​ប៊ុត សីហា ​​ក្លាយ​ជា​សមាជិក​ The Voice ពិភព​លោក​

ដោយ៖​ វង្ស សុម៉ាលីន​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com

ការ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដ៏​កក្រើក​របស់​កម្មវិធី​ ​The Voice Cambodia រដូវ​កាល​ទី​១  ​បាន​បញ្ចប់​ហើយ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៦ វិច្ឆិកា ​ ដោយ​លោក​ ប៊ុត សីហា  គឺ​ជា​​​ម្ចាស់​ពាន​។ ក្រៅ​ពី​ទទួល​បាន​សិទ្ធិ​ក្លាយ​ជា​តារា​ច​ម្រៀង​​អាជីព​ លោក​ក៏​ក្លាយ​ជា​​​​​​សមាជិក​មួយ​​រូប​ សម្រាប់ The Voice ពិភព​លោក​ផង​ដែរ​។

​​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ ដែល​​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​នោះ​ ​បាន​​បញ្ចប់​នៅ​វេលា​ម៉ោង​១២​​យប់ ​​ មាន​វត្តមាន ​លោក​ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ព្រម​ទាំងភ្ញៀវកិត្តិយស និង​អ្នក​​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​។ បេក្ខជន ​​ប៊ុត សីហា ជា​អ្នក​សម្រេច​គោល​ដៅ​​​​នៅ​វគ្គ​ចុង​ក្រោយ ក្រោម​ការ​បោះ​ឆ្នោត​ឲ្យ​ដោយ​មហាជន​ភាគ​ច្រើន។ មិន​មាន​ការ​បញ្ជាក់​ថា ​លោក​ទទួល​បាន​ភាគរយ ​ឬ​តួ​លេខ​ប៉ុន្មាន​ពី​​ការ​បោះ​ឆ្នោត​​​​នោះ​ទេ​ ដោយ​គ្រាន់​តែ​មាន​ការ​ប្រកាស​​ថា លោក​ឈ្នះ​សម្រាប់​កម្មវិធី​ The Voice Cambodia។ យ៉ាងណា​ក៏​ដោយ យោង​តាម​ការ​​​​ប្រកួត​ប្រជែង​​​​ លោក​គឺ​ជា​បេក្ខជន​មួយ​រូប​ដែល​មាន​ទឹក​ដម​សំឡេង​ខ្ពស់ និង​ធ្វើ​បាន​​ល្អ​ជាង​បេក្ខនារី និង​បេក្ខជន​​​៣​រូប​ទៀត ស័ក្តិសម​នឹង​ទទួល​ពាន​នេះ​។

បេក្ខ​នារី បេក្ខជន​ទាំង​៤​រូប​ចុង​ក្រោយ រួម​មាន បេក្ខជន ប៊ុត សីហា ​កូន​ក្រុម​របស់​លោក ​ឆន សុវណ្ណ​រាជ បេក្ខជន សយ រតនៈ កូន​ក្រុម​របស់​ ពេជ្រ សោភា បេក្ខជន​ ឃុន វត្ថា ​កូន​ក្រុម​របស់​​ ឱក សុគន្ធ​កញ្ញា និង​បេក្ខនារី ​ចំរើន សុភ័ក្រ កូន​ក្រុម​របស់​លោក ​ណុប បាយ៉ារិទ្ធិ​។ ​​

ប៊ុត សីហា ជា​កូន​កំព្រា​ឪពុក ដែល​មាន​​ក្រី​ក្រ​គួរ​ឲ្យ​អាណិត​​ ក្នុងចំណោម​​​​អ្នក​ប្រឡង​ទាំង​អស់ ដែល​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ លោកជា​បេក្ខជន​​ជិះ​កង់​មក​ដាក់​ពាក្យ​ប្រលង និង​សុំ​​ដោយ​សារ​គេ មក​កាន់​ភ្នំពេញ ដើម្បី​​​ស្នាក់​នៅ​​​​ប្រកួត​ប្រជែង​ជា​មួយ​​ The Voice Cambodia។ លោក​​​​បាន​ស្រក់​ទឹក​ភ្នែក​ភ្លាម​ៗ បន្ទាប់​ពី​លោក​ជា​ វិបុល ប្រកាស​ថា​លោក​ជា​បេក្ខជន​ដែល​ទើប​តែ​ត្រូវ​ឪពុក​ស្លាប់​ចោល ហើយ​ជិះ​កង់​ទាំង​លំបាក​មក​ប្រឡង​កម្មវិធី​​The Voice Cambodia។ ​​​តារា​ចម្រៀង​​ជា​គ្រូ​បង្វឹក​ទាំង​៤ បាន​សរសើរ​ពី​គុណ​សម្បត្តិ និង​ទឹក​ដម​សំឡេង​របស់​ប៊ុត សីហា ច្រើន​ជាង​គេ បើ​ទោះ​ជា​លោក​ជា​កូន​ក្រុម​របស់​លោក​ ឆន សុវណ្ណរាជ។ នោះ​គឺ​ដោយ​សារ​តែ​លោក​ ​​​បង្ហើរសំនៀង​បាន​ល្អ​តាំង​ពី​ជុំ​ទី​១ រហូត​ដល់​ជុំ​ទី​២ ដែល​ជា​វគ្គ​កាត់​សេចក្ដី​។ ​បេក្ខជន​ទាំង​៤ ទទួល​បាន​​​​ម៉ូតូ​ឌ្រីម​​២០១៥​ម្នាក់​មួយ​គ្រឿង ទូរ​ទឹក​កក​ម្នាក់​មួយ​គ្រឿង ស្រាបៀរម្នាក់​២០​កេស និង​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​​ក្នុង​​ម្នាក់​ៗ​ចំនួន១ពាន់​ដុល្លារ​សម្រាប់​អ្នក​ចាញ់​។ ​ដោយ​ឡែក សម្រាប់​បេក្ខជន ប៊ុត សីហា  ដែល​ជា​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ទទួល​បាន​​ទឹក​ប្រាក់​​១០០​លាន​រៀល ស្មើ​​នឹង​២៥០០០​ដុល្លារ ​​បន្ថែម​ពី​លើ​ម៉ូតូ ទូរទឹក​កក និង​ស្រាបៀរ​២០​កេស។ អ្វី​ដែល​សំខាន់​គឺ​លោក​ទទួល​សិទ្ធិ​ស្វ័យ​ប្រវត្តិ​ធ្វើ​ជា​តារា​​ចម្រៀង​​កុងត្រា​របស់ផលិតកម្ម​ហង្ស​មាស និង​​បាន​ក្លាយ​ជា​​សមាជិ​កមួយ​រូប​​របស់​The Voice ពិភព​លោក​។

​ការ​ប្រកួត​​រហូត​ដល់​ពាក់​អាធ្រាតុ​នោះ ក្នុង​ជុំ​ទី​១ បេក្ខនារី​បេក្ខជន​ទាំង​៤ ​តម្រូវ​ឲ្យ​ច្រៀង​បទ​មនោសញ្ចេត​នា ដោយ​បេក្ខជន​​ឃុន វត្ថា ​ ដែល​ជា​អ្នក​ចម្រៀង​​ស្រាប់នៅ​ក្នុង​​ភោជនីយដ្ឋាន៧​មករានៅ​ខេត្ត​កំពង់​ចាម ​​ច្រៀង​បទ​​​«​កំដរ​សង្សារ​គេ​ឈឺចាប់​»។ ការ​បក​ស្រាយរបស់​លោក​ ធ្វើ​មិន​បាន​ល្អ​ឡើយ ដោយ​មាន​ចំណុច​ភ្លៀវ និង​ភ្លាត់​ចង្វាក់​ដោយ​អន្លើរ។ បេក្ខជន ​ប៊ុត សីហា មក​ពី​ខេត្ត​កំពង់​ស្ពឺ ​បក​ស្រាយ​បទ​«​ស្រឡាញ់​បង​គ្មាន​អនាគត​ទេ» ​​ដោយ​ការ​បង្ហើ​សំនៀង​របស់​លោក ទទួល​បាន​​សំឡេង​​គាំទ្រ​យ៉ាង​​កង​រំពងពេញ​សាល​​​​​ចម្រៀង​ ​​ដោយ​សា​រ​តែ​លោក​មាន​តុង​ច្រៀង​បាន​​ខ្ពស់ និង​ពីរោះមិន​ចាញ់​លោក​ខេមរៈ សិរី​មន្ត ជា​​​ម្ចាស់​ដើម។ ​​នៅ​ក្នុង​ជុំ​នេះ បេក្ខនារី​ចំរើន សុភ័ក្រ ​ដែល​​ជា​នារី​តែ​ម្នាក់ ​បាន​ច្រៀង​បទ​ «​ចំណង​៥​ប្រការ» ដោយ​ការ​បក​ស្រាយ​របស់​​​​ប្អូន​ស្រី​ក៏​មាន​ចំណុច​ស្ទើរ​សង្វាក់​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ឡែក​លោក​លោក​ សយ រតនៈ ​មក​ពី​កំពង់​​ឆ្នាំង បាន​ជ្រើស​យក​បទ​«​ស្បថ​មុខ​ព្រះ​ក៏​បង​មិន​ជឿ​!» ​​​មក​ធ្វើ​ការ​បក​ស្រាយ ដោយ​ការ​បក​ស្រាយ​របស់​លោក ​អាច​និយាយ​បាន​មាន​ចំណុច​ខ្វះ​ខាត​​​ស្ទើរ​ពី​ដើម​ដល់​ចប់​​តែ​ម្ដង ​ទើប​ទទួល​ការ​រិះ​គន់​​​ពី​គ្រូ​បង្វឹក​​ដោយ​ផ្ទាល់​។

 ចប់​ជុំ​​ទី​១ ​អ្នក​ទាំង​៤ ត្រូវ​តម្រូវ​ឲ្យ​ប​ក​ស្រាយ​បទ​ឆ្លើយ​ឆ្លង​ជា​មួយ​តារា​ចម្រៀង​ជា​គ្រូ​បង្វឹក​រៀង​ៗ​ខ្លួន ​ដើម្បី​ទុក​ពេល​ឲ្យ​​មហាជន​ធ្វើ​ការ​បោះ​ឆ្នោត​សន្សំ​ពិន្ទុ​មួយ​តង់​សិន​​។ បេក្ខជន​​ឃុន វត្ថា ច្រៀង​បទ​«​លះ​បង់​ឲ្យ​អ្នក​ទី​៣» ជា​មួយ​​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា។ បេក្ខជន​ សយ រតនៈ ​ច្រៀង​បទ​ ​«​ចិត្ត​បញ្ជា» ជា​មួយនាង​ពេជ្រ សោភា។ ​ចំរើន សុភ័ក្រ ​​ច្រៀង​បទ​ ​«​សន្ដាន​ក្បត់​​ក្នុង​ចិត្ត​មនុស្ស​ម្នាក់​» ជា​មួយ​លោក​ណុប បាយ៉ារិទ្ធិ ​និង​លោក​ប៊ុត សីហា ច្រៀង​បទ​ «​ទីក្រុង​គ្មាន​មេឃ» ​​​ជា​មួយ​ លោក​ឆន សុវណ្ណរាជ។ ​ក្នុង​ចំណោម​​​​អ្នក​ទាំង​៤ ​ប៊ុត សីហា នៅ​តែ​ធ្វើ​បាន​ល្អ​ជា​គេ​សម្រាប់​វគ្គ​​Showពិសេស​នេះ​ ទោះ​ជា​ការ​បង្ហាញ​របស់​ពួក​គេ មាន​កា​រប្រកាស​ថា​មិន​មែន​ជា​បទ​ស​ម្រាប់​ប្រលង​។

​​​ក្នុង​ជុំ​ទី​២ ​អ្នក​ទាំង​៤ ​ត្រូវ​កម្មវិធី​កំណត់​ឲ្យ​បក​ស្រាយ​បទ​ញាក់​កន្ទ្រាក់​អារម្មណ៍​ ដោយ​ ប៊ុត សីហា ​​ជា​អ្នក​បើក​ឆាក​មុន​គេ ជា​មួយ​នឹង​បទ​«​​គ្មាន​អូន​បង​នៅ​តែ​ជា​បង​»។  បេក្ខនារី​ចំរើន សុភ័ក្រ ច្រៀង​បទ​​«​សង្កៀរ​បេះ​ដូង​»​ដែល​ជា​ចង្វាក់​រ៉ុក​។ បេក្ខជន​ឃុន វត្ថា ច្រៀង​បទ​«​​អូន​​សុំ​បែក​បង​សុំ​លា» និង​បេក្ខជន​សយ រតនៈ ច្រៀង​បទ«​រឿង​ងាយ​ទេ​»។ ​នៅ​ក្នុង​វគ្គ​នេះ ​សយ រតនៈ ​និង​ប៊ុត សីហា ជា​អ្នក​ច្រៀង​បាន​ល្អ​ជាង​គេ ​​ដោយ​ទទួល​បាន​ការ​សរសើរ​គ្រប់​គ្នា​ពី​​គ្រូ​បង្វឹក​ទាំង​៤។ ​​យ៉ាង​ណា​ក៏​ដោយ ​ប៊ុត សីហា ដែល​​បញ្ចេញ​សមត្ថភាព​បាន​ល្អ​​តាំង​ពី​ជុំ​ទី​១ ដល់​ជុំ​ចុង​ក្រោយ ​បាន​ក្លាយ​ជា​ម្ចាស់​The Voice Cambodia រដូវ​កាល​ទី​១ ប្រចាំ​​​២០១៤​នេះ ​មិន​ខុស​ពី​ការ​ទាយ​ទុក​នោះ​ដែរ បើ​ទោះ​ជា​លោក​ត្រូវ​ប្រឈម​ដោយ​គូ​ប្រកួត​ប្រជែង​ជា​អ្នក​ខ្លាំង​មិន​ធម្មតា​។ នេះ​ជា​មោទនភាព​ធំ​មួយ ដែល​​បេក្ខជន​​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​លោក​ប៊ុត សីហា បាន​ទទួល​ពី​កម្មវិធី​The Voice ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក​៕

សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "​ប៊ុត សីហា ​​ក្លាយ​ជា​សមាជិក​ The Voice ពិភព​លោក​"

  1. i,khmer says:

    Seyha, you sing better than Sereymon….good luck to you Bro!!!