ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
សង្គមស៊ីវិលក្នុងស្រុកមួយចំនួន បង្ហាញការយល់ឃើញថា រដ្ឋាភិបាលនៅតែបន្តយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ។
ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលនេះ ស្របពេលដែលកម្លាំងរដ្ឋាភិបាល ចាប់ឃុំខ្លួនស្ត្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់និងបុរីកីឡា១០នាក់ ចាប់ផ្សឹកព្រះសង្ឃនៅវត្តស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ៣អង្គយកទៅឃុំព្រះកាយភ្លាមៗ និងចាប់សកម្មជនបក្សប្រឆាំង៤នាក់ឃុំខ្លួននៅពន្ធនាគរព្រៃស ខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នាលើចំណុចខ្លះនៃកំណែទម្រង់ គជប។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ការចាប់ខ្លួនសកម្មជនអ្នកតវ៉ាថ្មីៗនេះ បង្ហាញថា រដ្ឋាភិបាលមិនបានធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ឲ្យបានប្រសើរទេ ដែលធ្វើឲ្យស្ថាប័នជាតិដ៏សំខាន់មួយនេះ នៅតែជាឧបករណ៍របស់អ្នកនយោបាយ។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ យល់ថា វិធានការចាប់ខ្លួនក្រុមអ្នកតវ៉ានេះ ជារូបភាពគំរាមសេរីភាពបញ្ចេញមតិ និងធ្វើឲ្យស្ថានការសិទ្ធិមនុស្សនៅកម្ពុជាស្ថិតក្នុងរូបភាពព្រួយបារម្ភ។
លោកសួន ប៊ុនស័ក្តិ ជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញពីសិទ្ធិមនុស្ស ដែលធានាដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
VODមិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សន សោភ័ណ បានទេ ជុំវិញការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ដោយលោកតម្រូវឲ្យដាក់លិខិតផ្លូវការមុនឆ្លើយតប ។
ប៉ុន្តែក្រោយពីមានការរិះគន់ថា រូបភាពនៃការចាប់ខ្លួន សកម្មជនដីធ្លី និងសកម្មជនបក្សសង្គ្រោះជាតិ បក្សកាន់អំណាចបានចេញសេចក្តីថ្លែងការណ៍ច្រានចោលការចោទប្រកាន់ ដោយអះអាងថា វិធានការចាប់ខ្លួននោះ ធ្វើឡើងតាមនីតិវិធីច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត យល់ថា ការអនុវត្តនីតិរដ្ឋនៅកម្ពុជា មិនមែនចាប់អ្នករងគ្រោះដាក់ពន្ធនាគារ ហើយអ្នកបាញ់សម្លាប់មនុស្សក្រៅច្បាប់រួចខ្លួន ដូចករណីបាញ់សម្លាប់លោក ម៉ៅ សុខចាន់ នៅគល់ស្ពានក្បាលថ្នល់ បាញ់សម្លាប់អ្នកលក់បាយនៅគល់ស្ពានស្ទឹងមានជ័យ អ្នកស្រី អេង សុខុម និងការបាញ់កម្មករនៅផ្លូវវ៉េងស្រេងឲ្យស្លាប់៥នាក់ជាដើម ដែលជនដៃដល់មិនត្រូវបានកាត់ទោសនោះ។
យ៉ាងណាក្តី ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក បានចេញសេចក្តីជូនដំណឹងរួមគ្នា ដល់អ្នកសារព័ត៌ជាតិនិងអន្តរជាតិ ព្រមទាំងតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ឲ្យចូលរួមសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារស្អែកនេះ ដែលប្រធានបទនិយាយពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនសកម្មជនដីធ្លី ព្រះសង្ឃ និងអ្នកនយោបាយ ហើយសន្និសីទនោះនឹងធ្វើនៅសមាគមការពាសិទ្ធិមនុស្សអាដហុក។
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
នយោបាយ ខ្មាំងបរទេស ធ្វើអោយប្រទេសកម្ពុជា ចុះខ្សោយ ឈ្លោះគ្នា ដោយមិនដឹងខ្លួន =
= បង្កើត បញ្ហា អយុត្តិធម៏ ពុករលួយ គំរាម ដកមុខតំណែង កាត់ទោស ដាក់គុក សម្លាប់ ក្រៅច្បាប់ !