​កម្មករ​ជាង​២ពាន់នាក់ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com

​កម្មករ​ប្រមាណ​ជាង​២០០០​នាក់ នៅ​រោងចក្រ​ជី​ម លី ក្នុង​ភូមិ​ត្រពាំង​ទួល សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាតុកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច ។​

​ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​VOD​ដឹងថា ការតវ៉ា​នេះ​កើតឡើង​ដោយសារតែ​រោងចក្រ​បាន​ដក​ជាង​ម៉ាស៊ីន​ម្នាក់​ដោយ​គ្មាន​មូលហេតុ​មុន​បុណ្យ​អុំទូក ហើយ​ក្រុម​តំណាង​សហជីព​បាន​ព្យាយាម​ធ្វើ​ការដោះស្រាយ​ជាមួយនឹង​និយោជក ប៉ុន្តែ​ភាគី​ខាង​ន​យោជក​មិន​ព្រម​ទទួលយក​ជាង​ម៉ាស៊ីន​នោះ​ឲ្យចូល​ធ្វើការ​វិញ​ទេ ។ 

​លោក ប៉ាវ ស៊ីណា បន្តថា  ដោយសារតែ​គ្មាន​ការដោះស្រាយ ទើប​កម្មករ​នាំគ្នា​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ចំនួន​៨​ចំណុច​ដូចជា ទទួលយក​ជាង​ម៉ាស៊ីន​ដែល​ត្រូវបាន​បញ្ឈប់​ឲ្យចូល​ធ្វើការ​វិញ ផ្ដល់​លុយ​អាហារ​៤០០០​រៀល​ក្នុង​មួយថ្ងៃ ផ្ដល់​លុយ​ស្នាក់នៅ​និង​សម្រាប់​ធ្វើដំណើរ​១៥​ដុល្លារ​ក្នុង​មួយខែ ផ្ដល់​លុយ​ព្រីម​១៨​ដុល្លារ បើ​កលុយ​៥​ភាគរយ​នៅ​ពេល​កម្មករ​និយោជិក​ដល់​កុងត្រា បើក​លុយ​បី​ខែ​មុន​ដល់​ស្រី្ត​ដែល​ដាក់​ច្បាប់​ឈប់សម្រាក​ទៅ​សម្រាលកូន រៀបចំ​កន្លែង​ដាក់​កង់​ម៉ូតូ​ឲ្យបាន​សមរម្យ និង​អនុវត្ត​ម៉ោង​ចូល​ធ្វើការ​ឲ្យ​ដូច​មុន ។​

​ប្រធាន​រដ្ឋបាល​រោងចក្រ ជី​ម លី លោក សោម ពិសិដ្ឋ ឲ្យ​ VOD ​ដឹងថា ភាគី​រោងចក្រ​បាន​ហៅ​កម្មករ​ឲ្យចូល​រួមប​ប្រជុំ​ដោះស្រាយ​រួច​ហើយ ប៉ុន្តែ​ភាគី​អ្នកស្នើសុំ​មិន​មាន​ការយល់ព្រម ដូច្នេះ​រោងចក្រ​ក៏​បាន​បញ្ជូន​សំណុំរឿង​ទៅ​ក្រសួង​ការងារ​ជា​អ្នកចាត់ចែង​បន្ត ដោយ​លោក​បាន​អះអាងថា ក្រុមហ៊ុន​នឹង​ធ្វើ​ទៅ​តាម​ការសម្រេចរ​បស់​ក្រសួង ។

​​កម្មករ​ម្នាក់​ដែល​បាន​ចូល​ចរចា​ជាមួយ​ភាគី​រោងចក្រ​លោក សុំ សេង ឲ្យដឹងថា ខាង​រោងចក្រ​បាន​បដិសេធ​មិន​ព្រម​ទទួល​ជាង​ម៉ាស៊ីន​ដែល​ត្រូវបាន​បញ្ឈប់​នោះ​ឲ្យចូល​ធ្វើការ​វិញ ធ្វើឲ្យ​ការចរចា​មិន​អាច​បន្ត​ទៅ​ពិភាក្សា​លើ​ចំណុច​ផ្សេងទៀត  ។ លោក​ថា ក្រុមកម្មករ​បាន​នាំគ្នា​រំសាយ​បន្ទាប់ពី​ការចរចា ដោយ​គ្រោង​នឹង​នាំ​គ្នា​ធ្វើការ​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃស្អែក ៕

សូម​សរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាម​រយៈ khanleakhena@yahoo.com

What Next?

Recent Articles

One Response to "​កម្មករ​ជាង​២ពាន់នាក់ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​​"

  1. Bol says:

    គិតថា នៅពេលដែលរោងចក្រជួបនឹងការទាមទារដែលពុំមានព្រំដែនយ៉ាងនេះ តើម្ចាស់រោងចក្រចេះតែទ្រអញ្ចឹងទៀត ឬក៏ត្រូវសម្រេចចិត្តយ៉ាងណា?

    ប្រទេសភូមា ក៏កំពុងអភិវឌ្ឍ វៀតណាមក៏ត្រូវការ គេត្រូវការរោងចក្រ ដើម្បីឲ្យប្រជាជនគេមានការងារធ្វើ។ សូមអស់លោកបញ្ឈប់ការរកស៊ីនៅស្រុកខ្មែរ ហើយទៅបើកនៅប្រទេសទាំងនោះម្តងល៎មើល។
    មិនជាអ្វីទេ កម្មករខ្មែរអាចនឹងវេចបង្វិចទៅធ្វើការរកស៊ីនៅថៃ ក៏បានដែរ។

    ម្នាក់ៗ ពូកែណាស់ ! តែដល់ពេលទៅនៅស្រុកគេ តាំងនិយាយពីរឿងគេធ្វើបាប ពីរឿងចាញ់បោកគេ។
    តែបើគេមកបើករោងចក្រនៅស្រុកឯង តាំងនាំគ្នាគាបសង្កត់គេ។
    ពីដើមរៀងមក គេឮតែថា ថៅកែជិះជាន់កម្មករ, តែនៅស្រុកខ្មែរនេះ កម្មករជិះជាន់ថៅកែ៕