលរួមធ្វើការក្នុងរៀបចំសារណាបណ្ដឹងឧទ្ធរណ៍របស់ខ្ញុំ រហូតដល់ត្រូវបានយកទៅដាក់នោះ»។
ក្រុមមេធាវីការពារក្ដីជនជាប់ចោទ រិះគន់ថា បញ្ហាកំពុងមាននៅសាលាក្ដីខ្មែរក្រហម គឺការរំលោភច្បាប់។ ទន្ទឹមគ្នានេះ ដើមបណ្ដឹងរដ្ឋប្បវេណីខ្លះរិះគន់ថា សាលក្រម ០០២ វគ្គ ១ មិនយុត្តិធម៌ និងខ្លះទៀតរិះគន់ថា សាលាក្ដីនេះមិនសូវយកចិត្តទុកដាក់ពួកគាត់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមព្រមានមេធាវីការពារក្ដី នួន ជា ខៀវ សំផនសាជាថ្មី
- សាលាក្ដីខ្មែរក្រហមពិភាក្សាអំពីការរៀបចំនិងគ្រប់គ្រងសវនាការសំណុំរឿង០០២វគ្គ២
- សាលាក្ដីខ្មែរក្រហមព្រមានមេធាវី នួន ជា និង ខៀវ សំផន
- មេធាវីការពារក្តី នួន ជា និងខៀវ សំផន បន្តធ្វើពហិការមិនចូលរួមសវនាការ
- មេធាវីការពារក្ដីឲ្យលោក នួន ជា និងលោក ខៀវ សំផន ធ្វើពហិការមិនចូលសវនាការ
- ចៅក្រមផ្អាកសវនាការបន្ទាប់ជនជាប់ចោទ នួន ជា និងខៀវ សំផន ដើរចេញពីសវនាការ
- សម្ភាសមេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២វគ្គ២
- សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើសំណុំរឿង០០២វគ្គ២នៅថ្ងៃ១៧តុលា
- សាលាក្ដីខ្មែរក្រហមនឹងប្រជុំពេញអង្គលើកទី១១នៅថ្ងៃទី១៦តុលា
គ្នាធ្វើការយកតែប្រាក់ខែទេ ទោះបីដឹងថា បងប្អូនសាច់ញាតិត្រូវពួកឃាតករ មេដឹកនាំខែ្ុំរសំលាប់ក៏ដោយ ក៏ខំធ្វើជាគ្មានភស្តុតាងៗៗ!!?ទៅ