Mon, 17 November 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: មហាជនហាក់ប្រាកដក្នុងចិត្តពេលឮតារាសម្តែងស្រីដើមទ្រូងពើងធំ នាង សាន សុម៉ាលី ពោលសរសើរពីបុរសម្ចាស់កាដូខួបកំណើតឲ្យនាង ដោយពួកគេថា គ្មានបុរសណាហ៊ានចំណាយលុយទិញនំខួបកំណើតឲ្យស្រីទេ ក្រៅពីសាច់ញាតិ ឬក៏សង្សារនោះ។
មហាជនបានដាក់ការសង្ស័យចំៗថា បុរសម្ចាស់កាដូនំខួបកំណើតឲ្យ សុម៉ាលី ពិតណាស់ជាសង្សារនាង។ ឆ្លើយតបការសន្និដ្ឋាននោះ តារាសម្តែងមិនសូវចេញមុខនាង សាន សុម៉ាលី ប្រកែកយ៉ាងតឹងសរសៃកថា នាងមិនមានសង្សារណាជូននំនៅថ្ងៃខួបកំណើតនោះទេ។
កន្លងមកធ្លាប់តែពោលពាក្យត្អូញត្អែរពីភាពឯកា និងមិនមានអ្នកយល់ចិត្តជាមួយការបង្ហោះរូបភាពក្នុងហ្វេសប៊ុកតែម្នាក់ៗឯងនោះ ស្រាប់តែពេលនេះតារាសម្តែងស្រីសម្បូរសាច់ដើមទ្រូង និងសម្បូររឿងរ៉ាវអាស្រូវស្នេហាមិនសមប្រកបនាង សុម៉ាលី បានរំលេចសារដ៏មានអត្ថន័យសម្រាប់ជីវិតដូចមនុស្សមានស្នេហា រកបានអ្នកយល់ចិត្តនៅលើទំព័រហ្វេសប៊ុកថា បុរសម្ចាស់នំខេកបានរៀបចំពិធីជប់លៀង ខួបកំណើត ធ្វើឲ្យនាងរំភើប និងសប្បាយរីករាយក្នុងថ្ងៃនេះ។
ប៉ុន្តែនាងមិនបានបញ្ចេញថា បុរសនោះមានឈ្មោះអ្វី និងត្រូវជាអ្វីនឹងនាងដែរ ដោយនាង ប្រាប់ថា៖ «បុរសនោះជាមិត្តភក្តិធម្មតា ពួកយើងស្គាល់គ្នារយៈពេល៥ទៅ៦ឆ្នាំហើយ»។
នៅក្នុងហ្វេសប៊ុក សាន សុម៉ាលី បានបង្ហាញពីភាពសប្បាយរីករាយនៅក្នុងពិធីជប់លៀងខួបកំណើត របស់នាង ដោយនាងសរសេរថា កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា បុរសម្នាក់បានធ្វើឲ្យនាងភ្ញាក់ផ្អើល និងសប្បាយ។ តាមការលើកឡើង និងតាមរយៈរូបថតស្និទ្ធស្នាលនោះ មហាជនបានលើកឡើងថា ម្ចាស់កាដូ ដែលធ្វើឲ្យ សាន សុម៉ាលី ពោលសរសើរមិនដាច់ពីមាត់នេះ គឺជាសង្សារថ្មីរបស់នាង។
ឆ្លើយតបនឹងការលើកឡើងនេះ សាន សុម៉ាលី ហាក់ទាល់ប្រាជ្ញនឹងការបកស្រាយ ដោយនាងនិយាយថា៖«មិនដឹងឲ្យខ្ញុំនិយាយថាម៉េចដែរ ព្រោះបើខ្ញុំថាបុរសនោះមិនមែនសង្សារគឺមិនមែនហើយ គាត់គ្រាន់តែជាមិត្តភក្តិហ្នឹង»។
សុម៉ាលី បញ្ជាក់ថា៖«ខ្ញុំមិនមានសង្សារទេ តែខ្ញុំអរគុណ ដែលមិត្តម្នាក់ហ្នឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត យូរហើយមិនដែលសប្បាយចិត្តដូចពេលហ្នឹងទេ»៕

What the guy made Ms. Somaly happy???