ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក វន់ ពៅ និងសកម្មជនមួយចំនួនទៀត ក្នុងថ្ងៃដោះលែងឲ្យនៅក្រៅឃុំ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យលើកលែងការចោទប្រកាន់ទៅលើ សកម្មជនសិទ្ធិមនុស្ស៤នាក់ពិសេសលោក វន់ ពៅ និងមនុស្ស៦នាក់ផ្សេងទៀត ដោយសារអង្គការរកឃើញថា ការផ្តន្ទាទោសដោយសាលាដំបូងនោះ មិនមានភស្តុតាងគ្រប់គ្រាន់ និងបានរំលោភសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌។
ការស្នើនេះធ្វើស្របពេលដែលសាលាឧទ្ធរណ៍ យកសំណុំរឿងនេះមកសើរើឡើងវិញនៅថ្ងៃចន្ទនេះ ទៅតាមពាក្យបណ្តឹងរបស់មេធាវីជនជាប់ចោទ ដែលទាមទារឲ្យមោឃៈលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក វន់ ពៅ និងលោក សម្បត្តិ ពិសិដ្ឋ ខណៈជនទាំងនោះត្រូវបានដោះលែងភ្លាមៗ ក្រោយពីមានការសម្របសម្រួលផ្នែកនយោបាយ។
សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរថា សវនាការសាលាដំបូងរាជធានីភ្នំពេញកាលពីចុងខែឧសភា ឆ្នាំ២០១៤ ដែលចោទប្រកាន់ សកម្មជនសិទ្ធិមនុស្ស៤នាក់ និងមនុស្ស៦នាក់ផ្សេងទៀត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គឺមិនបានអនុលោមទៅតាមបទដ្ឋានអប្បបរមានៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទេ។ សេចក្តីថ្លែងការណ៍បន្ថែមថា សវនាការនោះ កង្វះភស្តុតាងដាក់បន្ទុកទាំងស្រុង ហើយបារម្ភខ្លាំងចំពោះឯករាជ្យភាពរបស់តុលាការ និងបានហៅការសម្រេចក្តីលើមនុស្សទាំង១០នាក់នេះថា ជាការព្យាយាមបំបិទសំឡេងប្រឆាំងនៅកម្ពុជា។
នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ស្រី ចក់ សុភាព បានចោទជាសំនួរថា តើនិរទណ្ឌភាពប្រភេទណាដែលរដ្ឋាភិបាលចង់សំដៅពេលបច្ចុប្បន្ន? «រាប់តាំងពីនីតិវិធីក្នុងការចាប់ខ្លួន រហូតដល់សវនាការ គឹមានលក្ខណៈមិនប្រក្រតីច្រើន។ ច៎ា! ហើយយើងឃើញថា គោលការណ៍នៃសិទ្ធិទទួលបានការជំនុំជម្រះរបស់ជនជាប់ចោទ ឬជនរងគ្រោះត្រូវបានគេបំពានរហូត ហើយខណៈពេលហ្នឹង មន្ត្រីនគរបាល ឬសន្តិសុខ គេហៅថា ភាគីដែលបង្កឲ្យមានការបង្ក្រាប ឬបង្កឲ្យមានការបាតុកម្មទៅជាហិង្សាហ្នឹង គឺមិនដែលត្រូវបានធ្វើការកោះហៅ ឬសាកសួរ ឬធ្វើការស៊ើបអង្កេតណាមួយទេ។ អ៊ីចឹងកន្លែងករណីនេះ យើងត្រូវពិនិត្យមើលថាតើនិរទណ្ឌភាពដែលយើងកំពុងជជែកគ្នា តើនិរទណ្ឌភាពយ៉ាងណា»។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលចង់លុបបំបាត់និរទណ្ឌភាពនៅកម្ពុជា ត្រូវស្វែងរកចាប់ខ្លួនជនល្មើសមួយចំនួនដែលបាញ់សម្លាប់មនុស្ស នៅក្បាលថ្នល់ នៅស្ពានស្ទឹងមានជ័យ និងលោក ឈូក បណ្ឌិត ដែលបាញ់កម្មការិនីនៅក្រុងបាវិតខេត្តស្វាយរៀងមកផ្តន្ទាទោស។ លោកថាប្រសិនបើមិនដូច្នោះ នោះកំណែទម្រង់តុលាការ នឹងមិនមានប្រសិទ្ធភាពនោះទេ។ លោកបញ្ជាក់ថា «ទី៣ ទាក់ទងនៅផ្លូវវ៉េងស្រេង និង[រោងចក្រ]យ៉ាក់ជីង ការធ្វើទារុណកម្ម ការបង្កឲ្យមនុស្សស្លាប់៤នាក់ និងបាត់ខ្លួនម្នាក់ ហើយរងរបួសជាច្រើននាក់ មកទល់ពេលនេះយើងឃើញថា មានតែប្រជាពលរដ្ឋសាមញ្ញដែលមិនដឹងអី ត្រូវជាប់ពន្ធនាគារ ២៣នាក់។ ប៉ុន្តែជនដៃដល់ ដែលបង្កឲ្យមនុស្សស្លាប់ និងរងរបួសមិនបានយកមកផ្តន្ទាទោសតាមច្បាប់ទេ។ នេះរដ្ឋាភិបាលត្រូវតែចាត់វិធានការ ជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ កុំឲ្យដូចរឿងលោក ឈូក បណ្ឌិត តទៅទៀត នេះបានអាចបំបាត់និរទណ្ឌភាពបាន បើមិនដូច្នេះទេ ការដែលប្រកាសរបស់រដ្ឋាភិបាល គ្រាន់តែឲ្យល្អមើលតែប៉ុណ្ណោះទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ្ឌ មិនអត្ថាធិប្បាយលើបញ្ហានេះភ្លាមៗទេ ដោយតម្រូវឲ្យដាក់លិខិតជាផ្លូវការទៅក្រសួងនេះ។
សកម្មជនការពារសិទ្ធិមនុស្ស៤នាក់ ត្រូវបានចោទប្រកាន់ពីបទមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងមនុស្សចំនួន៦នាក់ទៀតជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីដើមឆ្នាំ២០១៤ ដោយឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ដល់៤ឆ្នាំ ប៉ុន្តែទោសទាំងនោះត្រូវបានព្យួរ បន្ទាប់ពីការសម្របសម្រួលផ្នែកនយោបាយរវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ សកម្មជនទាំង១០នាក់នេះ ត្រូវបានផ្តន្ទាទោស ក្នុងចំណោមមនុស្ស២៣នាក់ ដែលបានចាប់ខ្លួនខណៈផ្ទុះហិង្សារវាងកងកម្លាំងប្រដាប់អាវុធ និងកម្មករទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ កាលពីថ្ងៃទី២ និងទី៣ ខែមករាឆ្នាំនេះ។ ព្រឹត្តិការណ៍នោះបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និងជិត៤០នាក់រងរបួស តែមិនមានមន្ត្រីយោធា ឬមន្ត្រីនគរបាលណាម្នាក់ត្រូវបានស៊ើបអង្កេត ឬសាកសួរអំពើហិង្សានេះទេ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
> . . មន្ត្រី ខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារ អ្វី ? ដើម្បី អ្វី ?